ក្រុង​វ៉ាស៊ីនតោនៈការ​ព្រមានអំពីហានិភ័យ ដែលការបោះឆ្នោតសេតវិមាន​ឆ្នាំ ២០២៤ អាចប៉ះពាល់យ៉ាងខ្លាំងដោយព័ត៌ មានក្លែងក្លាយកើត​ចេញ​ពី​បច្ចេកវិទ្យាសិប្បនិម្មិត (AI)​ ជា​ពិសេស​ការប្រើប្រាស់សំឡេងក្លែងក្លាយ ដូចជាសំឡេងរបស់លោកប្រធានាធិបតី ចូ បៃឌិន​ ជាដើម​។ ការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះបានបង្កើនការភ័យខ្លាចនិង​ព្រួយបារម្ភអំពីការលួចបំប្លែង​ព័ត៌មានមិន​ពិត​ដូចជា​ការ​ពិត​។


សារ​ទូរស័ព្ទ​ជា​សំឡេង​បាន​និយាយថា អី​ក៏​បំផ្លើស​ម្លេះ​!​​» ដោយ​បន្លំ​សំឡេង​របស់លោក បៃឌិន​ជា​លក្ខណៈ​ឌីជីថល។​ សំឡេង​ឌីជីថល​បាន​ស្នើ​ឱ្យ​​អ្នករស់នៅ​រដ្ឋ New Hampshire កុំទៅ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ​ កាលពី​ខែ​មុន ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ចាប់ផ្តើម​ការស៊ើបអង្កេត​លើ​ការគៀបសង្កត់​អ្នកបោះឆ្នោត​។​

វា​ក៏បាន​បង្កឱ្យមាន​ការទា​ម​ទារ​ពី​អ្នកធ្វើ​យុទ្ធនាការ​ក្នុ​ងការ​រឹត​បន្ដឹង​​​ជុំវិញការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​​​ឆ្លាត​វៃ​ ឬដាក់​​បម្រាម​ទាំងស្រុង​លើ​ការក្លែង​សំឡេង​បុគ្គល​ណាមួយ​។​


អ្នកស្រាវជ្រាវលើ​មាតិកា​​ព័ត៌មាន​មិន​ពិត​ខ្លាច​ការប្រើប្រាស់​កម្មវិធី​​ AI ខុសឆ្គង​ច្រើន​នៅក្នុង​ឆ្នាំ​បោះឆ្នោត​ដ៏​សំខាន់នេះ​ ដោយសារ​ឧបករណ៍​ក្លូន​សំឡេងកាន់​តែ​​រីកធំឡើងៗ​ ដែលមាន​តម្លៃថោក និង​ងាយស្រួល​ប្រើ តែ​​ពិបាក​តាមដាន​។​


លោក Vijay Balasubramaniyan នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​សន្តិសុខ​ តាម​អ៊ីនធឺណិត Pindrop បាន​ប្រាប់ AFP ថា៖​«​​វា​ពិតជា​លំបាក​ដោះស្រាយ​ខ្លាំង​មែន​។ ​យើង​អាច​​​នឹង​ឃើញមាន​ព័ត៌មាន​​​ក្លែងក្លាយ​ជាច្រើន​ទៀត​ពេញ​មួយ​វដ្ត​នៃ​ការបោះឆ្នោត​នេះ​»។​


ការវិភាគ​លម្អិត​ដែល​បានចេញ​ផ្សាយ​ដោយ Pindrop បាន​ប​ង្ហាញ​ថា​ប្រព័ន្ធបំប្លែង​​អត្ថបទ​ទៅ​ជា​សំឡេង​ ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយក្រុមហ៊ុន​ AI ​ElevenLabs ត្រូវបាន​ប្រើ​ដើម្បី​បង្កើតសំឡេង​របស់​លោក ចូ បៃឌិន​។​

និយតករ​អាមេរិក ​បាន​និង​កំពុង​ពិចារណា​ដាក់​ការ​បង្កើត​សំឡេង​របស់​AI​ ទាំង​នេះ​ជា​ទង្វើ​ខុសច្បាប់ រួមទាំង ការ​បំប្លែង​សំឡេង​របស់​លោក បៃឌិន ផង​ដែរ។

 ​​លោក Robert Weissman ប្រធាន​ក្រុម​តស៊ូ​មតិសាធារណៈ​បាន​និយាយថា៖​«​ពេលវេលាបង្កើត​សំឡេង​សិប្បនិម្មិត​​​ផ្នែក​នយោបាយ​កើត​ឡើងហើយ​។ ​​អ្នកបង្កើត​គោលនយោបាយ​ត្រូវតែ​ប្រញាប់ប្រញាល់​ដាក់​ការការពារ បើមិនដូច្នោះទេ ​យើង​កំពុង​ប្រឈមមុខ​នឹង​ភាពចលាចល​ក្នុងការ​បោះឆ្នោត​។ ការ​ក្លែងបន្លំនៅ​​ New Hampshire គឺជា​សារ​រំឭក​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​»។

 ​អ្នកស្រាវជ្រាវ​បារម្ភ​ពី​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ AI ដែល​បង្កើត​វីដេអូ និង​អត្ថបទ មើលទៅ​ហាក់ដូចជា​ពិត​ដែល​អ្នកបោះឆ្នោត​ពិបាក​ក្នុង​ការ​បែង​ចែក​រវាង​ព័ត៌មាន​ពិត និង​ប្រឌិត​ ដែល​ធ្វើឱ្យ​ខូច​ទំនុកចិត្ត​លើ​ដំណើរការ​បោះឆ្នោត​។​​ក្តីបារម្ភ​បែបនេះ​មានការ​កើនឡើង នៅពេលដែល​ការរីក​សាយភាយ​នៃ​សំឡេង​សិប្បនិម្មិត​AI ដ៏​ច្រើន​លើស​លប់​​។​

ក្រុមហ៊ុន ByteDance របស់​ប្រទេស​ចិន ​ជា​ម្ចាស់ប្លេតហ្វម​វីដេអូ​​ដ៏​ពេញនិយម TikTok ថ្មីៗ​នេះ ​បានបង្ហាញ StreamVoice ​ជា​ឧបករណ៍ AI សម្រាប់​ការ​បំប្លែង​សំឡេង​របស់​អ្នកប្រើប្រាស់​ក្នុងពេល​វេលា​ជាក់ស្តែង​ទៅ​ជម្រើស​ណាមួយ​ដែល​ចង់បាន​។​

លោក Balasubramaniyan បាន​និយាយថា៖​«​​ទោះបីជា​អ្នក​វាយប្រហារ​បាន​ប្រើ កម្មវិធី ElevenLabs នា​ពេលនេះ​ក៏ដោយ ក៏​បច្ចេកវិទ្យា​ជំនាន់​ក្រោយ​ទៀត វា​កាន់តែ​ទំនើប និង​ពិបាក​បែងចែក​ថែម​ទៀត​»។ ​

លោក​និង​អ្នកស្រាវជ្រាវ​ផ្សេងទៀត​បានផ្តល់​អនុសាសន៍​ឱ្យ​បង្កើត​សញ្ញា​សម្គាល់​សំឡេង ឬ​ហត្ថលេខា​ឌីជីថល​ទៅក្នុង​ឧបករណ៍​សម្រាប់​​ការពារ​​ ក៏ដូចជា​បទ​ប្បញ្ញត្តិ​ដែល​ធ្វើឱ្យ​ពួកវា​អាច​ប្រើ​បាន​សម្រាប់តែ​អ្នកប្រើប្រាស់​ដែល​បាន​ផ្ទៀងផ្ទាត់​ប៉ុណ្ណោះ​៕ AFP/HR