ក្រសួង​អប់រំ យុវជន និងកីឡា សហការជាមួយ​ស្ថាប័ន និងដៃគូ​ពាក់ព័ន្ធ នឹងរៀបចំ​ពិព័រណ៍​សៀវភៅ​ រយៈពេល ៣ ថ្ងៃ ក្នុងខែមីនា ឆ្នាំ ២០២៤ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​អំណាន​លើកទី៩ ដែលជាចំណែកមួយ​ក្នុងការលើកស្ទួយ​ដល់​ការអាន និងការតាក់តែង​និពន្ធ​សៀវភៅ​នៅ​កម្ពុជា។

យោងតាម​ការជូនដំណឹង​របស់​ក្រសួង​អប់រំ បានឱ្យដឹង​ថា ពិព័រណ៍​សៀវភៅ នឹងប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ០៩-១០-១១ ខែមីនា ឆ្នាំ២០២៤ នៅវេលា​ម៉ោង ៨ ព្រឹក ដល់ម៉ោង ៧ យប់ នៅ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

 ពិព័រណ៍​សៀវភៅ នេះសហការរៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និងសហការរៀបចំ​ដោយដៃគូ​ឧបត្ថម្ភ​ជាច្រើន។


ក្រសួង​អប់រំ បញ្ជាក់​ថា៖«សូមចូលរួម​ឱ្យបាន​កុះករ ដើម្បីជាចំណែក​ក្នុងការលើកស្ទួយ​ដល់​ការអាន និងតែងនិពន្ធ​សៀវភៅ​នៅ​កម្ពុជា និងដើម្បី​ចូលរួម​លើកទឹកចិត្ត​ដល់បេក្ខជន​ ដែលមកពី​ទូទាំង​ប្រទេសក្នុង​ការប្រកួត​ប្រជែង​ផ្នែក​អំណាន តែងនិពន្ធ សូត្រ​កំណាព្យ និង​ស្មូត្រ»។
 
ក្រសួង​អប់រំ​បានឱ្យដឹង​ថា គោលបំណង​នៃការប្រារព្ធ​ទិវា​ជាតិ​អំណាន គឺការបណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថភាព​អាន ស្មូត្រ​កំណាព្យ និងការតែង​និពន្ធ សំដៅរួម​ចំណែក​ការពារ និងពង្រឹង​វប្បធម៌ អរិយធម៌ខ្មែរ ដល់​សិស្ស និស្សិត មន្ត្រី​រាជការ ប្រជាជន​គ្រប់រូប ក្នុងប្រទេស​កម្ពុជា ព្រមទាំង​លើកកម្ពស់ រក្សា​គុណតម្លៃ​កេរដំណែល​របស់​មនុស្ស​ជាតិ។
 
ក្រសួងបានបញ្ជាក់​ថា៖ «គោលបំណង​សំខាន់​ទៀតគឺ សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលធានា​គុណភាព​អប់រំ​ប្រកបដោយ​សមធម៌ បរិយាបន្ន និងលើកកម្ពស់​ការសិក្សា​ពេញមួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា»។
 
គួររំឭកដែរ​ថា ដើម្បី​អបអរសាទរ​ទិវា​ជាតិ​អំណាន ១១ មីនា លើកទី ៨ កាលពីឆ្នាំ ២០២៣ ក្រសួង​អប់រំ យុវជន និងកីឡា និងសមាគម​អ្នកបោះ​ពុម្ពផ្សាយ​សៀវភៅ​នៅ​កម្ពុជា បានរៀបចំ​ទិវានេះ​ចាប់ពី​ថ្ងៃទី១០ ដល់ ថ្ងៃ​ទី​១២ ខែមីនា​នេះ ក្រោម​ប្រធានបទ​«អំណាន​ជាមាគ៌ា​ឆ្ពោះទៅ​បរិវត្តកម្ម​វិស័យ​អប់រំ»៕