ជាតារាសម្ដែងដ៏ល្បីល្បាញ និងជាអ្នកតស៊ូមតិសិទ្ធិកីឡា និងសិទ្ធិរបស់កុមារីនៅកម្ពុជា កញ្ញា រ៉េត សារីតា និងអង្គការ Happy Football Cambodia Australia (HFCA) បានសម្រេចចាប់ដៃគ្នា ដោយផ្តោតសំខាន់ទៅលើការលើកទឹកចិត្ត និងជំរុញឱ្យក្មេងៗក្រីក្រនៅកម្ពុជា ជាពិសេសក្មេងស្រី មានឱកាសបានលេងកីឡាឱ្យបានកាន់តែច្រើន ដើម្បីពង្រឹងភាពរឹងមាំទាំងទៅលើការគិត និងការកំណត់គោលដៅឈានទៅសម្រេចក្តីស្រមៃ។
ជាមួយការចាប់ដៃគ្នា ដែលត្រូវបានប្រកាសជាផ្លូវការ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៣០ ខែមេសា កន្លងមកនេះ កញ្ញា រ៉េត សារីតា នឹងក្លាយជាភ្ញៀវកិត្តិយសដ៏សំខាន់ ដែលនឹងត្រូវចូលរួមក្នុងកម្មវិធីបាល់ទាត់របស់អង្គការ HFCA នៅភូមិ អូររូង ខេត្តសៀមរាប នាថ្ងៃពុធ ទី៨ ខែឧសភា ខាងមុខនេះ ដោយកញ្ញានឹងស្នាក់នៅមួយយប់ នៅក្នុងភូមិមុនចូលរួមការហ្វឹកហាត់ និងលេងបាល់ទាត់ជាមួយក្មេងៗនៅទីនោះ។
គម្រោងរបស់ HFCA ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយ ហើយមានគោលបំណងផ្តល់ភាពអង់អាចដល់យុវជនក្រីក្រនៅកម្ពុជា តាមរយៈវិស័យកីឡាបាល់ទាត់ តាំងពីឆ្នាំ ២០០៥ មកនោះ បានសហការជាមួយអង្គការដៃគូដ៏ជិតស្និទ្ធរបស់ខ្លួនមួយទៀត ឈ្មោះ Build your Future Today ដើម្បីផ្តល់ការឧបត្ថម្ភគាំទ្រដល់ក្មេងស្រីក្រីក្រនៅក្នុងភូមិអូររូងប្រមាណ ២៥នាក់ ឱ្យចូលរួមកម្មវិធីបាល់ទាត់ នៅថ្ងៃទី៨ ខែឧសភានោះ ជាមួយនឹងក្មេងប្រុសៗមួយចំនួនទៀត។
ចំពោះការងារនេះ រ៉េត សារីតា បាននិយាយថា៖ «ខ្ញុំគិតថា ការធ្វើទស្សនកិច្ចទៅកាន់ភូមិអូររូង ពិតជារឿងមួយដ៏គួរឱ្យរំភើបជាខ្លាំងចំពោះខ្ញុំ និងជាការផ្សងព្រេងដ៏អស្ចារ្យផងដែរ។ ខ្ញុំចង់ជួបជាមួយក្មេងស្រីទាំងអស់នៅទីនោះ និងលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងវិស័យកីឡាកាន់តែផុសផុលច្រើនឡើងថែមទៀត ហើយអ្វីដែលសំខាន់បំផុត គឺដើម្បីធ្វើការប្រាស្រ័យទាក់ទង និងលេងកីឡាជាមួយពួកគេ»។
ដោយធ្លាប់លេងកីឡាច្រើនប្រភេទតាំងពីរៀននៅបឋមសិក្សា រួមមានបាល់ទាត់ បាល់បោះ វាយសី វាយកូនបាល ហែលទឹក ហើយចុងក្រោយក៏បានចូលរួមសម្តែងជាមួយក្រុមគុនល្បុក្កតោផងនោះ រ៉េត សារីតា បានយល់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ដែលទទួលបានពីការលេងកីឡា ដោយកញ្ញាបានអះអាងថា ការទទួលបានភាពជោគជ័យរបស់នាងរហូតមកដល់ពេលនេះ គឺមានការរួមចំណែកយ៉ាងសំខាន់ពីការលេងកីឡា។
អ្នកគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ ដែលបានចូលរួមប្រកួតបវរកញ្ញាចក្រវាល លើកទី ៦៩ នៅហូលីវូដ រដ្ឋផ្លរីដា តំណាងឱ្យកម្ពុជា រ៉េត សារីតា បានបញ្ជាក់ថា៖ «ការលេងកីឡា មិនត្រឹមតែធ្វើឱ្យយើងមានសុខភាពល្អ និងបង្កើតបានភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែកីឡា បានដើរនាទីសំខាន់ជាងនេះទៀត ព្រោះការលេងកីឡា បានធ្វើឱ្យខ្ញុំក្លាយជាបុគ្គលម្នាក់មានវិន័យក្នុងខ្លួន និងចេះផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃនៅជុំវិញខ្លួនយើងបានល្អ»។
ម្ចាស់ពានរង្វាន់ជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ របស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ សារីតា បានបន្ថែមថា៖ «ការលេងកីឡាធ្វើឱ្យយើងមានភាពជឿជាក់លើខ្លួនឯងជាងមុន ក្លាហានជាងមុន អ៊ីចឹងបទពិសោធន៍ និងមេរៀនដែលទទួលបានពីការលេងកីឡានេះហើយ ទើបធ្វើឱ្យខ្ញុំមានថ្ងៃនេះ គឺខ្ញុំចេះកំណត់គោលដៅ និងមានភាពក្លាហានក្នុងការឈោងទៅសម្រេចក្តីស្រមៃរបស់ខ្លួន ហេតុនេះខ្ញុំពិតជាអរគុណខ្លាំងដល់កីឡា»។
លោក Paraic Grogan ស្ថាបនិក HFCA បានឱ្យដឹងថា អង្គការរបស់លោក ធានាផ្តល់លទ្ធភាពដល់យុវជនក្រីក្រនៅកម្ពុជា ទទួលបានឱកាសចូលរួមការហ្វឹកហាត់ប្រកបដោយគុណភាពខ្ពស់ ក្នុងការកសាងស្មារតីជាក្រុម និងការប្រមូលផ្តុំ។ កត្តានេះជួយគាំទ្រដល់សុខុមាលភាព សុខភាពផ្លូវចិត្ត ការជឿជាក់លើខ្លួនឯង ហើយជាសំខាន់ផ្តល់នូវវិថីឆ្ពោះទៅរកឱកាសបន្ថែមទៀតដោយអភិវឌ្ឍជំនាញទន់ ដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យអប់រំ និង ការងារ។
ទន្ទឹមនឹងនេះ លោក Paraic Grogan មានក្តីសោមនស្សរីករាយខ្លាំងចំពោះតារាសម្តែងដ៏ល្បីល្បាញ រ៉េត សារីតា ដែលបានចំណាយពេលដ៏មានតម្លៃ ទៅចូលរួមកម្មវិធីបាល់ទាត់នៅភូមិអូររូង ហើយ កញ្ញា ពេញ ស្រីនូ និង វឿន លីសា មកពីអង្គការមូលនិធិកុមារកម្ពុជា ដែលបានហ្វឹកហាត់បាល់ទាត់ជាមួយ HFCA ជាច្រើនឆ្នាំមកហើយនោះ ក៏នឹងធ្វើដំណើរពីភ្នំពេញ ដើម្បីចែករំលែងបទពិសោធន៍ពីជីវិត និងការលេងបាល់ទាត់ដល់ក្មេងស្រី ដែលរស់នៅភូមិអូររូង នាថ្ងៃទី៨ ខែឧសភានោះដែរ។
ស្ថានិករបស់អង្គការ HFCA រូបនេះបានបញ្ជាក់ថា៖ «យើងសង្ឃឹមថា កញ្ញា រ៉េត សារីតា នឹងជួយគាំទ្រកម្មវិធីបាល់ទាត់នារីតាមភូមិ និងជំរុញលើកទឹកចិត្តឱ្យកុមារីកម្ពុជា ចូលលេងបាល់ទាត់កាន់តែផុសផុល ហើយដោយសារកញ្ញា ជាតារាសម្តែងដែលមានប្រជាប្រិយខ្លាំងនៅកម្ពុជា អ៊ីចឹងការចូលរួមផ្សព្វផ្សាយរបស់គាត់ នឹងមានភាពទូលំទូលាយខ្លាំង ដែលនឹងធ្វើឱ្យក្មេងៗនៅកម្ពុជា ជាពិសេសក្មេងស្រី មានការចាប់អារម្មណ៍ខ្លាំង ក្នុងការងាកមកលេងកីឡាបាល់ទាត់ និងប្រភេទកីឡាផ្សេងៗទៀត បានកាន់តែច្រើនថែមទៀត»៕