ភ្នំពេញ៖ លោក ធឿន ធារ៉ា អ្នកប្រដាល់គុនខ្មែរដ៏ល្បីល្បាញមួយរូប ទទួលបានកិត្តិយសជាបុគ្គលឆ្នើមក្នុងកម្មវិធី Forbes 30 Under 30 Asia Class 2024 ក្រោមប្រភេទកីឡា និងកម្សាន្តរបស់ទស្សនាវដ្ដី Forbes ។
ការទទួលស្គាល់នេះបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសំខាន់របស់លោក ធារ៉ា ចំពោះពិភពកីឡា និងតួនាទីរបស់លោកក្នុងការលើកកម្ពស់សិល្បៈក្បាច់គុនបុរាណខ្មែរនៅលើឆាកអន្តរជាតិ។
បញ្ជីរាយនាម 30 Under 30 Asia របស់ទស្សនាវដ្ដី Forbes ជារៀងរាល់ឆ្នាំអបអរសាទរសហគ្រិនវ័យក្មេង អ្នកដឹកនាំ និងអ្នកមានតួនាទីឆ្នើមលើវិស័យនានាចំនួន ៣០០ នាក់ អាយុក្រោម ៣០ ឆ្នាំ។
ដំណើរការជ្រើសរើសពាក់ព័ន្ធនឹងការវាយតម្លៃហ្មត់ចត់ដោយអ្នកកែសម្រួលរបស់ទស្សាវដ្ដី Forbes និងក្រុមអ្នកជំនាញផ្នែកឧស្សាហកម្ម។
នៅឆ្នាំនេះ បញ្ជីនេះមានក្រុមអ្នកជោគជ័យជាច្រើនប្រភេទ ដែលបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងវិស័យនីមួយៗ រួមទាំងការកម្សាន្ត កីឡា បច្ចេកវិទ្យា និងសហគ្រិនភាពសង្គម។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានបង្ហាញការសាទរចំពោះកីឡាករ ធឿន ធារ៉ា នៅលើហ្វេសប៊ុកផ្លូវការរបស់លោក។
លោកបានសរសេរថា៖ «អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើងដល់ចំណុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី នានាលើពិភពលោក»។
យោងតាមការកត់សម្គាល់របស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា៖ «ដំណើរជោគជ័យរបស់ ធឿន ធារ៉ា នៅក្នុងគុនខ្មែរ ដែលជាទម្រង់សិល្បៈក្បាច់គុនបុរាណរបស់ខ្មែរត្រូវបានសម្គាល់ដោយការតស៊ូ ជំនាញ និង ការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះជំនាញរបស់លោក»។
ទស្សនាវដ្ដី Forbes បានបន្ដថា៖ «សមិទ្ធផលរបស់គាត់នៅលើសង្វៀនមិនត្រឹមតែធ្វើឱ្យគាត់មានការសាទរប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យគុនខ្មែរល្បីរន្ធឺ ជំរុញឱ្យមានការទទួលស្គាល់ និងកោតសរសើរកាន់តែខ្លាំងចំពោះកីឡាទាំងក្នុងប្រទេសកម្ពុជា និង អន្តរជាតិ»។
ការដាក់បញ្ចូល ធារ៉ា ក្នុងបញ្ជីដ៏មានកិត្យានុភាពនេះគឺជាសក្ខីភាពបញ្ជាក់ពីការលះបង់របស់លោក និងសារៈសំខាន់វប្បធម៌គុនខ្មែរ។
លោក អេ ភូថង ជាគ្រូបង្វឹករបស់អ្នកលេងគុនខ្មែរ ធឿន ធារ៉ា បានបង្ហាញចំណាប់អារម្មណ៍រីករាយដែលកូនសិស្សរបស់លោកត្រូវបានចុះផ្សាយក្នុងទស្សាវដ្ដីល្បីទូទាំងពិភពលោក Forbes ជាពិសេសការកោតសរសើរពីសំណាក់លោកនាយករដ្ឋមន្ដ្រី ដែលបង្ហាញការគាំទ្រដល់កីឡាគុនខ្មែរ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំសូមអរគុណដល់សម្ដេចនាយករដ្ឋមន្ដ្រី ដែលលោកជួយលើកកិត្ដិយសគុនខ្មែរយើង ហើយខ្ញុំមានមោទនភាពដែលសម្ដេចស្រឡាញ់គុនខ្មែរ។ ខ្ញុំក៏ពិតជារីករាយដែលធឿន ធារ៉ា បានសាងស្នាដៃមួយដ៏ល្អជូនប្រទេសជាតិទៅកាន់ពិភពលោក»។
លោក ភូថង បានឱ្យដឹងថា ក្លិបអេ ភូថង របស់លោក កំពុងតែបណ្ដុះបណ្ដាលកីឡាករគុនខ្មែរប្រមាណ ៤០ នាក់ ដែលពួកគេជាច្រើនបាននិងកំពុងកសាងស្នាដៃលើឆាកអន្ដរជាតិជាមួយការប្រកួតជាលក្ខណៈអន្ដរជាតិទាំងក្នុង និងក្រៅប្រទេស។
អតីតកំពូលកីឡាករគុនខ្មែរ ដែលលោកបានអះអាងថា សម័យរបស់លោកមិនជឿលឿនដូចបច្ចុប្បន្នបានបន្ដថា ដោយមានការផ្សព្វផ្សាយទូលំទូលាយ ស្នាដៃ ធឿន ធារ៉ា ក្នុងទស្សនាវដ្ដី Forbes ធ្វើឱ្យរូបលោកសប្បាយចិត្ដខ្លាំង។
ធឿន ធារ៉ា បានសមត្ថភាពគុនខ្មែរក្នុងឆាកកីឡាពិភពលោក នៅពេលដែល ធារ៉ា បន្តហ្វឹកហាត់ និងប្រកួតប្រជែង ភាពជោគជ័យរបស់លោកបានដើរតួជាការបំផុសទឹកចិត្តដល់កីឡាករប្រដាល់ និងអត្តពលិកវ័យក្មេងទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស។
បើតាមកាសែត The Star ដែលហៅថា ធារ៉ា កីឡាករកម្ពុជា លី ស៊ីវឡុង ក្នុងឆ្នាំ២០២២ លោកចាប់ផ្ដើមសាងកេរ្តិ៍ឈ្មោះបន្ទាប់ពីក្លាយជាអ្នកប្រដាល់កម្ពុជាដំបូងគេដែលឈ្នះខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍ Thai Fight គ្រាតែអ្នកលេងគុនខ្មែររូបនេះបានផ្ដួលជើងខ្លាំងថៃ ទម្ងន់ ៧២,៥ គីឡូក្រាមក្នុងព្រឹត្ដិការណ៍ជើងឯក King's Cup ដោយវាយកីឡាករ Saiyok Pumpanmuang ឱ្យសន្លប់នៅប្រទេសថៃ។
បន្ទាប់ពីយកឈ្នះ Saiyok និង Beckham Banchamek លោក ធារ៉ា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រភេទទម្ងន់មធ្យមពិភពលោក (WMO) ប្រភេទទម្ងន់មធ្យម (៧២,៥គីឡូក្រាម)។
កាលពីខែមេសា ឆ្នាំ ២០២៣ លោក ធារ៉ា បានឈ្នះខ្សែក្រវាត់ជើងឯកពិភពលោក តេជោសន្តិភាព គុនខ្មែរ ដោយយកឈ្នះកីឡាករ រ៉ូម៉ានី Alex Bublea ក្នុងប្រភេទទម្ងន់ ៧២ គីឡូក្រាម ដោយមានអ្នកទស្សនាចំនួន ៥០ម៉ឺននាក់ទស្សនាការផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម។
នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដដែល លោក ធារ៉ា បានឈ្នះការប្រកួតកីឡាគុនខ្មែរ ៨ នាក់ ទម្ងន់ ៧២ គីឡូក្រាម IPCC Kun Khmer World Championship នៅរាជធានីភ្នំពេញ ដោយទទួលបានរថយន្តភីកអាប់ពី Ganzberg ជារង្វាន់ពិសេស។
យោងតាមកាសែត The Star របស់ម៉ាឡេស៊ី បានឲ្យដឹងថា៖ «ធារ៉ា ត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់គុនខ្មែរដ៏ជោគជ័យបំផុតមួយរូប ហើយត្រូវបានគេគោរពនៅក្នុងប្រទេសកម្ពុជាថាជា លី ស៊ីវឡុង»។
Forbes 30 Under 30 Asia Class of 2024 គឺជាការប្រារព្ធពិធីនៃការច្នៃប្រឌិត និងឧត្តមភាពរបស់យុវវ័យ។
ការទទួលស្គាល់របស់លោក ធារ៉ា ក្នុងបញ្ជីនេះមិនត្រឹមតែផ្តល់កិត្តិយសដល់ស្នាដៃបុគ្គលផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៃប្រទេសកម្ពុជាផងដែរ៕