ភ្នំពេញ: ការ​អប់រំ​អាច​ផ្លាស់​ប្តូរ​ជោគវាសនា​ជីវិត​ដែល​ហាក់​ដូចជា​វេទមន្ត បំបែក​វដ្ត​នៃ​ភាព​ក្រីក្រ និង​បើកទ្វារ​ទៅ​រក​ឱកាស​ដែល​មិនអាច​នឹកស្មាន​ដល់​។​


នេះជា​​ជីវិត​របស់​បង​ប្អូនស្រី ណៃហួយ និង ណៃហៀង ដែល​បាន​វិវត្ដន៍​ខ្លួន​​ពី​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ ទៅ​កាន់​និស្សិត​បញ្ចប់​ការសិក្សា និងប្រកប​ការងារ​​វិជ្ជាជីវៈ គឺជា​សក្ខីភាព​នៃ​ការ​ផ្លាស់ប្តូរ​អំណាច​នៃ​ការ​អប់រំ និង​​ការ​ប្តេជ្ញាចិត្ត។​

លោក ស្កុត នីសុន ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ជួប​​បងប្អូន​ស្រី​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០៤ ក្នុង​បរិយាកាស​ដ៏​អាក្រក់​បំផុត​។ ប៉ុន្ដែ​ពួកគេ​មិនដែលចាត់​ទុក​​ខ្លួនឯង​ជា​ជន​រងគ្រោះ​ទេ​។ ពួកគេ​មើល​ឃើញតែ​​ឱកាស​។ យើង​មានសំណាង​ណាស់​ដែលមាន​ពួកគេ​នៅក្នុង CCF​។​ ​ពួកគេ​គឺជា​គំរូ​ដ៏​អស្ចារ្យ​នៃ​អំណាច​នៃ​ការអប់រំ​។ វដ្ត​នៃ​ភាពក្រីក្រ​ត្រូវបាន​​បញ្ចប់​»​។​


ឪពុកម្តាយ​របស់ ណៃហៀង និង​ណៃហួយ ផ្ដល់​​តម្លៃ​ខ្ពស់​លើ​ការអប់រំ​ ដោយពួកគេ​បាន​បាត់បង់​ឱកាស​សម្រាប់​​ការសិក្សា​ខ្លួនឯង​​។​ ពួកគេ​ចង់បាន​អនាគត​ល្អ​សម្រាប់​កូនស្រី​របស់​ពួកគេ។ 


រស់នៅក្នុង​ភូមិតូច​មួយ​ក្នុង​ខេត្តកណ្តាល ឪពុក​ម្ដាយអ្នកទាំងពីរ​បាន​ឲ្យ​ដឹង​ថា ​ឱកាស​មាន​កម្រិត ដូច្នេះហើយ​ទើប​ពួកគេ​សម្រេចចិត្ត​បញ្ជូន​កូនស្រី​ទៅ​រៀន​នៅ​ភ្នំពេញ ដែល​សាលា​រដ្ឋ​​មាន​ស្ថានភាព​ប្រសើរ​ជាង​។​


ដើម្បី​ស្វែងរក​ការអប់រំ​ល្អ អ៊ូក ណៃ​ហៀ​ង និង​បងស្រី​​​ឈ្មោះ អ៊ូក​ ណៃហួយ បាន​ចាក​ចេញពី​ភូមិ​កំណើត​​ជា​លើក​ដំបូង ហើយ​ផ្លាស់​មក​ទីក្រុង​ភ្នំពេញ​ជាមួយ​ឪពុក​ ដើម្បី​រស់នៅ​ជាមួយ​មីង​ដែល​ពួកគេ​មិន​ធ្លាប់​ជួប​។​

គំនរសំរាម​ស្ទឹងមានជ័យ។

ទោះជា​យ៉ាងនេះ​ក្តី ម្តាយមីង​ដែលមាន​បន្ទុកគ្រួសារ​ស្រាប់​ រំពឹងថា ​ក្មេងស្រី​ទាំងនោះ​នឹងធ្វើ​ការ​ជា​ថ្នូរការ​ស្នាក់​នៅ​ និង​អាហារ​។​

ដោយ​មិន​បាន​ទៅ​សាលារៀន​​ បង​ប្អូន​ស្រី​ទាំងពីរ​ត្រូវបាន​បង្គាប់​ឱ្យ​រើស​អេតចាយ​​នៅ​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ ​​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ​ថ្មី​។​

អ៊ូក ណៃ​ហៀ​ង ដែលមាន​អាយុ​ទើបតែ​៩​ឆ្នាំ និងបង​ស្រី អាយុ ១០ ឆ្នាំ​ បាន​​រើស​សំរាម​អេតចាយ​ កាក​សំណល់​ពី​​ក្នុង​មន្ទីរពេទ្យ លោហធាតុ​ឧស្សាហកម្ម និង​អាហារ​ដែល​រលួយ​នៅលើ​ភ្នំ​សំរាម ​ជា​កន្លែង​ចាក់សំរាម​ដ៏​ធំ​បំផុត​មួយ​របស់​អាស៊ីអាគ្នេយ៍​។​

ទោះបី​ជាមាន​ស្ថាន​ភាពលំបាក​យ៉ាងណាក៏ដោយ ក៏​ពួកគេ​សម្រប​ខ្លួន​ដោយ​ខំប្រឹងប្រែង​សង​ម្ដាយមីង​។​

ជីវិត​របស់​ពួកគេ​ហាក់ដូច​ជាមាន​វាសនា​នៅជាប់​នឹង​កន្លែង​ចាក់​សំរាម រហូតដល់​ថ្ងៃមួយ​ក្នុង​ឆ្នាំ ២០០៤ ពួកគេ​បាន​ជួប​លោក ស្កុត នីសុន​ ដែល​ទើប​បង្កើត CCF ដើម្បី​ជួយ​កុមារ​ចេញពី​កន្លែង​ចាក់សំរាម និង​ចូល​សាលារៀន​។​

លោក នីសុន​ បាន​ឃើញ​ ណៃហៀង​​ ដើរ​រើស​អេតចាយ​ក្នុង​សម្លៀកបំពាក់​ពណ៌​ផ្កាឈូកដ៏​​ប្រឡូក​ប្រឡាក់​ ហើយ​លោក​​បាន​សួរថា ​តើ​នាង​ចង់ទៅ​សាលារៀន​ដែរឬទេ​។ ច្បាស់​ណាស់ ចម្លើយ​របស់​កុមារី​រូប​នេះ គឺ «ចា»​។

កញ្ញា​ណៃហៀងថតរូបជាមួយ​លោក ស្កុត នីសុន ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​កុមារ​កម្ពុជា (CCF)។ រូបថត សហការី

ណៃហៀង បាន​ចុះឈ្មោះ​ចូលរៀន​ពេញ​ម៉ោង​នៅ​ថ្នាក់​ទី ១ ជាមួយអង្គការ​ CCF ដោយ​ផ្លាស់ប្តូរ​ជាមួយ​បងស្រី​​ទៅ​​​ស្នាក់នៅក្នុង​អង្គការ​ CCF។​

ម្ដាយ​មីង​របស់​ពួកគេ​បាន​ចាកចេញ​ភ្លាមៗ និង​បាត់​ដំណឹង​រហូតមក​​។ ទោះជា​យ៉ាងណា ពួកគេ​បាន​រក្សា​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​ឪពុកម្តាយជានិច្ច​​។​

ណៃហៀង គឺជា​សិស្ស​ពូកែ​ប្រចាំ​​សាលា​។ តាម​រយៈ​ការសិក្សា​នៅក្នុង​វិទ្យាល័យ​ ណៃហៀង ​បាន​រក​ឃើញ​​មុខវិជ្ជា​ដែល​ខ្លួន​​ចូលចិត្ត​បំផុត​គឺ​ភាសា​អង់គ្លេស។​

ណៃហៀង បាន​និយាយ​ទាំង​ទឹកមុខ​ញញឹម​ថា៖ «​អង្គការ CCF បាន​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំ​។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​​បាន​ទៅ​សាលារៀន​ទេ ដោយ​ផ្ដល់​​​ខ្ញុំនូវ​​ការ​អប់រំ​ពេញលេញ​ អាហារ សម្លៀក​បំពាក់ និង​ទីជម្រក​»។​

កញ្ញា​បាន​បន្ដថា​៖ «CCF គឺជា​ផ្ទះ​ថ្មី​របស់ខ្ញុំ និង​គ្រួសារ​ថ្មី​របស់ខ្ញុំ វា​ដូចជា​គ្រួសារ​ទី​ពីរ​សម្រាប់​ខ្ញុំ​។ ពួកគេ​តែង​តែ​​យកចិត្ត​ទុកដាក់ ហើយ​តែងតែ​ណែនាំ ​ប្រសិនបើ​ខ្ញុំ​ធ្វើ​ខុស​។ ពួកគេ​តែងតែ​លើកទឹកចិត្ត​ខ្ញុំ មិនមែន​តែ​ខ្ញុំ​ទេ ប៉ុន្តែ​សិស្ស​ផ្សេងទៀត​ផងដែរ​»​។​

ការខិតខំ​ប្រឹងប្រែងរ​បស់ ណៃ​ហៀ​ង បាន​ទទួលផល​នៅពេលកញ្ញា​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ដើម្បី​សិក្សា​ផ្នែក​គ្រប់គ្រង​ទេសចរណ៍​ក្រោម​អាហារូបករណ៍របស់​អង្គការ​ CCF ផ្ទាល់​។​

ថ្វីត្បិតតែ​មាន​សម្ពាធ និង​បញ្ហា​ប្រឈម​ក៏ដោយ កញ្ញា​​បាន​តស៊ូ ជំរុញ​ទឹកចិត្ត​ដោយ​ក្តី​សុបិន និង​ការចងចាំ​ពី​ក្មេង​ដើរ​រើស​សំរាម​ដោយ​ខ្លួនឯង​។​

ណៃ​ហៀ​ង បាន​រំឭក​​ថា៖ «​មានពេលខ្លះ​ខ្ញុំ​ចង់​ឈប់ ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹងប្រែង​ខ្លួនឯង ហើយ​រៀន​ចប់​»​។ កញ្ញា​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ២០១៨​ ជាមួយនឹងបង​ស្រី ណៃហួយ​ ដែល​ធ្វើឱ្យ​ឪពុកម្តាយ​របស់​ពួកគេ​មាន​មោទនភាព​។​

​ណៃ​ហៀ​ង មិនមែនជា​មនុស្ស​ចម្លែក​ចំពោះ​ការនិយាយ​ជា​សាធារណៈ​នោះទេ​។ នារី​វ័យក្មេង​ដែលមាន​ទំនុកចិត្តរូប​នេះ​ចូលចិត្ដ​បង្ហាញ​ស្នាម​ញញឺម​ប្រកប​ដោយ​ភាព​ជឿជាក់។ ​

កញ្ញា​និយាយថា​៖ «​​ចាប់តាំងពី​ខ្ញុំ​បាន​សិក្សា​ជាមួយ និង​ធ្វើ​ការឱ្យ CCF ខ្ញុំ​មានឱកាស​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក អូស្ត្រាលី និង​ហុងកុង [​សម្រាប់​ព្រឹត្តិការណ៍​រៃអង្គាសប្រាក់​របស់ CCF]​។ ខ្ញុំ​ស្រលាញ់​អូស្ត្រាលី ខ្ញុំ​បាន​ទៅលេង​ស៊ីដនីក្នុង​ឱកាស​ Australian Gala​។ ខ្ញុំ​មិន​ខ្លាច​ការនិយាយ​ជា​សាធារណៈ​ទេ ព្រោះ​ខ្ញុំ​បានធ្វើ​វា​នៅលើ​ឆាក​បួន​ដង ហើយ​ខ្ញុំ​មានប៉ា ស្កុត ឈរ​ក្បែរ​ខ្ញុំ​»​។​

អ៊ូក ណៃ​ហៀ​ង និង​បងស្រី​​​ឈ្មោះ អ៊ូក​ ណៃហួយជាមួយឪពុកម្តាយទាំងពីរ។ រូបថត សហការី

នៅពេល​កញ្ញា​​ធ្វើការ​ជា​បុគ្គលិក​​ទំនាក់ទំនងជាមួយ​​អ្នក​ឧបត្ថម្ភ​នៅ CCF ណៃ​ហៀ​ង ​បានការ​សម្រប​សម្រួល​ទំនាក់​ទំនង​រវាង​កុមារ​ និង​អ្នក​ឧបត្ថម្ភ បកប្រែ​អ៊ីមែល និង​រៀប​ចំការ​ប្រារព្ធ​ពិធី​ពិសេស​សម្រាប់​កុមារ​។ កញ្ញា​​ស្រឡាញ់​ការងារ​របស់​ខ្លួន​ និង​ឱកាស​ក្នុងការ​ប្រគល់ជូន CCF វិញ​។​

កញ្ញា ណៃហៀង បាន​​និយាយថា​៖ «​ខ្ញុំ​ស្រឡាញ់​កុមារ ហើយ​ចង់បង្ហាញ​ពួកគេ​ពីអ្វី​ដែល​ពួកគេ​អាច​រៀន​ពី​ខ្ញុំ​»​។​

កញ្ញា ណៃ​ហៀ​ង សព្វថ្ងៃ​អាយុ​២៨​ឆ្នាំ រស់នៅ​ជាមួយ​មិត្តភក្តិ​ក្នុងផ្ទះ​រួម​។ កញ្ញា​​ស្រមៃ​ចង់​បង្កើត​អង្គការក្រៅ​រដ្ឋាភិបាល​ផ្ទាល់ខ្លួន​សម្រាប់​កុមារ​នៅ​ថ្ងៃ​ណាមួយ ដោយ​យក​លំនាំ​តាម​លោក ស្កុត នីសុន​។​

ការ​ណែនាំ​របស់​កញ្ញា​​ចំពោះ​អ្នក​ដែល​តស៊ូ​នឹង​ការសិក្សា​របស់​ពួកគេ​គឺ​សាមញ្ញ​៖ «​កុំ​បោះបង់ ហើយ​តែងតែ​មានសង្ឃឹម​»​។​

ឥឡូវនេះ ណៃ​ហៀ​ង កំពុងធ្វើការ​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងទៀត ខណៈដែល ណៃហួយ អាយុ២៩ឆ្នាំ បន្ត​ធ្វើការ​ជាមួយ CCF នៅក្នុង​ផ្នែក​ឧបត្ថម្ភ​។ បងប្អូន​ស្រី​ទាំងពីរ​ទទួល​បាន​​អំណាច​ផ្លាស់ប្តូរ​នៃ​ការអប់រំ​។​

កញ្ញា ណៃហៀង និង​កញ្ញា ណៃហួយ ជា​បងប្អូន​ស្រី​ពីរ​នាក់​បាន​ចូលរួម​ក្នុង CCF តាំងពី​ឆ្នាំ ២០០៤​។ នៅពេលដែល​ពួកគេ​ប្រារព្ធ​ខួប២០​ឆ្នាំ​ជាមួយ CCF ដំណើរជីវិត​​របស់​ពួកគេ​ពិតជា​អស្ចារ្យ​ណាស់​។

រឿងរ៉ាវ​របស់​ពួកគេ​បានចាប់ផ្តើម​នៅ​អតីត​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ ​ជា​បទពិសោធន៍​ដ៏​លំបាក​មួយ ​​របស់​ពួកគេ​​។​

តាមរយៈ​ការតាំង​ចិត្ត និង​ភាព​ធន់​ដែល​មិន​ផ្លាស់ប្តូរ ពួកគេ​បាន​យកឈ្នះ​លើ​ឧបសគ្គ​ជាច្រើន​រាប់មិនអស់ ដោយ​​ឈានដល់​តួនាទី​បច្ចុប្បន្ន​ជា​បុគ្គលិក​ការិយាល័យ​នៅ​អង្គការក្រៅរដ្ឋាភិបាល​​។​

យោងតាម CCF បានឱ្យដឹងថា៖ «​គ្មាន​អ្វី​មាន​​មោទនភាពលើសពីការ​ប្ដេជ្ញាចិត្ដ​របស់ ណៃហៀង និង​ណៃហួយ​​​ក្នុងការ​ស្វែងរក​ក្តី​សុ​បិ​ន្ត​របស់​ពួកគេនោះ​ទេ​។ ​ការលះបង់ ​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​​ជាការ​បំផុសគំនិត​ពិត​សម្រាប់​យើងទាំងអស់គ្នា​»​៕