ភ្នំពេញ៖ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជាត្រៀម​​ប្រារព្ធ​ពិធី​សិល្បៈ​របាំ​ជាមួយ​​រដូវកាល​វប្បធម៌​របស់ខ្លួន «រាំ​ជាមួយ​ខ្ញុំ» ដែល​​​នឹង​ចាប់​ផ្តើម​​ពីថ្ងៃ​ទី ៩ ខែ​ឧសភា ដល់​ថ្ងៃទី ២៦ ខែមិថុនា​។​

នៅមុន​ពេល​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ារ៉ា​អូឡាំពិក​នៅ​ទីក្រុង​ប៉ារីស ការ​រាំ​បែប​កីឡា​នឹង​ត្រូវ​អញ្ជើញ​ជា​កិត្តិយស​ជា​លើកដំបូង៖ ការ​រាំ Break Dance នឹង​ក្លាយ​ជា​វិញ្ញាសា​អូឡាំពិក​មួយ​ក្នុង​ចំណោម​វិញ្ញាសា​អូឡាំពិក​នានា​ក្នុង​ឆ្នាំ​២០២៤។ 

វិទ្យាស្ថាន​បារាំង​នៅ​​កម្ពុជា នឹង​ប្រារព្ធ​ការ​ប្រកួត​កីឡា​អូឡាំពិក ជាមួយ​នឹង​ការ​ប្រកួត​ការ​រាំ Break Dance នៅ​ថ្ងៃទី​៣១ ខែឧសភា និង​ថ្ងៃទី​១ ខែមិថុនា ជាមួយ​នឹង​វង្វាន់​ជាការ​ធ្វើ​ដំណើរ​រយៈពេល ១០ ថ្ងៃ​ទៅកាន់​ទីក្រុង​ប៉ារីស សម្រាប់​ការជួបជុំ​បែប​របាំ​វប្បធម៌ តាមរយៈ​កម្មវិធី​បោះជំរុំ​នៅ​មជ្ឈមណ្ឌល​ជាតិ​ដើម្បី​របាំ។​


បើតាម​វិទ្យាស្ថាន​បារាំង​នៅកម្ពុជា​ បាន​ឲ្យ​ដឹងថា​៖ «ការ​ប្រកួត​នេះ​បើកឱ្យ​ចុះ​ឈ្មោះ​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ លើ​ការ​ចុះ​ឈ្មោះ​សម្រាប់ B-Boys និង ក្រុម B-Girls ​ជា​ជន​ជាតិ​ខ្មែរ មាន​អាយុ​លើស​ពី ១៨ ឆ្នាំ ឬ អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី ៥ ឆ្នាំ​ឡើង​ទៅ»។

ក្រុមរាំ​ដែល​​ចូលរួមប្រកួត​ប្រជែង​​នឹងត្រូវ​​​ឆ្លង​កាត់ជា​​ច្រើន​ដំណាក់​កាល ដោយ​​ម្ចាស់​ជ័យ​លាភី​កំពូល​ទាំងបី​នឹង​ទទួលបាន​រង្វាន់​។ ​អ្នកឈ្នះ​រង្វាន់​ធំ​នឹង​ទទួលបាន​ការធ្វើ​ដំណើរ​រយៈពេល ១០ ថ្ងៃ​ទៅកាន់​ទីក្រុង​ប៉ារីស​​ឆ្នាំ ២០២៤។ នេះ​រួមបញ្ចូល​ទាំង​ការ​ហោះហើរ​ទៅមក ការ​ស្នាក់នៅ​សណ្ឋាគារ​រយៈពេល​ប្រាំបួន​យប់ និង​ការ​ចូល​រួម​​ក្នុង​សិក្ខាសាលា​រាំ​នៅ​មជ្ឈមណ្ឌលជាតិ​ដើម្បីរបាំ។​


ក្រុមរាំ Break Dance​ របស់ក្រុម Tiny Toones Cambodia នៅ​រាជធានីភ្នំពេញ​នា​ពេល​កន្លង​មក។​ Facebook

លើសពីនេះ អ្នក​ឈ្នះ​នឹង​ទៅ​ទស្សនា​កន្លែង​វប្បធម៌​នានា នៃ​ទីក្រុង​ប៉ារីស​ដែល​ផ្សារ​ភ្ជាប់​នឹង​របាំ (Opéra de Paris, Cent Quatre et CND។ 

លោក Valentin Rodriguez នាយក IFC និង Cultural Attaché បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «Breakdancing នឹង​ក្លាយ​ជា​កីឡារាំ​ដំបូងគេ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក។ យើង​បាន​គិត​ថា គ្មានវិធីល្អ​​ក្នុង​​ការ​អបអរសិល្បៈ​ក្បាច់​រាំ​ត្រូវបាន​ដាក់​បញ្ចូល​ជា​​លើក​ដំបូង​នេះ​ជាង​ការ​រៀបចំ​ការ​ប្រកួត​ដែល​អ្នករាំ​ល្អ​បំផុត​នឹង​មាន​ឱកាស​ទៅ​លេង​ទីក្រុង​ប៉ារីស​​នោះ​ទេ»។

លោក Rodriguez បាន​និយា​យថា៖ «ពួកគេ​ក៏​នឹង​ទៅ​ទស្សនា​កន្លែង​វប្បធម៌​នានា​ដ៏​ល្បីល្បាញ​ជាច្រើន​សតវត្សរ៍»។

ក្រុម​ទទួល​បាន​​រង្វាន់​ទី ២ និង​ទី ៣ នឹង​មិន​ទៅផ្ទះ​ដោយ​ដៃទទេ​ទេ ដោយ​ទទួល​បាន​កាដូ​ជាច្រើន​ដែល​ទាក់​ទង​នឹង​ការ​រាំ និង​ប័ណ្ណ​ទិញ​ទំនិញ។

វិទ្យាស្ថាន​បារាំង​ បាន​ឱ្យ​ដឹង​ថា៖ «រដូវកាល​នេះ​មិនមែន​គ្រាន់​តែ​ជា​ការ​ប្រកួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ការ​ប្រារព្ធ​ពិធី​អបអរ​ និង​ការ​អប់រំ​ផងដែរ។ វា​ចាប់ផ្តើម​ជាមួយ​នឹង​ការ​តាំង​ពិព័រណ៍​ដែល​ឧទ្ទិស​ដល់​ប្រវត្តិ​នៃ​របាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​រួប​ផ្សំគ្នា​រវាង​គំនូរ រូបថត និង​បំណែក​បុរាណវិទ្យា​នៃ​កាយវិការ​របាំ​»។ 

ដោយសារ​កំណាយ​បុរាណវិទ្យា និង​បណ្ណសារ​របស់​សាលា​បារាំង​ចុង​បូព៌ា ការ​តាំងពិព័រណ៍​នេះ​នឹង​បង្ហាញ​បណ្ណសារ​រូបថត​នៃ​របាំ​បុរាណ និង​ប្រជាប្រិយ​ខ្មែរ​។​

ការ​តាំងពិព័រណ៍​បណ្ណសារ​រូបថត​នៃ​របាំ​បុរាណ និង​ប្រជាប្រិយ​ខ្មែរ​។​ រូបថត សហការី

ស្នាដៃ​របស់លោក រ៉ូ​ម៉ាំង ប៊ែ​នី​នី បង្កប់នូវ​អត្ថន័យ​​ព្រលឹង​ក្បាច់​រាំ​ ​ជាមួយនឹង​កាយវិការ​ដ៏​ប្រណិត​របស់​អ្នករបាំ​។ របាំ​ជា​បេតិកភណ្ឌ​អរូបី លេចឡើង និង​បាត់​ទៅវិញ​ក្នុងពេល​ដ៏​ខ្លី​នៃ​ពេល​នេះ នៅ​ចន្លោះ​ពេល​ទៀងទាត់ ឬ​មិន​ទៀងទាត់​។ គ្រា​ដ៏​កម្រ​នឹង​បង្ហាញ​ដោយ​មិនអាច​ពិពណ៌នា​បាន។​

រដូវ​កាល​នេះ​នឹង​មាន​ភាព​ចម្រុះ ដោយ​មាន​ការ​សម្តែងរ​បាំ​បុរាណ​របស់​សាលា​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី របាំ​ប្រជាប្រិយ​ខ្មែរ​ ដូចជា របាំ​គោះត្រឡោក របាំ​ចាក់​គ្រើល របាំ​ត្រុដិ និង​របាំ​ទន្សោង​គោព្រៃ។

ការ​តាំងពិព័រណ៍​បណ្ណសារ​រូបថត​នៃ​របាំ​បុរាណ និង​ប្រជាប្រិយ​ខ្មែរ​។​ រូបថត សហការី

លោក Rodriguez បានឱ្យដឹងថា៖ «​មិន​ថា​កីឡា ពិធី​សាសនា ប្រពៃណី ឬ​ទម្រង់​ថ្មី​នៃ​ការ​បញ្ចេញមតិ ការ​រាំ​គឺជា​បេះដូង​នៃ​ការអនុវត្ត​វប្បធម៌​ខ្មែរ​ជាច្រើន»។

ក្រុម​រាំ​ដែល​មាន​បំណង​ចូលរួម​ប្រកួត​​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ចុះ​ឈ្មោះ​មុន​ថ្ងៃទី ១៥​ ខែ​ឧសភា ដើម្បី​ទទួលបាន​កន្លែង​របស់​ពួកគេ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដែល​រៀបចំ​ឡើងដោយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​នេះ។

គួរបញ្ជាក់ថា​ពិព័រណ៍​បណ្ណសារ​រូបថត​នៃ​របាំ​បុរាណ​និង​ប្រជាប្រិយ​ខ្មែរ​ចាប់​ផ្ដើម​បើក​នា​ល្ងាច​នេះ រួមជាមួយ ការ​សម្ដែង​ល្ខោន​អូប៉េរ៉ាង​ផងដែរ។

ការ​តាំងពិព័រណ៍​បណ្ណសារ​រូបថត​នៃ​របាំ​បុរាណ និង​ប្រជាប្រិយ​ខ្មែរ​។​ រូបថត សហការី