ភ្នំពេញ៖ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) លើក​ទី១៣ បាន​បើក​ដំណើរការ​យ៉ាង​ឱឡារឹក​​នៅ​សាល​សន្និសីទ​ចតុមុខ ដោយ​មាន​ការ​ប្រមូល​ផ្តុំ​អ្នក​ផលិត​ភាពយន្ត សិល្បករ និង​អ្នក​ចូលចិត្ត​វប្បធម៌​មកពី​ជុំវិញ​ពិភពលោក​។​


ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​ឧស្សាហកម្ម​ភាពយន្ដ​​ដែល​កំពុង​រីកចម្រើនរ​បស់​កម្ពុជា និង​តួនាទី​របស់​ខ្លួន​ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ថ្លែង​សុន្ទរកថា​បំផុស​គំនិត​កាល​ពី​ថ្ងៃទី ២៥ ខែមិ​ថុនា ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​មហោស្រព​អន្ដរជាតិ​នេះ។


លោកស្រី​បាន​ថ្លែង​ថា៖ «CIFF គឺជា​មជ្ឈមណ្ឌល​ដ៏​ល្អ​សម្រាប់​អ្នក​ផលិតភាព​យន្ត​ពិភពលោក​ដើម្បី​ផ្លាស់​ប្តូរ​គំនិត និង​បទពិសោធន៍។ វា​ផ្តល់នូវ​វេទិកា​ដ៏​មាន​តម្លៃ​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការ​ពង្រីក​ទស្សនៈ​របស់​ពួក​គេ​តាម​រយៈ​ការ​ជ្រើសរើស​ភាពយន្ត​ចម្រុះ​ពី​ជុំវិញ​ពិភពលោក»។


មហោស្រព​លើក​ទី១៣ នេះ​បង្ហាញ​ពី​ការ​ជ្រើសរើស​ខ្សែ​ភាពយន្ត​ជាច្រើន​ពី​ជុំវិញ​ពិភពលោក​ជាមួយ​ភាពយន្ត​សរុប​ចំនួន ១៥៣ មកពី​ប្រទេស​ចំនួន ៤១ ក្នុងនោះ​មាន​ភាពយន្ត​ខ្មែរ​ចំនួន ៤៨ រឿង។​
លោកស្រី សកុណា បាន​លើកឡើង​ពី​សក្ដានុពល​នៃ​មហោស្រព​ក្នុងការ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ និង​លើកកម្ពស់​​ទម្រង់​សិល្បៈ​​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​


​លោកស្រី​​រដ្ឋមន្ត្រី​បានទទួល​ស្គាល់​ការគាំទ្រ​ពី​ដៃគូ​នានា រួមមាន ​អង្គការ​សហប្រជាជាតិ UNDP កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​​ស្ថានទូត​ឥណ្ឌា និង​អូស្ត្រាលីជាដើម​​។​

លោកស្រី​​ក៏បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក ប៉ាន់ រិទ្ធី ដែល​ភាពយន្ត «RENDEZ VOUS AVEC POL POT» ត្រូវ​បានដាក់​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង Cannes ហើយ​បាន​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ជាង ២០០ នៅ​ទូទាំងប្រទេស​បារាំង​។​

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ (កណ្តាល) ថតរូបជាមួយ​ភ្ញៀវ​កិត្តិយ​សដទៃ។ រូបថត សហការី

​បន្ថែម​ពីនេះ លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​គាំទ្រ​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង និង​ការពង្រឹង​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​។​

​ក្នុងនាម​ជា​អ្នកសិល្បៈ លោកស្រី ជា សិរី ​និយាយថា ​លោកស្រី​​មាន​កិត្តិយស​ដែលទទួលបានការអញ្ជើញឱ្យធ្វើជាអភិបាលកិត្តិយសនៃមហោស្រព CIFF​។​

​លោក​ស្រី​និយាយថា​៖ សិ«ល្បៈភាពយន្តកម្ពុជាកំពុងតែរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងគំនិតច្នៃ​​ប្រឌិត​ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយស័ក្ដិសមនឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមនុស្សគ្រប់គ្នា នាំឱ្យឧស្សាហកម្មមួយនេះមានភាពរីកចម្រើន ដែលរួមចំណែកយ៉ាងពេញលេញដល់កំណើនសេដ្ឋកិច្ច»។​

​លោកស្រី​ ស​កុ​ណា បាន​គូសបញ្ជាក់​អំពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ឧស្សាហកម្ម​ភាពយន្ត ដោយ​កត់សម្គាល់​ពី​ការដាក់ចេញ​នូវ​ការលើកលែង​​សារពើពន្ធ​សំខាន់ៗ​ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​

​លោក​ស្រី​បាន​និយាយថា៖ «​រដ្ឋាភិបាល​បាន​ផ្អាក​កាតព្វកិច្ច​ពន្ធ​សំខាន់ៗ​សម្រាប់​អ្នក​ផលិត​ភាពយន្ត​ក្នុងស្រុក​ពី​ឆ្នាំ២០២៤ ដល់​ឆ្នាំ២០២៨ ហើយ​កំពុង​លើកទឹកចិត្ត​អ្នក​ផលិតភាព​យន្ត​អន្តរជាតិ​ឱ្យមក​ថត​នៅ​កម្ពុជា​»​។​

​លោក Cedric Eloy នាយក CIFF ក៏បាន​​​សម្តែង​ការដឹងគុណ​ចំពោះ​អ្នកគាំទ្រ និង​អ្នកចូលរួម​​មហោស្រព​ភាពយន្ដ​​អន្ដរជាតិ​កម្ពុជា​នេះ​។​

លោក​បាន​និយាយថា​៖ «ក្នុងនាមអ្នករៀបចំ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមការងារដែលខិតខំប្រឹងប្រែងរបស់យើង ដៃគូរ និងអ្នកឧបត្ថម្ភ​ និងអ្នកស្ម័គ្រចិត្តដែលលះបង់របស់យើង។ ម្នាក់ៗបានរួមចំណែក​ពេលវេលា ការខិតខំប្រឹងប្រែង និងញើសដើម្បីធ្វើឱ្យ​មហោស្រព​លើកទី១៣ នេះក្លាយជាការពិត»។

អ្នកស្រី ប៉ាន់ ស៊ីម៉ាឡា ជា​ប្រធាន​ផ្នែក​លក់​នៃក្រុមហ៊ុន SR Digital Media និង​ភ្នំពេញប៉ុស្ដិ៍ បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​រីករាយ​ក្នុង​ជា​អ្នក​ដៃគូ​ផ្សព្វផ្សាយ​ ដែល​បាន​ឃើញ​ការ​ចូលរួម​របស់​ភ្ញៀវ​កិត្ដិយស​យ៉ាង​ច្រើន​កុះករ​ ទោះស្ថិត​ក្រោម​ដំណក់​ទឹក​ភ្លៀង​។ 

អ្នកស្រីបាន​និយាយថា​៖ «ដើម្បីរួមចំណែក​លើកស្ទួយ​វិស័យ​ខ្សែភាពយន្ត SR Digital Media, Phnom Penh Post និង Post Khmer មានមោទនភាព​ជា​​ដៃគូ​សហការ​ផ្សព្វផ្សាយ​ដល់​មហោស្រពភាពយន្ត​អន្តរជាតិ​កម្ពុជានេះ​​»។

អ្នកស្រី ប៉ាន់ ស៊ីម៉ាឡា ជា​ប្រធាន​ផ្នែក​លក់​នៃក្រុមហ៊ុន SR Digital Media និង​ភ្នំពេញប៉ុស្ដិ៍ បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍។ រូបថត ភ្នំពេញប៉ុស្តិ៍

លោក Eloy បានលើកឡើង​ពី​កម្មវិធី​ចម្រុះ​នៃ​មហោស្រព​នេះ ដែល​បង្ហាញ​ពី​ភាពយន្ត​ពី​ប្រទេស​កម្ពុជា អូស្ត្រាលី បារាំង សហរដ្ឋអាមេរិក ឥណ្ឌា និង​ផ្សេងៗ​ទៀត​។​

​លោក​​​បាន​និយាយថា៖ « CIFF មិនមែន​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​តែមួយ​មុខ​នោះទេ​​ ព្រោះ​ការ​ទស្សនា​ភាពយន្ត យើងទាំងអស់គ្នា អាច​ធ្វើបាន​តាមរយៈ Netflix​ ជាដើម​។ តែ​មហោស្រព​ភាពយន្ត​ពិតប្រាកដ  គឺ​ប្រារព្ធ​ឡើង​ដើម្បី​លើក​តម្លៃ​បុគ្គល ​និង​ឧស្សាហកម្ម  ដែលមាន​គំនិត​​ច្នៃ​ប្រឌិត​​ខ្ពស់ ព្រមទាំង​លើកទឹកចិត្ត​ឱ្យមាន​អន្តរ​កម្ម​ជាមួយនឹង​គំនិត​ដទៃទៀត​នៅ​ពីក្រោយ​ខ្សែភាពយន្ត ដែលជា​ហេតុ​ជំរុញ​ឱ្យមាន​ការបង្កើត​ថ្មី​ជានិច្ច​»។​

​កម្មវិធី​ពិសេសៗ ​ដូចជា LIFE LONG LEARNING និង ROADS TO OLYMPIA ត្រូវបាន​រៀបចំឡើង​ដើម្បី​បំផុសគំនិត​យុវជន​កម្ពុជា លើកទឹកចិត្ត​ពួកគេ​ឱ្យ​បន្ត​ក្តី​សុបិន​​តាមរយៈ​ការអប់រំ ការខិតខំ​ប្រឹងប្រែង និង​ការលះបង់​។​

​លោក​បាន​កត់សម្គាល់ថា៖ «​រាល់​វត្តមាន​សិល្បករ និង​​ផលិតករ​​ទាំងអស់ ទាមទារ​ឱ្យ​មាន​ការគាំទ្រពី​មហាជន​​។ រៀងរាល់​សប្តាហ៍ យើង​ឃើញ​គម្រោង​ភាពយន្ត​ពិសេសៗ ដែល​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ»។​

​លោក​ក៏បាន​លើកឡើង​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​នៃ​ឧស្សាហកម្ម​ភាពយន្ត ការលើកកម្ពស់​វិស័យ​ទេសចរណ៍ ការបង្កើត​ការងារ និង​ការបណ្តុះ​ជំនាញ​យូរអង្វែង​។​

​ដោយ​ឆ្លុះបញ្ចាំង​ពី​ដំណើរ​របស់ CIFF ចាប់តាំងពី​ការចាប់ផ្តើម​របស់ខ្លួន​ក្នុង​ឆ្នាំ២១០​ លោក Eloy បាន​អំពាវនាវ​ឱ្យមាន​កិច្ចសហការ​បន្ត​ដើម្បី​កសាង​ភាពជោគជ័យ​កន្លងមក​។​

លោក​បាន​និយាយថា​៖ «ឧស្សាហកម្ម​ភាពយន្ត​គឺជា​មជ្ឈដ្ឋាន​ដ៏​មាន​ឥទ្ធិពល​ដែល​ត​ភ្ជាប់​រវាង​សិល្បៈ​ដទៃទៀត​បើទោះជា​មាន​ទម្រង់​​ខុសៗ​គ្នា​ក៏ដោយ​។  រឹតតែ​សំខាន់​​ទៀត ​ឧស្សាហ​កម្មនេះ​មាន​សក្តានុពល​ក្នុង​ដំណើរ​លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត និង​បង្កើន​ការងារ ដែល​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ចូលរួម​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ»។ 

លោក​បាន​បន្ដថា​៖ «​​កាលពី​មួយ​ទសវត្ស​មុន ភាពយន្ត​កម្ពុជា​បានទទួល​ការវាយតម្លៃ​ឱ្យចូល​ប្រកួត​ពានរង្វាន់​អូ​ស្ការ​លើកដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៤​។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះដែរ ក៏បាន​ទាក់ទាញ​ការបណ្តាក់ទុន​ដ៏​ធំ​សម្រាប់​ការផលិត​របស់​អ្នកស្រី Angelina Jolie ជាមួយ​ផលិតករ​ភាពយន្ត​កម្ពុជា​»។

​នៅពេលដែលមហោស្រព​​នេះដំណើរការ​រយៈ​ពេល ៥​ថ្ងៃ​ទៀត​ អ្នក​និយម​ភាពយន្ដ​អាច​ស្វែង​ការ​វិភាគ​បញ្ចាំង​ភាពយន្ដ​នៅលើ​បណ្ដាញ​សង្គម​របស់ CIFF។​

​ការគូសបញ្ជាក់​ដ៏​សំខាន់​នៃ​សុន្ទរកថា​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​គឺ​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​គំនិត​ផ្តួចផ្តើម «Mekong Discovery Days»។​

​កម្មវិធី​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​វិសាលភាព​របស់ CIFF ដែលមាន​គោលបំណង​អភិរក្ស​ជីវៈចម្រុះ​ដ៏​សម្បូរបែប​របស់​កម្ពុជា ក៏ដូចជា​​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ក្នុង​តំបន់​។​

​លោកស្រី សកុណា​ ថ្លែងថា៖ «​ការរួមចំណែក​របស់​អ្នកទាំង​អស់​គ្នា​​គូសបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​មហោស្រព​​នេះ ជា​កត្តា​ជំរុញ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុង​គោលបំណង​អភិរក្ស​ជីវៈចម្រុះ​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា»៕ ​