វាជារឿងកម្រមានណាស់ដែលបទចម្រៀងខ្មែរត្រូវបានយកទៅចាក់នៅក្នុងកម្មវិធីកម្សាន្តនៅបរទេស ជាពិសេសប្រទេសធំៗដែលនៅឆ្ងាយពីកម្ពុជា ដូចជាប្រទេសចិនជាដើម។ ប៉ុន្តែមានបទញាក់សម័យថ្មីមួយបទ គឺ «មាន់ស្រែ» របស់តារាចម្រៀង រ៉ាប៊ី បាននិងកំពុងពេញនិយមនៅទីក្រុងស៊ីស័ងបេណា (Xishuangbanna) ក្នុងខេត្តយូណាន នៃប្រទេសចិន។
ទីក្រុងស៊ីស័ងបេណា គឺតំបន់ដែលមានជនជាតិភាគតិចតាយ រស់នៅដោយពួកគេគោរពព្រះពុទ្ធសាសនា។ នៅក្នុងទីក្រុងនេះមានកន្លែងកម្សាន្តជាច្រើនដូចជាភូមិប្រពៃណី និងវប្បធម៌របស់ជនជាតិតាយ។ លើសពីនេះទៀតក៏មានសួនកម្សាន្តដ៏ធំមួយឈ្មោះថា «សួនជនជាតិតាយ» ដែលស្រដៀងទៅនិងភូមិវប្បធម៌នៅខេត្តសៀមរាប។ ប៉ុន្តែ នៅសួនកម្សាន្តនេះ មានការរៀបចំការចម្រៀង រាំ នាពេលរសៀលដោយមានទាំងបទប្រពៃណីនិងបទសម័យទំនើប ព្រមទាំងមានការបាញ់ទឹកនិងការបាចទឹកដាក់គ្នាដូចសង្ក្រាន្តបែបថៃ។
បទចម្រៀងដែលចាក់ដោយឌីជេ ភាគច្រើនជាបទចិន ប៉ុន្តែ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ និងស្ទើរតែមិនគួរឲ្យជឿដែលបទចម្រៀងខ្មែរ «មាន់ស្រែ» របស់កញ្ញារ៉ាប៊ីត្រូវបានចាក់នៅក្នុងកម្មវិធីនេះដែរ។
ក្រោយពេលបញ្ចប់ការរាំច្រៀងនេះ ភ្នំពេញប៉ុស្តិ៍បានសាកសួរលោក Ai Wenling ដែលជាអ្នកចាក់ភ្លេង ឬហៅសាមញ្ញថា ឌីជេ។
លោកនិយាយថា៖ «ខ្ញុំជ្រើសរើសយកបទនេះមកចាក់ព្រោះថា ចង្វាក់ភ្លេងមានភាពរស់រវើក ហើយសាមញ្ញ។ ខ្ញុំបានឃើញបទចម្រៀងនេះតាមបណ្ដាញសង្គម ហើយខ្ញុំគិតថា វាជាបទល្អសម្រាប់ការរាំ ហើយចង្វាក់នេះស្រដៀងទៅនឹងចង្វាក់បទភ្លេងវប្បធម៌នៅទីនេះ»។
លោកបន្តថា៖ «បទនេះល្បីល្បាញណាស់នៅចិន ជាពិសេសនៅទីក្រុងនេះ។ មនុស្សនៅតំបន់នេះ រាំបទនេះគ្រប់ទីកន្លែង។ បទនេះត្រូវបានចាក់នៅក្នុងសួនកម្សាន្តនេះជារៀងរាល់ថ្ងៃ គឺ២ដងក្នុងមួយថ្ងៃនៅទីនេះ។ បទនេះធ្វើឲ្យមានភាពរីករាយ និងរស់រវើក។ នៅពេលដល់បទចម្រៀងសម្រាប់រាំ យើងចាក់បទនេះ»។
លោក Wengling និយាយថា លោកមិនបានដឹងថា បទនេះជាបទចម្រៀងខ្មែរទេ លោកបានជ្រើសរើសយកបទនេះទុកចាក់ព្រោះសាច់ភ្លេងមានភាពរស់រវើក មិនលឿនពេក និងមិនយឺតពេក។ បើតាមការបញ្ជាក់របស់លោក បទនេះមិនមានភាសាចិននោះទេ គឺមានតែបទខ្មែរតែមួយបទនេះ។
លោកបញ្ជាក់ថា បទនេះត្រូវបានចាក់ប្រមាណ ៤ ទៅ ៥ ឆ្នាំមកហើយនៅទីនេះ ហើយលោកក៏មិនដែលបានទៅប្រទេសកម្ពុជាដែរ។
ខេត្តយូណាន គឺជាខេត្តស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន មានព្រំប្រទល់ជាប់នឹងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម និងជាប្រភពនៃតែរបស់ប្រទេសចិន។ ខេត្តនេះសម្បូរទៅដោយជនជាតិភាគតិចតាយ ដែលមានទំនៀមទម្លាប់ស្រដៀងទៅនឹងទំនៀមទម្លាប់នៅថៃ ឡាវ មីយ៉ាន់ម៉ា និងកម្ពុជាផងដែរ ដោយសារជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា។
លោក ឈត ប៊ុនថង អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ជាទូទៅប្រទេសនានាតែងមានឥទ្ធិពលវប្បធម៌ទៅលើគ្នាទៅវិញទៅមក ជាពិសេសប្រទេសធំមានឥទ្ធិពលលើប្រទេសតូច ហើយឥទ្ធិពលនេះធ្លាប់កើនមានយូរហើយ សូម្បីជំនាក់លោក ស៊ីន ស៊ីសាមុត ក៏ធ្លាប់មានបទលំនាំបរទេសដែរ។
លោកបន្តថា៖ «ទោះបីយើងទទួលពីគេ គេក៏អាចពេញចិត្តបទរបស់យើងដែរ សម្រាប់បទណាមួយរបស់យើងផងដែរ ដូចជាបទដែលកន្ត្រាក់អារម្មណ៍តាមរយៈបទភ្លេង ទំនុកច្រៀងឬមានរូបភាពដែលគួរឲ្យទាក់ទាញ គ្រាន់តែគេអាចតិចជាងយើង។ ធម្មតាទំនាក់ទំនងសង្គម សេដ្ឋកិច្ច នយោបាយ វាតែងមានទៅវិញទៅមក ដូចយើងនាំទំនិញទៅគេ គេនាំទំនិញមកយើង។ យើងរៀនពីគេ គេក៏រៀនពីយើង»។
បើនិយាយពីទំនាក់ទំនងកម្ពុជាចិនវិញ លោក ប៊ុនថង និយាយថា ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។ ចុងក្រោយនេះ ទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរក៏ល្អដែរ ហើយប្រទេសទាំងពីរកំពុងរកវិធីលើកកម្ពស់ទំនាក់ទំនងនេះដែរ។
លោកបន្តថា «ចំពោះបទ «មាន់ស្រែ»វិញ ទោះបីជាវាមិនមែនជាបទដែលមានខ្លឹមសារល្អណាស់ណាក៏ដោយ ក៏ប៉ុន្តែតាមការសង្កេតរបស់ខ្ញុំឃើញថា វាមានភាពទាកទាញ់លើបទភ្លេងនិងទំនុកច្រៀងដែលកន្ត្រាក់អារម្មណ៍»៕