ភ្នំពេញ៖ អ្នក​ជិះកង់​ឆ្លង​ទ្វីប​ដើម្បី​បុព្វហេតុ​កុមារ​កម្ពុជា លោក ទីវ តារារិទ្ធ ​ថ្មីៗ​នេះ​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​ចម្ងាយ​ជាង​ពីរ​ពាន់​គីឡូម៉ែត្រ​ឆ្លង​កាត់​ប្រទេស​ឡាវ ដែល​បន្សល់ទុក​នូវ​មេរៀន​ជីវិត​ដ៏​មាន​តម្លៃ និង​ការ​ចងចាំ​មិន​អាច​បំភ្លេច​បាន។


ដំណើរ​ផ្សងព្រេង​មួយ​ខែ​ដំបូង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​របស់​លោក​ តារា​រិទ្ធ បាន​នាំ​រូប​លោក​​ឆ្លងកាត់​គ្រប់​ខេត្ត និង​ទីក្រុង​ក្នុង​ប្រទេស​ឡាវ ជាមួយ​ទេសភាព​ធម្មជាតិ​ និង​តំបន់​ជាច្រើន​របស់​ប្រទេស​មិន​ជាប់​សមុទ្រ​មួយ​នេះ។

លោក​បាន​ចែករំលែក​ថា​៖ «ឡាវ​ជា​ប្រទេស​គ្មាន​ដែន​សមុទ្រ​​ដែល​មាន​ធនធាន​ធម្មជាតិ​យ៉ាង​សម្បើម។ ភ្នំ​ខ្ពស់ ព្រៃ​ក្រាស់ និង​ទីប្រជុំជន​ដាច់ស្រយាល​នៅ​ភាគ​ខាងជើង​បាន​អនុញ្ញាតឱ្យ​ខ្ញុំ​រកឃើញថា ​ខ្ញុំ​ជា​នរណា»។


ជិះ​ឆ្លងកាត់​ភាព​ងងឹត​នៃ​ពេល​យប់ តារារិទ្ធ តែងតែ​មាន​អារម្មណ៍​ដូចជា​លោក​​នៅលើ​ភព​ផ្សេង​។ លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ហាក់​ដូចជា​រស់នៅ​តែម្នាក់ឯង​ជាមួយ​នឹង​សំឡេង​​ធម្មជាតិ ផ្កាយ​ភ្លឺ​ចែងចាំង និង​សម្លឹងមើល​ទិដ្ឋភាព​ដែល​មិនមែន​អ្នក​រាល់គ្នា​អាច​មើលឃើញ​នោះ​ទេ»។


ដំណើរ​នេះ​មិនមែន​គ្មាន​ឧបសគ្គ​នោះទេ​។ លោក តារា​រិទ្ធ ​បាន​ជួប​ឧបទ្ទវហេតុ​មួយ​នៅ​ខាងក្រៅ​ទីក្រុង​វៀង​ច័ន្ទ ដែល​បណ្តាល​ឱ្យ​​របួស​មាត់ និងកង់​​រង​ការ​ខូចខាត​យ៉ាង​ដំណំ។


លោក ទីវ តារារិទ្ធ អង្គុយសម្រាក​នៅ​ក្នុង​ប្រទេស​ឡាវ។ រូបថត សហការី

លោក​បាន​រៀបរាប់ថា៖ «ខ្ញុំ​បាន​ធ្វើ​កំហុស​ដោយ​ជិះ​កង់​ក្នុង​ពេល​ងងុយគេង​ទើប​បណ្តាល​ឱ្យ​បុក​ជាមួយ​គូទ​រថយន្ត​គេ»។

ថ្វីត្បិត​តែ​មាន​ការ​លំបាក​ក៏ដោយ លោក​នៅតែ​មាន​កម្លាំង​ចិត្ដ​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​មូលដ្ឋាន និង​ប្រជាជន​កម្ពុជា​នៅ​ទីក្រុង​វៀងចន្ទន៍។

ចំណុច​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​លោក គឺ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​របស់​ប្រជាជន​ឡាវ​។ លោក​បាន​និយាយ​ថា៖ «ពួកគេ​តែងតែ​ញញឹម​ស្វាគមន៍​អ្នក​ធ្វើដំណើរ​ដូច​ខ្ញុំ»។​

ស្នាក់នៅ​វត្ត​ព្រះពុទ្ធសាសនា​តាមផ្លូវ លោកបង្ហាញ​ពីភាព​រីករាយ​ក្នុង​ការ​ស្វែង​អំពី​ព្រះ​ពុទ្ធសាសនា​នៅ​ប្រទេស​ឡាវ​ ជាពិសេសលោក​អាច​សន្សំ​ប្រាក់​លើ​ការ​ស្នាក់នៅ​។ រូបថត​របស់លោក​​ពី​ការ​ស្នាក់នៅ​ទាំងនេះ​បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ដែល​បង្ហាញ​ពី​ភាពស្រស់ស្អាត​ស្ងប់ស្ងាត់​នៃ​ប្រទេស​ឡាវ​។​

ពេញ​មួយ​បេសកកម្ម​នៅ​ប្រទេស​ឡាវ លោក តារា​រិ​ទ្ធ​ បាន​ជួប​បុគ្គល​ផ្សេងៗ ដែលបាន​បង្កើត​ទំនាក់​ទំនង​យ៉ាង​ល្អ​ជាមួយ​គ្នា​។​

នៅ​ទីក្រុង​វៀងចន្ទន៍ លោក​បាន​ជួប​លោក Ken ជា​ជនភៀសខ្លួន​មីយ៉ាន់ម៉ា​ ដែល​បាន​ចែករំលែក​បទពិសោធន៍ និង​ការងារ​សិល្បៈ​របស់លោក​ទាក់ទង​នឹង​ភាពចលាចល​នយោបាយ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។​

លោកបាន​ពន្យល់ថា៖ «​យើង​បាន​និយាយ​ច្រើន​អំពី​បញ្ហា​ទាំងនេះ ហើយ​គាត់​បានបង្ហាញ​ខ្ញុំ​ពី​ការថតរូប​របស់គាត់ និង​ការតវ៉ា​ប្រឆាំងនឹង​របប​យោធា​មីយ៉ាន់ម៉ា»។

ដំណើរ​នេះ​ក៏បាន​អនុញ្ញាតឱ្យ​​លោក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​វៀង​ច័ន្ទ ដែល​បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​សម្រាប់​សកម្មភាព​ជិះ​កង់​មនុស្សធម៌​ក្នុង​គោលបំណង​រៃអង្គាស​ថវិកា​ដល់​កុមារ​កម្ពុជា​។ ទោះបីជា​មានការ​លំបាក​យ៉ាងណាក៏ដោយ លោក តារារិទ្ធ បាន​មើលឃើញ​រាល់​បទពិសោធន៍​ជា​មេរៀន​។​

លោក​បាន​កត់សម្គាល់ថា៖ «រាល់​បទពិសោធ​ទាំង​អស់​​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ខ្ញុំ ជាពិសេស​ជាការ​រំឭក​ដ៏​សំខាន់​មួយ​ថា ខ្ញុំ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​បំផុត និង​កុំ​ធ្វើឱ្យមាន​កំហុស​នៅពេល​អនាគត​» ។​

លោក ទីវ តារារិទ្ធ មកដល់ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសឡាវ។ រូបថត សហការី

ដំណើរ​របស់លោក តារារិទ្ធ​ ឆ្លងកាត់​ប្រទេស​ឡាវ គឺជា​សក្ខីភាព​នៃ​ថាមពល​​​ការតស៊ូ និង​កម្លាំង​ដែល​កើត​ចេញ​ពី​ទំនាក់ទំនង​របស់​ប្រជាជន​ខ្មែរ និង​ឡាវ​។​

លោក​បាន​អះអាងថា​៖ «​អ្នកនឹង​មិន​ជួប​ការភ័យខ្លាច​ទេ​នៅពេលដែល​អ្នកមានការ​ស្រឡាញ់​​ជ្រាលជ្រៅ​។ ក្ដីស្រឡាញ់​មាន​ថាមពល​ដ៏​អស្ចារ្យ​ដែល​យើង​នឹកស្មាន​មិន​ដល់ ហើយវា​អាច​បំបាត់​ការភ័យខ្លាច​ទាំងអស់​»​។​

នៅពេលដែល​​បន្ត​បេសកកម្ម​ជិះ​កង់​ លោក តារារិទ្ធ​ នៅតែ​ដឹងគុណ​ចំពោះ​ការគាំទ្រ​​ និងទទួល​បាន​បទពិសោធ​​មេរៀន​បន្ថែម​​។​

លោក​បានបញ្ចប់​ថា​៖ «​នៅមាន​ផ្លូវ​វែងឆ្ងាយ​ទៀតហើយ​ខ្ញុំ​ជឿជាក់ថា ​ខ្ញុំ​នឹងមាន​រឿង​ជាច្រើន​ទៀត​ដែល​ខ្ញុំ​នឹង​បន្ត​ចែករំលែក​ជាមួយ​អ្នក​ទាំងអស់គ្នា​»​។​

មហិច្ឆតា​របស់​លោក តារា​រិ​ទ្ធ ​គឺ​ជិះ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​ក្នុង​រយៈពេល ៣៦៥ ថ្ងៃ​ខាងមុខ​។ នេះ​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង និង​ការគាំទ្រ​ចំពោះ​បុព្វហេតុ​មនុស្សធម៌​ផ្សេងៗ បន្តដំណើរ​នៃ​ក្តី​ស្រឡាញ់ ក្តីមេត្តា និង​ការ​ផ្សងព្រេង​របស់លោក​​​។​

លោកបាន​ចែករំលែក​ថា​៖ «​ខ្ញុំមាន​ក្ដីរីករាយ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្សគ្រប់​គ្នា​។​ ការ​ជិះ​កង់​ទៅកាន់​ទ្វីបអឺរ៉ុប​មិនមែន​គ្រាន់តែ​ជា​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បេសកកម្ម​ផ្សព្វផ្សាយ​ក្តីសង្ឃឹម និង​លើកទឹកចិត្ត​អ្នកដទៃ»។​

ផែនទីបង្ហាញសម្រាប់ដំណើរជិះកង់កាត់ទ្វីបរបស់លោក ទីវ តារារិទ្ធ។ រូបថត សហការី

ចាប់តាំងពី​​​បានបញ្ចប់​ការ​ជិះ​កង់​ចម្ងាយពីរ​ពាន់​គីឡូម៉ែត្រ​ឆ្លងកាត់​ប្រទេស​ឡាវ ឥឡូវនេះ លោក តារា​រិ​ទ្ធ កំពុងធ្វើដំណើរ​ឆ្ពោះទៅ​ទីក្រុង​ឈៀង​ម៉ៃ​ក្នុងប្រទេស​ថៃ​។​

ដោយសារ​បញ្ហា​ទិដ្ឋាការ លោក​​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​មី​យ៉ាន់​ម៉ា ហើយនឹងជិះ​យន្ដ​​ហោះ​រំលង​​ប្រទេស​ជំនួស​វិញ​។​

បន្ទាប់មក លោក តារារិទ្ធ ​នឹង​បន្តដំណើរ​ផ្សងព្រេង​របស់លោក​​នៅក្នុង​ប្រទេស​បង់ក្លាដែស ដោយ​ប្តេជ្ញាចិត្ត​ជំនះ​រាល់​ឧបសគ្គ និងស្វែង​រក​បទពិសោធ​​​ថ្មីៗ​ទៀត៕