សមាគមកាយឫទ្ធិនារីកម្ពុជា កំពុងធ្វើយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីប្រមូលរបស់របរ សម្ភារៈចាស់ៗដែលនៅអាចប្រើប្រាស់បានដើម្បីចែកជូនបន្តទៅអ្នកដែលមានជីវភាពខ្វះខាត។ យុទ្ធនាការនេះធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី៣១ ខែកក្កដានេះ។ នេះបើតាមការប្រកាសរបស់សមាគម។
សមាគមនេះដឹកនាំដោយលោកស្រី ពេជ្រ ចន្ទមុន្នី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមានបេសកម្មចូលរួមអភិវឌ្ឍដល់ក្មេងស្រី និងស្ត្រី ដើម្បីឲ្យពួកគាត់ក្លាយជាពលរដ្ឋដែលមានការទទួលខុសត្រូវសម្រាប់ប្រទេសនិងពិភពលោក។
យុទ្ធនាការប្រមូលរបស់របរចាស់ៗដើម្បីបរិច្ចាគទៅអ្នកដែលខ្វះខាត ទទួលបានការគាំទ្រពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយលោកបង្ហោះសារនៅលើបណ្ដាញសង្គមថា៖ «យុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំ ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។
នេះជាលើកទី១ហើយ ដែលសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើយុទ្ធនាការប្រមូលរបស់ចាស់ៗ ដែលនៅមានគុណភាពនេះ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា គាំទ្រការផ្ដួចផ្ដើមគំនិតធ្វើយុទ្ធនាការបែបនេះ ព្រោះវាក៏ជាវប្បធម៌ចែករំលែកមួយដែលតែងមាននៅក្នុងសង្គមខ្មែរ។
លោកនិយាយថា៖ «នេះជាការបន្តវប្បធម៌ខ្មែរយើងដែលមានរក្សាខ្សត់ ឬអ្នកក្រីក្រ។ វាជាចំណែកមួយដែលជួយដល់ពលរដ្ឋក្រីក្រដោយសារបញ្ហាផ្សេងៗ។ គម្រោងនេះល្អ ព្រោះវាបណ្ដុះវប្បធម៌នៃការចែករំលែក ហើយវាក៏ចូលរួមគោលការប្រើប្រាស់ឡើងវិញ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន»។
បើតាមសមាគន ការបរិច្ចាគអាចធ្វើឡើងនៅផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ៕