
យុវជន សឿង ចិត្រា ហៅ ចៅចិត្រ កំពុងលេងឧបករណ៍ប្រពៃណីបុរាណ ដោយបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះចាប៉ីដងវែង ជាផ្នែកដ៏សំខាន់នៃមរតកវប្បធម៌របស់កម្ពុជា។ រូបថត សហការី
កំពង់ស្ពឺ៖ ការលាចាកលោករបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ គឺជាការបាត់បង់ធនធានមរកតមនុស្សរស់ក្នុងវិស័យសិល្បៈប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា។
បន្ទាប់ពីមរណៈភាពកាលពីថ្ងៃទី២៨ ខែមិថុនា របស់លោកតា គង់ ណៃ អាយុ ៨០ឆ្នាំ អ្នកគាំទ្រសិល្បៈជាច្រើនមានការព្រួយបារម្ភពីការបាត់បង់ទម្រង់សិល្បៈចាប៉ីដងវែងនេះ។
យ៉ាងណាមិញ យុវជនម្នាក់នៅខេត្តកំពង់ស្ពឺ កំពុងបង្កើតការចាប់អារម្មណ៍ពីមហាជនចំពោះសមត្ថភាពច្រៀងចាប៉ីដងវែង។
ជាមួយប្រាក់សន្សំត្រឹមតែ ១០ដុល្លារ និងជំនាលក្តារបន្ទះ យុវជនវ័យ ១៦ឆ្នាំ ដែលមានចិត្ដស្រឡាញ់សិល្បៈប្រពៃណីខ្មែរ បានប្រែក្លាយវត្ថុទាំងនោះទៅជាឧបករណ៍តន្ដ្រីចាប៉ីដងវែង។
នៅពីមុខផ្ទះស្លឹកទ្រុឌទ្រោម យុវជន សឿង ចិត្រា ហៅ ចៅចិត្រ កំពុងលេងឧបករណ៍ប្រពៃណីបុរាណ ដោយបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះចាប៉ីដងវែង ជាផ្នែកដ៏សំខាន់នៃមរតកវប្បធម៌របស់កម្ពុជា។
ចៅចិត្រ បាននិយាយថា៖ «ដោយសារតែខ្ញុំស្រឡាញ់ចាប៉ីដងវែងតាំងពីតូច ខ្ញុំសន្សំលុយទិញកាវ និងធ្វើឧបករណ៍ចាប៉ីដោយខ្លួនឯង ដោយរកឈើចាស់ដំជាប់ជាមួយនឹងដែកគោល បន្ទាប់មកខ្ញុំរៀនលេងវាជារៀងរាល់ថ្ងៃ»។
ជាក្មេងប្រុសម្នាក់ ដែលស្ថិតក្នុងវ័យកំពុងតែពេញដើរតាមបច្ចេកវិទ្យា ជាមួយការនិយមឧបករណ៍តន្ដ្រីសម័យ ការប្រើប្រាស់គ្រឿងអេឡិចត្រូនិកទាន់សម័យ ចៅចិត្រ ឆ្លៀតពេលពីការសិក្សាមកកេះចាប៉ីក្រោមដើមត្នោត ក្បែរវាលស្រែនៃខេត្ដកំពង់ស្ពឺ និងត្រងត្រាប់ស្ដាប់ព្រឹទ្ធាចារ្យចាប៉ីដងវែងច្រៀងជាមួយវោហាស័ព្ទប្លែកៗ។
យុវជនវ័យ ១៦ឆ្នាំរូបនេះ មិនត្រឹមតែជាធនធានផ្នែកសិល្បៈបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាធនធានដ៏មានសារៈសំខាន់ក្នុងការអភិរក្សវប្បធម៌នៅក្នុងពិភពទំនើបកម្មយ៉ាងឆាប់រហ័សនេះថែមទៀត។
បច្ចុប្បន្នជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យស្លាបលែង ខេត្តកំពង់ស្ពឺ ចំណង់ចំណូលចិត្តរបស់ ចៅចិត្រ ចំពោះចាប៉ីដងវែង បានចាប់ផ្ដើមនៅពេលដែលបានស្ដាប់រឿង «ខ្យងសម្បុរបី» ដោយ មុម សុន។
យ៉ាងណាក្ដី យុវជនសម្បុរស្រអែមសក់រួញអង្គារដីរូបនេះ បានរំឭកថា បទពិសោធន៍ដំបូងដែលលេងចាប៉ីដោយគ្មានគ្រូគឺមិនមែនជារឿងល្អទេ ព្រោះសំឡេងចាប៉ីគ្មានចង្វាក់ពិតជារំខានខ្លាំងណាស់។
ចៅ ចិត្រ បាននិយាយថា ដំបូងឡើយ ឪពុកម្តាយបានរអ៊ូរទាំចំពោះសំឡេងចាប៉ីរំខាន ដោយសារ ចៅចិត្រ លេងមិនត្រូវចង្វាក់ភ្លេង។ នេះជាហេតុផលដែលយុវជនរូបនេះខិតខំស្វះស្វែងរកគ្រូបង្វឹកលេងឧបករណ៍បុរាណនេះនៅឆ្នាំ ២០១៩។
ការរអ៊ូរទាំនេះបានរលាយបាត់ទៅវិញនៅពេល ចៅចិត្រ ចេះប្រគំបទភ្លេងយ៉ាងពីរោះជាមួយឧបករណ៍បុរាណខ្មែរដែលមិនសូវពេញនិយមពីសំណាក់យុវវ័យនេះ។

យុវជន សឿង ចិត្រា ហៅ ចៅចិត្រ កំពុងលេងឧបករណ៍ប្រពៃណីបុរាណ ដោយបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះចាប៉ីដងវែង ជាផ្នែកដ៏សំខាន់នៃមរតកវប្បធម៌របស់កម្ពុជា។ រូបថត សហការី
ចៅ ចិត្រ ទទួលស្គាល់ថា ពេលរៀនលេងឧបករណ៍ភ្លេងខ្លួនឯងគឺជាបញ្ហាប្រឈមមួយ តែការច្រៀងកំណាព្យចុងចួនប្រកបដោយការអប់រំទាមទារភាពប៉ិនប្រសប់ និងបត់បែន។
យុវជនរូបនេះបាននិយាយថា៖ «ការលេងចាប៉ីទាមទារភាពច្នៃប្រឌិត និងប្រើកាព្យចុងចួន ធ្វើឱ្យស៊ីចង្វាក់ជាមួយសំឡេងចាប៉ី ជាពិសេស បង្កប់នូវសារអប់រំ»។
តុល្យភាពនៃទេពកោសល្យតន្ត្រី និងកំណាព្យអប់រំនេះគឺជាអ្វីដែល ចៅចិត្រ ខិតខំសម្រេចបាន ដោយស្វ័យសិក្សាលើកំណាព្យ មើលអ្នកចម្រៀងចាប៉ីជើងចាស់ និងបង្កើតភាពច្នៃប្រឌិតផ្ទាល់ខ្លួន។
ការលាចាកព្រឹទ្ធាចារ្យចាប៉ីដងវែង លោក គង់ ណៃ ជាការបាត់បង់មរតកមនុស្សចំពោះវិស័យសិល្បៈតន្ត្រីដ៏សម្បូរបែបរបស់កម្ពុជា។
ពាក្យពេចន៍នៃការច្រៀង និងបទភ្លេងរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ សម្បូរទៅដោយនិទានរឿងប្រវត្តិសាស្ត្រ និងវប្បធម៌ ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ និងរក្សាខ្លឹមសារនៃទម្រង់សិល្បៈបុរាណនេះឱ្យនៅរស់។
ដោយសារចាប៉ីចាស់ជំនាន់មុនកាន់តែថមថយ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតនៃប្រពៃណីដ៏ជាទីស្រឡាញ់នេះ។
នៅក្នុងដំណាក់កាលដ៏សំខាន់នៃការផ្លាស់ប្តូរនេះ ការលេចចេញនូវទេពកោសល្យវ័យក្មេងដ៏កម្រ ដូចជា សឿង ចិត្រា ហៅ ចៅចិត្រ នាំមកនូវក្តីសង្ឃឹមចំពោះចម្រៀងចាប៉ីដងវែង។
ចៅចិត្រ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំមានអារម្មណ៍សោកស្ដាយជាខ្លាំងដែលព្រឹទ្ធាចារ្យ គង់ ណៃ ទទួលមរណភាព។ យើងបានបាត់បង់មរតកដែលមានជីវិតដ៏មានតម្លៃម្នាក់»។
ការលះបង់ និងការច្នៃប្រឌិតរបស់ ចៅចិត្រ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការអភិរក្សមរតកតន្ត្រីរបស់ប្រទេសកម្ពុជា ដូចជា លោក គង់ ណៃ។

ការស្រឡាញ់វិស័យសិល្បៈចាប៉ីដងវែងរបស់ ចៅចិត្រ មិនត្រឹមតែគោរពដល់មរតករៀមច្បងប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃស្ពានរវាងអតីតកាល និងអនាគត ដែលធានាថា ព្រលឹងនៃចាប៉ីដងវែង បន្តបន្លឺឡើងសម្រាប់មនុស្សជំនាន់ក្រោយ។
ចៅចិត្រ បាននិយាយថា៖ «ខ្ញុំចូលចិត្តច្រៀងចម្រៀងអប់រំអំពីបញ្ហាសង្គម ដូចជា ការវាយតប់គ្នាដោយក្រុមក្មេងទំនើង ព្រោះវាឱ្យខ្ញុំប្រើតន្ត្រីជាឧបករណ៍ដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយសារវិជ្ជមានក្នុងចំណោមយុវជន»។
ចៅចិត្រ បានទទួលស្គាល់ថា អ្នកសិល្បៈចាប៉ីដងវែងត្រូវប្រឈមនឹងការរកចំណូលពីសិល្បៈបុរាណនេះ។
យុវជនរូបនេះបាននិយាយថា៖ «ខ្ញុំត្រូវបានគេអញ្ជើញទៅសម្តែងនៅសាលារៀន និងភូមិក្បែរនោះក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ប៉ុន្តែរដូវភ្លៀងនេះ មិនមានកម្មវិធីអ្វីនោះទេ»។
ទាំងនេះជាអ្វីដែលជំរុញឱ្យ ចៅចិត្រ ផ្តោតលើការសិក្សា ដោយប្រាថ្នាចង់ក្លាយជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរ សម្រាប់ជាអាជីពគោលរបស់ខ្លួន។
លោកសង្ឃឹមថានឹងសម្រេចបានស្ថិរភាពហិរញ្ញវត្ថុតាមរយៈការបង្រៀនខណៈពេលដែលលោកបន្តចិញ្ចឹមចិត្តរៀនចាប៉ីដងវែង និងបន្ដចំណេះដឹងនេះទៅកាន់យុវជនដទៃទៀត។
ដោយចាប់យកជំនាញទាំងពីរផ្នែក ចៅចិត្រ មានក្តីស្រមៃចង់ក្លាយជាគ្រូចាប៉ីដងវែង ថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃនេះសម្រាប់កូនចៅជំនាន់ក្រោយ។
យុវជនរូបនេះ បានអំពាវនាវដល់សហគមន៍ និងអ្នកស្រឡាញ់សិល្បៈជួយគាំទ្រសិល្បៈបុរាណដោយលោកថា «ដោយមានការគាំទ្រ ខ្ញុំអាចថែរក្សាចាប៉ីដងវែង និងចិញ្ចឹមជីវិត ជំរុញយុវជនដទៃទៀតឱ្យដើរតាម និងរក្សាមរតកវប្បធម៌របស់យើងគង់វង្ស»។
បណ្ដាញសង្គម TikTok ចៅចិត្រ ដើម្បីចែករំលែកចំណង់ចំណូលចិត្តចំពោះចាប៉ីដងវែង ដោយខ្លួនថតសម្តែងច្រៀងចាប៉ីប្រពៃណី និងទទួលបានអ្នកចូលមើលរាប់សែនដងចំពោះវីដេអូនីមួយៗ។
ការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍របស់ ចៅចិត្រ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងដែលធ្វើឱ្យយុវជនរូបនេះមានឱកាសផ្សព្វផ្សាយទម្រង់សិល្បៈនេះទៅកាន់ទស្សនិកជនទូលំទូលាយ។
ក្រៅពីខ្លឹមសារផ្ទាល់ខ្លួន ចៅចិត្រ ក៏បង្ហោះការសម្តែងរបស់ចាប៉ីដងវែង ដូចជា លោកតា ប្រាជ្ញ ឈួន និងលោកតា គង់ ណៃ ជួយថែរក្សា និងអបអរសាទរកេរ្តិ៍មរតករបស់ខ្លួន ក៏ដូចជាបំផុសទឹកចិត្តអ្នកដទៃឱ្យពេញចិត្ត និងស្វែងយល់ពីមរតកតន្ត្រីរបស់កម្ពុជា៕