ភ្នំពេញ៖ លើ​ដំណើរ​ផ្សង​ព្រេង​ជិះ​កង់​ដើម្បី​សប្បុរសធម៌​ពី​កម្ពុជា​ទៅ​កាន់​ទ្វីប​អឺរ៉ុប រយៈពេល ៣៦៥​ថ្ងៃ លោក ទីវ តារារិទ្ធ បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​ដែល​បង្ខំ​ឱ្យ​លោក​ផ្លាស់ប្តូរ​ផែនការ​ខ្លះ។

ដើមឡើយ​មាន​បំណង​ឆ្លង​កាត់​ប្រទេស​ ប៊ូតាន លោក តារារិទ្ធ ត្រូវ​ប្ដូរ​ផ្លូវ​ដោយសារ​តែ​ថ្លៃ​ទិដ្ឋាការ និង​បញ្ហា​សន្ដិសុខ ដែល​កើតឡើង​ពី​អស្ថេរភាព​នយោបាយ។

លោក តារារិទ្ធ បាន​ចែករំលែក​ការ​ខកចិត្ត​នៅលើ​ទំព័រ​ហ្វេសប៊ុក​ថា៖ «តម្លៃ​ទិដ្ឋការ​​ចូល​ប្រទេស​ ប៊ូតាន ​មានតម្លៃ 200 ដុល្លារ​ក្នុង​មួយថ្ងៃ។ ប្រសិនបើ​ខ្ញុំ​ជិះកង់​នៅ​​ប្រទេស​នេះ​មួយ​អាទិត្យ​ ខ្ញុំ​ត្រូវ​ចំណាយ​លុយ​ ១៤០០ ដុល្លារ»។


លោក​បាន​បន្ថែម​​បែប​កំប្លែង​ថា៖ «ខ្ញុំគាំង!!! ពូ Pilot សូម​ដឹក​ខ្ញុំ​ទៅ​ចុះ​នៅ​ជួរ​ភ្នំ​ក្រវាញ​វិញ»។

លោក តារារិទ្ធ បាន​ប្រឈម​មុខ​នឹង​ការ​លំបាក​មួយ​ទៀត នៅ​ពេល​ដែល​ផែនការ​ហោះហើរ​ទៅកាន់​ទីក្រុង​ដាកា ប្រទេស​ បង់ក្លាដែស ត្រូវ​បាន​រារាំង​ដោយ​ស្ថានការណ៍​នយោបាយ​ដ៏​គ្រោះថ្នាក់​នៅក្នុង​ប្រទេស​នេះ។ ​លោក​ត្រូវ​បោះបង់​សំបុត្រ​យន្ដហោះ​ ហើយ​ជ្រើសរើស​គោលដៅ​ថ្មី គឺ​ទីក្រុង Kathmandu ប្រទេស​ នេប៉ាល់។


លោកបាន​ឱ្យ​ដឹង​ថា៖ «ច្រើន​ថ្ងៃ​មកនេះ ខ្ញុំ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ដោយសារ​គោលដៅ​ដែល​ខ្ញុំ​បាន​កក​សំបុត្រ​យន្តហោះ និង​ទិញ​កញ្ចប់​ដើម្បី​ដឹក​កង់​ខ្ញុំ​ហោះ​ទៅ​កាន់​ទីក្រុង​ ដាកា ប្រទេស​បង់ក្លាដេស គឺ​ជួបនឹង​ឧបសគ្គ​ដោយសារ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់។ ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​បោះបង់​ចោល​សំបុត្រ​ដែល​ទិញ​រួច និង​ជ្រើសរើស​គោលដៅ​ថ្មី​គឺ​ខ្ញុំ​ត្រូវ​ហោះ​ទៅកាន់​ទីក្រុង Kathmandu ប្រទេស​នេប៉ាល»។ 

ផ្លូវ​ដែល​គ្រោង​ទុក​របស់​លោក តារារិទ្ធ គឺ​ចេញ​ដំណើរ​​ពី​ខេត្ដ​សៀមរាប​នៃ​​ប្រទេស​កម្ពុជា ឆ្លងកាត់ ២៥​ប្រទេស​​ឆ្ពោះ​ទៅកាន់​ទ្វីបអឺរ៉ុប។ រូបថត សហការី

លោក​បាន​បន្ដថា គម្រោង​ក្នុង​ដំណាក់​កាល​ទី ២ គឺ​ត្រូវ​ជិះ​កង់​ចេញពី​ប្រទេស​ នេប៉ាល់ ឆ្លងកាត់​តាម​តំបន់​ជួរ​ភ្នំ ភូមិភាគ​ខាងលិច​ប្រទេស​នេះ​ទៅ​កាន់​ទីក្រុង​ ញ៉ូដេលី ប្រទេស​ឥណ្ឌា និង​បន្ទាប់មក លោក​​នឹង​បន្ត​ជិះ​កង់​ទៅ​កាន់​ជួរ​ភ្នំ​ហេមពាន្ដ។

ដំណើរ​ផ្សង​ព្រេង​របស់​លោក តារារិទ្ធ គឺជា​សក្ខីភាព​នៃ​ភាព​អត់ធន់ និង​ការ​ប្តេជ្ញាចិត្ត​របស់​លោក​ក្នុង​ការ​ជម្នះ​ឧបសគ្គ​ក្នុង​បុព្វហេតុ​ដ៏​ល្អ។

ផ្លូវ​ដែល​គ្រោង​ទុក​របស់​លោក តារារិទ្ធ គឺ​ចេញ​ដំណើរ​​ពី​ខេត្ដ​សៀមរាប​នៃ​​ប្រទេស​កម្ពុជា ឆ្លងកាត់ ២៥​ប្រទេស​​ឆ្ពោះ​ទៅកាន់​ទ្វីបអឺរ៉ុប។

នៅ​អាកាសយានដ្ឋាន​បាងកក កង់​របស់ តារារិទ្ធ ដែល​បំពាក់​ដោយ​សម្ភារៈ​ចាំបាច់​សម្រាប់​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​ក្លាយ​​ជា​និមិត្តរូប​នៃ​ការ​ត្រៀមខ្លួន និង​ការតាំង​ចិត្ត​ខ្ពស់​របស់​យុវជន​រូប​នេះ។

កង់ត្រូវ​បាន​វេចខ្ចប់​ រួម​ជាមួយ​សម្ភារៈ​ប្រើ​ប្រាស់​ចាំបាច់​មួយ​ចំនួន​ទៀត​ បង្ហាញ​ពី​ការរៀបចំ​យ៉ាង​ម៉ត់ចត់​សម្រាប់​ការ​ធ្វើដំណើរ​ដ៏​លំបាក​បែបនេះ​។​

កង់ត្រូវ​បាន​វេចខ្ចប់​ សម្រាប់ការហោះហើររបស់ លោក តារារិទ្ធ ។ រូបថត សហការី

ថ្មីៗនេះ លោក​ តារារិទ្ធ បាន​បញ្ចប់​ដំណើរ​កម្សាន្ត​ជិះ​កង់​ចម្ងាយ ២​ពាន់​គីឡូម៉ែត្រ​ឆ្លងកាត់​ប្រទេស​ឡាវ។ បេសកកម្ម​នេះ​មិន​ត្រឹម​តែ​រុក​រក​តំបន់​​ទេសភាព​ធម្មជាតិ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​មេរៀន​ជីវិត​អំពី​ភាព​ធន់ និង​ថាមពល​នៃ​ទំនាក់ទំនង​​ផង​ដែរ​​។​

ទោះបីជា​ជួប​ការលំបាក រួមទាំង​គ្រោះ​ថ្នាក់​នៅ​ទីក្រុង​វៀងចន្ទន៍ ដែល​បណ្តាល​ឱ្យ​មាន​របួស និង​ខូចខាត​កង់​ក៏​ពិត​មែន ប៉ុន្តែ​លោក តារារិទ្ធ នៅ​តែ​ប្តេជ្ញា​បន្ត​បេសកកម្ម​របស់​ខ្លួន ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ធ្វើ​ដំណើរ​ឡើង​វិញ។

គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែមិថុនា បេសកកម្ម​នេះ​មាន​គោល​បំណង​រៃ​អង្គាស​ប្រាក់​ចំនួន ២៥​ម៉ឺន​ដុល្លារ​សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ឱកាស​គម្រប់​ខួប ២៥ ឆ្នាំ​របស់ខ្លួន៕