ភ្នំពេញ៖ ក្នុងការ​បង្ហាញ​ពី​ជំនាញ​គួរឱ្យ​​ភ្ញាក់ផ្អើល កញ្ញា ណុប ដាណេ បាន​ប្រែក្រឡា​ខ្លួន​តារាចម្រៀង ទេព បូព្រឹក្ស ទៅ​ជា​តួ​អង្គ​ក្បាល​ត្រងោល​ដ៏​ចម្លែក​សម្រាប់ការ​គម្រោង​ថតរូប​ចុងក្រោយ​បំផុត។


ការតុបតែង​នេះ​មិន​គ្រាន់​តែ​ជា​ការ​បញ្ជាក់​អំពី​ទេពកោសល្យ​របស់ ដាណេ​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កិច្ចការ​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​លើក​ស្ទួយ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​ផងដែរ។​

កញ្ញា ដាណេ អ្នកជំនាញ​ផាត់មុខ​អាជីព​ដែល​បើកហាង​សម្អាងការផ្ទាល់​ខ្លួន​​ បាន​និយាយ​ថា៖ «ខ្ញុំ​ចាប់​អារម្មណ៍​រៀន​ជំនាញ​ផាត់​មុខ​បែបប្រឌិត​ក្នុង​ភាពយន្ដ ឬ Special Effects នៅពេល​អ្នក​ជំនាញ​ផាត់​មុខ​អាជីព​នៅ​ក្រុង​ឡូសអេនជឺលេស បាន​នាំយក​ជំនាញ​នេះ​មកបង្ហាត់​សិស្ស​នៅ​កម្ពុជា​»។


ឥទ្ធិពល​អ្នក​ជំនាញ​តុបតែង​កាយ​ខ្មែរ​មកពី​អាមេរិក​


នៅពីក្រោយ​ភាពជោគជ័យ​របស់​កញ្ញា ដាណេ គឺ​ជា​ស្នាដៃ​របស់​សិល្បករ​ខ្មែរ​រស់នៅ​ក្រុង​ឡូសអេនជឺលេស អ្នក​នាង ឌូ ពុត​ម៉ូលីកា ឬ​ Apple Love។ អ្នកស្រី​​ជា​អ្នក​ផាត់មុខ​​ជា​តួ​អង្គ​ប្លែកៗ​​ដែល​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​នៅ​ហូលីវូដ​។​


កើត​នៅ​ខេត្តស្ទឹងត្រែង ​Apple Love បាន​រកឃើញ​ចំណង់​ចំណូលចិត្ត​ក្នុងការ​ផាត់មុខ​អំឡុងពេល​រៀន​នៅ​មហាវិទ្យាល័យ ហើយ​បាន​បន្ត​វា​បើទោះបីជា​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​​ក៏ដោយ​។​

ដំបូង​ឡើយ Apple Love ​ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ការងារ​​លើ​គម្រោង​ភាពយន្ត​ក្នុងស្រុក ហើយ​នៅ​ទីបំផុត​បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​ផ្នែក​តុបតែង​មុខ​បែបភាពយន្ដ​​នៅ​សាលា Cinema Makeup School ក្នុង​សហរដ្ឋអាមេរិក​។​

ចាប់​តាំង​ពី​ពេលនោះ​មក Apple Love បាន​ធ្វើការ​លើ​គម្រោង​ភាពយន្ត និង​ទូរទស្សន៍​ជាច្រើន រួមទាំង​កិច្ច​សហការ​គួរឱ្យ​កត់​សម្គាល់​ជាមួយ​តារា​ល្បី ៗ ដូចជា Kim Kardashian និង Angelina Jolie ។​

Apple Love បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ឆ្នាំ​២០២២ ថា​៖ «​ខ្ញុំ​បាន​តុបតែង​ខ្លួន​ឱ្យ​គាត់​ [Kardashian] និង​កូនៗ​របស់​គាត់​​។ ខ្ញុំ​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​រៀបចំ​សក់​របស់​កូនស្រី​គាត់​ ឈ្មោះ​ North West»​។​

ការងារ​របស់​អ្នកស្រី​​បាន​បង្ហាញ​ស្នាដៃ​ជាច្រើន​​​នៅ​ទូទាំង​ទ្វីបអាស៊ី ហើយ​នៅ​ឆ្នាំ ២០២៦​ អ្នកស្រី​​បានធ្វើការ​លើ​ខ្សែ​ភាពយន្ត​ «មុន​ដំបូង ពួកគេ​សម្លាប់​ប៉ារបស់​ខ្ញុំ​» របស់ Angelina Jolie ដែល​ជាប់​ក្នុង​បញ្ជី​សម្រាំង​ក្នុង​ការ​ដណ្ដើម​ពាន​រង្វាន់​ Golden Globe។

អ្នកស្រី Apple Love ​ត្រូវបាន​ស្គាល់​ជាពិសេស​សម្រាប់​ការតុបតែង​មុខ​បែប​ប្រឌិត​ពិសេស​ ដែល​រួមបញ្ចូល​ទាំង​ការ​ប្រែក្លាយ​តួ​សម្តែង​ឱ្យទៅជា​សត្វ​ចម្លែក​​សម្រាប់​ផលិតកម្ម​ភាពយន្ដ​​ផ្សេងៗ​។​

Apple Love ប្តេជ្ញា​ចែករំលែក​ជំនាញ និង​ចំណេះដឹង​របស់​​ខ្លួន​​ជាមួយ​សិល្បករ​តុបតែង​មុខ​បែប​ប្លែកៗ​នេះ​ដល់​ប្រជាជន​​កម្ពុជា ហើយ​សង្ឃឹមថានឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក ដោយ​ផ្តល់ជូន​នូវ​ថ្នាក់​រៀន​ពិសេស និង​សិក្ខា​សាលា​បណ្តុះបណ្តាល​។​

ណុប ដាណេ លើវិថី​សិល្បៈ​ភាពយន្ដ​

ដោយបាន​បំផុសគំនិត​ដោយ​ដំណើរ​របស់ Apple Love និង​ការលះបង់​​​ចំពោះ​វិថីសិល្បៈ​នេះ កញ្ញា ដាណេ​ បាន​ឃើញ​ឱកាស​សិក្សា​ និងចាប់ផ្ដើម​អាជីព​ជា​អ្នក​តុបតែង​មុខ​បែប​ប្លែកៗ​។ ​

នៅ​អាយុ ៣៨ ឆ្នាំ កញ្ញា ដាណេ​ មាន​អាជីព​ជោគជ័យ​ជា​អ្នក​​តុបតែង​មុខជំនាញ​រួចហើយ ប៉ុន្តែ​មានបំណង​ចង់​ពង្រីក​ជំនាញ​​ទៅក្នុង​វិស័យតុបតែង​បែប​ភាពយន្ដ​​​។​

កញ្ញាបាន​និយាយថា​៖ «​ខ្ញុំ​ចាប់​អារម្មណ៍​ជំនាញ​ផាត់​មុខ​បែប​អាក្រក់ៗ​នេះ ដោយ​សារ​តែ​ខ្ញុំ​មាន​ជំនាញ​ជា​អ្នក​ផាត់​មុខ​សម្អាងកាយ​ស្រាប់ ហើយ​សំខាន់​បំផុត វាជា​ក្ដី​ស្រឡាញ់​ចេញ​ពី​បេះដូងពិត​ៗ​របស់​ខ្ញុំ​»។ 

កញ្ញា​​ជឿជាក់ថា ឧស្សាហកម្ម​ភាពយន្ត​កម្ពុ​ជាមាន​សក្ដានុពល​ក្នុងការ​រីកចម្រើន​ដោយ​ពង្រឹង​លើ​សិល្បៈ​តុប​តែង​តួ​អង្គ​បែប​ប្រឌិត​ដ៏​​ទាក់ទាញ​បន្ថែមទៀត​។​

កញ្ញា​បាន​ឱ្យ​ដឹងថា កញ្ញា​ចង់​ឱ្យ​វិស័យ​ភាពយន្ដ​នៅ​ក្នុង​ស្រុក​មាន​ធនធាន​ផ្នែក​តុបតែង​តួ​អង្គ​ប្លែកៗ​លើស​ពីភាព​ស្រស់​ស្អាត​។ ថ្វីដ្បិតតែ​ប្រកប​អាជីព​ជា​អ្នក​សម្អាងកាយ​ជាប្រចាំ​យ៉ាង​ណាក៏ដោយ​ ក៏​កញ្ញា​ ដាណេ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​ស្នាដៃ​តុបតែង​មុខ​បែប​ភាពយន្ដ​នេះ​ ពេល​មាន​តម្រូវការ​។ 

កញ្ញា​ទទួលស្គាល់​ថា ការ​តុបតែង​បែប​អាក្រក់​ បែប​ប្រឌិត​មាន​ការ​លំបាក​ម្យ៉ាង​ម្នាក់​ពីការ​តុបតែង​មុខ​ស្អាតៗ​។ ប៉ុន្ដែ​អ្វីដែល​ធ្វើ​ឱ្យ​អ្នកស្រឡាញ់​ជំនាញ​ផាត់​មុខ​ប្លែកៗ​នេះ​យល់ថា​លំបាក​បំផុត​នា​ពេល​បច្ចុប្បន្ន​ គឺ​សម្ភារ​សម្រាប់​តុបតែង​។ 

កញ្ញា ដាណេ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ការ​តុបតែង​បែប special effect ទាក់​ទង​នឹង​របួស​ស្នាម បិត​សក់​ វា​ទាម​ទារ​ការ​ប្រើ​ប្រាស់​សម្ភារ​មាន​គុណភាព ដែល​មិន​ប៉ះពាល់​ដល់​ស្បែក​។ សម្ភារ​ទាំង​នេះ​មិន​លក់​នៅ​ក្នុង​ស្រុក​យើង​នោះទេ​។ សូម្បីតែ​នៅ​អាមេរិក សម្ភារ​សម្រាប់​ថត​កុន​ក៏​មាន​តិច​តួច​ផង​ដែរ​»។ 

យ៉ាងណាមិញ កញ្ញា​មិន​មែនរៀន​ជំហាន​នេះ​ដើម្បី​តម្រូវ​ការ​ទីផ្សារ​នោះទេ ដោយសារ​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​ការ​ចាប់​អារម្មណ៍​លើ​ជំនាញ​តុបតែង​មុខ​ប្លែកៗ​នេះ ឬ​ផ្ដល់​តម្លៃ​ឱ្យ​ការ​ងារ​នេះ​ពេញ​លេញ​នៅ​ឡើយ​ទេ។ 

កញ្ញា​បាន​រំឭកថា ធ្លាប់​មាន​ខាង​ផលិតកម្មភាពយន្ដ​ទាក់ទង​ឱ្យ​តុបតែង​ក្បាល​ត្រងោល​ដល់​តួសម្ដែង​ ហើយ​ការងារ​នេះ​ត្រូវបាន​បញ្ចប់​ទៅ​វិញ​នៅពេល​ខាង​ផលិតកម្ម​មិន​អាច​ផ្ដល់​ការ​ចំណាយ​លើ​ការ​តុបតែង​នេះ ដោយសារ​វាមាន​តម្លៃ​ថ្លៃ​។ 

កញ្ញា ដាណេ បាន​ពន្យល់ថា​៖ «​តម្លៃ​ដើម​នៃ​សម្ភារ​គឺជា​រឿង​មួយ ហើយ​មួយ​ទៀត ការ​ចំណាយ​ពេល​លើ​ការ​បិត​ក្បាល​ត្រងោល​ឱ្យ​ថែម​ទៀត។ បើ​ស្ថិត​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ ការ​បិត​ចំណាយ​ប្រមាណ​ជាងមួយ​ម៉ោង ហើយ​បើ​បិត​នៅ​បរិយាកាស​ខាង​ក្រៅ គឺនៅ​កន្លែង​ថត​ផ្ទាល់ វា​ចំណាយ​ពេល​មិន​ក្រោម​ពីរ​ម៉ោង​ឡើយ​»។ 

កញ្ញា ណុប ដាណេ បាន​ប្រែក្រឡា​ខ្លួន​តារាចម្រៀង ទេព បូព្រឹក្ស ទៅ​ជា​តួ​អង្គ​ក្បាល​ត្រងោល​ដ៏​ចម្លែក​សម្រាប់ការ​គម្រោង​ថតរូប​ចុងក្រោយ​បំផុត។ រូបថត សហការី

ដោយសារ​តែក្ដីស្រឡាញ់​សិល្បៈ​តុបតែងកាយ​ប្រភេទ​នេះ និង​ចង់​ឱ្យ​វិស័យ​ភាពយន្ដ​មាន​គុណភាព​ កញ្ញា ដាណេ មិន​ប្រកាន់​ថា ការ​តុបតែង​ខ្លួន​បែប​អាក្រក់​ ដែល​ទាមទារ​ការ​ចំណាយ​ខ្ពស់ ទទួល​បាន​កម្រៃ​ទាប​ជាង​ការ​តុបតែង​កាយ​បែប​ស្អាត​នោះទេ​។ 

កញ្ញា​បាន​និយាយថា​ តារា​ចម្រៀង ទេព បូព្រឹក្ស ចង់​ឱ្យ​មាន​ឈុត​ឆាក​មួយ​រំលេច​នូវ​ក្បាល​ត្រងោល​ក្នុង​ចម្រៀង​របស់​ខ្លួន តែ​អាច​រក​អ្នក​ជំនាញ​ផ្នែក​នេះ​បាន​។ 

ទាក់ទង​នឹងការ​តុបតែង​បែប​របួស​ កញ្ញា ដាណេ ទទួល​ស្គាល់ថា មាន​អ្នក​ជំនាញ​ក្នុង​ស្រុក​ជាច្រើន​អាច​ធ្វើ​បាន​ តែ​អ្វីដែល​ធ្វើ​ឱ្យ​កញ្ញា​លេច​ធ្លោ​ជាង​គេ​គឺ​សិល្បៈ​នៃការ​បិត​ក្បាល​ត្រងោល​នេះ​។ 

ជាក់ស្ដែង ការងារ​ចុង​ក្រោយ​បំផុត គឺ​ការ​បិត​ត្រងោល​ឱ្យ​តារា​ចម្រៀង​ ទេព បូព្រឹក្ស ដែល​ធ្វើ​ឱ្យ​អ្នក​ជុំវិញ​ខ្លួន​ទទួល​ស្គាល់​ស្នាដៃ​មួយ​នេះ។ 

កញ្ញា​បាន​បន្ដថា​៖ «​ការ​បិត​ក្បាល​ត្រងោល​នេះ​ពិបាក ត្រូវការ​ពេលវេលា និង​មាន​ចិត្ដ​អំណត់ ដោយ​ការ​បិត​កាវ​បន្ដិចម្ដងៗ ដូច​ជាការ​សាងសង់​មួយ​។ ការ​បិត​កាវ​ធ្វើ​ឱ្យ​ស៊ី​ជាមួយ​ស្បែក​ក្បាល​ ដែល​ទាមទារ​ពេល​វេលា​យូរ​មែន​ទែន​»។ 

ក្ដី​សង្ឃឹម​ទៅ​អនាគត​​

អាជីព​​របស់កញ្ញា ដាណេ កើត​ចេញ​ពី​​ចំណង់​ចំណូលចិត្ត ការលះបង់ និង​អំណាច​ផ្លាស់ប្តូរ​នៃ​ការណែនាំ​។​ ​ក្រោម​ការដឹកនាំ​របស់ Apple Love កញ្ញា ដាណេ​ បាន​បង្កើត​ជំនាញ​របស់​​ខ្លួន​ ហើយ​ក្លាយជាអ្នក​ផាត់​មុខ​​ដែល​កំពុង​រះ​​​។​

នៅពេល​ដែល ដាណេ​ បន្តពុះពារ​ក្នុង​អាជីព​ដែល​បម្រើ​ឱ្យ​វិស័យ​សិល្បៈភាពយន្ដ​ កញ្ញា​​នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​ចែករំលែក​ចំណេះដឹង និង​ជំនាញ​របស់​ខ្លួន​ទៅកាន់​អ្នកដទៃ​។​

កញ្ញា​ ដាណេ​ បានបង្ហាញ​ពី​ក្តី​ប្រាថ្នា​ដោយ​បញ្ជាក់ថា៖ «​ខ្ញុំ​លើក​ទឹកចិត្ដ​​អ្នក​ផាត់មុខ​ជំនាន់​ក្រោយ​នៅ​កម្ពុជាដើមតាម​ផ្លូវ​របស់​ Apple Love ដូចជា​ដែល​គាត់​បាន​បំផុសគំនិត​ខ្ញុំ​។​ ជាមួយនឹង​ទេពកោសល្យ ការ​តាំង​​ចិត្ត និង​ការគាំទ្រ​ពី​អ្នក​ណែនាំ​របស់ខ្ញុំ ខ្ញុំ​នៅតែបន្ដ​ធ្វើកិច្ចការ​នេះ និង​សុំ​ឱ្យ​មហាជន​គាំទ្រ​ដល់​ចំណែក​មួយ​នៃ​ផ្នែក​សិល្បៈ​ភាពយន្ដ​នៅ​កម្ពុជា»៕