សៀមរាប៖ ថ្មីៗ​នេះ សកម្មភាព​កម្សាន្ដ​នៅទីឋាន​វប្បធម៌​​បាន​ទាក់ទាញ​ការចង់​ដឹង​ចង់​សាក​​របស់​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​។​


ដោយបាន​បំផុសគំនិត​ពីហ្គេម​ទូរសព្ទ័​ចល័ត​ដ៏​ពេញនិយម Temple Run អ្នកទស្សនា​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ចែករំលែក​បទពិសោធន៍​ Temple Run ​​ពិតៗ​​នៅ​ប្រាសាទ​បុរាណ​នៃ​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​តាព្រហ្ម។​

និន្នាការ​ថ្មី​នេះ​កំពុង​ជំរុញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ដោយ​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស និង​ផ្តល់នូវ​វិធី​ដ៏​រំភើប​មួយ​ក្នុងការ​រុករក​ទីតាំង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​


ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់​ទង​លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​អប្សរា​បាន​ទេ នៅថ្ងៃទី ២៦ ខែ​កក្កដា​នេះថា តើ​សកម្មភាព​កម្សាន្ដ​តាម​លំនាំ​ហ្គេម Temple Run នេះ​បាន​ប៉ះពាល់​ដល់​បម្រាមរបស់​អាជ្ញាធរ​អប្សរា ឬ​វា​ចូលរួម​ចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះទេ។ 


Temple Run ​​បង្កើតឡើង​ដោយ Imangi Studios គឺជា​ហ្គេម​រត់​មិនចេះចប់ ដែល​អ្នកលេង​គ្រប់គ្រង​អ្នករត់​ដែល​​ត្រូវតែ​គេច​ពី​សត្វ​ស្វា​បិសាច បន្ទាប់ពី​លួច​រូប​ព្រះ​ពី​ប្រាសាទ​។​


ជាមួយនឹង​ការ​ដោនឡូត​​ច្រើនជាង​មួយ​ពាន់​លាន​ចាប់តាំងពី​ការចេញផ្សាយ​របស់ខ្លួន​ក្នុង​ឆ្នាំ២០១១ ហ្គេម​នេះ​បាន​ក្លាយជាមូលដ្ឋាន​​វប្បធម៌​មួយ​ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​ខ្សែភាពយន្ត​ផ្សង​ព្រេង​ ដូចជា Indiana Jones និង Tomb Raider ជាដើម​។​

នៅ​ប្រទេស​កម្ពុជា ប្រាសាទបុរាណ​ដែល​ហ៊ុំព័ទ្ធ​ដោយ​ព្រៃព្រឹក្សា​ អាច​ស្រមៃ​ឃើញ​ពី​ជីវិត​ពិត​នៃល្បែង​កម្សាន្ដ ​Temple Run​។​

ទោះបីជា​មិនមាន​ព្រឹត្តិការណ៍ «Temple Run» ជា​ផ្លូវការ​នៅ​កន្លែង​ទាំងនេះ​ក៏ដោយ ក៏​អារម្មណ៍​នៃ​ការដើរ​កម្សាន្ត​តាម​ប្រាសាទ​បុរាណ​អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាប់​ចិត្ដ​​​។​

យោងតាម​វីដេអូ​បង្ហោះ​ដោយ Unemployedginge នៅលើ TikTok បានឱ្យ​​ដឹង​ថា៖ «ការ​បង្ហាញ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​មួយ​នេះ​ត្រូវបាន​ចែករំលែក​ដោយ​ជនបរទេស​នៅ​ប្រាសាទ​អង្គរវត្ត ដោយ​លាយឡំ​នឹង​ភាព​រំភើប​នៃ​ដំណើរ​ផ្សងព្រេង​ដែល​បំផុសគំនិត​ដោយហ្គេម​ Temple Run ជាមួយនឹង​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា»​។​

ការធ្វើដំណើរ​ដ៏​ពិសេស​នេះ​តាមរយៈ​វិមាន​សាសនា​ដ៏​ធំ​បំផុត​របស់​ពិភពលោក​បានបង្ហាញ​ពី​ភាពស្រស់ស្អាត​ដ៏​អស្ចារ្យ​នៃ​ប្រាសាទ​ប្រវត្តិសាស្ត្រ និង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការអភិរក្ស​រតនសម្បត្តិ​បែបនេះ​។​

នៅពេលដែល​អ្នករត់​បា​ន​រុករក​ផ្លូវ​ដ៏​ស្មុគស្មាញ ដោយ​លោត​ពីលើ​ឧបសគ្គ​ថ្នមៗ​ និង​យកចិត្តទុកដាក់ បុរស​នៅ​ក្នុង​វីដេអូ​​បាន​សម្ដែង​ឱ្យ​​អ្នកទស្សនា​បាន​ឃើញ​នូវ​​​ទីតាំង​បុរាណ​ទាំងនេះ​ដោយ​ការគោរព​។​

ការបង្ហាញ​នេះ​បញ្ជាក់​ពី​សក្ដានុពល​ទេសចរណ៍​​​របស់​​កម្ពុជា ដោយ​បាន​ទាក់​ទាញ​​អ្នក​ធ្វើដំណើរ​មក​ទទួល​យក​បទពិសោធន៍​នៃ​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប និង​ទេសភាព​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។​

ការ​បង្ហោះ TikTok ថ្មីៗ​នេះ​ដោយ​អ្នកប្រើប្រាស់ឈ្មោះ​ @emiliabfantoni បង្ហាញ​ពី​ការរត់​ក្នុង​ប្រាសទ​ពិត​ៗ​ ​ដែល​ទទួលបាន​ការមើល​ជាង ១,១​ លាន​ដង​។​

ការ​បង្ហោះ​បានទទួល​មតិ​ជាច្រើន​ពី​អ្នកទស្សនា ដោយ​បង្ហាញ​ពី​ក្តីរំភើប និង​កោតសរសើរ​ចំពោះ​ប្រាសាទបុរាណ​របស់​ប្រទេស​កម្ពុជា។

@Thon bunleap បានសរសេរថា៖ «​អរគុណ​ច្រើន​ដែល​បានមក​កម្ពុជា​ យើង​ស្វាគមន៍​ភ្ញៀវ​ជានិច្ច»​។​

@NøgenDitte123 បាន​បញ្ចេញមតិ​ថា៖ «​ខ្ញុំ​ទើបតែ​ដឹងថា Angor Rot របស់​ Trollhunters យក​លំនាំ​តាម​ប្រាសាទអង្គរវត្ត​»។​

@joelescobar6315 បាន​ចែករំលែក​ថា៖ «​ខ្ញុំ​បាន​ទៅ​ទីនោះ​ប្រហែល ៣ ថ្ងៃមុន​ហើយ​។ វាជា​កន្លែង​ដ៏​ស្រស់ស្អាត និង​អស្ចារ្យ​ណាស់​។ បានឃើញ​សត្វ​ស្វា និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកវា​។ វា​ជា​កន្លែង​ដែល​អ្នកទេសចរ​ត្រូវតែទៅ»។​

@sothearoth528 ណែនាំ​ថា៖ «​កុំ​លោត​លើ​ថ្ម​ក្បែរ​ដើមឈើ អ្នក​អាច​បំផ្លាញ​វា​បាន​»។​

@Sorya Phal បាន​បន្ថែមថា៖ «​អ្នក​អាច​ទៅ​ប្រាសាទបឹងមាលា អ្នកនឹង​ចូលចិត្ត​លេង​​នៅ​ទីនោះ វា​មើលទៅ​អស្ចារ្យ​ជាងនេះទៅទៀត​»​។​

@Jalamy L. FIT BEYOND FIFTY បានសរសេរថា៖ «​អស្ចារ្យ​ណាស់​! ខ្ញុំ​មកពីរ​បី​សប្តាហ៍​ទៀត និង​​ធ្វើ​វីដេអូ​នៅ​ទីនោះ ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ដ៏​ស្រស់ស្អាត​»។​

បន្ថែម​ពីលើ​ការភ្ញាក់ផ្អើល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម កញ្ញា​ Angelina Dougherty ​ជា​ម្ចាស់​មកុដ​បវរកញ្ញា​អាស៊ី​ប៉ាស៊ីហ្វិក​អាមេរិក​ឆ្នាំ២០២៣ បាន​ចូលរួម​ក្នុង​លេង​ល្បែង​កម្សាន្ដ​​នេះ​ដោយ​ទាក់ទាញ​ការមើល​ជាង ៣៤០០០ នៅលើ​គណនី TikTok របស់​កញ្ញា​​។​

កញ្ញា​ Angelina  ដែល​តំណាងឱ្យ​បវរកញ្ញា​ខ្មែរ​-​អាមេរិកាំង បានបង្ហាញ​សកម្មភាព​​ក្នុងការ​ផ្សព្វផ្សាយ​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន​ និង​ការសម្តែង​របាំ​អប្សរា​ប្រពៃណី​។​

ការចូលរួម​នៅក្នុង​​លេង​ល្បែង​នេះ​បានបង្ហាញ​ពី​ភាពស្រស់ស្អាត និង​សារៈសំខាន់​នៃ​វប្បធម៌​នៃ​ប្រាសាទ​នានា​របស់​កម្ពុជា​។​

ជាមួយនឹង​ប្រាសាទ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង ទេសភាព​ខៀវស្រងាត់ និង​ការ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ប្រទេស​កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ដ៏​​​ទាក់ទាញ​អ្នកធ្វើដំណើរ​មកពី​ជុំវិញ​ពិភពលោក៕