ភ្នំពេញ៖ ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានក្លាយជាក្រុមជើងឯកសម្រាប់ការប្រកួតកែច្នៃផលិតផលរុក្ខជាតិក្នុងស្រុកសម្រាប់ពានរង្វាន់ត្នោតមាស ឆ្នាំ២០២៤។
និស្សិតចំនួន ១១ ក្រុម ចុងក្រោយមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានសន្តប៉ូលនៃខេត្តតាកែវ បានចូលរួមប្រកួតដណ្តើម ពានរង្វាន់ត្នោតមាស ឬ Thnot d’Or 2024 នៅវគ្គផ្តាច់ព្រ័ត្រកាលព្រឹកថ្ងៃទី២៧ ខែកក្កដា កន្លងទៅនៅមូលនិធិគីណាល់។
ប្រធានបទសិក្សាស្រាវជ្រាវសម្រាប់ពានរង្វាន់ត្នោតមាសលើកទី៥ នេះ ផ្តោតទៅលើ៖ «ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាព សម្រាប់ទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ»។
ក្រុមនិស្សិតដែលមានសមាជិក ៦នាក់មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានច្នៃបង្កើតអំបុកដំណាប់ស៊ីរាល (processing of Ambok Damnab Cereal) សម្រាប់អាហារពេលព្រឹក។
ក្រុមនិស្សិតអំបុកដែលទទួលបានជ័យលាភីលេខ ១ ជាមួយទឹកប្រាក់ ៤លានរៀល បាននិយាយថា៖ «យើងបានបន្ថែមផ្លែឈើខ្មែរយើង ៦មុខជាមួយអំបុកសម្រាប់អាហារពេលព្រឹក។ យើងមើលឃើញថា ការទទួលទានអំបុកមួយឆ្នាំម្ដង វាពិតជាតិចមែនទែននៅក្នុងឱកាសពិធីបុណ្យអុំទូក»។
ក្រុមជ័យលាភីនេះនឹងបង្កើនប្រជាប្រិយភាពអំបុកឱ្យក្លាយជាអាហារពេលព្រឹកជាទម្លាប់ និងកែច្នៃផ្លែឈើដែលសូវមានការពេញនិយមមកទទួលទាន ក៏ដូចជា ផ្ដល់ទីផ្សារដល់ប្រជាកសិករផងដែរ។
អំបុកដំណាប់ស៊ីរាល មានរសជាតិស្រួយ ផ្អែមឆ្ងាយជាមួយផ្លែឈើ ៦មុខនៅក្នុងនោះ ជាពិសេស ទឹកដោះគោស្រស់ៗសម្រាប់នាពេលព្រឹកព្រលឹម។
ក្រុមជ័យលាភីលេខ ២ គឺនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលផលិតឈីសកែច្នៃពីគ្រាប់ស្វាយចន្ទីខ្មែរ ខណៈក្រុមលេខ ៣ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក៏បានកែច្នៃឈីសពីគ្រប់ស្វាយចន្ទីផងដែរ។
លោក សាយ សំអាល់ ជារដ្ឋមន្ដ្រីក្រសួងដែនដី នគរូប្បនីយកម្ម និងសំណង់ បានចាត់ទុកការប្រកួតប្រជែងពានរង្វាន់ត្នោតមាស ជាកម្មវិធីមួយដ៏ល្អ ដែលបណ្ដុះគំនិតអ្នកចូលរួមឱ្យចេះរិះរកការបង្កើតថ្មី។
លោកបានថ្លែងថា៖ «បច្ចុប្បន្ននេះ មានវប្បធម៌នៃការឆ្ងល់ ចង់ដឹង ស្វែងយល់ និងវប្បធម៌ស្រាវជ្រាវច្រើន ដែលមានការរីកចម្រើនច្រើនពីជាង ១០ឆ្នាំមុន»។
កម្មវិធីប្រកួតថ្ងៃនេះគឺជាចលករដើម្បីរុញមនុស្សឱ្យចេះគិតលើផ្លូវផ្សេង។ លោកបានលើកឡើងថា អំពីរុក្ខជាតិប្រទាលថ្លើមឆ្កែខ្មៅ កិនជាម្សៅសម្រាប់ជាឱសថដែលកម្ពុជាមាន។
លោក សំអាល់ បានថ្លែងថា លោកចាប់អារម្មណ៍រុក្ខជាតិក្រវាញនៅសហគមទ័ពជាងនៅទាប ខុសពីក្រវាញនៅភ្នំក្រវាញ ដែលស្ថិតនៅរយៈកម្ពស់ខ្ពស់ សម្រាប់ដាំនៅខេត្ដព្រៃវែង។
លោកបានឱ្យដឹងថា៖ «ខ្ញុំមានការគាំទ្រចំពោះការស្រាវជ្រាវស្រាប់ជាម្ហូបអាហារ និងជាឱសថរបស់យើង»។
លោក ហៃ លីអ៊ាង ប្រធានមូលនិធិ គីណាល់ និងជាប្រធានអគ្គនាយក្រុមហ៊ុន សហគ្រាស ប៉េប៉េអឹម និងខនហ្វីរេល បានឱ្យដឹងថា ក្នុងសម័យកាលដែលជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមកំពុងតែរីករាលដាលនៅកម្ពុជាដោយសាររបបអាហារសម្បូរសារជាតិខ្លាញ់ និងស្ករច្រើនពេក ដែលបណ្តាលមកពីទំនោរទៅរក «អាហារបែបលោកខាងលិច» ការប្រកួតប្រជែងច្នៃបង្កើតនេះមានបំណងចង់លើកកម្ពស់គោលការណ៍មួយដែលអាចដឹកនាំប្រជាពលរដ្ឋទាំងអស់គ្នាឈានទៅរកការរស់នៅប្រកបដោយនិរន្តភាព និងសុខភាពល្អ។
លោកថ្លែងថា៖ «គោលការណ៍នោះគឺ «សុំឱ្យចំណីអាហាររបស់អ្នកក្លាយជាឱសថទីមួយសម្រាប់សុខភាពអ្នក» ដោយសារប្រទេសយើងសម្បូរទៅដោយរុក្ខជាតិឱសថជាច្រើន ហើយការថែរក្សាសុខភាព និងការព្យាបាលដោយប្រើឱសថបុរាណ បានចាក់ប្ញសយ៉ាងជ្រៅនៅប្រទេសកម្ពុជារាប់សិបសតវត្សរ៍មកហើយ»។
មូលនិធីគីណាល់បានរៀបចំឱ្យមានការប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវសម្រាប់ពានរង្វាន់ត្នោតមាសនេះ ចាប់តាំងពីឆ្នាំ ២០១៧ ដើម្បីបញ្ជាក់ពីគោលនយោបាយការទទួលខុសត្រូវសង្គម និង សេដ្ឋកិច្ច (CSR) របស់ក្រុមហ៊ុនសហគ្រាស PPM-Confirel Group។
កម្មវិធីពានរង្វាន់ ត្នោតមាស ឬ Thnot d'Or នេះ មានគោលបំណងលើកទឹកចិត្តបណ្តុះគំនិតដល់និស្សិតកម្ពុជាផ្នែកក្សេត្រសាស្រ្ត និងកសិ-ចំណីអាហារ កម្ពុជា ចូលរួមក្នុងការស្រាវជ្រាវ និងការបង្កើតថ្មី ដើម្បីក្លាយជាតួអង្គយ៉ាងពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍន៍ជនបទនៃប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា៕