ខេត្ដ​បាត់ដំបង៖ នៅក្នុង​​ភូមិ​បាក់​ព្រា ស្ថិតនៅ​ដាច់ស្រយាល​នៃ​ស្រុក​ឯកភ្នំ សិស្ស​សាលា​តូចៗ​កំពុង​តែ​រៀន​គូរ​គំនូរ​ក្នុង​ថ្នាក់​រៀន។ ​ខ្មៅ​ដៃ​របស់​កុមារី​ម្នាក់​គូស​រំលេច​រូប​រាង​ផ្ទះ​ និង​ដើម​ឈើ​ ជា​ទិដ្ឋភាព​នៅ​ជុំវិញ​ផ្ទះ​របស់​ខ្លួន ដែល​បាន​ឃើញ​រៀងរាល់​ថ្ងៃ។


សកម្មភាព​គូរ​គំនូរ​នេះ ទាំង​សាមញ្ញ និង​ស៊ីជម្រៅ គឺជា​សក្ខីភាព​នៃ​ការ​ផ្លាស់ប្តូរ​នៃ​សិល្បៈ ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅតាម​​ជនបទ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ចក្ខុវិស័យ​របស់​លោក ប៉ោយ ឈុនលី ស្ថាបនិក​នៃ​សិល្បៈ​ជំនោរ​សិល្បៈ​​ និង​ជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ «ដំណើរ​សិល្បៈ​ទៅ​តំបន់​ដាច់ស្រយាល»។

លោក ឈុនលី ជា​វិចិត្រករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ប្តេជ្ញា​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ការ​បង្កើត​គំនិត​ច្នៃប្រឌិត​ក្នុង​ចំណោម​សហគមន៍​ក្រីក្រ កង្វះ​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​សិល្បៈ​នៅ​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា។


លោក ឈុនលី ជា​អ្នក​រៀបចំ​កម្មវិធី «ដំណើរ​សិល្ប:​ទៅ​តំបន់​ដាច់​ស្រយាល» ហើយ​ជា​កម្មវិធី​លើក​ទីពីរ​ចុះ​ទៅ​កាន់​ភូមិ​បាក់ព្រា និង​ជា​កម្មវិធី​លើក​ទី ៧ ដែល​ចាប់ផ្ដើម​កាល​ពី​ខែមករា ហើយ​វាជា​កម្មវិធី​ទី​បី នៃ​គោល​ដៅ​គម្រោង។ 


អ្នក​រៀបចំ​គម្រោង​រូបនេះ​បាន​ឱ្យ​ដឹង​ថា៖ «កម្មវិធី​លើក​ទី ២ នៅ​ភូមិ​បាក់ព្រារ គឺជា​ការ​បង្រៀន​សិល្បៈ​គំនូរ​វគ្គ​បន្ដ​ដល់​កុមារ​ ដោយ​ភ្ជាប់​ទៅ​ជាមួយ​នូវ​សម្ភារ​មួយ​ចំនួន ដែល​ទទួល​បាន​ពី​បង​ប្អូន​អ្នក​គាំទ្រ​សិល្បៈ​មកពី​បាត់ដំបង និង​ភ្នំពេញ​»។


លោកបន្ដថា កម្មវិធី​ទីមួយ​ គឺជា​ការ​បង្រៀន​មូលដ្ឋាន​គ្រឹះ​នៃការ​គូរ​គំនូរ​អំពី​វត្ថុ​ដែល​ពួកគេ​មើល​ឃើញ​នៅ​ជុំវិញ​ផ្ទះ។

ការ​បង្រៀន​វគ្គ​ទីមួយ​ ដែល​មាន​កុមារ​ចូលរួម​ ១៤០​នាក់ ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​មូលដ្ឋាន​គ្រឹះ​នេះ ដោយ​ប្រមាណ ២០ភាគរយ ដែល​មិន​អាច​បង្កើត​លទ្ធភាព​ល្អ​ចំពោះ​ការ​ចូលរួម​សិក្ខាសាលា​ពេញ​មួយ​ថ្ងៃ​។ 

សិស្ស​សាលា​តូចៗ​កំពុង​តែ​រៀន​គូរ​គំនូរ​ក្នុង​ថ្នាក់​រៀន ស្ថិតនៅភូមិ​បាក់​ព្រា ​​​ស្រុក​ឯកភ្នំ ។​ រូបថត សហការី

ជាមួយ​សកម្មភាព​បង្រៀន​វគ្គពីរ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃទី១ ខែ​កញ្ញា​នេះ មាន​លក្ខណៈ​ពិសេសបន្ដិច​ដោយគ្រូ​ស្ម័គ្រ​ចិត្ដ រួមទាំង​ក្រុម​ការងារ​​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​នៃ​ដងស្ទឹង​សង្កែ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​នៅថ្ងៃនោះ យើង​ចាប់ផ្ដើម​បង្រៀន​ពួកគាត់​ឱ្យ​ចេះ​ប្រើ​ប្រាស់​បច្ចេក​ទេសនៃការ​លាយ​ពណ៌​ ប្រើ​ដោយ​របៀបណា លាង​ជក់​របៀប​ណា​ដើម្បី​រក្សា​សម្រាប់​ប្រើ​ប្រាស់​បាន​យូរ​ និង​ផ្សេងៗ​ទៀត​»។ 

ក្រោយ​ការ​បង្រៀ​នបច្ចេកទេស​ កុមារ​ចាប់ផ្ដើម​រៀន​ផាត់​ពណ៌ជាមួយ​គំនូរ​ដែលពួកគេ​បាន​គូរ​ដោយ​ខ្លួន​ឯង​ ដែល​មានរយៈ​ពេល​មួយ​ថ្ងៃពេញ​។ 

ស្នាដៃ​កុមារ​ទាំង​នោះ​ត្រូវបាន​ប្រមូល​មក​វាយ​តម្លៃ​ថា តើ​នរណា​គូរ​បាន​ល្អ​ យក​ចិត្ដ​ទុក​ដាក់​ជាង​គេ នរណា​ស្រឡាញ់​ការងារ​ខ្លួន​ឯង និងមាន​ភាព​អំណត់​ ដោយ​ចង់​ចូលរួម​ក្នុង​វិស័យ​សិល្បៈ​នេះ​បន្ដ​ទៀត​។ 

អ្នក​មាន​សា្នដៃ​ល្អ​នឹង​ទទួល​បាន​រង្វាន់​ជា​សម្ភារ​គំនូរ​នៅ​តាម​លេខ​រៀង​លំដាប់​លំដោយ​ ដែល​អ្នក​ឈ្នះ​ជ័យ​លាភី​ល្អ​ជាង​គេ នឹង​ទទួល​បាន​រង្វាន់​ធំ ដូចជា សៀវភៅ​សម្រាប់​គូរ​មួយ​ក្បាល ខ្មៅដៃ​ពណ៌មួយ​ប្រអប់ ខ្មៅដៃគូរពីរដើម ជ័យ​លប់។ 

រង្វាន់​ទាំង​នេះ ត្រូវបាន​ត្រៀម​សម្រាប់​អ្នក​ទទួល​ជ័យលាភី​ល្អ​ចំនួន ២០ នាក់​ ក្នុង​ចំណោម​អ្នក​ចូលរួម​ប្រមាណ​ជាង ១០០​នាក់​ ដើម្បី​ចម្រាញ់​យក​កុមារ​ដែល​មាន​ទេពកោសល្យ​ចង់​រៀន​សិល្បៈ​គំនូរ​ពិត​ប្រាកដ​។ 

លោក ឈន់លី បាន​ឱ្យដឹងថា​៖ «​យើង​ជ្រើសរើស​យក​​ភូមិ​បាក់​ព្រា វាជា​ភូមិ​ដាច់​ស្រយាល​មួយ​នៅស្រុក​ឯកភ្នំ​ ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​បាត់ដំបង។ ក្មេងៗ​ក្នុង​ភូមិ​នេះ មាន​ឱកាស​តិច​ចំពោះ​លទ្ធភាព​រៀន​សិល្បៈ​។ ពួកគាត់​អាច​រៀន​ជំនាញ​ផ្សេង​ដែរ តែ​ចំពោះ​អ្វីដែល​យើង​ចេះ យើង​ចង់​ផ្ដល់​ឱកាស​ឱ្យ​ពួកគាត់​បាន​រៀន​សិល្បៈ​នេះ​»។ 

លោក​បាន​បន្ដថា លើក​លែង​តែ​ខែ​ប្រាំង អ្នក​ភូមិ​បាក់​ព្រាដែល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក តែបើ​ខែ​វស្សា ទឹក​ច្រើន​មែន​ទែន ដោយ​ប្រជាជន​ត្រូវឆ្លង​ទូក​យូរ និង​ចំណាយ​នៃការ​ធ្វើ​ដំណើរ​ក៏​ច្រើន​ ដែល​ស្ទើតែ​ទៅ​ប៉ោយប៉ែត ឬ​ភ្នំពេញ​។ 

ទាំង​កុមារ និង​យុវជន អាច​ចូល​រៀន​សិល្បៈ​ពី​គម្រោង «ដំណើរ​សិល្ប:​ទៅ​តំបន់​ដាច់​ស្រយាល» បាន​ដូច​គ្នា ដោយ​លោក ឈន់លី រំពឹង​ថា ពួកគេ​នឹង​ក្លាយ​ជា​អ្នក​សិល្បៈ​ប្រចាំ​នៅ​ភូមិ​បាក់ព្រា ក្រៅពី​ការងារ​នេសាទ​។ 

លោកបាន​ឱ្យដឹងថា គម្រោង​នេះ​បានកំណត់​គោលដៅ​ចំនួន ៤ ស្រុក​នៅ​ក្នុង​ខេត្ដ​បាត់ដំបង ជាមួយ​ទិស​ខាងជើង​ដោយ​យក​ភូមិ​បាក់ព្រានៃស្រុក​ឯកភ្នំ​ ទិស​ខាង​លិច​​ដោយ​យក​ស្រុក​ថ្ម​គោល ទិស​ខាងត្បូង​យក​ស្រុក​បាណន់ និង​ស្រុក​មោង​ឫស្សី​នៅ​ទិស​ខាង​កើត​។ 

ជាមួយ​សកម្មភាព​លើក​តម្លៃ​ស្នាដៃ​សិល្បៈ លោក​បាន​និយាយថា៖ «​ក្នុង​ឆ្នាំ​ទីមួយ យើងបាន​សម្រេច​ក្នុង​ការ​ចុះ​ទៅ​បង្រៀន​កុមារ និង​យុវជន​អំពី​សិល្បៈ​នៅតាម​គោលដៅ​ស្រុក​ទាំង ៤ ទៅ​តាម​ផែនការ​។ កុមារ និង​យុវជន​បាន​ចូលរួម​ចំនួន ៥០០​នាក់ ក្នុង​សកម្មភាព​ទាំង ៧ លើក»។

លោក​បាន​កត់សម្គាល់ថា ចំណោម ៥០០នាក់ អ្នក​មាន​ទេពកោសល្យ​សិល្បៈ​ល្អ​មាន​ចំនួន ១០០នាក់ អ្នក​គូរ​បានមធ្យម​ចំនួន ១៥០នាក់ ហើយ​សល់​ប៉ុន្មាន​ជា​អ្នក​គូរ​កម្រិត​ទាប​។ 

តាម​រយៈការ​លើកទឹកចិត្ដ​ លោក ឈុនលី បាន​មើល​ឃើញ​ពី​ចំណាប់​អារម្មណ៍​របស់​កុមារ និង​យុវជន​ចំពោះ​សិល្បៈ​ ជាមួយ​ចំនួន​អ្នក​ចូលរួម​ចេះ​តែ​កើន​ឡើង​ជា​បន្ដ​បន្ទាប់ គូរ​ល្អ​ជាង​មុន មាន​គំនិត​ទូលាយ​ទូលាយ​ជាងមុន​ ក៏ដូចជា​មាន​ទំនាក់ទំនងល្អ​ជាង​មុន៕