ភ្នំពេញ៖ មហោស្រពភាពយន្ត ខេមបូឌា ថោន (CTFF) គ្រោងនឹងត្រឡប់មកវិញសម្រាប់ព្រឹត្ដិការណ៍លើកទី ១០ ជាការប្រារឰខួបមួយទសវត្សរ៍នៃការដាក់បញ្ចាំងភាពយន្តកម្ពុជា។
ចាប់ពីថ្ងៃទី ១៣-១៥ ខែកញ្ញា ឆ្នាំ២០២៤ ទស្សនិកជននឹងមានឱកាសបានទស្សនាខ្សែភាពយន្តចំនួន ៣០រឿង ដែលរួមមានភាពយន្តឯកសារ ភាពយន្តខ្លី និងលក្ខណៈពិសេស ដែលស្វែងយល់អំពីវប្បធម៌ និងបទពិសោធន៍របស់កម្ពុជានៅសាលមហោស្រពសិល្បៈឡុងប៊ិច រដ្ឋកាលីហ្វរនីញ៉ា។
មហោស្រពដែលត្រូវបានរៀបចំឡើងដោយលោក ប្រាជ្ញ លី និងអ្នកស្រី ខេលី សូ សមាជិកសហគមន៍ខ្មែរ-អាមេរិកនៅទីក្រុងឡុងប៊ិច ត្រូវបានបង្កើតឡើងដើម្បីបញ្ចាំងភាពយន្តខ្មែរ និងអបអរសាទរបេតិកភណ្ឌវប្បធម៌របស់ពួកគេ។
អ្នកស្រី ខេលីសូ ជាផលិតករភាពយន្ត និងជាទាហានជើងចាស់របស់សហរដ្ឋអាមេរិក សហការនិពន្ធ ដឹកនាំ និងសហការផលិតខ្សែភាពយន្តរឿង «In the Life of Music»។
លោក ប្រាជ្ញ លី ជាសិល្បករ និងជាសកម្មជនត្រូវបានគេស្គាល់តាមរយៈបទភ្លេងរបស់លោកដែលនិយាយអំពីអំពើប្រល័យពូជសាសន៍ និងបញ្ហាសង្គមកម្ពុជា។
មហោស្រពភាពយន្ត ខេមបូឌា ថោន ត្រូវបានបើកដំណើរការក្នុងឆ្នាំ២០២៤ បានក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅក្នុងសហគមន៍ខ្មែរ-អាមេរិក និងជាវេទិកាសម្រាប់ការផ្សព្វផ្សាយភាពយន្តកម្ពុជាទូទាំងពិភពលោក។
ខេមបូឌា ថោន នៃទីក្រុងឡុងប៊ិច ជាសហគមន៍ខ្មែរដ៏ធំ ទាក់ទាញអ្នកទស្សនាជាង ២ម៉ឺននាក់ឱ្យមកទស្សនាពិធីបុណ្យចូលឆ្នាំខ្មែរជារៀងរាល់ឆ្នាំ។ ដោយទទួលស្គាល់មជ្ឈមណ្ឌលវប្បធម៌នេះ CTFF បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ការវិវត្តន៍នៃមហោស្រពនេះត្រូវបានកត់សម្គាល់ដោយការកើនឡើងទាំងបរិមាណ និងគុណភាពនៃខ្សែភាពយន្តដែលបានដាក់បញ្ចាំង។
សហស្ថាបនិកអ្នកស្រី ខេលី សូ បាននិយាយថា៖ «ដោយផ្តោតចម្បងលើការជ្រើសរើសភាពយន្តខ្មែរល្អៗ មហោស្រពនេះបានពង្រីកខ្លួនដើម្បីផ្សព្វផ្សាយខ្លឹមសារចម្រុះរបស់ផលិតិករភាពយន្តកម្ពុជា និងរឿងរ៉ាវពីសហគមន៍អាស៊ីអាគ្នេយ៍ដ៏ធំនេះ»។
ភាពចម្រុះនេះបានធ្វើឱ្យកម្មវិធីនៃមហោស្រពកាន់តែសម្បូរបែប និងទាក់ទាញទស្សនិកជនកាន់តែច្រើន ដោយខ្សែភាពយន្តជាច្រើនទទួលបានការអបអរសាទរ និងការទទួលស្គាល់ជាអន្តរជាតិ។
ភាពវិសេសនមហោស្រពនេះបានកៀរគរសមាជិកសហគមន៍ក្នុងស្រុក អ្នកផលិតភាពយន្តអន្តរជាតិ និងអ្នកជំនាញក្នុងឧស្សាហកម្មជាច្រើន។ បរិយាកាសរួមបញ្ចូលនេះលើកកម្ពស់ការសន្ទនា បង្កើតបណ្តាញ និងកិច្ចសហការ ដែលអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ស៊ីជម្រៅជាមួយសាច់រឿងភាពយន្ត និងអ្នកផលិតភាពយន្ត។
តាមរយៈការដាក់បញ្ចាំងភាពយន្តខ្មែរ មហោស្រពនេះបានបង្ហាញពីមោទនភាព និងអត្តសញ្ញាណវប្បធម៌ខ្មែរដល់ប្រជាពលរដ្ឋក្នុងសហគមន៍ បង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសន្ទនា។
នេះមានអត្ថន័យជាពិសេសសម្រាប់ក្មេងជំនាន់ក្រោយដែលស្វែងយល់ដឹងពីឫសគល់របស់ពួកគេ។ មហោស្រពនេះក៏ជះឥទ្ធិពលជាវិជ្ជមានដល់អាជីវកម្មក្នុងស្រុកដោយការទាក់ទាញទស្សនិកជនចម្រុះ ជំរុញវិស័យចរាចរណ៍ និងពាណិជ្ជកម្មក្នុងតំបន់។
នៅឆ្នាំនេះ «មូលនិធិ RuMBa នៃក្រុងឡុងប៊ិច» បានបើកឱកាសដល់មហោស្រព CTFF បញ្ចាំងភាពយន្ដដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្ស និងមនុស្សចាស់ទាំងអស់។
អ្នកស្រី ខេលី សូ បាននិយាយថា៖ «យើងមានមោទនភាពក្នុងការគាំទ្រភាពយន្ត និងអ្នកផលិតភាពយន្ត ខណៈពេលដែលធានាថា ទស្សនិកជនទទួលបានបទពិសោធន៍ដ៏ល្អពីស្នាដៃអស្ចារ្យទាំងនេះ»។
មហោស្រពនេះផ្តល់អាទិភាពដល់ភាពយន្តដែលឆ្លុះបញ្ចាំងពីបទពិសោធន៍របស់កម្ពុជា ជាមួយប្រធានបទមួយចំនួន ដូចជា អត្តសញ្ញាណ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងបញ្ហាសហសម័យ។
រឿង «អាវសានដ៏រីករាយ» ឬ Happy Ending ដឹកនាំដោយ Elodie Yung គឺជាភាពយន្តរយៈពេល ១៧ នាទីដែលនិយាយអំពីស្ត្រីខ្មែរម្នាក់ដែលធ្វើការនៅក្នុងហាងម៉ាស្សាខុសច្បាប់មួយនៅសហរដ្ឋអាមេរិកដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាង។
រឿង «បណ្ដាសារនាងរាត្រី» ឬ Night Curse of Reatrei ដឹកនាំរឿងដោយ ល័ក្ខ លីដា និងផលិតដោយ ឡេង សុខលីន គឺជារឿងបែបរន្ធត់ មានរយៈពេល ៩៤ នាទី សម្តែងដោយ ប៉ាង តាខុន ស៊ីន យូប៊ីន ព្រះនាង ជេនណា នរោត្តម និងសំ ថារ័ត្ន។
រឿង «Satook» ជាភាពយន្តឯកសាររយៈពេល ៣០ នាទីដឹកនាំដោយ ប្រាជ្ញ លី ស្វែងយល់ពីការផ្លាស់ប្តូរប្រពៃណីសាសនានៅក្នុងសហគមន៍ខ្មែរអាមេរិកាំង។
នៅមានរឿង «Elvis of Cambodia» និយាយពីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងរឿង «Work Life» ដឹកនាំដោយកូនខ្មែរអាមេរិក ខេវិន អ៊ុង។
អ្នកស្រី ខេលី បានលើកឡើងថា៖ «តាមរយៈការបង្ហាញខ្សែភាពយន្តគុណភាពខ្ពស់និងការចូលរួមជាមួយទស្សនិកជនទូទាំងពិភពលោក មហោស្រពនេះជួយបង្កើតប្រទេសកម្ពុជាជាតួអង្គសំខាន់មួយនៅក្នុងវិស័យភាពយន្តអន្តរជាតិ»។
អ្នកស្រីបន្ដថា៖ «ចំពោះអ្នកគ្រប់គ្នាដែលចូលរួមក្នុងមហោស្រពឆ្នាំនេះ អ្នករៀបចំសូមស្វាគមន៍យ៉ាងស្មោះស្ម័គ្រ។ មហោស្រពនេះគឺជាការប្រារឰពិធីនៃភាពច្នៃប្រឌិត វប្បធម៌ និងសហគមន៍»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ អេនជេលីណា ជូលី បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់មហោស្រពភាពយន្ត ខេមបូឌា ថោន នៅទីក្រុងឡុងប៊ិច ដែលតារាហូលីវូដរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ។
ជូលី ដែលមានទំនាក់ទំនងយូរអង្វែងជាមួយប្រទេសកម្ពុជា ដោយសារទំនាក់ទំនងជាមួយកូនប្រុស និងការផលិតភាពយន្ដ «មុនដំបូង ពួកគេសម្លាប់ប៉ារបស់ខ្ញុំ» បានចូលរួមក្នុងមហោស្រពនេះ ដើម្បីគាំទ្រការផ្សព្វផ្សាយភាពយន្ដខ្មែរ និងខ្មែរ-អាមេរិក។
ជូលី បានក្លាយជាឯកអគ្គរដ្ឋទូតសកម្មសម្រាប់មហោស្រពដែលមានគោលបំណងផ្សព្វផ្សាយកាន់តែខ្លាំងពីស្នាដៃផលិតករភាពយន្ត និងភាពយន្ដរបស់កម្ពុជា។
ជូលី បានថ្លែងសុន្ទរកថាខ្លីមួយ ដោយស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរដែលច្នៃដោយកូនខ្មែរនៅទីក្រុងឡុងប៊ិច។ ការបង្ហាញខ្លួនរបស់តារាហូលីវូដរូបនេះ ពិតជារឿងមិននឹកស្មានដល់សម្រាប់ទស្សនិកជនទូទៅ ព្រោះមានតែអ្នករៀបចំពិធីមហោស្រពប៉ុណ្ណោះដែលដឹងពីការចូលរួមនេះ។
ការចូលរួមរបស់ ជូលី ជាមួយមហោស្រពជាច្រើនឆ្នាំមកនេះ រួមទាំងការបញ្ចាំងភាពយន្ត និងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិរបស់នាង ត្រូវបានសហគមន៍កោតសរសើរយ៉ាងខ្លាំង៕