ភ្នំពេញ៖ កម្ពុជាកំពុងត្រៀមស្វាគមន៍ព្រឹត្ដិការណ៍បែបទេសចរណ៍ និងវប្បធម៌ សម្រាប់ការជួបជុំក្បួនរថយន្ដទំនើបៗ Gumball 3000 Rally ដ៏ល្បីល្បាញ ដែលនឹងបង្ហាញខ្លួនលើកដំបូងនៅអាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញានេះ។
ការប្រមូលផ្តុំគ្នាចម្ងាយ ៣ពាន់ម៉ាយ (ជិត ៥ពាន់គីឡូម៉ែត្រ) នឹងមានរថយន្តប្រណិតប្រមាណ ១៣០ គ្រឿង និងតារាល្បីៗដែលនឹងបើកបរឆ្លងកាត់ប្រទេសជាច្រើន ដោយប្រទេសកម្ពុជាគឺជាចំណតដ៏សំខាន់មួយ។
ព្រឹត្តិការណ៍ដែលរំពឹងទុកយ៉ាងខ្ពស់នេះ គឺជាខួបលើកទី២៥ នៃការប្រមូលផ្តុំគ្នា ហើយគ្រោងនឹងទាក់ទាញតារាល្បីៗទូទាំងពិភពលោក អ្នកដែលចូលចិត្តរថយន្ត និងការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយមកព្រះរាជាណាចក្រកម្ពុជា។
Gumball 3000 ដែលត្រូវបានបង្កើតឡើងដោយលោក Maximillion Cooper ក្នុងឆ្នាំ១៩៩៩ មិនត្រឹមតែត្រូវបានគេស្គាល់ថាជាក្បួនរថយន្តប្រណិត និងទាក់ទាញវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏មានគំនិតផ្តួចផ្តើមសប្បុរសធម៌ផងដែរ។
ប្រទេសកម្ពុជា គឺជាចំណតដ៏ទាក់ទាញមួយនៅលើដំណើរជិត៥ពាន់គីឡូម៉ែត្រនាឆ្នាំនេះ ហើយនឹងមានព្រឹត្តិការណ៍សាធារណៈជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាមួយការបង្កើតកំណត់ត្រាហ្គីនណេសពិភពលោក សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបដ៏ធំបំផុតនៅមុខប្រាសាទអង្គរវត្ត។
កាលពីថ្ងៃទី៩ ខែសីហា លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យស្ថាបនិក Gumball 3000 Maximillion Cooper ចូលជួបសម្តែងការគួរសមនិងបានគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍មួយនេះផងដែរ។
លោក Cooper បានសម្តែងការកោតសរសើរចំពោះសម្រស់ធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
យោងតាមគណនី Telegram របស់លោកនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា៖ «ក្នុងឱកាសប្រារព្ធខួប ២៥ឆ្នាំរបស់ខ្លួន ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ដែលអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង ៥០ប្រទេស នឹងឆ្លងកាត់ប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ ព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា»។
ការប្រារឰពិធីជួបជុំសកល និងសកម្មភាពសប្បុរសធម៌
ជាផ្នែកមួយនៃដំណើរអន្តរជាតិរបស់ខ្លួន ការប្រមូលផ្តុំគ្នានឹងចាប់ផ្តើមនៅទីក្រុង សៃហ្គន ប្រទេសវៀតណាម នៅថ្ងៃទី ១៤ ខែកញ្ញា មុនពេលធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ហើយចុងក្រោយនឹងបញ្ចប់នៅប្រទេស សិង្ហបុរីក្នុងអំឡុងពេលការប្រកួតប្រណាំងរថយន្ត Formula 1 Grand Prix។
ការឈប់សម្រាកនៅក្នុងប្រទេសកម្ពុជានឹងមានអ្នកចូលរួមជាច្រើន រួមទាំងតារាល្បីៗទូទាំងពិភពលោក ដូចជា Patrice Evra, YouTubers Lazarbeam, Lachlan និង IShowSpeed ដែលបើកបររថយន្តទំនើបដូចជា Rolls Royce Cullinan និង Lamborghini Huracan ជាដើម។
លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការរៀបចំការជួបជុំដ៏មានកិត្យានុភាពនេះ ដែលមិនត្រឹមតែជាការបង្ហាញរថយន្តទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ និងការខិតខំប្រឹងប្រែងសប្បុរសធម៌របស់ប្រទេសកម្ពុជាផងដែរ»។
មូលនិធិ Gumball 3000 បានសន្យាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងសាងសង់ទីលានបាល់ទាត់អណ្តែតទឹកនៅកំពង់ឃ្លាំង ជាផ្នែកនៃបេសកកម្មសប្បុរសធម៌របស់ខ្លួន មានបំណងរៃអង្គាសប្រាក់បានចំនួន ២០ម៉ឺនដុល្លារ។
ព្រឹត្តិការណ៍នៅភ្នំពេញ និងសៀមរាប
នៅថ្ងៃទី១៥ ខែកញ្ញា ក្បួនរថយន្ដប្រណិតៗចម្រុះពណ៌នឹងមកដល់រាជធានីភ្នំពេញជាផ្លូវការ។ រថយន្តទំនើបៗនឹងដង្ហែតាមដងផ្លូវដោយចតនៅជិតវិមានឯករាជ្យ ដែលមហាជនរាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំទស្សនាភាពអស្ចារ្យនេះ។ ការប្រគុំតន្ត្រីសាធារណៈនៅសួនច្បារវត្តបទុមត្រូវបានរៀបចំឡើងមុនពេលបិទបញ្ចប់កម្មវិធីនៅភ្នំពេញ។
នៅថ្ងៃទីពីរ ថ្ងៃទី១៦ កញ្ញា ក្បួនរថយន្តនឹងចាកចេញពីរាជធានីភ្នំពេញទាំងព្រឹកព្រលឹម ជាមួយនឹងផ្លូវដែលធ្វើដំណើរឆ្លងកាត់កោះពេជ្រ និងឆ្ពោះទៅខេត្តសៀមរាបតាមផ្លូវជាតិលេខ ៦A។
ក្បួនរថយន្តក្នុងស្រុកនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះនៅតំបន់ព្រៃប្រស់សម្រាប់អាហារថ្ងៃត្រង់ជាក្រុមធំ ដោយផ្តល់ឱកាសឱ្យអ្នកគាំទ្របានឃើញទិដ្ឋភាពដ៏អស្ចារ្យមួយទៀត។
យោងតាមកាលវិភាគបានបង្ហាញថា៖ «បន្ទាប់មកអ្នកចូលរួមនឹងប្រមូលផ្តុំនៅសួនឯករាជ្យក្នុងខេត្តសៀមរាប ដែលថ្ងៃនឹងបញ្ចប់ជាមួយនឹង Gumball Gala Dinner នៅប្រាសាទបាយ័នប្រវត្តិសាស្ត្រ»។
នៅថ្ងៃទី១៧ ខែកញ្ញា មានកម្មវិធីពិសេសធំនៅប្រាសាទអង្គរវត្ត។ រថយន្តទំនើបជាង ១៣០ គ្រឿងនឹងប្រមូលផ្តុំគ្នានៅប្រាសាទជាផ្លូវការដើម្បីបំបែកកំណត់ត្រាហ្គីនណេសពិភពលោកសម្រាប់ការប្រមូលផ្តុំរថយន្តប្រណិតធំបំផុតនៅមុខស្ថាបត្យកម្មសំណង់បុរាណ។
លោក បញ្ញាសា បានបន្ថែមថា៖ «ព្រឹត្តិការណ៍នេះនឹងបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងផ្តល់វិស័យទេសចរណ៍ដ៏សំខាន់»៕