តារា​ប្រណាំង​រថយន្ត​និង​ជា​អ្នក​មាន​ឥទ្ធិពល (influencer) ដ៏​ល្បី​ជនជាតិ​ម៉ាឡេស៊ី​ កញ្ញា​ Leona Chin​ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​តាម​រយៈ​ការ​បង្ហាញ​ជំនាញ​បើក​រថយន្ត​ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​ត្រៀម​ Gumball 3000 Rally ​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​កាល​ពី​ចុង​សប្ដាហ៍​ មុន​ពេល​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​នេះ​មក​ដល់​កម្ពុជា​២​សប្ដាហ៍​ខាង​មុខ។

នៅ​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ សូម្បី​តែ​តារា​ចម្រៀង​លោក​​ ខេមរៈ សិរីមន្ត ក៏​បាន​សរសើរ​កញ្ញា​ដែរ ​ដោយ​លោក​ថា៖ «កញ្ញា ​Leona Chin drift ឡាន​សាហាវ​ណាស់ ​សូម​សរសើរ​ ស្អាត​ហើយ​ពូកែ​ទៀត»។

ក្រៅ​ពី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ត្រៀម​នេះ កញ្ញា​ Leona ក៏​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​ផង​ដែរ បន្ទាប់​ពី​បាន​ស្នាក់​​ទីក្រុង​ភ្នំពេញ ដែល​ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ។


កញ្ញា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​របស់​ខ្ញុំ​ទៅ​កម្ពុជា​ គឺជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ​ចាប់​ផ្តើម​តាំង​ពី​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ​Hyatt Regency នៅ​ Phnom Penh ដែល​សេវាកម្ម​នៅ​សណ្ឋាគារ​នេះ​គឺ​ល្អ​មិន​គួរ​ឱ្យ​ជឿ​ ហើយ​មាន​បារ​នៅ​លើ​អាកាស​ផ្តល់​ទិដ្ឋភាព​អស្ចារ្យ​នៃ​ទីក្រុង​ភ្នំពេញ។ នេះ​ជា​ការ​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​ដ៏​ល្អ»។

កញ្ញា​បន្ត​ថា៖ «ដំណើរ​កម្សាន្ត​នេះ​ពិសេស​ណាស់​ ព្រោះ​វា​ប្រព្រឹត្ត​ទៅ​រួម​ជាមួយ​ព្រឹត្តិការណ៍​ Rev Up Cambodia ​ដែល​សហការ​ជាមួយ​ ជីប ​ម៉ុង។ យើង​បាន​ធ្វើ​ដំណើរ​ជាមួយ​រថយន្ត​លំដាប់​ខ្ពស់​ជាង ៦០ គ្រឿង ​ហើយ​ព្រឹត្តិការណ៍​នៅ​ព្រលាន​យន្តហោះ​ចាស់​សៀមរាប​គឺ​ពិត​ជា​អស្ចារ្យ​ណាស់។ អ្នក​គាំទ្រ​បាន​មក​ប្រមូល​ផ្តុំ​នៅ​ទីនោះ​ដើម្បី​មើល​ការ​ប្រណាំង​រថយន្ត ​ ហើយ​ទាំង​អស់​គ្នា​បាន​បង្កើត​បរិយាកាស​ដ៏​រីករាយ​មួយ»។


​ព្រឹត្តិការណ៍​ត្រៀម​ Gumball 3000 Rally ​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​កាល​ពី​ចុង​សប្ដាហ៍។ រូបថត Gumball

Gumball 3000 Rally គឺជា​ព្រឹត្តិការណ៍​រថយន្ត​លំដាប់​អន្តរជាតិ​នៅ​លើ​ផ្លូវ​សាធារណៈ ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ជា​ច្រើន។

សម្រាប់​ឆ្នាំ​ ២០២៤​នេះ គឺជា​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ដែល​អ្នក​ចូលរួម​នឹង​បើក​បរ​លើ​ចម្ងាយ​ផ្លូវ ៣០០០​ គីឡូម៉ែត្រ​ចេញ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ឆ្លង​កាត់​រាជធានី​ភ្នំពេញ​ និង​សៀមរាប ​បន្ត​ទៅ​ប្រទេស​ថៃ ​ម៉ាឡេស៊ី និង​បញ្ចប់​នៅ​ប្រទេស​សិង្ហបុរី ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ២២ ខែកញ្ញា។ នេះ​​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Gumball 3000។

ក្បួន​រថយន្ត​នេះ​ នឹង​មក​ដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ​និង​ទៅ​ដល់​មុខ​ប្រាសាទ​អង្គរវត្ត​នៅ​ថ្ងៃ​បន្ទាប់។

ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មាន​ការ​ចូលរួម​របស់​រថយន្ត​លំដាប់​ខ្ពស់​ជាង​ ១០០ គ្រឿង ដែល​បើកបរ​ដោយ​តារា​ជាតិ និង​អន្តរជាតិ ជាតិ​ និង​អ្នក​មាន​ឥទ្ធិពល។ ក្នុង​នោះ​ក៏​រួម​មាន​ទាំង​វីរបុរស​បាល់ទាត់​អតីត​ក្រុម​បិសាច​ក្រហម​ Manchester United លោក Patrice Evra ផង​ដែរ រួម​ជាមួយ​តារា​ចម្រៀង​អាមេរិក​ Ja Rule និង Bun B និង​តារា​ល្បីៗ​ជា​ច្រើន​ទៀត។

លោក Patrice Evra ​វីរបុរស​បាល់ទាត់​អតីត​ក្រុម​បិសាច​ក្រហម​ Manchester United។ រូបថត Gumball

ក្រុមហ៊ុន ​Gumball 3000 បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា៖ «ចេញ​ពី​ភ្នំពេញ​ទៅ ​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង​ឆ្ពោះ​ទៅ​កាន់​តំបន់​ដ៏​អស្ចារ្យ​ដែល​មាន​ប្រាសាទ​បុរាណ​ជាច្រើន​ក្នុង​ខេត្ត​សៀមរាប​​ នៅ​ថ្ងៃទី១៦។ យប់​នោះ​យើង​នឹង​មាន​ពិធី​អាហារ​ពេល​ល្ងាច​និង​ព្រឹត្តិការណ៍​រៃ​អង្គាស​ ដោយ​សហការ​ជាមួយ​ដៃគូ Christie’s នៅ​ឯ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​អច្ឆរិយៈ​ទី៨ នៅ​លើ​ពិភពលោក»។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី៣០​ ខែសីហា ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​ក៏​មាន​បំណង​បង្កើត​កំណត់ត្រា​ពិភព​លោក​ថ្មី Guinness World Record សម្រាប់​ការ​ចត​រថយន្ត​លំដាប់​ខ្ពស់​ច្រើន​បំផុត​នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៧ ខែ​កញ្ញា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ ថា​ជា​ «កាតាលីករ​បន្ថែម​ទៀត ​ក្នុង​ការ​បង្ហាញ​កិត្យានុភាព និង​សក្ដានុពល​របស់​កម្ពុជា»។

Gumball 3000 Rally គឺជា​ព្រឹត្តិការណ៍​រថយន្ត​លំដាប់​អន្តរជាតិ​នៅ​លើ​ផ្លូវ​សាធារណៈ ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ជា​ច្រើន។ រូបថត Gumball

សម្រាប់​កញ្ញា Leona ដំណើរ​កម្សាន្ត​របស់​នាង​មក​កាន់​ប្រទេស​កម្ពុជា និង​ការ​ទស្សនា​អង្គរវត្ត​ធ្វើ​ឲ្យ​កញ្ញា​​មាន​អារម្មណ៍​រីករាយ​តាមរយៈ​វប្បធម៌​សម្បូរ​បែប អាហារ​ឆ្ងាញ់ៗ និង​ការ​និយាយ​ភាសា​អង់គ្លេស​និង​ភាសា​ផ្សេង​ទៀត​បាន​ស្ទាត់​ជំនាញ​របស់​ពលរដ្ឋ​ក្នុង​ស្រុក។ កញ្ញា​ក៏​សង្កេត​ឃើញ​មាន​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​ទៅ​លើ​ឡាន តន្ត្រី ដែល​ស្រដៀង​ទៅ​នឹង​​ពលរដ្ឋ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ។

កញ្ញា​ថ្លែង​ថា៖ «និយាយ​រួម ​ដំណើរ​កម្សាន្ត​របស់​ខ្ញុំ​ទៅ​ខេត្ត​សៀមរាប និង ប្រទេស​កម្ពុជា​គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​ការ​ស្វែង​យល់​អំពី​វប្បធម៌ និង​ព្រឹត្តិការណ៍​រំភើប​រីករាយ។ ខ្ញុំ​ទទួល​បាន​បដិសណ្ឋារកិច្ច​ល្អ និង​បទ​ពិសោធន៍​មិន​អាច​ភ្លេច​បាន។ ខ្ញុំ​រំភើប​សម្រាប់​ព្រឹត្តិការណ៍​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃទី​១៥ និង ១៦ ខែកញ្ញា​នេះ ហើយ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ត្រឡប់​មក​ម្ដង​ទៀត»៕