ខេត្ដសៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ប្រកាស​កម្មពិធី​បុណ្យ​ភូមិ​វត្តបូព៌ ជា​ការ​ប្រារឰ​ធ្វើឡើង​ដើម្បី​អបអរ​​ភូមិ​វត្ត​បូព៌​ដ៏​ស្រស់បំព្រង​ទៅ​ជា​គោលដៅ​ទេសចរណ៍​របស់​ក្រុង​សៀមរាប។

រៀបចំ​ឡើង​ដោយ​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សៀមរាប ទីភ្នាក់ងារ​អាល្លឺម៉ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ (GIZ) និង​វិស័យ​ឯកជន ពិធីបុណ្យ​នេះ​មាន​គោលបំណង​បង្ហាញ​ពី​ភូមិ​វត្តបូព៌​ជា​ចំណុច​លេចធ្លោ​ថ្មី​សម្រាប់​ទេសចរ​អម​ជាមួយ​ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ បឹង​ទន្លេសាប និង​ផាប់ស្ទ្រីត។

យោងតាម​រដ្ឋបាលខេត្ត​បាន​ឱ្យ​ដឹង​ថា៖ «ពិធី​បុណ្យ​ភូមិ​វត្ដ​បូព៌​​គ្រោង​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២០ ខែ​កញ្ញា នៅ​សណ្ឋាគារ Angkor Villa ដោយ​មាន​ការ​សម្ពោធ​ជា​ផ្លូវការ​នៃ​គម្រោង​សហគមន៍​ភូមិ​វត្ត​បូព៌»។


គំនិត​ផ្តួចផ្តើម​នេះ​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​ស្វែង​យល់​ពី​ផលិតផល​ទេសចរណ៍​ដ៏ស្រស់​បំព្រង និង​វប្បធម៌​សម្បូរ​បែប​នៃ​ភូមិ​វត្ត​បូព៌​ស្ថិត​នៅ​ផ្លូវ​លេខ ២៦ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

ពិធីបុណ្យ​ភូមិ​វត្ត​បូព៌​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៨ យប់ ដោយ​ប្រែក្លាយ​ផ្លូវ​លេខ ២៦ ទៅជា​ទីធ្លា​ពោរពេញ​ដោយ​សកម្មភាព​កម្សាន្ដ។


រដ្ឋបាលខេត្ត​បាន​ឱ្យ​ដឹងថា៖ «ភ្ញៀវ​អាច​រីករាយ​នឹង​​ការ​តាំង​ពិព័រណ៍​ម្ហូប​អាហារ ការ​សម្តែង​សិល្បៈ​ពី​ក្រុម​សិល្បករ​ខ្មែរ និង​បរទេស ការសម្តែង​តន្ត្រី និង​ការហាត់​យូហ្គា​ ដើម្បី​អបអរសាទរ​រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៨​យប់ នៅលើ កំណាត់​ផ្លូវ​លេខ​២៦»។

រដ្ឋបាល​ខេត្តសៀមរាប ក៏​នឹង​មាន​វិធានការ​ដើម្បី​ធានា​ចរាចរណ៍​ធ្វើដំណើរ​ប្រព្រឹត្ដិ​ទៅ​ដោយ​​​រលូន​ពេញ​មួយ​ពិធីបុណ្យ​ផងដែរ​។​

ដើម្បី​រក្សា​សន្តិសុខ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ផ្លូវ​លេខ២៦ នឹង​បិទ​ជា​បណ្តោះអាសន្ន​ចំពោះ​យានជំនិះ​នៅ​ចន្លោះ​អាចារ្យ​ហែម​ចៀវ និង​ផ្លូវ​អាចារ្យ​ស្វា (ផ្លូវ​មាត់ទន្លេ​សៀមរាប​ខាងកើត) សម្រាប់​រយៈពេល​នៃ​ព្រឹត្តិការណ៍​នេះ​។​

មន្ត្រី​សង្ឃឹមថា ពិធីបុណ្យ​ភូមិ​វត្ត​បូព៌​នឹង​មិន​ត្រឹមតែ​បង្កើន​ផលប័ត្រ​ទេសចរណ៍​របស់​ខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ឱ្យ​អ្នកទស្សនា​នូវ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​សហគមន៍ វប្បធម៌ និង​របៀប​រស់នៅ​ផងដែរ​។​

ជាមួយនឹង​ភាព​ទាក់ទាញ​បែប​ទំនើប និង​បេតិកភណ្ឌ​ប្រពៃណី ភូមិ​វត្ត​បូព៌​បាន​ត្រៀមខ្លួន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រុក ភ្ញៀវទេសចរ និង​សាធារណជន​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ពិធីបុណ្យ​នេះ និង​ជួយ​អបអរ​គោលដៅ​ទេសចរណ៍ថ្មី​ដ៏​មាន​សក្តានុពល​មួយ​នេះ៕​