ខេត្ដសៀមរាប៖ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​គឺការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​បំណិន​ជីវិត​ស្ត្រី​ក្នុងការ​បង្កើត​មុខរបរ និង​គិតគូរ​និរន្តរភាព​សម្រាប់​គ្រួសារ​របស់​ពួកគេ។


ភាព​ជា​ដៃគូ​រវាង Ability Fair Trade Village (AFTV) ជា​ផ្សារ​សម្រាប់​សិប្បករ និង​សិល្បករ​មាន​ពិការ​ភាព​ក្នុង​ការ​លក់​ផលិតផល និង Global Envirotech Initiative (GEI) ជា​ក្របខណ្ឌ​អន្តរជាតិ​ដែល​មានគោល​បំណង​ដោះស្រាយ​បញ្ហា​ប្រឈម​បរិស្ថាន​និង​ការ​លើក​កម្ពស់​បច្ចេកវិទ្យា​ស្អាត បាន​ចាប់​ផ្តើម​កម្មវិធី​បណ្តុះបណ្តាល​ផ្លាស់​ប្តូរ​ជីវិត​ស្ដ្រី​នៅ​ឃុំ​កំពង់​ឃ្លាំង ដោយ​ផ្តល់​ឱកាស​រៀន​ជំនាញ​ត្បាញ​ចាក់​ តាមរ​យៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ Cambodia Knits (CK)។

កម្មវិធី​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ខែ​កក្កដា និង​សីហា ឆ្នាំ២០២៤ បាន​ផ្តល់​អាហារូបករណ៍​ដល់​ស្ត្រី​ចំនួន ៤០ នាក់​មក​ពី​ភូមិ​ចំនួន ២ ដែល​ពួកគេ​ទទួល​ការ​បណ្តុះបណ្តាល​រយៈពេល ១៦ ថ្ងៃ ដែល​បើក​ផ្លូវ​សម្រាប់​ការងារ​ប្រកប​ដោយ​និរន្តរភាព។


ស្ត្រី​ទាំង​នេះ​ដែល​ភាគច្រើន​មិន​មាន​បទពិសោធន៍​ពីមុន​ក្នុង​ការ​ធ្វើ​សិប្បកម្ម ឥឡូវនេះ​មាន​ឱកាស​ទទួលបាន​ប្រាក់​ចំណូល​សមរម្យ​តាម​រយៈ​ការងារ​នៅផ្ទះ ​ជា​ឱកាស​សំខាន់​នៅ​ក្នុង​តំបន់​ដែល​ជម្រើស​ការងារ​ផ្លូវការ​ខ្វះខាត។


ពី​ការ​បណ្តុះ​បណ្តាល​ដល់​ការងារ


វគ្គ​បណ្តុះបណ្តាល​នេះ ចែក​ចេញ​ជា​ពីរ​ដំណាក់កាល​ដំបូង​បាន​ណែនាំ​អ្នក​ចូលរួម​អំពី​បច្ចេកទេស ត្បាញ​ចាក់​ជា​មូលដ្ឋាន។

ដំណាក់កាល​ទី ២ ផ្តោត​លើ​ការ​ផលិត​ផលិតផល​ជាក់លាក់​សម្រាប់ Cambodia Knits ​ជា​សហគ្រាស​សង្គម​ដែល​ស្គាល់​ជា​ថ្នាល​ផ្តល់​ការងារ​ដល់​សហគមន៍​ដែល​ខ្វះខាត។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​មិន​ត្រឹមតែ​ផ្ដល់​​ឱ្យ​ស្ត្រី​នូវ​ជំនាញ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱ្យ​ពួកគេ​មាន​លទ្ធភាព​ផ្គត់ផ្គង់​គ្រួសារ​ផងដែរ។

អ្នកស្រី វូវ៉ាកហ្ស៊ី ម៉ូនីកា​ នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​សហគ្រាស​សង្គម​ Cambodia Knits បាន​និយាយ​ថា​៖ «សិក្ខាកាម​បាន​បង្ហាញ​នូវ​ភាព​ខ្នះខ្នែង​ក្នុង​ការ​រៀនសូត្រ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ដោយ​ការ​សួរ​សំណួរ​ជាច្រើន​ដើម្បី​ធ្វើឱ្យ​ការ​យល់ដឹង​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ»។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​មិន​ត្រឹមតែ​ផ្ដល់​​ឱ្យ​ស្ត្រី​នូវ​ជំនាញ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱ្យ​ពួកគេ​មាន​លទ្ធភាព​ផ្គត់ផ្គង់​គ្រួសារ​ផងដែរ។ រូបថត សហការី

ជនជាតិ​ប៉ូឡូញ-កាណាដា អ្នកស្រី ម៉ូនីកា​ បាន​មក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០០ ដោយ​ត្រឡប់​មកវិញ​ក្នុង​ឆ្នាំ ២០០៦។

អ្នកស្រី​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​អ្នក​ប្រឹក្សា​ផ្នែក​អប់រំ ដោយ​ព្យាយាម​ជួយ​បង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ស្ត្រី។

អ្នកស្រី ម៉ូនីកា បាន​បង្កើត CK ​ជា​សហគ្រាស​សង្គម​ដែល​ធ្វើការ​ជាមួយ​សហគមន៍​ក្នុង និង​ជិត​ទីក្រុង​ភ្នំពេញ និង​នៅ​តំបន់​ជនបទ​ក្នុង​ឆ្នាំ ២០០៩​ ដោយ​ជឿថា ​ស្ត្រី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គ្រួសារ​ងើប​ចេញពី​ភាពក្រីក្រ។

អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «គោលដៅ​របស់​យើង​គឺ​ផលិត​ផលិតផល​ធ្វើ​ដោយ​ដៃ​ដ៏​ស្រស់ស្អាត គុណភាព​ខ្ពស់ និង​តែ​មួយគត់ ខណៈពេល​​ផ្តល់ឱកាស​ការងារ​ដោយ​យុត្តិធម៌ និង​អាច​បត់បែន​បាន»។

អ្នកស្រី ​ក៏បាន​កត់​សម្គាល់​ថា អ្នកចូលរួម​ជាច្រើន​បាន​បន្ដ​រៀន​លើសពី​ម៉ោង ដោយ​​នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី គំរូ​ផលិតផល​ដំបូង​របស់​ស្ត្រី​បាន​បង្ហាញ​ពី​​ជំនាញ​របស់​ពួកគេ​ដ៏​ល្អ។

ចំណែក​អ្នកស្រី សុខ ញ៉ី​ អាយុ​៥៨​ឆ្នាំ ជា​សិប្បករ​ម្នាក់បាន​ត្បាញ​ចាក់​តុក្កតា​ជាច្រើន ​ដូចជា ​សត្វ​ក្រពើ​ដើម្បី​ចិញ្ចឹម​គ្រួសារ​រួមទាំង​កូនស្រី​ពីរ​នាក់។

បន្ទាប់​ពី​ការ​បិទ​សហគ្រាស​សង្គម Nyemo Cambodia អ្នកស្រី ញ៉ី​ បាន​ចូលរួម​ជាមួយ​ក្រុម​គាំទ្រ​ស្ត្រី​កម្ពុជា (CWSG) ដែល​បង្កើត​ឡើង​ដោយ​អ្នកស្រី​ គី កាណារី ដើម្បី​បន្ត​ចាក់​តុក្កតា​ និង​ប្រដាប់​ក្មេង​លេង​ដែល​ផលិត​ដោយ​ដៃ ដែល​ដាក់លក់​ដោយ​សហការ​ជាមួយ CK។

ភាពជា​ដៃគូ​នេះ​ផ្តល់​នូវ​ប្រាក់​ចំណូល​ដែល​ត្រូវ​ការ​ច្រើន​ដល់​ស្ត្រី ​ដូចជា ញ៉ី​ ទោះបីជា​ការ​បញ្ជា​ទិញ​នៅ​តែ​មិន​ទៀងទាត់ ដោយ​កំណត់​ស្ថិរភាព​ហិរញ្ញ​វត្ថុ​របស់​ពួកគេ។

អ្នកស្រី ញ៉ី​ បាន​និយាយ​ថា៖ «ប្រសិន​បើ​មាន​អតិថិជន​ក្នុងស្រុក​ច្រើន យើង​នឹង​អាច​រក​ប្រាក់​បាន​គ្រប់គ្រាន់​ដើម្បី​ទិញ​អង្ករ»។

ការ​ទទួល​ស្គាល់​សមិទ្ធផល

វគ្គបណ្ដុះបណ្ដាល​នេះ​បាន​បញ្ចប់​ជាមួយ​កម្មវិធី​ចែក​វិញ្ញាបនបត្រ​នៅ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ ដែល​អភិបាល​ស្រុក​សូទ្រនិគម ​គីម វណ្ណៈ ប្រគល់​វិញ្ញាបនបត្រ​ដល់​ស្ត្រី​ចំនួន​ ៣១​នាក់ ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល។

លោក​បាន​ប្រាប់​អ្នក​ចូលរួម​ដោយ​ជំរុញ​ឱ្យ​ពួកគេ​ចែករំលែក​ជំនាញ​នេះ​ទៅ​កាន់​​អ្នកដទៃ​នៅក្នុង​ភូមិ​ថា៖ «អ្នក​ទាំងអស់​គ្នា​មាន​សក្តានុពល​ក្នុង​ការ​ក្លាយ​ជា​គំរូ​សម្រាប់​អ្នកដទៃ»។

ការ​គាំទ្រ​របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​មាន​សារៈសំខាន់​ចំពោះ​ភាព​ជោគជ័យ​នៃ​គំនិត​ផ្តួចផ្តើម​នេះ​។ អ្នកដឹកនាំ​សហគមន៍​មិន​ត្រឹមតែ​បាន​លើក​ទឹកចិត្ត​ស្ត្រី​ឱ្យ​ចុះឈ្មោះ​ក្នុង​កម្មវិធី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជំរុញ​ពួកគេ​ឱ្យ​បន្ត​វគ្គ​សិក្សា​នេះ​ផងដែរ​។​

ការគាំទ្រ​នេះ​នឹង​បន្ត​មាន​សារៈសំខាន់​នៅពេលដែល​ស្ត្រី​ទាំងនេះ​ចាប់ផ្តើម​ដំណើរ​របស់​ពួកគេ​ក្នុងនាម​ជា​សិប្បករ​ជំនាញ ដោយ​ជួយ​ពួកគេ​បង្កើត​ប្រាក់ចំណូល​ប្រកបដោយ​និរន្តរភាព ខណៈពេលដែល​រួមចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

ស្ត្រី​នៅសហគ្រាស​សង្គម​ Cambodia Knits (CK) ផលិត​តុក្កតា​សត្វ និង​ប្រដាប់ប្រដា​ក្មេង​លេង​នីមួយៗ​ដែលមាន​ឈ្មោះ និង​រឿង​ប្លែកៗ ដែល​ផ្តល់ឱ្យ​ពួកគេ​នូវ​ភាពជា​បុគ្គល និង​ទាក់ទាញ​។​

សុវណ្ណ ជា​តុក្កតា​គេង​លក់​ស្កប់ស្កល់​ពណ៌​ខ្មៅ ឆ្លុះបញ្ចាំង​ពី​ចរិត​ទន់ភ្លន់​នៃ​ឈ្មោះ​ខ្មែរ​។ ធ្វើឡើង​ដោយ​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដោយ​ស្ត្រី​ខ្មែរ​ក្នុងស្រុក តុក្កតា​នេះ​​គឺជា​ដៃគូ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ទារក​។​

អ្នកស្រី ម៉ូនីកា បាន​ពន្យល់ថា៖ «​តុក្កតា​ជួយ​ដំណេកកុមារ​​រប​ស់​យើង​ទាំងអស់​មានឈ្មោះ​ចាប់ផ្តើម​ដោយ 'ស' ដែល​ភាគច្រើន​ជា​ឈ្មោះ​ខ្មែរ»។​

អ្នកស្រី​​បាន​បន្ថែមថា​៖ «​ខ្ញុំ​សង្កេតឃើញថា​ កូន​ខ្មែរ​ជាច្រើន​មានឈ្មោះ​ដោយ​ចាប់ផ្តើម​ដោយ​សំឡេង​ដូចគ្នា ហើយ​ខ្ញុំ​ចង់​គោរព​ប្រពៃណី​នោះ»។

ស្ត្រី​និង​កូនៗ​សើច ខណៈ​កំពុង​ចាក់​ត្បាញ​តុក្កតា។ រូបថត សហការី

បំបែក​វដ្ត​នៃ​ភាព​ក្រីក្រ

កិច្ចសហការ​របស់ AFTV ជាមួយ Cambodia Knits គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ធំ​ជាង​នេះ ដើម្បី​ដោះស្រាយ​ភាពក្រីក្រ​នៅ​តំបន់​ជនបទ តាមរយៈ​ការផ្តល់​ឱកាស​ការងារ​ដ៏ស្ដ្រី​មេផ្ទះ​​។​

​បើតាម​អ្នកស្រី ឈុយ សារេត នាយិកា AFTV គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការផ្លាស់​ប្តូរជីវិត​នៅក្នុង​ឃុំ​កំពង់​ឃ្លាំង​។​

​អ្នកស្រី​​បាន​និយាយ​ទៅកាន់​អ្នកចូលរួម​ថា៖ «​អ្នក​គឺជា​វីរបុរស​របស់ខ្ញុំ ។ ​អ្នក​គឺជា​អ្នកដឹកនាំ​ដំបូង​គេ​ក្នុងការ​ផ្លាស់ប្តូរ​អនាគត​នៃ​ភូមិ​របស់​អ្នក​។ អនាគត​ដែលមាន​ការងារ​ល្អ​សម្រាប់​គ្រប់​គ្រួសារ និង​មិនមាន​ប័ណ្ណ​ក្រីក្រ»​។​

កម្មវិធី​មិន​ឈប់​នៅ​វគ្គ​បណ្តុះបណ្តាល​ទេ​។ អ្នក​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ពួកគេ​ដោយ​ជោគជ័យ នឹងត្រូវ​បានផ្តល់​ជូន​រយៈពេល​សាកល្បង​រយៈពេល ៣ ខែ​ជាមួយសហគ្រាស​សង្គម​ Cambodia Knits ដែល​នាំទៅដល់​លទ្ធភាព​នៃ​ការងារ​រយៈពេល​វែង​។​

ពួកគេ​នឹង​ទទួល​បាន​ប័ណ្ណ​ ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស.) របស់​កម្ពុជា ដែល​ផ្តល់​អត្ថប្រយោជន៍ ​ដូចជា ការ​ធានា​រ៉ាប់រង​របួស​ការងារ ការ​ថែទាំ​សុខភាព និង​ប្រាក់​សោធននិវត្តន៍។

អ្នកស្រី ម៉ូនីកា​ បាន​សង្កត់ធ្ងន់ថា​​៖ «​ដោយសារ​ឱកាស​សេដ្ឋកិច្ច ស្ត្រី​វិនិយោគ​ប្រាក់​ចំណូល​របស់​ពួកគេ​ទៅក្នុង​សុខភាព ការអប់រំ និង​អនាគត​នៃ​គ្រួសារ​របស់​ពួកគេ»។​

នេះ​ជាការ​រំឭក​ដ៏​មាន​ឥទ្ធិពល​ដែល​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​គឺ​អំពី​ការផ្តល់​ការងារ​ច្រើនជាង​ការផ្តល់​ការងារ។ វា​គឺ​អំពី​ការ​កសាង​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​សហគមន៍​ទាំងមូល​។​

សិក្ខាកាម ៣១​នាក់​ក្នុង​ចំណោម ៤០​នាក់​ទទួល​បាន​​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ជំនាញ​ត្បាញ​​ចាក់​តុក្កតា​​​ពី​អំបោះ​។ រូប​សហការី​

ការពង្រីក​ឱកាស

ភាពជោគជ័យ​នៃ​កម្មវិធី​បណ្តុះបណ្តាល​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។ AFTV បានប្រកាស​រួចហើយ​ថា​នឹង​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន​នៅ​ឆ្នាំ​ខាងមុខ ដោយមាន​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ ដូចជា ហាង​កាត់ដេរ ហាង​កង់ កសិដ្ឋាន​ចង្រិត និង​ផ្ទះ​កញ្ចក់​​។​

​គម្រោង​ទាំងនេះ​នឹង​ផ្តល់នូវ​មធ្យោបាយ​បន្ថែម​សម្រាប់​គ្រួសារ​ក្នុង​តំបន់​ក្នុងការ​ទទួលបាន​ប្រាក់ចំណូល​ប្រកបដោយ​និរន្តរភាព ដោយ​ជួយ​ពួកគេ​ក្នុងការ​លើកកម្ពស់​គុណ​ភាព​ជីវិត​របស់​ពួកគេ​។​

Cambodia Knits ក៏​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​ស្ត្រី​ទាំងនេះ​។ អង្គការ​នេះ​ផលិត និង​លក់​របស់របរ​ធ្វើ​ដោយ​ដៃ​ជាច្រើន​ប្រភេទ ចាប់ពី​តុក្កតា Sleepy Snoogus ដល់​តុក្កតា​អប់រំ ដែល​ត្រូវបាន​អតិថិជន​ជាទី​ស្រឡាញ់​សម្រាប់​គុណភាព និង​ផ្ដល់​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​​សង្គម​​។​

​រាល់​ការទិញផលិតផល​ទាំង​នេះ​​ជួយផ្តល់​ការងារ​ប្រកបដោយ​ស្ថិរភាព​សម្រាប់​សិប្បករ​ទាំងនេះ រួមចំណែក​ដល់​វដ្ត​នៃ​ការផ្តល់អំណាច និង​ការកាត់បន្ថយ​ភាពក្រីក្រ៕