នៅភាគខាងជើងនៃស្រុកអន្លង់វែង ដែលជាបន្ទាយចុងក្រោយរបស់ខ្មែរក្រហម ដំបូលដែលបានរចនាថ្មីបានផ្ដល់ម្លប់ជម្រកដល់ផ្នូររបស់ ប៉ុល ពត ដែលជាមេដឹកនាំរបបខ្មែរក្រហមដែលត្រូវបានកត់ត្រាក្នុងប្រត្តិសាស្ត្រ។
គម្រោងនេះបង្កើតឡើងដោយស្ថាបត្យករកម្ពុជាវ័យក្មេងពីររូប ដោយបានជំរុញឱ្យមានការពិភាក្សាអំពីចំណុចប្រសព្វនៃប្រវត្តិសាស្ត្រ ការចងចាំ និងការផ្សះផ្សាជាតិក្នុងប្រទេសមួយ ដែលកំពុងសះស្បើយពីអតីតកាលដ៏ឈឺចាប់របស់ខ្លួន។
លោក លី សុខឃាង ជានាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលជាគម្រោងមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) បានរំឭថា៖ «មានហេតុផលជាច្រើននាំឱ្យមានការប៉ះទង្គិច និងជម្លោះជាយថាហេតុដែលកើតឡើងក្នុងវេលាចុងក្រោយនៃចលនាខ្មែរក្រហម”។
លោកបានបន្តថា៖ «ការសម្រេចចិត្តថា តើត្រូវចូលរួមក្នុងការបោះឆ្នោតឆ្នាំ ១៩៩៣ បានបង្កើតភាពតានតឹងក្នុងចំណោមមេដឹកនាំខ្មែរក្រហម»។
មេដឹកនាំរបបខ្មែរក្រហម ប៉ុល ពត ដែលទទួលខុសត្រូវលើការស្លាប់ប្រជាជនកម្ពុជារហូតដល់ពីរលាននាក់បានស្លាប់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ នៅស្រុកអន្លង់វែង ប្រទេសកម្ពុជា។
សាកសពរបស់លោកត្រូវបានបូជានៅជិតព្រំដែនថៃ ក្នុងតំបន់ជួរភ្នំដងរែក ចម្ងាយប្រហែល ១៣ គីឡូម៉ែត្រភាគខាងជើងនៃស្រុកអន្លង់វែង។កន្លែងបូជាសពត្រូវបានសម្គាល់ដោយផ្នូរដ៏សាមញ្ញមួយ មានពំនូកដី ដំបូលប្រក់ស័ង្កសី។
ថ្វីត្បិតតែផ្នូរដិតដាមអតីតកាលខ្មៅងងឹត ក៏អ្នកស្រុក និងភ្ញៀវមួយចំនួនមានជំនឿថា ការសែនព្រេន ឬបន់ស្រន់ នៅទីនោះស័ក្ដិសិទ្ធអាចនាំមកនូវជោគជ័យសំណាងល្អ។ ជំនឿនេះបានធ្វើឱ្យមានការកកើតជារានអាស្រម និងដង្វាយសែនព្រេងនៅក្បែរៗនោះ។
ផ្នូរនេះអាចចូលបានតាមរយៈផ្លូវដីទល់មុខកាស៊ីណូ Sangam Casino https://www.sangamresorts.com/ ចម្ងាយប្រហែល២០ម៉ែត្រពីផ្លូវធំឆ្ពោះទៅច្រកព្រំដែនជាំ ជាមួយប្រទេសថៃ។
អ្នកដំណើរត្រូវបានណែនាំឱ្យប្រុងប្រយ័ត្ន និងប្រកាន់ខ្ជាប់ផ្លូវដែលមានស្រាប់ ព្រោះតំបន់នោះរងការជីកកកាយយករ៉ែយ៉ាងច្រើនក្នុងអំឡុងពេលមានជម្លោះកន្លងមក។
ការរចនាដំបូលផ្នូរ ប៉ុល ពត ជារាងមឈូស ទ្រដោយសសរដែក ជានិមិត្តសញ្ញា និងតម្រូវតាមស្ថានភាពជាក់ស្ដែង។
លោក មាស មករា និង ឈឿន វ៉ាន់ណេត និស្សិតស្ថាបត្យកម្មនៅពីក្រោយការរចនាម៉ូដដំបូលនេះបានពន្យល់ថា រូបរាងសំណង់ឆ្លុះបញ្ចាំងពីទុក្ខសោក និងការជៀសមិនផុតពីសេចក្តីស្លាប់ ដែលទុកជាការរំឭកពីភាពមិនស្ថិតស្ថេររបស់មនុស្ស។
ស្ថាបត្យករវ័យក្មេងទាំងពីរបានបន្តថា៖ «មិនថាឋានៈរបស់យើងអស្ចារ្យប៉ុណ្ណាក៏ដោយ យើងទាំងអស់គ្នាប្រឈមមុខនឹងទីបញ្ចប់ដូចគ្នា។ អ្វីដែលយើងបន្សល់ទុកគឺកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់យើង»។
ខណៈពេលដែលការងាររបស់ពួកគេមានភាពទាក់ទាញ ការរចនានេះក៏រងនូវមតិចម្រូងចម្រាសផងដែរ។ អ្នករិះគន់បានលើកឡើងថា ការកែលម្អផ្នូរឡើងវិញ បីដូចជាលប់បំបាត់កេរដំណែលដ៏អាក្រក់របស់ ប៉ុល ពត ដែលដឹកនាំរបបបណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ជិតពីរលាននាក់។
យ៉ាងណាក៏ដោយ ស្ថាបត្យករបានសង្កត់ធ្ងន់ថា ចេតនារបស់ពួកគេគឺមិនមែនដើម្បីលើកតម្កើងអតីតមេដឹកនាំខ្មែរក្រហមទេ ប៉ុន្តែគឺដើម្បីបង្កើតសំណង់មួយយូរអង្វែង ដែលទប់ទល់នឹងបញ្ហាប្រឈមខាងភូមិសាស្ត្រ និងអាកាសធាតុនៅទីនោះ។
និស្សិតទាំងពីរបានពន្យល់ថា សសរដែកដែលនឹងច្រែះតាមពេលវេលា តំណាងឱ្យធម្មជាតិដ៏ខ្លីនៃអត្ថិភាពរបស់មនុស្ស ខណៈដែលដំបូលថ្លាគឺសំដៅធ្វើឱ្យមានភាពបើកចំហរ និងការបំបែកចេញពីភាពងងឹតគ្របដណ្ដប់កំឡុងការគ្រប់គ្រងរបស់ ប៉ុល ពត។
ស្ថាបត្យករវ័យក្មេងកត់សម្គាល់ថា៖ «ការរចនាមានលក្ខណៈផ្ទុយស្រឡះជាមួយនឹងសម័យដឹកនាំរបស់គាត់»។
លោក សុខឃាង ផ្តល់ទស្សនៈទូលំទូលាយដោយនិយាយថា ប៉ុល ពត ប្រកាន់ខ្ជាប់នូវជំនឿដែលថា កងកម្លាំង និងចារកម្មវៀតណាមបានចូលកាន់កាប់ជួរនៃការគ្រប់គ្រងរដ្ឋកម្ពុជា។
លើសពីនេះ លោកថា ប៉ុល ពត បន្តជឿថា ខ្មែរក្រហមអាចដណ្តើមយកកម្ពុជាម្តងទៀត។ ទស្សនៈរបស់ ប៉ុល ពត មិនអាចលើសពីការពិតបានទេ។
លោក សុខឃាង បានលើកឡើងថា៖ «ស្ទើរតែភ្លាមៗពេលដែលវៀតណាមបានបញ្ចប់ការដកទ័ពចុងក្រោយពីកម្ពុជាក្នុងឆ្នាំ ១៩៨៩ នោះ សមរភូមិយុទ្ធសាស្ត្រ (ឬចំណុចកណ្តាលនៃទំនាញ) លើអនាគតរបស់កម្ពុជា បានផ្លាស់ប្តូរពីវិស័យយោធា ទៅកាន់ឆាកនយោបាយ ដែលជាការយល់ច្បាស់របស់សម្តេចតេជោ ហ៊ុន សែន»។
ការដាក់បង្ហាញគម្រោងកែលម្អផ្នូរ ប៉ុល ពត ចំថ្ងៃទិវាសន្តិភាពរបស់ប្រទេសកម្ពុជា ដែលជាការរំឭកដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។
សម្រាប់មនុស្សជាច្រើន ថ្ងៃនេះគឺជាការរំឭកពីតម្រូវការនៃការរួបរួមជាតិ និងនីតិរដ្ឋ។ អតីតសមាជិកខ្មែរក្រហមនៅអន្លង់វែងពណ៌នាអំពីសន្តិភាពថាជាសុភមង្គល សុវត្ថិភាព និងគ្មានអំពើហិង្សា។
លោក លី សុខឃាង ជានាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាននិយាយថា៖ «ទាក់ទងនឹងទិវាសន្តិភាពរបស់កម្ពុជា អតីតខ្មែរក្រហមភាគច្រើនដែលត្រូវបានសម្ភាសបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ថា វាជាថ្ងៃមួយដ៏គួរឱ្យចងចាំនៅពេលដែលសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃបានឈានដល់ទីបញ្ចប់នៅថ្ងៃទី ២៩ខែធ្នូ ឆ្នាំ ១៩៩៨ ហើយជំនួសមកវិញដើម្បីរំឭកយើងពីតម្រូវការចាំបាច់គឺ ឯកភាពជាតិ»៕