​​ពាក់​អាវយឺត​កីឡា​ពណ៌​ខៀវ​រំលេចរូបភព​​ផែនដី​ពណ៌​បៃតង និង​ទង់ជាតិ​កម្ពុជា បង់ក្លាដែស បក់រវិចៗ​ពី​​​ក្រោយខ្នង អត្ត​ព​លិ​ក​ជនជាតិ​បង់​ក្លា​ដែ​ស Saiful Islam ហៅ​ Shanto បាន​ដើរ​ចម្ងាយ​ប្រមាណមិនតិចជាង​ ៣ពាន់​គីឡូម៉ែត្រ​ពីមាតុភូមិ​​​បង់​ក្លា​ដែ​ស ដល់​ប្រទេស​កម្ពុជា​ក្នុង​ខែមករា​នេះ​។​

បេសកកម្ម​រយៈពេល ១២ ឆ្នាំ​របស់លោក ដែលគ្រោង​នឹង​ឆ្លងកាត់​ចំនួន​ ១៩៣ ប្រទេសជុំវិញពិភពលោក​នេះ ក្នុង​​​គោលបំណង​បំផុសគំនិត​មនុស្ស​ឱ្យ «​ថែរក្សា​​ដើមឈើ​ដើម្បី​កាត់បន្ថយ​ការឡើងកម្ដៅ​​​ផែនដី​ និង​លើកកម្ពស់​ការអភិរក្ស​បរិស្ថាន»​។ លោក Shanto ក៏​សង្ឃឹមថា ការ​ដើរ​រាប់ពាន់គីឡូម៉ែត្រ​​នេះ អាចជាយុទ្ធនាការ​​ទឹកចិត្ត​ដល់​របៀប​រស់នៅដ៏សកម្ម​ ការ​ប្រកាន់ខ្ជាប់​វិន័យ និង​​​​​សុខភាព​ល្អផង​ដែរ​​។​

អត្តពលិក​​​​វ័យ ២៨​ឆ្នាំ​រូបនេះ បាន​និយាយ​ប្រាប់ភ្នំពេញប៉ុស្ដិ៍​ថា៖ «​នេះ​មិនមែន​គ្រាន់តែ​ជាការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន​ទេ វា​ជា​បេសកកម្ម​មួយ​ដើម្បី​បំផុស​ការយល់ដឹង​ជា​សកល​អំពី​ការ​ថែរក្សា​ព្រៃ​ឈើ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​»។លោក​សង្កត់ធ្ងន់ថា៖ «​រាល់​ជំហាន​ដែល​ខ្ញុំ​ធ្វើ គឺជា​និមិត្តរូប​នៃ​ការអំពាវនាវ​ឱ្យមាន​អនាគត​ដ៏​បៃតង និង​និរន្តរភាព​សម្រាប់​មនុស្សជាតិ​ទាំងអស់»​។​


Shanto ដែលជា​អ្នក​ឡើង​ភ្នំ​ជើងខ្លាំង​​​មកពី​ស្រុក Cumilla នៃ​ប្រទេស​បង់​ក្លា​ដែ​ស បានចាប់ផ្តើម​បេសកកម្ម​ «ដំណើរថ្មើរជើង​ជុំវិញពិភពលោក​» (World Travel on Foot) នៅ​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ ដោយ​ចាប់ផ្តើម​ពី​ទីក្រុងដាកា។​

លោក​បាន​រៀបរាប់​ប្រាប់ភ្នំពេញប៉ុស្ដិ៍ទៀត​ថា៖ «​ខ្ញុំ​បានបញ្ចប់​ការធ្វើដំណើរ​ឆ្លងកាត់​ប​ង់​ក្លា​ដែ​ស ឥណ្ឌា អ៊ូ​ស​បេ​គី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន នេ​ប៉ាល់ និង​ថៃ​រួចហើយ​។ ខ្ញុំ​បានមក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥ តាម​ច្រកទ្វារព្រំដែន​អន្តោប្រវេសន៍​ប៉ោយប៉ែត ​កម្ពុជា​»​។


ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ Dania ជាមួយនឹង​សញ្ញាបត្រ​ភូមិសាស្ត្រ និង​បរិស្ថាន រូប លោក Shanto សម្រេច​ចិត្ត​ឃ្លាត​ពី​ផ្ទះ​សម្បែង​ជាងមួយ​​​ទសវត្សរ៍​ ដែលជាការ​លះបង់​ដើម្បី​យុទ្ធនាការ​បៃតង។

«ដំណើរថ្មើរជើង​ជុំវិញពិភពលោក​» របស់លោក​ត្រូវបាន​​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន និងបណ្ដា​​ស្ថានទូត​នានា​នៅក្នុង​ប្រទេស​ដែល​លោក​​បាន​ដើរ​ឆ្លងកាត់​។​

យោងតាម​លិខិតផ្លូវការ​មួយ​របស់លោក Md. Saiful Islam​ ​អភិបាលក្រុង Debidwar Pourashava នៃស្រុក​ Cumilla ជាស្រុកកំណើត​របស់ Shanto ​អត្តពលិក​រូបនេះ បាន​ចូលរួម​ក្នុង​សកម្មភាព​ឡើង​ភ្នំ រត់ ដើរ និងម៉ារ៉ាតុងទាំងក្នុង និង​​ក្រៅប្រទេស​អស់​រយៈពេល ៨​ឆ្នាំ​ហើយ​។

លោកអភិបាល​បានលើកឡើង​ថា៖ «គាត់​បានបញ្ចប់​ការប្រកួតប្រជែង​ការដើរ​របស់​បង់​ក្លា​ដែ​ស​ទៅ​ឥណ្ឌា ក្នុង​ឆ្នាំ ២០២២ ដោយ​ដើរ​ចម្ងាយ​សរុប ១​៥០០ គីឡូម៉ែត្រ​។ មុននេះផង​ដែរ​ គាត់​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ស្រុក​ចំនួន ៦៤ នៃ​ប្រទេស​បង់​ក្លា​ដែ​ស​ដោយ​ថ្មើរជើង​ក្នុងចម្ងាយសរុបប្រមាណ​ ៣ពាន់គីឡូម៉ែត្រ ដោយប្រើ​​រយៈពេល ៧៥ ថ្ងៃ ផងដែរ​»​។​

លោកអភិបាល​បានសរសេរថា​៖ «​យើង​កោតសរសើរ​ចំពោះ​ភាពក្លាហាន ការតាំង​ចិត្ត និង​ការប្តេជ្ញាចិត្ត​របស់ Shanto ចំពោះ​សកម្មភាព​កីឡា និង​ឆន្ទៈ​របស់​ក្រុមយុវជន​ ហើយ​​​យើង​នឹង​ស្នើ​សុំឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ផ្តល់ជំនួយ​ចាំបាច់​ ទាក់ទង​នឹង​ការគាំទ្រ​ទិដ្ឋាការ និង​កិច្ចសហប្រតិបត្តិការ​ពី​នាយកដ្ឋាន​ប៉ូលិស​នៃ​ប្រទេស​ផ្សេងៗ​គ្នា និង​បញ្ហា​ពាក់ព័ន្ធ​ចាំបាច់​ផ្សេងទៀត​ក្នុងអំឡុងពេល​ដំណើរ​របស់គាត់»​។​

យោងតាម​លោក Md. Mazharul Islam អនុប្រធានក្រុមប្រឹក្សាទេសចរណ៍​បង់ក្លាដែស លោក Shanto បាន​ធ្វើ​ឱ្យ​មនុស្សជាច្រើនទន្ទឹង​រង់ចាំ​ ​«ដំណើរថ្មើរជើង​ជុំវិញពិភពលោក»​ ដែលនឹងប្រើពេល​ជាង​១ទសវត្សរ៍។

លោក​​លើកឡើង​ថា៖ «​​ក្នុងនាម​ជា​អ្នកជំនាញ​ដើរ​ចម្ងាយ​ឆ្ងាយ​ គាត់​គឺជា​អ្នកធ្វើដំណើរ​វ័យក្មេងដែលចាត់ទុក​ការ​ដើរ រត់ និងឡើងភ្នំ​ជា​ចំណូលចិត្ត​ប្រចាំថ្ងៃ​​។ លោក​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កិច្ចការ​របស់​អង្គ​ការ ដែល​កំពុងដំណើរកា​រ​ដ៏​លេចធ្លោ​បំផុត​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​មើល​ការខុសត្រូវ​លើ​ក្រុម​រត់ប្រណាំង 'Debidwar Runners' ដែលមាន​សមាជិក ៣ពាន់នាក់»។

«ការ​ថែរក្សាព្រៃឈើ​ដើម្បី​ភពផែនដី​» គឺជា​គោលការណ៍​លើកទឹកចិត្ត​នៃ​ការធ្វើដំណើរថ្មើរជើង​ជុំវិញ​​ពិភពលោក​របស់ Shanto​ ដែល​កំពុង​ស្ថិត​នៅ​ខេត្ត​សៀមរាប​នៅ​ចុង​ខែ​មករា​នេះ​ ក្រោយ​ពីស្នាក់នៅ​រាជធានី​​ភ្នំពេញ ដើម្បី​ដំណើរការ​ឯកសារ​មួយចំនួន​។​

នៅពេល​សួរ​នាំ​អំពី​បទពិសោធ​របស់លោក​​នៅ​កម្ពុជា ​ដែលជា​ប្រទេស​ទី​ប្រាំពីរ​នៃបេសកកម្ម​ថ្មើរជើង​ឆ្លងកាត់ ១៩៣ ប្រទេសនេះ Shanto បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ ថា​៖ «​បទពិសោធន៍​របស់ខ្ញុំ​ជាមួយ​ប្រទេស​នេះ​ និង​ប្រជាជន​ប្រទេស​នេះ​ពិតជា​អស្ចារ្យ​ណាស់​។ ដោយសារ​ខ្ញុំ​ភាគច្រើន​ដើរ​តាមផ្លូវ​ភូមិ ខ្ញុំ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ភាពសាមញ្ញ និង​ភាពកក់ក្តៅ​របស់​អ្នកភូមិ​»។

អត្តពលិក​រូបនេះ​បាន​រៀបរាប់ទៀត​ថា៖ «​នៅពេល​យប់ ខ្ញុំ​ជាធម្មតា​ស្នាក់នៅ​វិហារ​អ៊ិស្លាម​ក្នុងភូមិ ប៉ុស្តិ៍​ប៉ូលិស និងវត្តអារាម​​។ ប្រជាជន​នៅ​ទីនោះ​បានផ្តល់​អាហារ​ដល់​ខ្ញុំ និង​បង្ហាញ​ការ​រាក់ទាក់​មិនគួរ​ឱ្យ​ជឿ ដែល​ខ្ញុំ​មិនអាច​បំភ្លេចបាន​។ ​ខ្ញុំ​សូម​អរគុណ​ដោយស្មោះ​អស់ពី​ចិត្ត​ចំពោះ​ប្រជាជន​កម្ពុជាសន្តានចិត្ត​ដ៏​សប្បុរស​របស់​​ពួកគាត់ណាស់​​»​។​

ពេលវេលា​ស្នាក់នៅ​របស់លោក​នៅ​កម្ពុ​ជាពោរពេញ​ដោយ​ការចងចាំល្អៗ តែលោក​ Shanto ក៏​​ជួប​ការលំបាក​តិចតួចដែរ​ដូចជា​ការ​ស្វែងរក​អាហារ និង​ទឹក​នៅតាមផ្លូវ​ ជាពិសេស​នៅ​តំបន់ដាច់ស្រយាល​ពុំ​មានផ្ទះប្រជាជន​។ Shato ក៏​ជួបប្រទះ​បញ្ហា​ទំនាក់ទំនង​ម្តងម្កាល​ដែរ ដោយសារ​បញ្ហា​ភាសា​។​លោក​បាន​បន្ត​ថា៖ «លើសពីនេះ​ទៀត រថយន្ត​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​លើ​ដងផ្លូវ ដែល​​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ពេល​ដើរ​នៅពេល​ខ្លះ​»​។

ទោះជា​យ៉ាងនេះ​ក្តី លោក​នៅតែ​កោតសរសើរ​​ទឹកចិត្តស្រឡាញ់រាប់អាន​ និងបដិសណ្ឋារកិច្ច​ដ៏កក់ក្ដៅពី​អ្នក​ភូមិ​​ជនបទ​​ ដែលជាកម្លាំង​ចិត្តដ៏មិនងាចបំភ្លេចបាន និង​ជួយ​​​ឱ្យ​រូបលោក​ជម្នះ​ឧបសគ្គតាមផ្លូវនានា។

ក្នុង​បេសកកម្ម​ដើរជុំវិញពិភពលោក មក​ដល់ប្រទេសគោលដៅ​ទី៧​ នេះ ​លោក Shanto មានក្ដីរំភើប​ដក់​ជាប់ក្នុង​ចិត្ត​ក្រោយពី​បានស្វែងយល់​នូវ​​​​ប្រវត្តិសាស្ត្រ និង​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​ជាពិសេស ប្រាសាទអង្គរវត្ត ដែលជា​បូជនីយដ្ឋាន​សាសនា​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក។​

អត្តពលិក​​​រូបនេះ​​បាន​និយាយ​ថា៖ «ប្រាសាទ​អង្គរវត្ត​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​រូបខ្ញុំ​។ ភាព​អស្ចារ្យ និង​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ទាំងនេះ ពិតជា​គួរ​ឲ្យ​កត់សម្គាល់​ស្ញប់ស្ញែងណាស់​។ ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ប្រាសាទ​ដ៏​អស្ចារ្យ និង​ក្តី​ស្រលាញ់​ដ៏​ស្មោះស្ម័គ្រ​របស់​អ្នកស្រុក​នឹង​នៅ​ជាមួយ​ខ្ញុំ​ជា​រៀងរហូត​»។​

បន្ថែម​ពីលើ​នេះ លោក​សង្ឃឹមថា ​ភ្ញៀវទេសចរ​មកពី​ប្រទេស​បង់​ក្លា​ដែ​ស នឹង​មក​ទស្សនា​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ​នេះ​។ ដូចគ្នា​ដែរ ប្រជាជន​កម្ពុជា​នឹង​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​​​បង់​ក្លា​ដែ​ស តាមរយៈការ​ធ្វើទេសចរណ៍ទៅ​​​កាន់ប្រទេសរបស់លោក​​​ផងដែរ។

លោក Shanto បាន​និយាយ​ថា៖ «​​ការផ្លាស់ប្តូរ​ទេសចរ​ណ៍រ​វាង​បង់​ក្លា​ដែ​ស និង​កម្ពុជា​នឹង​កើនឡើង ហើយ​ទំនាក់ទំនង​ដ៏​រឹងមាំ​នឹង​ត្រូវបាន​កសាងឡើងរ​វាង​ប្រទេស​ទាំងពីរ​។ នេះ​ជា​របៀប​ដែល​ប្រទេស​ទាំងពីរ​នឹង​រីកចម្រើន​ជាមួយគ្នា​»​។​

​បន្ទាប់ពី​កម្ពុជា គម្រោង​របស់លោក​នឹង​បន្ត​ឆ្លងកាត់​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​បន្ត​ដើរ​ទៅ​​ប្រទេស​ឡាវ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី​។ គោលដៅ​មហិច្ឆតា​របស់គាត់​គឺ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ទាំង ១៩៣ ក្នុងរយៈពេល​ ១២ ឆ្នាំ ពោលគឺបញ្ចប់នៅ​កំឡុងឆ្នាំ ២០៣៦​​។​

អត្តពលិកដើរ​សឹកស្បែកជើង​​រាប់សិបគូ ដើម្បី​​ផ្សព្វផ្សាយពី​បរិស្ថានភពផែនដី​រូបនេះ បានសម្ដែង​ចំណាប់​អារម្មណ៍ថា៖​​ «​តាមរយៈ​ការបញ្ចប់​ការដើរ​របស់ខ្ញុំ​នៅ​ជាង​១ទសវត្សរ៍​ខាងមុខ​នេះ​ ខ្ញុំ​មាន​គោលបំណង​ជំរុញ​មនុស្ស​ឱ្យ​មាន​​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​វិន័យ​។ លើសពីនេះ ខ្ញុំ​ចង់​លើ​កកម្ពស់​ការយល់ដឹង​អំពី​ការការពារ​បរិស្ថាន និង​សារៈសំខាន់​នៃ​ការ​រក្សាទុក​ដើមឈើ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឡើងកម្ដៅ​​ផែនដី​។ គោលដៅ​របស់ខ្ញុំ​គឺ​ដើម្បី​ទុកឱ្យ​មាន​ផល​វិជ្ជមាន​ទាំង​លើ​ភពផែនដី និង​កា​ររស់រាន​មានជីវិត​​របស់​មនុស្ស​»​៕​