ក្រុង​កោះរ៉ុង៖ ស្ថិតនៅ​ផ្នែក​ខាង​ក្រោយដែន​​កោះរ៉ុង​ ជា​ព្រែក​កោងកាង​ដ៏​ស្ងប់សុខ​​នៅក្នុង​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដែលរំលេច​នូវ​​សម្រស់​ធម្មជាតិ និង​ការកម្សាន្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​

សហគមន៍​អេកូ​ទេសចរណ៍ ព្រែក​កោងកាង កោះរ៉ុង បាន​ឱ្យដឹងថា សហគមន៍​បាន​ចាប់​កំណើត​នៅក្នុង​ខែ​មេសា ឆ្នាំ​២០២១ ដែលមាន​ផ្ទៃ​ដីសរុប ៤០ហិកតា​ បាន​ក្លាយជា​ចំណុច​សំខាន់​នៃ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភា​។​

ក្រោម​ការ​ចុះ​អនុស្សារណៈនៃការ​យោគយល់​រវាង​សមាគម​អភិរក្ស​បរិស្ថាន និង​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព ការ​បង្កើត​សហគមន៍​នេះ​ក្នុង​គោលដៅ​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​ បង្កើត​ចំណូល និង​មុខ​របរ​។


លោក សុខ ស្រេង ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍ ព្រែក​កោងកាង កោះរ៉ុង បាន​ឱ្យដឹងថា៖ «សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោងកាង ចូលរួម​ចំណែក​បង្កើត និង​អភិវឌ្ឍ​ផលិត​ទេសចរណ៍​ថ្មីៗ​នៅក្នុង​ព្រះ​សីហនុ ក៏ដូចជា​ក្រុង​កោះរ៉ុង​»។

សហគមន៍​មាន​តួនាទី​ជួយ​អភិរក្ស ការពារ​ព្រៃ​កោងកាង​ និង​ជីវៈ​ចម្រុះ​នៅលើ​ដែន​កោះ​ដែល​មាន​ប្រជាជន​សរុប​ជិត ៤​ពាន់​នាក់​។


លោក ស្រេង បាន​លើកឡើងពី​សក្ដានុពល​ទេសចរណ៍​នៅ​តំបន់​អេកូទេសចរណ៍​ព្រែក​កោងកាង​ថា​៖ «​ចំពោះ​ថ្ងៃ​ធម្មតា យើង​ទទួល​ភ្ញៀវ​ចន្លោះ​ពី ៧០ ទៅ ១០០​នាក់​ ខណៈថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យ​ សហគមន៍​ទទួល​ភ្ញៀវ​យ៉ាង​តិច​ជាង ១០០​នាក់​ឡើង​»​។

ទិដ្ឋភាពពីលើអាកាសនៃតំបន់ព្រៃកោងកាងរបស់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងកោះរ៉ុង។ រូបថត សហការី

ក្រៅពី​សេវាកម្ម​ម្ហូប​អាហារ ដូចជា បុក​ល្ហុង​អ្នកកោះ នំប៉័ង​កៀប កាហ្វេ​កោងកាង និង​អាហារ​ប្រចាំ​តំបន់​ជា​ច្រើន​ទៀត​ សហគមន៍​ត្រៀម​ពង្រីក​បង្កើត​ផ្ទះស្នាក់​សម្រាប់​ទទួល​ភ្ញៀវ​ដែល​មាន​បំណង​ស្នាក់​អាស្រ័យ​ផង​ដែរ។

សេវាកម្ម​ទូក​កាយៈ មាន​តម្លៃ ៤ម៉ឺនរៀល (១០​ដុល្លារ) ​ដែល​ភ្ញៀវ​ទេសចរ​អាច​ជិះ​លម្ហែ​តាម​ដង​ព្រែក​ប្រវែង ១៣០០​ម៉ែត្រ ធ្លាយ​ទៅដល់​សមុទ្រ ទស្សនា​កោះ​សង្សារ​ដ៏ប្រណិត​។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ដ​ព្រះសីហនុ បាន​ឱ្យដឹងថា​៖ «​តំបន់​អេកូ​ទេសចរណ៍​ប្រែក​កោងកាងនេះ​មាន​សម្រស់​ធម្មជាតិ​ពិត​ជា​ស្រស់​ស្អាត​ណាស់​ ហើយ​នៅ​កោះរ៉ុង​នេះ​មិន​ត្រឹម​តែមាន​ឆ្នេរ​ដ៏​ទាក់ទាញ​ប៉ុណ្ណោះទេ ប៉ុន្ដែ​​យើង​មាន​ព្រៃ​ភ្នំ ព្រៃកោងកាង រួមទាំង​ធនធាន​នៅ​ក្រោម​បាត​សមុទ្រដ៏​ច្រើន​​ថែម​ទៀត​»។

លោក​បាន​បន្ដថា លើសពី​ធនធាន​ធម្មជាតិ កោះរ៉ុង​មាន​ហេដ្ឋារសម្ព័ន្ធសម្បូរ​បែប រួមទាំង​ទូក​ល្បឿន​លឿន ដែល​ផ្ដល់​ឱ្យ​ភ្ញៀវ​សុវត្ថិភាព និង​ផាសុកភាព ក៏ដូចជា​សេវាកម្ម​ និង​អនាម័យ​បរិស្ថាន​​។

លោក ម៉ាង ស៊ីណេត អភិបាលខេត្ដព្រះសីហនុ ដឹកនាំមន្ដ្រីដាំកូនកោងកាង ១ពាន់ដើមកាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ រូបថត សហការី

លោក ឌីម៉ង់ បាន​បញ្ជាក់ថា ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន និង​ស្នាក់​នៅ​បាន​យូរ មានតែ​ការ​កែច្នៃ​បង្កើត​ជា​រីសត​ បន្ថែម​ពី​លើ​ធនធាន​ធម្មជាតិ​។

លោក​បាន​ថ្លែង​ថា​៖ «​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​សិប​លាន​នាក់​ក្នុងមួយ​ឆ្នាំ​ៗ​ ដោយសារតែ​រីសត​។ រីសត​នោះ គឺជា​សណ្ឋាគារ​ធំៗ ដែល​មាន​អ្នក​ជំនាញ​ឌីហ្សាញ​ឱ្យ​មាន​ភាព​ទាក់ទាញ ដោយ​ភ្ញៀវ​អាច​ចំណាយ​ពេល​ស្នាក់​នៅ​មួយ​អាទិត្យ ក៏​មិន​ធុញទ្រាន់ផង​»។

លោក ឌីម៉ង់ បាន​លើក​ទឹកចិត្ដ​ឱ្យ​អ្នក​វិនិយោគ​ធ្វើ​កែច្នៃបង្កើត​រីសត​ប្រណីត​ៗ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មកពីជុំវិញ​ពិភពលោក​។

ក្រុមអ្នកសារព័ត៌មានប្រមាណ ៦០នាក់មកពី ៣០ស្ថាប័នទៅទស្សនកិច្ចនៅតំបន់អេកូទេសចរណ៍ព្រែកកោងកាងកោះ។ រូបថត ហុង រស្មី

លោក ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ដ​ព្រះសីហនុ បានឱ្យដឹង​កាលពីដើម​ខែធ្នូ ឆ្នាំ​២០២៤ ថា ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២៤ ថា លោក និង​លោក Sun Shuxian អនុរដ្ឋមន្ត្រី​ក្រសួង​ធនធានធម្មជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក ជា សំអាង រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ចូលរួម​សកម្មភាព​លើកស្ទួយ​បរិស្ថាន និង​បង្កើត​ជីវៈចម្រុះ​នៅ​តំបន់​ព្រែក​កោង​កាង​។​

លោក​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​៖ «​យើង​ចូលរួម​ពី​ធី​ដាំ​កូន​កោង​កាង​ចំនួន ១​ពាន់​ដើម និង​ពិធី​ប្រលែង​កូន​ត្រី និង​ក្តាមថ្ម​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង រួមទាំង​ដាក់​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​នៅក្នុង​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ស្ថិតនៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​»​។​

កោះរ៉ុង​ត្រូវបាន​កំណត់ជា​ទីក្រុងកោះរ៉ុង​ ដែល​​មាន​ចំនួន ៤ ភូមិ គឺភូមិ​កោះតូច ភូមិ​ដើមថ្កូវ ភូមិ​​ព្រៃស្វាយ និង​ភូមិ​សុខសាន្ដ។ ​

លោក នួន ប៊ុនថុល អភិបាល​ក្រុង​កោះរ៉ុង បាន​ឱ្យដឹងថា ជាច្រើនជំនាន់មកហើយ អ្នកស្រុកនៅលើកោះនេះពឹងផ្អែកលើទឹកដ៏សម្បូរបែបជុំវិញកោះរ៉ុង ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេ ជាមួយនឹងការនេសាទជា​ប្រចាំ​។

លោក​បាន​និយាយថា​៖ «​ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវិស័យទេសចរណ៍ចាប់ផ្តើមរីកចម្រើននៅ​កម្ពុជា សេដ្ឋកិច្ចរបស់កោះនេះបានផ្លាស់ប្តូរ ហើយអ្នកភូមិជាច្រើនបានងាកទៅរកសេវាកម្មដែលទាក់ទងនឹងទេសចរណ៍ដើម្បីទទួលបានប្រាក់ចំណូលប្រកបដោយនិរន្តរភាព»។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​បាន​គាំទ្រ​ការផ្លាស់ប្តូរ​របស់​កោះរ៉ុង​ទៅជា​គោលដៅ​ទេសចរណ៍​ទំនើប​។​ ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​សាងសង់​ផ្លូវ​បេតុង​ប្រវែង ៤០ គីឡូម៉ែត្រ​ជុំវិញ​កោះ ដោយ​បង្កើន​ការតភ្ជាប់​រវាង​ភូមិ​របស់ខ្លួន រួម​ទាំង​បណ្ដាញ​​​អគ្គិសនី ដែល​ត្រូវ​បាន​ពង្រីក​ពី​តា​រ៉ាសាគរ​៕