
ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ជាភ្នំថ្មដ៏ធំសម្រាប់គយគន់ទេសភាពព្រៃព្រឹក្សា ៣៦០ដឺក្រេ។ រូបភាព ភ្នំពេញប៉ុស្ដិ៍
ខេត្ដមណ្ឌលគិរី៖ ស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ខេត្ដមណ្ឌលគិរី មានភាពទាក់ទាញចំពោះសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ដែនជម្រកសត្វព្រៃ និងវប្បធម៌ជនជាតិដើមភាគតិច។
ភាពស្រស់ត្រកាលនោះ រួមមានជួរភ្នំស្មៅរលករលីង ទឹកធ្លាក់ ព្រៃក្រាស់នៃដែនការពារ និងជីវចម្រុះជាច្រើនទៀត។
យ៉ាងណាមិញ ដែនដីខេត្ដដ៏ធំមួយនេះ នៅមានទីតាំងសក្ដានុពលទេសចរណ៍ធម្មជាតិជាង១០០កន្លែងទៀតសម្រាប់ភ្ញៀវទេសចរណ៍ទៅកម្សាន្ដ។
លោក ងិន សុវិមាន អភិបាលរងខេត្ដមណ្ឌលគិរី បានឱ្យដឹងថា៖ «ក្រៅពីអាកាសធាតុត្រជាក់ជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ មណ្ឌលគិរី មានសក្ដានុពលទេសចរណ៍ ១០៦កន្លែង ក៏ដូចជាវប្បធម៌ជនជាតិដើមភាគតិច»។
ច្បាស់ណាស់ មណ្ឌលគិរី មានភាពល្បីល្បាញនូវទឹកធ្លាក់ជាច្រើន រួមមាន ទឹកជ្រោះប៊ូស្រាដ៏ពេញនិយម ទឹកធ្លាក់សែនមនោរម្យ រម្យនា ឡេងអន និងឡេងឃិនជាដើម ដែលអាចទាក់ទាញអ្នកស្រឡាញ់ធម្មជាតិមកពីគ្រប់ទិសទី។

ភ្នំដោះក្រមុំ ទីឋានពិសិដ្ឋសម្រាប់អ្នកមានជំនឿ និងទេសចរគយគន់ទេសភាពក្រុងសែនមនោរម្យ។ រូបភាព ភ្នំពេញប៉ុស្ដិ៍
ទឹកដីភាគឦសាននេះនៅមានតំបន់អេកូទេសចរណ៍ ដែនជម្រកសត្វព្រៃ រួមទាំងដែនជម្រកសត្វព្រៃភ្នំព្រិច និងស្រែពក ដែលផ្ដល់ជម្រកដល់សុខសាន្ដដល់សត្វព្រៃ និងទេសចរបែបធម្មជាតិផងដែរ។
លោក សុវិមាន បានថ្លែងថា៖ «ចំណោមសក្ដានុពលជាង១០០នេះ លោកបានបញ្ជាក់ថា មានតែរមណីយដ្ឋានទឹកជ្រោះប៊ូស្រាមួយប៉ុណ្ណោះកំពុងត្រូវបានអភិវឌ្ឍ ហើយប្រតិបត្ដិករទេសចរណ៍ទាំងអស់ដំណើរការដោយម្ចាស់ជាជនជាតិខ្មែរ»។
មណ្ឌលគិរី មានផ្ទៃដី ១៤ ២៨៨ គីឡូម៉ែត្រការ៉េ បែងចែកជាក្រុង ១ មាន ៤ ស្រុក ៤ សង្កាត់ ១៧ ឃុំ និង ៩២ ភូមិ ដែលមានប្រជាពលរដ្ឋសរុបជាង ១០ម៉ឺននាក់។
ខេត្ដមណ្ឌលគិរី មានដែនជម្រកសត្វព្រៃចំនួន ៥ កន្លែង ដែលមានសក្ដានុពលអភិវឌ្ឍវិស័យអេកូទេសចរណ៍ ធនធានរ៉ែមាស និងរ៉ែបុកស៊ីតជាដើម។
ស្ថាប័នពាក់ព័ន្ធមានគម្រោងបង្កើតមជ្ឈមណ្ឌលជនជាតិដើមភាគតិច ចងក្រងនូវប្រពៃណី ទំនៀមទម្លាប់ជនជាតិដើមភាគតិច ដែលមាន ៨ រួមមាន ពូនង គួយ ចារ៉ាយ ថ្មូន រដែជាដើម។
លោកបានលើកឡើងថា ភ្ញៀវទេសចរដ៏ច្រើនលើសលប់ជាពលរដ្ឋខ្មែរក្នុងស្រុក ជាមួយអត្រាជាង ៤០ម៉ឺននាក់ក្នុងឆ្នាំ២០២៤ ខណៈទេសចរបរទេសមានតែជាង ៦ពាន់នាក់ប៉ុណ្ណោះ។

ទឹកជ្រោះប៊ូស្រា ជាទីធ្លាក់ធំបំផុត និងពេញនិយមបំផុតនៅក្នុងខេត្ដមណ្ឌលគិរី។ រូបថត ភ្នំពេញប៉ុស្ដិ៍
យ៉ាងណាមិញ លោកបានអះអាងថា ស្ថានភាពទេសចរណ៍ក្នុងខេត្ដមណ្ឌលគិរីមានការកើនឡើងលើសឆ្នាំ២០១៩ មុនកូវីដ-១៩ ឬជាង ៧០ភាគរយ។
លោក សុវិមាន បានថ្លែងប្រាប់ប្រធានក្លិបអ្នកកាសែតកម្ពុជា (CCJ) ដែលដឹកនាំក្រុមអ្នកសារព័ត៌មានជាង ២០ស្ថាប័នទៅផ្សព្វផ្សាយសក្ដានុពលនានារបស់ខេត្ដមណ្ឌលគិរីថា៖ «បច្ចុប្បន្ននេះ មាន ១៥គម្រោង ដែលក្រុមហ៊ុនក្នុងស្រុកមានចំណាប់អារម្មណ៍ធ្វើការវិនិយោគលើគម្រោងអេកូទេសចរណ៍ ដែលមានទំហំផ្ទៃដីក្រោម ១០ហិកតានីមួយៗក្នុងដែនជម្រក»។
កត្ដាដែលនាំឱ្យមានកំណើនភ្ញៀវទេសចរលើសមុនវិបត្ដិជំងឺរាតត្បាតសកល លោកអភិបាលខេត្ដរង បានឱ្យដឹងថា ការបំពាក់ភ្លើងបំភ្លឺ ការរៀបចំទំនប់ទឹកលើ និងក្រោម ការអភិវឌ្ឍសួនច្បារ ក៏ដូចជាការផ្សព្វផ្សាយតំបន់ទេសចរណ៍មួយចំនួនទៀត ជាពិសេស ភ្នំណាមលៀរ ទំហំ ២៤ហិកតា។
ជាមួយមហិច្ឆតាទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ខេត្ដមណ្ឌលគិរីបន្ដបើកទូលាយដល់ការវិនិយោគវិស័យទេសចរណ៍ ជាពិសេស ការលើកទឹកចិត្ដវិនិយោគអេកូទេសចរណ៍ក្រោមផ្ទៃដី ១០ហិកតា។
លោកបានបង្ហាញថា តំបន់អេកូទេសចរណ៍បែបសហគមន៍អណ្ដូងក្រឡឹង ជាកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការដៃគូ បានបង្កើតសក្ដានុពលសម្រាប់ភ្ញៀវទេសចរបានទស្សនាសត្វស្វា ខណៈជំរំដំរីប្រមាណ ៨ក្បាល ទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ។
លោក សុវិមាន បានបន្ដថា៖ «បច្ចុប្បន្ន មណ្ឌលគិរី មានសេវាកម្មស្នាក់ជាង ២ពាន់បន្ទប់ ហើយលោកទទួលស្គាល់ថា នៅពេលមានបុណ្យទានធំៗ ខេត្ដភាគឦសានមួយនេះផ្ដល់សេវាកម្មមិនគ្រប់គ្រាន់ដែរ តែមិនមានចំនួនច្រើនដូចកាលមុនៗនោះទេ»។
លោកមើលឃើញថា ជនជាតិចិនបានមកស្នាក់នៅតាមរីសតនានាក្នុងខេត្ដមណ្ឌលគិរី តែលោកមិនទាន់បានដឹងថា ពួកគេគ្រាន់តែមកស្នាក់នៅ ឬក៏មកវិនិយោគលើវិស័យអ្វីមួយក្នុងខេត្ដនេះ។
ជាមួយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស ពេលនេះមានក្រុមហ៊ុនបរទេសចំនួនពីរកំពុងចូលចែចូវក្នុងការអភិវឌ្ឍព្រលានយន្ដហោះក្នុងខេត្ដមណ្ឌលគិរី។