មុនពេលថ្ងៃរះ កសិករ​ ឆាត ឈឿម បានឡើងទៅ​ដល់​ចុង​ត្នោតរួច​ទៅ​​ហើយ ដើម្បី​យក​បំពង់​ដែល​ពេញ​ដោយ​ទឹក​ត្នោត និង​ជំនួស​ដោយ​បំពង់​ថ្មី។​

កសិករដែលរស់នៅក្នុងភូមិធ្លក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនេះ បានប្រកប​មុខ​របរ​ជា​អ្នក​ឡើង​ត្នោត​ប្រមាណ ២០​ឆ្នាំ​មក​ហើយ ដោយ​ជា​រៀង​រាល់​ថ្ងៃ លោក​ឡើង​ដើម​ត្នោត​ជាង ២០​ដើម ទាំង​ព្រឹក​ទាំង​ល្ងាច ដើម្បី​យក​ទឹក​ត្នោត​មក​ធ្វើ​ជា​ស្ករ​ត្នោត​​ធម្មជាតិ។

បុរសវ័យជាង ៥០ឆ្នាំរូបនេះ ​ធ្វើ​ការងារ​ឡើងត្នោត​ដោយ​ក្ដី​ស្រឡាញ់ និងជាប្រពៃណី ដើម្បី​ផ្គត់ផ្គង់គ្រួសារ ខណៈ​ដែល​អ្នក​ប្រកប​របប​ដូច​គ្នា​នេះ​នៅ​ក្នុង​ភូមិ បាន​បោះ​បង់​ចោលដោយ​កត្តា​ផ្សេងៗ ហើយ​មិន​មាន​ក្មេង​ជំនាន់​ក្រោយ​ណា​មក​ចាប់​របរ​នេះ​ទេ។​


ជា​រៀង​រាល់​ថ្ងៃ លោក ឆាត ឈឿម អាច​ផលិត​ស្ករ​ត្នោត​ធម្មជាតិ​បាន​ប្រមាណ​ពី ២០ ទៅ​ ៣០​គីឡូក្រាម អាស្រ័យ​លើ​អាកាសធាតុ​ល្អ ដែល​អំណោយ​ផល​ដល់​ការ​ផលិត​ទឹក​ត្នោត។ ស្ករ​ត្នោតធម្មជាតិ​របស់​កសិករខាងលើនេះ លក់​ក្នុង​តម្លៃ​ដុំជាង​ ៥ពាន់​រៀល​ក្នុង​មួយ​គីឡូ​ ចំណែក​តម្លៃ​រាយ អាច​លក់ក្នុង​តម្លៃជាង​ ៦​ពាន់​រៀល។

បើទោះ​បី​ជា​​របរ​នេះ​​​មិន​សូវ​មាន​អ្នក​ធ្វើ​ក៏​ដោយ ប៉ុន្តែលោកក៏​ជួបប្រទះនូវ​បញ្ហា​មួយ​ចំនួន​ផង​​ដែរ ដូចជា​ការ​ប្រើ​កម្លាំងឡើង​​ទៅ​លើ​ដើម​ត្នោតជា​រៀង​រាល់​ថ្ងៃ​ និង​ការ​រក​ស៊ី​មិន​ស្មោះ​ត្រង់​របស់​ឈ្មួញខ្លះ ​ដែល​ទិញ​ស្ករ​ត្នោត​សុទ្ធ យក​ទៅ​លាយ​ជាមួយ​គ្រឿង​ផ្សំ​ផ្សេងៗ ឬលាយស្ករសជាដើម ដើម្បី​ផលិត​ស្ករ​ក្នុង​បរិមាណ​ច្រើន និង​លក់​ក្នុង​តម្លៃ​ទាប ចំណេញ​​លឿន។​


​យ៉ាង​ណា​ក៏​ដោយ ស្ករ​ត្នោត​របស់​លោក ឆាត ឈឿម មានការពេញ​និយម​ណាស់នៅ​ក្នុង​ភូមិ រហូតអ្នក​ភូមិ​ដែល​មាន​សាច់​ញាតិ​នៅ​បរទេសដូច​ជានៅ​អូស្ត្រាលី និង​អាមេរិក តែង​​ទិញស្ករ​របស់​គាត់​​ជាច្រើន​គីឡូ ដើម្បី​ផ្ញើ​ទៅ​បងប្អូនរបស់ពួក​គេ នេះក៏ដោយសារ ការប្តេជ្ញាចិត្តរបស់លោក ឈឿម ដែលបន្ត​ផលិត​ស្ករ​ត្នោត​តាម​ប្រពៃណី​ និង​ធម្មជាតិ​សុទ្ធ​សាធ។

លោក ឈឿម ​ជឿជាក់​ថា ស្ករ​ត្នោត​ដែលមាន​គុណភាព​ល្អ​ នៅ​តែ​មាន​តម្រូវ​ការ​ពី​អ្នក​ប្រើ​ប្រាស់ ជា​ពិសេស​អ្នក​ដែល​គិត​ពី​សុខភាព ​ផលិតផល​ធម្មជាតិ និងអ្នក​ដែលគាំទ្រ​ដល់​កសិករ​ផលិត​ស្ករ​ត្នោត​ដោយ​ភាព​ស្មោះ​ត្រង់៕