
វិចិត្រករខ្មែរ-បារាំង កញ្ញា អាដាណា ម៉ម ឡេហ្គ្រោ នឹងបើកដំណើរការពិព័រណ៍ «ដំណើរស្វែងរកខ្លួនឯង៖ ការលាតត្រដាងពីជម្រៅដួងចិត្ដ» នៅថ្ងៃពុធ ទី ២១ ខែឧសភា នៅ Station 350។ រូបថត សហការី
ភ្នំពេញ៖ ការតាំងពិព័រណ៍សិល្បៈថ្មីមួយដែលបើកក្នុងខែនេះ ផ្ដោតលើសុខភាពផ្លូវចិត្ត និងការព្យាបាលឡើងវិញដែលត្រូវបានយកមកពិភាក្សាក្នុងវេទិកាសាធារណៈ។
ក្រោមចំណងជើងថា «ដំណើរស្វែងរកខ្លួនឯង៖ ការលាតត្រដាងពីជម្រៅដួងចិត្ដ» ការតាំងពិព័រណ៍ដោយវិចិត្រករខ្មែរ-បារាំង កញ្ញា អាដាណា ម៉ម ឡេហ្គ្រោ នឹងបើកដំណើរការនៅថ្ងៃពុធ ទី ២១ ខែឧសភា នៅ Station 350 ដោយសហការជាមួយមជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO)។
កម្មវិធីនេះលើកឡើងពីបញ្ញាផ្លូវចិត្តផ្ទាល់ខ្លួនរបស់កញ្ញា អាដាណា និងស្វែងយល់ពីគំនិត Jungian នៃភាពជាបុគ្គល—ដំណើរការនៃការរួមបញ្ចូលបទពិសោធន៍ស្វែងរកខ្លួនឯង។
កញ្ញា អាដាណា បានឱ្យដឹងថា៖ «ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញនូវសិក្ខាសាលាជាបន្តបន្ទាប់ដែលនិយាយអំពីបញ្ហារបស់មនុស្សជំនាន់ក្រោយ ដែលសហការដឹកនាំដោយ CTRO និងចូលរួមដោយតារាសម្តែង ប៉ែន ចំរ៉ុង និងសកម្មជនបរិស្ថាន តាន់ គឹមសួរ»។
វគ្គទាំងនេះមានគោលបំណងណែនាំអំពីក្របខណ្ឌចិត្តសាស្ត្រ និងមធ្យោបាយព្យាបាលវិបត្ដិផ្លូវចិត្ដ ជាពិសេសក្នុងចំណោមប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយសំណល់នៃសង្គ្រាម ការផ្លាស់ទីលំនៅ និងភាពស្ងៀមស្ងាត់នៅគ្រប់ជំនាន់។

លោកបណ្ឌិត អ៊ាន និល មកនិយាយលើប្រធានបទសំខាន់នៃរបួសផ្លូវចិត្ដ រួមជាមួយ តារាសម្តែង ប៉ែន ចំរ៉ុង និងសកម្មជនបរិស្ថាន តាន់ គឹមសួរ។ រូបភាព សហការី
សិល្បករស្វែងរកការព្យាបាលតាមរយៈសិល្បៈ
ថ្លែងនៅមុនព្រឹត្តិការណ៍នេះ កញ្ញា អាដាណា បាននិយាយថា ការតាំងពិព័រណ៍នេះកើតចេញពីការប្រឈមមុខផ្ទាល់ខ្លួន និងព្យាយាមបំបែករនាំងវប្បធម៌ជុំវិញជំងឺផ្លូវចិត្តនៅកម្ពុជា។
កញ្ញាបាននិយាយថា៖ «ខ្ញុំតែងតែជឿថា សិល្បៈអាចដើរតួជាកញ្ចក់សម្រាប់ការស្វែងរកខ្លួនឯង។ គម្រោងនេះបានចាប់ផ្តើមជាមួយនឹងការស្វែងរកការព្យាបាលខ្លួនឯង។ ខ្ញុំចង់លាតត្រដាងបញ្ហានោះដល់អ្នកដទៃ ដើម្បីអនុញ្ញាតឱ្យពួកគេមើលឃើញថា មានអ្វីកើតឡើងនៅពេលដែលយើងគេចវេសពីបញ្ហានៃការឈឺចាប់ ហើយចាប់ផ្តើមប្រឈមជាមួយវា»។
កញ្ញា អាដាណា ជឿថា ការយល់ដឹងអំពីអត្ថិភាពរបស់មនុស្សម្នាក់គឺជាគន្លឹះក្នុងការស្វែងរកគោលបំណង។ កញ្ញាបានអញ្ជើញសាធារណជនឱ្យចូលរួមដោយបាននិយាយថា ការសម្រេចចិត្តចាប់ដៃគូជាមួយ CTRO កើតចេញពីគោលបំណងរួមគ្នាក្នុងការអប់រំសុខភាពផ្លូវចិត្តតាមសហគមន៍។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការងាររបស់ CTRO ត្រូវបានចាក់ឫសក្នុងវិទ្យាសាស្ត្រ ក្តីមេត្តា និងការតស៊ូមតិ។ ពួកគេកំពុងធ្វើឱ្យបញ្ហារបួសផ្លូវចិត្ដ និងការឈឺចាប់ពីជំងឺមហារីកអាចក្លាយប្រធានបទទូលំទលាយនៅក្នុងប្រទេសកម្ពុជា។ យើងចង់ឱ្យការតាំងពិព័រណ៍នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវឧបករណ៍ផ្សព្វផ្សាយចំណេះដឹងផងដែរ»។
ផ្លូវចិត្ដជាកេរដំណែលជាតិ
កញ្ញា អាដាណា បានពន្យល់ថា ការទទួលស្គាល់ការគូរគំនូរតែមួយមុខ ប្រហែលជាមិនមែនជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្ហាញសារនោះទេ កញ្ញាបានសម្រេចចិត្តប្រើការតាំងពិព័រណ៍ជាវេទិកាមួយ ដើម្បីអញ្ជើញលោកបណ្ឌិត អ៊ាន និល មកនិយាយលើប្រធានបទសំខាន់នៃរបួសផ្លូវចិត្ដ។
កញ្ញាបានសង្កត់ធ្ងន់ថា វិបត្ដិរបួសជាបញ្ហាចាក់ឫសយ៉ាងជ្រៅដែលប៉ះពាល់ដល់ប្រជាជាតិទាំងមូល និងបន្តអូសបន្លាយច្រើនជំនាន់។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ទោះបីជាវិទ្យាសាស្ត្រទើបតែចាប់ផ្តើមថ្មីៗនេះដើម្បីស្វែងយល់ពីរបួសអន្តរជំនាន់ក៏ដោយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រធានបទនេះសមនឹងទទួលបានការយកចិត្តទុកដាក់កាន់តែច្រើន ជាពិសេសនៅពេលនេះ នៅពេលដែលមនុស្សកំពុងត្រៀមខ្លួនស្តាប់កាន់តែច្រើនឡើង»។
កញ្ញា អាដាណា បានទទួលស្គាល់ថា ការពិភាក្សាអំពីវិបត្ដផ្លូវចិត្ដគឺជាបញ្ហាប្រឈម ប៉ុន្តែកញ្ញាមានទំនុកចិត្តថាមនុស្សជំនាន់ក្រោយត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងដំណើរការព្យាបាលដ៏ស្មុគស្មាញនេះ។
ដោយបានធ្វើការអស់រយៈពេលជាង ២ ទសវត្សរ៍ក្នុងវិស័យព្យាបាលរបួស វេជ្ជបណ្ឌិត អ៊ាន និល បាននិយាយថា បញ្ហាដំបៅផ្លូវចិត្ដត្រូវតែត្រូវបានដោះស្រាយទាំងកម្រិតបុគ្គល និងសមូហភាព។
កញ្ញា អាដាណា បានឱ្យដឹងថា៖ «មិនដូចឪពុកម្តាយ និងជីដូនជីតារបស់យើង ដែលមិនអាចជាសះស្បើយពីរបួសបានពេញលេញនោះទេ ពួកយើងមានការទទួលខុសត្រូវក្នុងការប្រឈមមុខ និងផ្លាស់ប្តូររបួសដែលបានទទួលមរតកទាំងនេះ»។
ដំណើររួមឆ្ពោះទៅរកការព្យាបាល
កញ្ញា អាដាណា ចែករំលែកថា កញ្ញាបានសហការជាមួយលោក ប៉ែន ចំរ៉ុង និងលោក តាន់ គឹមសួរ លើព្រឹត្តិការណ៍ផ្សេងៗ ដោះស្រាយបញ្ហាបរិស្ថាន និងសង្គម។
កញ្ញាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលខុសត្រូវរបស់ពួកគេក្នុងការរួមចំណែកជាវិជ្ជមានដល់ប្រទេស។
ព្រឹត្តិការណ៍នាពេលខាងមុខ គឺជាការផ្តោតទៅលើចិត្តវិទ្យា បន្ទាប់ពីកិច្ចសហការដ៏ជោគជ័យជាមួយ CTRO ក្នុងខែសីហា ឆ្នាំ ២០២៣ ដែលព្រះតេជគុណ គូ សុភាព បានពិភាក្សាអំពីសុខភាពផ្លូវចិត្ត។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «សិល្បៈគឺជាឧបករណ៍ដ៏មានអានុភាពយ៉ាងជ្រាលជ្រៅ ដែលយើងទាំងអស់គ្នាអាចប្រើដើម្បីព្យាបាល ស្វែងយល់ និងឆ្ពោះទៅមុខ»។
សម្រាប់ការចូលរួមពិព័រណ៍គឺឥតគិតថ្លៃសម្រាប់សាធារណជន។ អ្នកជំនាញសុខភាពផ្លូវចិត្ត សិស្សានុសិស្ស អ្នករស់រានមានជីវិត និងសាធារណជនទូទៅត្រូវបានលើកទឹកចិត្តឱ្យចូលរួម៕