ទស្សនីយភាព​ពិសេស​នឹង​កើត​មាន​នៅ​ផ្លូវ​ថ្មើរ​ជើង​រាជធានី​ភ្នំពេញ​នា​ចុង​សប្ដាហ៍​នេះ ក្នុង​ព្រឹត្តិការណ៍​បើក​ជា​ផ្លូវការ​នូវ​ «ឆ្នាំ​ទេសចរណ៍ កម្ពុជា-ចិន ២០២៥» ដោយ​មាន​ការ​សម្ដែង​សិល្បៈ​រួមគ្នា​រវាង​កម្ពុជា និង​ចិន។​


យោង​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​ ព្រឹត្តិការណ៍​ «ឆ្នាំ​ទេសចរណ៍ កម្ពុជា-ចិន ២០២៥» នឹង​បើក​នៅ​ថ្ងៃ​ទី២៣​ខែ​ឧសភា ​នៅ​សាល​សន្និសីទ​ចតុម្មុខ ដោយ​មាន​ការ​សម្តែង​ទស្សនីយភាព​សិល្បៈ​រួម​គ្នា ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ទេសចរណ៍​ និង​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា។

ប៉ុន្តែ ព្រឹត្តិការណ៍​ដែល​មហាជន​អាច​ចូលរួម​ដោយ​សេរី​គឺ​នៅ​ថ្ងៃ​​ទី​២៤ និង​ថ្ងៃ​ទី២៥ ខែ​ឧសភា ដោយ​មាន​ការសម្តែង​ទស្សនីយភាព​សិល្បៈ​រួមគ្នា ដែល​នឹង​ធ្វើ​ឡើង​នៅ​បរិវេណ​សួនច្បារ​ តេជោមាស​តេជោយ៉ត ​តាម​បណ្តោយ​ផ្លូវ​ថ្មើរ​ជើង​មាត់​ទន្លេ​ចតុមុខ។


ក្រសួង​ទេសចរណ៍​ថ្លែង​ថា៖ «ការរៀបចំ​ព្រឹត្តិការណ៍​នេះ ជា​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពីថ្ងៃ​ទី១៧ ដល់ថ្ងៃទី១៨ ខែ​មេសា ឆ្នាំ២០២៥ ដោយ​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ឯកភាព​កំណត់​យក​ឆ្នាំ​២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។


ក្រសួងទេសចរណ៍​ ​អំពាវនាវ​ដល់​សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែក​ឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ នានា ​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ។


យ៉ាងណា​ក៏​ដោយ​ ការ​សម្ដែង​សិល្បៈ​អម​ដោយ​ការ​បង្ហាញ​ទេពកោសល្យ​វប្បធម៌​នេះ មិន​មែន​ជា​លើក​ទី១​ទេ គឺ​ធ្លាប់​បាន​ធ្វើ​ឡើង​ជា​ច្រើន​ឡើង​រួច​ហើយ កាល​ពី​ឆ្នាំ​មុន ដោយ​ការ​សម្ដែង​ធ្វើ​ឡើង​ទាំង​នៅ​កម្ពុជា និង​ចិន។ ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ការ​សម្ដែង​គុន​ល្បុក្កតោ​ និង​ក្បាច់​គុន​សាវលីញ។

លោក ឈត ប៊ុនថង អ្នក​ជំនាញ​ផ្នែក​ការ​ស្រាវជ្រាវ​ទេសចរណ៍ នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ឃើញ​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ជា​រឿង​ល្អ ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ។ ប៉ុន្តែ​ថា​តើ វា​មាន​ឥទ្ធិពល​កម្រិត​ណា​នោះ វា​អាស្រ័យ​លើ​ការ​វាស់​ស្ទង់​ជាក់​ស្ដែង។

លោក ឈត ប៊ុនថង៖ «ថាតើ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​អាច​ទាក់​ទាញ​ទេសចរ​បាន​កម្រិត​ណា វា​ពិបាក​វាស់​វែង​ណាស់ ប៉ុន្តែ ការ​ធ្វើ​ប្រសើរ​ជាង​មិន​ធ្វើ។ នៅ​ពេល​យើង​ធ្វើ មាន​អ្នក​ចូលរួម​ផ្ទាល់ មាន​ការ​ផ្សព្វផ្សាយ ទាំង​ផ្លូវ​ការ​និង​មិន​ផ្លូវ​ការ ដែល​នឹង​នាំ​ព្រឹត្តិការណ៍​នេះ​ទៅ​ដល់​ប្រជាពលរដ្ឋ​ចិន និង​ខ្មែរ និង​មនុស្ស​លើ​ពិភពលោក​ដែល​គេ​អាច​មើល​ឃើញ»។

លើស​ពី​នេះ​ទៀត លោក ប៊ុនថង ថ្លែង​ថា៖ «ការ​រៀបចំ​ព្រឹត្តិការណ៍​ទាំង​នេះ​ក៏​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេស​ដែល​រៀប​ចំ​សុទ្ធ​តែ​ជា​ប្រទេស​មាន​សន្តិសុខ សណ្ដាប់​ធ្នាប់​ល្អ និង​មាន​សន្តិភាព ដែល​ខុស​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​មាន​អសន្តិសុខ ការ​លួច​ប្លន់ ចាប់​ជំរិត អី​ជា​ដើម»។​

នៅ​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៦,៧​លាន​នាក់ កើន​ឡើង​ជិត ២៣​ភាគរយ។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​មាន​ចំនួន ៨៤៨.៩៥២​នាក់ ស្មើ​នឹង​ ១២​ភាគ​រយ និង​កើន​ឡើង​ ៥៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣។ នេះ​បើ​តាម​ស្ថិតិ​ក្រសួង​ទេសចរណ៍។