ខេត្ដ​ពោធិ៍សាត់៖ ស្ថាបនិក​ពាក្យ «​ធីមយើង» ឬ «ពេញលេងហើយ​ធីមយើង» បាន​កសាង​ភាព​ល្បីល្បាញ​របស់​ខ្លួន​នៅលើ​បណ្ដាញសង្គមរហូត​ដល់​មាន​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស ​ដោយសារ​តែ​​ការ​ថត​សកម្មភាព​ឡើង​​​ត្នោតសាមញ្ញៗ​ផលិត​ជា​ទឹក​ត្នោត​ជូរ ជា​ភេសជ្ជៈ​មាន​សារជាតិ​ស្រវឹង​បែប​ប្រពៃណី​ខ្មែរ​មួយ​ប្រភេទ​។


ប្រធាន​ក្រុម «ធីមយើង» ឈ្មោះ​ពិត ឆោម ឆើត​ អាយុ ៣៦​ឆ្នាំ នៅឃុំត្នោតជុំ ស្រុក​ក្រគរ ខេត្ដ​ពោធិសាត់ បច្ចុប្បន្ន​មាន​អ្នក​តាមដាន​ (followers) លើ Facebook ជិត ៤០០ខេ (៤០ម៉ឺន​គណនី) និង​ TikTok មានអ្នកចុច​ចូលចិត្ដ (likes) ជាង ៥​លាន​គណនី។

ពេលសួរថា «ឆើត​ ឯង​ល្បី​ដោយសារ​អ្វីដែរ?» យុវជន​ដែល​និយាយ​បញ្ចូល​ដោយ​សំណើច​រូបនេះបាន​តប​វិញ​ថា «​ដោយសារ​ឡើង​ត្នោត»។


លោក ឆើត បាន​និយាយថា​៖ ​«ខ្ញុំផលិតវីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​លេងៗ មិននឹក​ស្មាន​ថា មាន​អ្នកចូលមើល​ច្រើន​រហូត​ដល់​ផ្ទុះ​ខ្លាំង​យ៉ាង​នេះ​សោះ។ ខ្ញុំ​ថត​សកម្មភាព​ឡើង​ត្នោត ធ្វើ​ទឹក​ត្នោតជូរ ធ្វើ​គ្រឿងក្លែម​​»។


ប្រជាប្រិយភាព​នៅលើបណ្ដាញ​សង្គម​នេះ បានផ្ដល់​ចំណូល​មួយ​ផ្នែក​ដល់​យុវជន ឆោម ឆើត​ គួប​ផ្សំ​នឹងការលក់​ទឹក​ត្នោតជូរ​ និង​គ្រឿងក្លែម​បែប​ស្រុក​ស្រែ។


លោក​បាន​រំឭកថា កាលពី​ឆ្នាំមុន ស្រាប់តែមាន​បងប្អូន​ខ្មែរ​មកពី​អូស្ដ្រាលី អាមេរិក​មកដល់​ផ្ទះ ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​គាំទ្រ​របស់​មហាជន​ចំពោះ​អ្នក​បង្កើត​មាតិកា​ឡើង​ត្នោត​រូប​នេះ។

ភាព​ល្បីល្បាញ​នៅលើបណ្ដាញ​សង្គម​មិនត្រឹមតែ​ធ្វើ​ឱ្យ​មហាជន​ស្គាល់​ ឆោម ឆើត ប៉ុណ្ណោះទេ ប៉ុន្ដែ​វា​បាន​កែ​ប្រែ​ជីវិត​របស់​យុវជន​ដែល​បន្ដ​នៅ​លីវ​រហូត​ដល់​ពេលនេះ​ទៀត​។

តើ​លោក ឆោម ឆើត ដែល​អ្នកគាំទ្រ​ ឬអ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមតែងតែបាន​ឮពាក្យ​និយាយ​តៗ​គ្នា​ថា «​ពេញ​លេងហើយ​ធីមយើង​» រហូតដល់​តារា​ចម្រៀង​រ៉េប VannDa យក​ទៅនិយាយលើ​ឆាក​តន្ដ្រី​ថែម​ទៀត​នោះ ជានរណា?

ថ្វីដ្បិតតែ​ការ​បង្កើត​ប្រជាប្រិយភាព​រហូត​ដល់​អ្នក​មាន​ឥទ្ធិពល​លើបណ្ដាញសង្គម (influencers, content creators) និងសិល្បករ​ជាច្រើនមក​គាំទ្រ​ផលិតផល​ទឹក​ត្នោតជូរ ជាពិសេស ចង់​ជួប​ផ្ទាល់​ជាមួយ​មេធីមយើងយ៉ាងណាក៏ដោយ ក៏លោក ឆើត​ ឆ្លង​កាត់​ជីវិត​ជូរ​ចត់​ក្នុងនាម​ជា​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​។

លោក ឆើត បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​ដោយ​គ្មាន​គោលដៅ​ជីវិត​ច្បាស់​លាស់ ខ្ញុំ​សម្រេច​ចិត្ដ​តាម​មេ​ខ្យល់​ធ្វើ​ការងារ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ទៅកាន់​ប្រទេស​ជិត​ខាង​។ ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ ជា​បទពិសោធ​ជីវិត​ដ៏​សែន​លំបាកមួយ​ដែល​មិន​អាច​បំភ្លេច​បាន​។ យើង​ត្រូវ​ជិះ​ប្រជ្រៀត​គ្នា​ដោយ​អង្គុយ​លើ​គ្នា​បីនាក់ ដែល​ឡានមួយ​គ្រឿង យើង​ត្រូវ​ជិះ​ប្រមាណ ៣០​នាក់​ឯង​នោះ​»។

លោក​បាន​បន្ដថា​៖ «​ទម្រាំតែ​មាន​ឱកាស​បាន​ឆ្លង​ដែន​ យើង​ត្រូវ​ដេក​ក្នុង​ព្រៃ​ពីរ​បី​ថ្ងៃ​ និង​ចាប់ផ្ដើម​ការងារ​ជា​កម្មករ​សំណង់​នៅ​ថៃរយៈ​ពេល ៣​ឆ្នាំ​។ ការងារ​យូរពេក ខ្ញុំ​ក៏​នឹកឃើញចង់​ធ្វើការ​នៅ​រោងចក្រ​ម្ដង និង​ទាក់ទង​មេខ្យល់ គេ​យកម្នាក់ ១.២​លាន​រៀល​»។

គោលបំណង​ផ្លាស់​ប្ដូរការងារ​មិន​ទទួល​ជោគជ័យ​នោះទេ ដោយមេខ្យល់​យក​លោក និង​ពលករ​ដទៃ​ទៅ​ដាក់​ចូល​នៅ​ផ្ទះ​សំណាក់​ជាច្រើន​ថ្ងៃ មុនពេល​គេយកមក​ទម្លាក់​នៅ ឡុងគឿ រហូត​ដល់​មានអ្នកយក​អាសា​បញ្ជូលរូបទៅធ្វើការ និងមាន​សោហ៊ុយ​ធ្វើដំណើរទៅក្រុង​បាងកក​ធ្វើការ​ក្នុង​រោងចក្រ​ផលិត​បន្ទះ​ថាមពល​អាគុយ​។

ពេល​មក​លេង​ស្រុក​ដើម្បី​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​កាលពី​ឆ្នាំ​២០២៣ លោក ឆើត លែង​មាន​បំណង​ចង់​ធ្វើការ​សំណាក​ស្រុក និង​នឹក​ឃើញ​ចង់​ចាប់​របរ​ចាស់​ជា​អ្នក​ឡើងត្នោត​ចិញ្ចឹម​ជីវិត​។

ក្រៅពី​ឡើង​ត្នោត លោក ឆើត​ ក៏​ចង់​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ចាស់​ថត​ការ​ឡើងត្នោត​ ដែល​មានការគាំទ្រ​ជាបន្ដ​បន្ទាប់​។

វីដេអូ​ដែល​ទទួល​បាន​ការ​ពេញ​និយម​បំផុត គឺ​ឆា​ក្ដៅ​សាច់​កណ្ដុរ​ជាមួយ​ក្លើ​របស់​លោកដោយ​បាន​និយាយក្នុង​វីដេអូ​ឃ្លីបនោះថា «​សួស្ដី ធីម​ទឹក​ត្នោត​យើង​ទាំងអស់​គ្នា​ គ្រឿង​ក្លែម​យើង​ឆ្អិន​ហើយ​» ស្រាប់តែ​ក្លើ​របស់លោក​អង្គុយ​បះជើង​ច្រូង​។ វីដេអូ​នេះ​បាន​ធ្វើ​ឱ្យ​មេធីម​យើង​ លោក ឆើត ក្លាយជា​តារា​ Facebook និង TikTok មួយ​រូប​។

ដៃកាន់​កែវ​ទឹក​ត្នោត​ជូរ លោក ឆើត បាន​និយាយថា​៖ «​នៅ​ស្រុក​ខ្មែរ មានតែ​ខ្ញុំ​មួយ​ ដែល​បង្កើត​មាតិកា​ឡើង​ត្នោត ធ្វើ​ទឹក​ត្នោត​ជូរ​ ដោយ​អ្នក​ខ្លះ​សរសេរ​ថា ពួកគាត់​អត់​ដឹង​ពី​របៀប​ធ្វើ​ទឹក​ត្នោត​។ បង​ប្អូន​ខ្មែរ​នៅ​អាមេរិក ក៏​បាន​សរសេរ​ពី​ការ​នឹក​រឭក​អតីត​កាល​របស់​គាត់​»។

លោក​បាន​ឱ្យ​ដឹងថា ពាក្យ​ «​ពេញ​លេង​ហើយ​ធីមយើង» កើតឡើងពីការ​និយាយ​លេង​ជាមួយ​សមាជិក​ដោយ​បាន​ហៅកៀរគរ​មក​ចូលរួម​សប្បាយ​ជាមួយ​សកម្មភាពរបស់​លោក​លើ​បណ្ដាញ​សង្គម​។

លោក​បាន​និយាយថា​៖ «ពាក្យ​នេះ ខ្ញុំ​និយាយ​លេ​ធម្មតាថា (ពេញលេង​ហើយ​ធីមយើង​ ថ្ងៃនេះ គ្រឿង​ក្លែម​យើង​បរបូណ៌​សម្បើម​) ចេះ​តែ​និយាយ​លេង យូរៗ គេង​យក​ទៅនិយាយ​តាម​យើង​តៗគ្នា​។ ធ្វើ​បែប​នេះ គ្រាន់តែ​ចង់​បង្កើត​បរិយាកាស​សប្បាយ​ ជួបជុំ​អ្នក​ស្រុក​អ្នក​ភូមិ ក្រោយ​ពីការងារ​»។

លោក ឆើត​ នៅតែបន្ដ​ផលិត​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បែប​អ្នក​ស្រុក​ស្រែ និង​តាម​រដូវកាល​ ដែល​ភាគ​ច្រើន​ឆក់​ចិត្ដ​មហាជន ជាពិសេស ពលរដ្ឋ​ខ្មែរ​រស់​នៅ​ឯនាយ​សមុទ្រ។

បច្ចុប្បន្ន​នេះ ដោយសារតែ​មមាញឹក​ក្នុង​ការ​ទទួលភ្ញៀវ​មក​ទទួលទាន​ទឹក​ត្នោតជូរ និង​ចង់​ជួប​ជាមួយ​មេធីម​យើង លោក ឆើត មិន​មាន​ពេលវេលា​ឡើង​ត្នោត​នោះទេ ដោយ​ផលិតផល​ទឹក​ត្នោត​ជូរ​លក់​ប្រចាំថ្ងៃ​របស់លោក ជាការ​ទទួលទិញ​ពី​អ្នក​ឡើងត្នោត​ក្នុង​ភូមិ​។

លោកប្រមូលទិញ​ទឹក​ត្នោត​ជូរពី​អ្នកឡើង​ត្នោត ៣នាក់​ក្នុង​សហគមន៍ ដែល​អាច​ផ្គត់ទឹក​ត្នោត​ជូរ​ម្នាក់ពី ៣ ទៅ ៦​កាន​ក្នុងមួយថ្ងៃ​។ ប៉ុន្ដែ​រសជាតិទឹក​ត្នោតជូរ ត្រូវតែ​គោរព​តាម​ស្ដង់ដា​របស់​លោក ឆើត ដែល​លោកដឹងថា អតិថិជន​ត្រូវការ​រសជាតិ​ជូរផ្អែម​ និងមិន​ប្រើ​ប្រាស់​មេអ្វីលើសពី​ធម្មជាតិ​។

អ្នកឡើង​ត្នោត​ដ៏រស់រាយ​រូបនេះ ក៏​ប្រមូលទិញ​ត្រឡនតន​ពី​ក្មេងៗ​ក្នុង​ភូមិ​ ទិញ​មាន់ទា ដែល​បង្កើន​ចំណូល​តិច​តួច​ដល់​សហគមន៍​។

លោក ឆើត ទទួលស្គាល់​ថា ការផលិតមាតិកា​ទឹកត្នោត​ជូរ ក៏​ទទួលរង​ការ​រិះគន់​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គម​ផង​ដែរ ដោយ​ចោទ​ប្រកាន់​ថា លោក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​។

លោកអះអាងថា ការផលិតទឹក​ត្នោតជូរ​ជា​កេរតំណែល​ដូនតា​ខ្មែរ​មួយ​ដែរ ហើយ​លោក​អាច​ជួយ​បន្ថែម​ប្រាក់​ចំណូល​ដល់​អ្នក​ភូមិ​មួយ​ផ្នែក​ដែរ។

លោក ឆើត បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​ខ្ញុំ​មិនគិតទេ។ ខ្វះអី នៅស្រុកខ្មែរ អ្នក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​។ តែ​ស្រុក​ខ្មែរ មានតែ​ខ្ញុំ​មួយ ដែល​ផ្សព្វផ្សាយ​ទឹក​ត្នោត​ជូរ​ធម្មជាតិ​។ ខ្ញុំ​អត់​ខ្វល់​ទេ​​។ បើ​ទីផ្សារ​ដើរ​ល្អ យើង​​ជួយ​អ្នក​ភូមិ​បានទៀត។ ក្មេងៗ​មាន​លុយ​ចាយ​ទៅ​រៀន ដោយ​ការ​លក់​ត្រឡនតន ហើយ​អ្នកស្រុក​មាន​ចំណូល​ពីការ​លក់​ផលិតផល​កសិកម្ម​របស់​គាត់​ដែរ​»៕