កំពង់ចាម៖ ផ្លែ​ទុរេន​នៅគ្រប់​ខេត្ដ​នៃ​​ប្រទេស​កម្ពុជា​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ និង​ពេញ​និយម​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ ហើយ​មិន​យូរ​ប៉ុន្មាន ទុរេន​ខ្មែរ​នឹង​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​​ថែម​ទៀត។


ជាមួយនឹង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សម្រាប់​ការផលិត​ទុរេន​ល្អ​បំផុត​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍ ឧស្សាហកម្ម​ទុ​រេ​ន​របស់​កម្ពុជា​កំពុង​ត្រៀមខ្លួន​សម្រាប់​កំណើន ជាពិសេស​​សក្តានុពល​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។​

ទោះជា​យ៉ាងណាក៏ដោយ អ្នក​ដាំទុរេន​ត្រូវ​បំពេញ​ល័ក្ខខណ្ឌ​មួយ​ចំនួនទាំង​បញ្ហា​ថែទាំ និងការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)​ ​ដើម្បី​ទទួល​បាន​នូវ​​ការវិនិយោគ​យ៉ាងច្រើន​។​


​ទុរេន​ដែល​គេ​ស្គាល់​ថា​ជា «​ស្តេច​ផ្លែឈើ​» ក្នុងស្រុក កាន់តែ​ទទួល​បាន​ការពេញ​​នៅ​កម្ពុជា រួមទាំង​ដំណាំ​ក្នុង​​ខេត្តកំពង់ចាម​។​


តំបន់​ក្នុង​ខេត្ត​សម្បូរ​ដោយ​ដីក្រហម ផ្តល់​លក្ខខណ្ឌ​ល្អ​សម្រាប់​ការដាំ​ទុរេន​។​ ​នៅពេលដែល​ឧស្សាហ​កម្មនេះ​រីក​ធំធាត់ កសិករ​ក្នុងស្រុក​កំពុង​ងាក​មក​ចាប់អារម្មណ៍​ទីផ្សារ​អន្តរជាតិ​កាន់តែខ្លាំង​ឡើង ជាពិសេស​ប្រទេស​ចិន ដែល​តម្រូវការ​ទុរេន​គុណភាព​ខ្ពស់មាន​ចំនួន​ច្រើន​​។​


ដំណាំ​ហូប​ផ្លែ​របស់​ប្រទេស​កម្ពុជា ជាពិសេស ទុរេន សាវម៉ៅ និង​មង្ឃុត បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សហគមន៍​មូលដ្ឋាន​ជា​យូរ​មកហើយ​។​

ចម្ការទុរេន និងផ្លែទុរេន​នៅ​បឹងកេត និង​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្ដកំពង់ចាម។ រូបថត ហុង រស្មី 

ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​នៅតែ​ប្រុងប្រយ័ត្ន​ចំពោះ​ទុរេន​ដែល​នាំចូល​ដោយ​បារម្ភ​ថា​វា​អាចមាន​សារធាតុ​គីមី​បង្ក​គ្រោះថ្នាក់​។​

លោក ស៊ីវ ថា ម្ចាស់​ចម្ការ​ទុរេន​បឹងកេត ស្រុក​​ស្ទឹងត្រង់ បាន​ឱ្យ​ដឹងថា​៖ «​ដោយសារតែ​ក្ដី​បារម្ភ​ទិញ​ទុរេន​ផ្ទុកសារធាតុ​គីមី​ពី​បរទេស ខ្ញុំ​បើក​ចម្ការ​ទទួល​បង​ប្អូន​ដែលមាន​តម្រូវការ​ចង់​ទិញ​ និង​បេះ​ផ្លែ​ទុរេន​ផ្ទាល់​នៅលើ​ដើម ពួកគាត់​អាច​មក​បាន​។ ចង់​បរិភោគ​ទុរេន បេះ​នៅ​ដើម​ក៏បាន ភ្លក្ស​នៅ​ក្បែរ​ដើម​តែម្ដង​»។

នារ​ដូវ​ផ្លែ​ទុរេន សាវម៉ៅ និង​មង្ឃុត​​ ដែល​ចាប់ផ្ដើម​ហុច​ផល​ក្រោយ​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ពី​ខេត្ដ​កំពត កំពង់​ចាម ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី ជាដើម​ ដោយ​វា​អាស្រ័យ​លើ​ទឹកភ្លៀង ដែល​ដាច់​ពេលណា វា​នឹង​ចាប់ផ្ដើម​ចេញ​ផ្កា។

នៅតំបន់​នេះ ឱ្យ​តែថ្ងៃចុងសប្ដាហ៍ និង​បុណ្យ​ជាតិ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី​សម្រុក​ទិញ​ផ្លែ​ទុរេន​ដើម​ចម្ការ ដែលនាំ​ឱ្យ​មានការ​កក​ស្ទុះ​នៅតាម​ចម្ការ​នីមួយៗ​។

លោក បាន ស្រង អភិបាល​ស្រុក​ស្ទឹងត្រង់ ​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​​ទូទាំង​ស្រុក​ស្ទឹងត្រង់ មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ទុរេន​​ប្រមាណ​ជាង ២ ពាន់​ហិកតា ខណៈ​ឆ្នាំ​ក្រោយ​គ្រោង​​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែម​ទៀត​​រហូត​ដល់ ២៥០០ ហិកតា​។

ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​៖ ឱកាស​រីកចម្រើន​

ជាមួយ​ផ្ទៃដី​ ២០០ហិកតា ចម្ការ​ទុរេន​បឹងកេត ដាំដុះ​ទុរេន ៣​ប្រភេទ ត្រៀម​នាំ​ចេញ​ទៅ​ប្រទេស​ចិន និង​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​អំពី​អាជ្ញាប័ណ្ណ​។

លោក​បាន​អះអាងថា ទុរេន​កំពង់ចាម មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​ការ​ពេញនិយម​ពីសំណាក់​អតិថិជន​ក្នុង​ស្រុក​ ដោយ​លោក​សម្អាង​លើ​តម្លៃ​ដ៏​ខ្ពស់របស់​ទុរេន​កំពង់ចាម​។

លោក​បាន​និយាយថា​៖ «​ប្រៀបធៀប​ទីផ្សារ​ក្នុង​ស្រុក ទុរេន​តំបន់​បឹង​កេត និង​បែកអន្លូង មាន​តម្លៃ​ថ្លៃ​ជាង​គេ។ អ៊ីចឹង យើង​អាច​វ៉ៃតម្លៃ​បាន​ថា វាមាន​គុណភាព និង​រសជាតិ​ឆ្ងាញ់​»។

យ៉ាង​ណាមិញ លោក​បានឱ្យ​ដឹងថា ចំពោះ​ចំណាត់ថ្នាក់​ទុរេន​នៅតាម​បណ្ដា​អាច​នឹង​ដឹង​នៅពេល​ក្រុមហ៊ុន​ចិន ធ្វើការ​កុម្ម៉ង់​ជាក់ស្ដែង​ក្រោយ​ពី​សិក្សា​ចប់។

ថ្វីដ្បិតតែ​ផលិតផល​ក្នុង​ស្រុក​ទទួល​បា​ន​ការគាំទ្រ​ខ្លាំងពី​សំណាក់​ភ្ញៀវ​ជាតិ​យ៉ាង​ណាក៏ដោយ ក៏​ប្រជាកសិករ​នៅតែមាន​បំណង​ចង់​នាំយក​ទៅ​លើលក់​នៅ​បរទេស​។

ចម្ការទុរេន និងផ្លែទុរេន​នៅ​បឹងកេត និង​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្ដកំពង់ចាម។ រូបថត ហុង រស្មី 

លោក បានអអាងថា ក្រឡេកមួយ​ភ្លែត វា​មិន​មែន​ដោយសារតែតម្លៃ​នោះទេ ពីព្រោះ​ការ​លក់​ក្នុង​ស្រុក និង​ទីផ្សារ​បរទេស​មានតម្លៃ​ប្រហាក់​ប្រហែល​គ្នា​។

លោក​បាន​ថ្លែងថា​៖ «​មូលហេតុ​ផលចំណេញមួយ គឺ​ប្រជាកសិករ​អាច​បេះ​ផ្លែទុរេនចាស់​​សម្រាប់​នាំ​ចេញ​ ដែល​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រងពីការ​លួច ជាពិសេស ពន្លឿន​ការ​នាំចេញ និង​បន្ដ​ឱ្យ​ទុរេន​ចេញ​ផ្លែ​នៅ​ឆ្នាំ​បន្ទាប់​ទៀត​»។

នៅ​ឆ្នាំក្រោយ ក​ម្ពុជា​ទទួលបាន​អាជ្ញាប័ណ្ណ​នាំ​ផ្លែ​ទុរេន​ចេញ​ក្រៅ​ប្រទេស​ តម្លៃ​របស់​វា​នឹង​កាន់តែថ្លៃ ហើយ​ប្រជាជន​ដែលមាន​ដី​អំណោយ​ផល​ងាក​មកដាំ​ទុរេន​។

លោក ឃឹម ហ្វីណង់ ​អ្នកនាំពាក្យក្រសួងកសិកម្ម បាន​ឱ្យដឹងថា រាល់ការនាំទុរេនស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារ​ចិន​ចាំបាច់ណាស់ត្រូវតែអនុវត្តតាមលក្ខខណ្ឌនៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)។

អ្នក​ដាំ​ទុរេន​ត្រូវ​​ចុះបញ្ជី ការត្រួតពិនិត្យចម្ការ រោងចក្រកែច្នៃ និងវេចខ្ចប់ ដើម្បីធានាភូតគាមអនាម័យស្របតាមនីតិវិធីបច្ចេកទេសដែលចែងក្នុងពិធីសារ ដែលកម្ពុជាចុះជាមួយភាគីចិនកាលពីខែមេសាកន្លងទៅ។

លោក​បាន​បន្ដថា​៖ «[CamGAP] មានការប្រើប្រាស់ QR code ដើម្បីកំណត់ប្រភពចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់នៅកម្ពុជា​។ ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ថែរក្សា​សុចរិត​ភាព​នៃ​ផលិតផល និង​ធានាថា ​វា​បំពេញ​តាម​តម្រូវ​ការដែល​បាន​កំណត់ដោយ​ប្រទេស​ចិន»។​

លោក ហ្វីណង់ បាន​បន្ដ​​ថា បច្ចុប្បន្ន​ក្រសួង​កំពុង​ប្រមូល​ពាក្យស្នើសុំ​នាំចេញ​ទុរេន​ទៅ​ប្រទេស​ចិន​។​

គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​យ៉ាង​ទូលំទូលាយ​ក្នុងការ​ជំរុញ​ការប្រកួតប្រជែង​នៃ​ផលិតផល​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ​។​

​បញ្ហា​ប្រឈម​ និង​ឱកាស​សម្រាប់​អ្នកដាំទុរេន​តាម​សហគមន៍

ខណៈពេលដែល​ការរំពឹងទុក​សម្រាប់​ការនាំចេញ​មានការ​រីកចម្រើន ការដាំដុះ​ទុរេន​នៅតែ​ជាការ​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​។​

អ្នកស្រី ផាត ផាន់នី ម្ចាស់​ចម្ការ​ទុរេន​នៅ​បែក​អន្លូង ឃុំអារក្សត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្ដ​កំពង់ចាម បាន​ឱ្យ​ដឹងថា ឆ្នាំ​២០២៥ ទុរេន​របស់​អ្នកស្រី​ផ្ដល់​ទិន្នផល​ច្រើន​ស្ទើរតែលើសបី​ដង​ពីឆ្នាំ​មុន​។

ជាមួយ​ផ្ទៃដី​៤ហិកតា និង​ចំណាយ​ពេល​ដាំដុះ ៥​ឆ្នាំ ទុរេន​ទើប​ប្រមូលផល ហើយ​​ទិន្នផល​ឆ្នាំ​២០២៤ អ្នកស្រី ផាន់នី ទទួលបាន​ជាង ១០​តោន ខណៈ​ឆ្នាំ​២០២៥នេះ ទុរេន​ផ្ដល់​ផល​ជាង ៤០​តោន​។

ដោយ​ទទួល​ស្គាល់ពី​រសជាតិ​ល្មួតបែប​ទឹកដោះ​គោ ទុរេន​បែក​អន្លូង អ្នកស្រី ផាននី បាន​ឱ្យ​ដឹងថា​៖ «​ទុរេន​បែក​អន្លូង​ចាប់ផ្ដើម​ប្រមូល​តិះតក់ៗ​ពីខែ​ចុង​មេសា និ​ង​ដល់​ខែ​កក្កដា​»។

ចំពោះ​លទ្ធភាព​នៃការ​លក់​លើទីផ្សារ​ទាំង​ក្នុង​ស្រុក និង​ត្រៀម​នាំចេញ អ្នកស្រី​ម្ចាស់​ចម្ការ​រូបនេះ បាន​ឱ្យ​ដឹងថា ប្រជាកសិករ​នៅ​តំបន់​នេះ​បន្ដ​ពង្រីក​ដី​ចម្ការ​របស់​ពួកគេ​កាន់តែ​ច្រើន​។

អ្នកស្រី ផាន់នី បាន​និយាយថា​៖ «​ផ្លែទុរេន​មានតម្លៃថ្លៃ តែ​ត្រូវការ​ដើម​ទុន​ច្រើន​។ បើ​មិន​ចំណាយ​ដើម​ទុន​ខ្ពស់ វា​មិន​ផ្ដល់​ឱ្យ​យើង​នោះទេ។ ដើម​របស់​វា​កើតរោគ​កើតជំងឺ ហើយ​ជួន​កាល ពេល​ប្រមូលផល​ វា​អា​ច​កើត​ជំងឺ​ស្លោក​ផ្លែ​»។

អ្នកស្រី ទទួលស្គាល់ថា ការ​ដាំដុះ​ទុរេន​នេះ​ធ្វើ​ជាលក្ខណៈ​គ្រួសារ និង​រៀន​តៗ​តាម​គ្នា​ ដោយ​គ្មាន​ជំនាញ​បែប​កសិកម្ម​នោះទេ។

យ៉ាងណាមិញ ម្ចាស់​ចម្ការ​ទុរេន​នៅ​បែក​អន្លូងរូបនេះ បាន​ចុះឈ្មោះ​នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រួច​ហើយ​ក្នុងការ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ទីផ្សារប្រទេស​ចិន​។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​អ្នកស្រី​ចង់​លក់​ផ្ទាល់ទៅ​កាន់ទីផ្សារ​ប្រទេស​ចិន ដោយ​មិនចង់​លក់​បន្ដ​ឱ្យ​ឈ្មួញ​កណ្ដាល​នោះទេ»។

ចំណូល​ពី​ផលទុរេន​ឆ្នាំ​២០២៥នេះ អ្នកស្រី ផាន់នី ទទួលបាន​ប្រមាណ ១០​ម៉ឺន​ដុល្លារ ដែល​ទូរទាត់​ចំណាយ​ផ្សេងៗ នៅ​សល់​ប្រហែល​ ៥​ម៉ឺន​ដុល្លារ​ក្នុងមួយ​ឆ្នាំ​។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បាន​ថ្លែង​ពេល​ជួបពិនិត្យចម្ការទុរេនរបស់កសិករនៅឃុំអូរសោម​ ខេត្តពោធិ៍សាត់ កាលពី​ខែឧសភា​ថា ​ក្រសួង​ផ្តល់ការគាំទ្រចាំបាច់​ លើការចុះបញ្ជីចម្ការ​ ការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព​ ព្រមទាំងចាត់មន្ត្រីចុះមកពិនិត្យ​ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញឱ្យត្រូវតាមស្ដង់ដារដែលប្រទេសចិនតម្រូវ៕

ចម្ការទុរេន និងផ្លែទុរេន​នៅ​បឹងកេត និង​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្ដកំពង់ចាម។ រូបថត ហុង រស្មី