
វីដេអូដែលបង្កើតដោយ AI គឺជាការឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តរបស់យុវជនក្នុងការរក្សាទំនៀមទម្លាប់ ប្រពៃណី និងភាសាដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ខណៈពេលដែលការស្វែងយល់ពីសក្តានុពលនៃបច្ចេកវិទ្យា។ រូបភាព វីដេអូបញ្ញាសិប្បនិម្មិត
ភ្នំពេញ៖ ក្នុងយុគសម័យនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងរហ័ស យុវជនកម្ពុជាមួយរូបបានយកចិត្ដទុកដាក់យ៉ាងសកម្មក្នុងការផ្សារភ្ជាប់គម្លាតរវាងបញ្ញាសិប្បនិម្មិត (AI) និងវប្បធម៌កម្ពុជា។
វីដេអូដែលបង្កើតដោយ AI គឺជាការឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តរបស់យុវជនក្នុងការរក្សាទំនៀមទម្លាប់ ប្រពៃណី និងភាសាដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ខណៈពេលដែលការស្វែងយល់ពីសក្តានុពលនៃបច្ចេកវិទ្យា។
នៅក្នុងវីដេអូដែលបង្កើតដោយ AI ដ៏គួរឱ្យចាប់អារម្មណ៍នេះ តួឯកជាស្ត្រីខ្មែរ បង្ហាញពីអារម្មណ៍ភ័យខ្លាច និងការសង្ស័យយ៉ាងខ្លាំង នៅពេលដែលស្ថិតក្នុងផ្ទះអាថ៌កំបាំងមួយ។
ជាមួយនឹងឈុតប្រពៃណីដ៏ស្រស់ស្អាត និងភាពទាក់ទាញ នារីរូបស្រស់នេះនិយាយទៅកាន់បុរសម្នាក់ដែលអង្គុយនៅក្នុងបន្ទប់នោះ នូវអារម្មណ៍ភ័យខ្លាចពីផ្ទះដ៏អាថ៌កំបាំងនោះ។
សារចម្បងនៃវីដេអូនេះ ដែលមិនផ្ដោតសំខាន់លើខ្លឹមសារនៃសាច់រឿង បង្ហាញពីសារៈសំខាន់នៃអត្តសញ្ញាណកម្ពុជា។
គោលបំណងរបស់អ្នកផលិតវីដេអូ AI វ័យក្មេងគឺច្បាស់លាស់ បង្វឹក AI ឱ្យយល់ និងតំណាងឱ្យវប្បធម៌ ភាសា និងប្រពៃណីរបស់កម្ពុជា។

លោក រ័ត្ន ចាន់ពន្លឺ ជាអ្នកបង្កើតមាតិកាលើឌីជីថល ចូលរួមបង្វឹក ឬ (Train) បច្ចេកវិទ្យា AI ឱ្យស្គាល់វប្បធម៌ មនុស្ស ប្រពៃណីខ្មែរ និងរូបភាពនារីថតសែលហ្វីនៅវាលស្រែបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។ រូបភាព សហការី
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI យុវជនរូបនេះ សង្ឃឹមថានឹងនាំយកមរតកខ្មែរទៅកាន់ទស្សនិកជនទូទាំងពិភពលោក ដោយបង្ហាញនូវភាពស្រស់ស្អាតនៃភាសាខ្មែរ និងរឿងរ៉ាវនានាជាទម្រង់ប្រទេសកម្ពុជាជាច្រើនសតវត្សមកហើយ។
លោក រ័ត្ន ចាន់ពន្លឺ ជាអ្នកបង្កើតមាតិកាលើឌីជីថល បានប្រកបរបរលើសេវាកម្ម គណនីលើបណ្ដាញសង្គម និងបង្រៀនការប្រើប្រាស់បច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត (AI) ។
ដោយមានការចូលរួមបង្វឹក ឬ (Train) បច្ចេកវិទ្យា AI ឱ្យស្គាល់វប្បធម៌ មនុស្ស ប្រពៃណីខ្មែរ យុវជនរូបនេះ បានឱ្យដឹងថា លោកមានគោលបំណងចង់ដឹងអំពីការវិវត្ដន៍របស់ AI ទៅថ្ងៃអនាគត ក៏ដូចជាចង់ឱ្យបញ្ហាសិប្បនិម្មិតនេះស្គាល់ខ្មែរកាន់តែច្បាស់។
លោកបាននិយាយថា៖ «ខ្ញុំចង់ដឹងថា AI ល្អប្លែកប៉ុនណា ហើយអ្វីៗទៅមុខទៀត វានឹងទៅជាយ៉ាងណា។ ការដែលយើងហ្វឹកហាត់ និងផ្ដល់ទិន្នន័យឱ្យវានេះ វាចាប់បានកម្រិតណា។ បច្ចុប្បន្ន វីដេអូដែលល្បីល្បាញជាងគេរបស់ខ្ញុំគឺជាបច្ចេកវិទ្យា Google Veo 3»។
លោកបានលើកឡើងថា AI ទាមទារកម្រិតនៃចំណេះដឹងភាសាអង់គ្លេសខ្លាំង និងការស្វែងយល់ពីសំណង់ប្រយោគ និងគន្លឹះរបស់វា ហើយពេលប្រមូលផ្ដុំចូលគ្នានូវ key words, subject, object និង key elements យើងអាចយល់នៃ prompts របស់វា។
ទាំងនេះ គឺជាគន្លឹះនៃការរចនារូបភាព ឬវីដេអូ AI ទៅតាមអ្វីដែលអ្នកប្រើប្រាស់ចង់បាន ដោយលទ្ធផលដែល AI ផ្ដល់ឱ្យ គឺអាស្រ័យទាំងស្រុងទៅលើ prompts របស់អ្នកប្រើប្រាស់។

តាមរយៈបច្ចេកទេសដូចជាការចាក់សោ "Seed" ដើម្បីធ្វើការរក្សាមុខតួនៅដដែល តែសកម្មភាពផ្លាស់ប្តូរ។ រូបភាព បញ្ញាសិប្បនិម្មិត
លោក ពន្លឺ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «បើយើងសរសេរ prompts ត្រឹមពាក្យសាមញ្ញ លទ្ធផលក៏សាមញ្ញដែរ។ តែបើសិនជាយើងយល់ពីរចនាសម្ព័ន្ធរបស់វាទាំងអស់ មានដូចជា subject, object និង elements រួមទាំង lighting ផ្សេងៗ វីដេអូដែលចេញមកប្រាកដជា professional តែម្ដង»។
លោកបានបង្ហាញពីការកត់សម្គាល់ថា ក្រុមហ៊ុន Google បានបញ្ចូលតថភាពរូបភាពបែបអាស៊ីច្រើន ទោះបីជានៅមានការភាន់ច្រឡំជាមួយប្រទេសជិតខាង។
លោក ពន្លឺ បានលើកឡើងថា៖ «ប្រសិនបើប្រជាជនខ្មែរយើងព្យាយាមហ្វឹកហាត់ train ទៅលើ AI ច្រើន ខ្ញុំជឿថា ទៅថ្ងៃមុខ AI នឹងស្គាល់ និងដឹងថា ប្រជាជនយើងក៏ព្យាយាមក្នុងការហ្វឹកហាត់ចំពោះ AI នេះដែរ»។
លោកបានពន្យល់ថា ការភាន់ច្រឡំជាមួយប្រទេសជិតខាង រួមទាំងមុខមាត់ វប្បធម៌ សម្លៀកបំពាក់ទាំងបុរាណ និងសម័យ ដែល AI មិនទាន់អាចបែងចែកឱ្យបានច្បាស់នៅឡើយ។
លោក ពន្លឺ ណែនាំឱ្យប្រជាជនកម្ពុជាសរសេរ prompts នូវពាក្យ Cambodia ទៅលើសម្លៀកបំពាក់ វប្បធម៌ ជាតិសាសន៍លើ AI ឱ្យបានច្រើន ដើម្បីចៀសវាងការភាន់ច្រឡមជាមួយបណ្ដាប្រទេសក្នុងតំបន់ ដូចជា ថៃ វៀតណាម និងឡាវ។
ការទទួលស្គាល់អ្វីដែលរបស់ខ្មែររហូតដល់បច្ចុប្បន្ននេះ លោក ពន្លឺ កត់សម្គាល់ឃើញថា កម្រិតស្គាល់របស់ AI មានប្រមាណពី ៥០ ទៅ ៦០ភាគរយ ដែលល្អប្រសើរជាង AI ជំនាន់មុនៗ។
យ៉ាងណាមិញ លោកបានលើកឡើងពីផលលំបាកដែលប្រជាជនខ្មែរមិនបានចាប់អារម្មណ៍ថា ការផលិតវីដេអូលេងសើចដោយមិនខ្វល់ពីភាពលម្អិតរបស់វីដេអូ ដែលមានលក្ខណៈពីទម្រង់វប្បធម៌ខ្មែរ។
លោក ពន្លឺ បានលើកឡើងពីការសរសេរ prompts ដើម្បីបង្កើតវីដេអូ AI ថា លោកសរសេរថា «នារីជនជាតិស្លៀកពាក់បុរាណ ថតនៅក្បែរអង្គរវត្ដ» តែលទ្ធផលចេញមក វាមិនដូចជាអ្វីដែលលោកចង់បាននោះទេ។
ដូច្នេះ លោកត្រូវកែសម្រួល prompts ដោយបន្ថែមទៅលើប្រភេទស្បែក ប្រភេទសម្លៀកបំពាក់តាមបែបប័ទ្មសម័យកាល ដែលចង់ចំណុចនេះ ធ្វើឱ្យយុវជនរូបនេះស្រងាកចេញ ដោយសារ AI បង្ហាញសម្លៀកបំពាក់ប្រទេសជិតខាងច្រើនជាង។
យ៉ាងណាមិញ ការបង្កើតភិនភាគរបស់បុគ្គលម្នាក់រមែងប្រែប្រួលរៀងរាល់ការស្នើសុំម្ដងៗ។ ប៉ុន្ដែចំពោះការចាប់ឱ្យ AI ស្គាល់នូវទម្រង់មុខ និងភិនភាគ វាទាមទារឱ្យអ្នកប្រើប្រាស់ចេះស្វែងយល់ពីឧបករណ៍។
លោក ពន្លឺ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «AI មានឧបករណ៍ដែលយើង Lock Seed ជាកន្លែងមួយដែលយើងអាចធ្វើការរក្សាមុខតួនៅដដែល តែសកម្មភាពផ្លាស់ប្តូរ»។
លោកបានពន្យល់ថា AI បានផ្ដល់ទាំងគុណសម្បត្ដិ និងគុណវិបត្ដិ ដោយវាអាចសម្រួលកិច្ចការជាច្រើន ដូចជា ការផ្សព្វផ្សាយពីផលិតផលជំនួសដោយបុគ្គល ដែលគ្មានជំនាញ និងខ្លាចកាមេរ៉ា។
ប្រសិនបើបុគ្គលិកក្រុមហ៊ុនមួយអៀនកាមេរ៉ា AI ប្រើតែទម្រង់មុខ និងភិនភាគរបស់បុគ្គលនោះ រួចបង្កើតសកម្មភាពទៅតាមការចង់បានតាមរយៈការសរសេរ prompts។
យ៉ាងណាមិញ នៅពេលប្រើប្រាស់ទម្រង់ម៉ូដែល AI នឹងយកភិនភាគបុគ្គលនោះហើយ ដូចជា ទម្រង់មុខ ភ្នែក និងច្រមុះជាដើម។
លោក ពន្លឺ បានបន្ដថា៖ «ការប្រើប្រាស់ AI ជួយកាត់បន្ថយពេលវេលា និងចំណាយ ដោយមិនបាច់ធ្វើដំណើរទៅគោលដៅថត។ ប៉ុន្ដែ AI មិនស្គាល់ទីតាំងច្បាស់នៃទិដ្ឋភាពបច្ចុប្បន្នភាពនោះទេ។ ជាក់ស្ដែង AI នៅប្រើប្រាស់រូបភាពអង្គរវត្ដកាលពីប៉ុន្មានឆ្នាំកន្លងមក មិនមែនជាទិដ្ឋភាពថ្មីៗនេះទេ»។
ភាពជាក់ស្ដែងនៃការចាប់យករបស់ AI នឹងដំណើរការកាន់តែរលូន នៅពេលក្រុមហ៊ុនរបស់ AI ធ្វើកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា៕