ភ្នំពេញៈ ចម្រើនវ័យក្នុងសម័យបច្ចេកវិទ្យាទំនើប តែយុវតី ជិន អយុធ្យា ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងតាមបណ្ដាញសង្គម ដោយសារតែទេពកោសល្យសរសេរអក្សរខ្មែរមានលក្ខណៈស្អាតផ្ចិតផ្ចង់បីដូចជាសំណេរចាស់ព្រឹទ្ធាចារ្យ ឬចំណារគម្ពីរក្បួនខ្នាតលើសាស្ត្រាស្លឹករឹតក៏មានដុងឧបនិស្ស័យខាងសិល្បៈបុរាណជាច្រើនទៀតផងដែរ ដូចជាជំនាញក្នុងការគូរគំនូរ ការធ្វើខ្មុកស្មាច់ ការឆ្លាក់រូបក្បាច់លើផ្ទាំងឈើ និងការសម្តែងអាយ៉ៃរឿងជាដើម។
ជានិស្សិតឆ្នាំទី ១ សិក្សាផ្នែកគំនូររចនានៅសាលាភូមិន្ទវិចិត្រសិល្បៈ យុវតីសម្បុរស្រអែមស្រស់ ជិន អយុធ្យា ធ្លាប់ស្ម័គ្រចិត្តគូរគំនូរដំណើររឿង ព្រះសម្មាសម្ពុទ្ធចំនួន ៣ ផ្ទាំងលើជញ្ជាំងសាលាឆាន់មួយនៅខេត្តកំពង់ស្ពឺ ដោយប្រើរយៈពេល ៣ ខែ។
អយុធ្យា បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ទាំងញញឹមថា៖ «ការគូររូបនេះមិនទទួលបានប្រាក់កម្រៃអីទេ គឺជាការធ្វើបុណ្យ តែត្រូវឃ្លាតឆ្ងាយពីផ្ទះពេលខ្លះក៏មានអារម្មណ៍ថាឯកា គូររូបម្នាក់ឯងម៉ង់ៗពីម៉ោង ៧ (ព្រឹក) ដល់ម៉ោង ៥ (រសៀល) បានទៅផ្ទះ»។
ក្រៅពីស្នាដៃគំនូរបុរាណ យុវតីដែលជាកូនទី ៤ ក្នុងចំណោមគ្រួសារដែលមានកូន ៥ នាក់រូបនេះក៏បានរៀនជំនាញខ្មុកស្មាច់រយៈពេល ១ ឆ្នាំ និងធ្លាប់បានតំណាងឲ្យខេត្តកំពង់ធំចូលរួមប្រកួតធ្វើខ្មុកស្មាច់មុខហនុមានផងដែរ។
ថ្លែងពីជោគជ័យពីការប្រកួតដែលអ្នកចូលរួមចំនួន ៣១ នាក់មកពីបណ្តារាជធានីខេត្តនានា អយុធ្យា បានបញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ព្រោះទទួលបានបណ្ណសរសើរ បើទោះមិនបានជាប់លេខ ១ ដល់លេខ ៣ ក៏ដោយ ព្រោះមិននឹកស្មានថាខ្លួនអាចធ្វើបាន»។
ទន្ទឹមនឹងជំនាញគំនូរបុរាណ និងធ្វើខ្មុកស្មាច់ យុវតីរូបនេះក៏ឆ្លៀតទៅសុំសិស្សច្បងរៀនឆ្លាក់រូបក្បាច់នៅលើផ្ទាំងឈើផងដែរ តែនាងមិនប្រាថ្នាអាជីពនេះទេ ដោយសារតែកិច្ចការឆ្លាក់លើឈើអាចធ្វើឲ្យដៃញ័រពិបាកគូររូប។
បន្ថែមពីលើចំណេះដឹងដែលបានក្រេបជញ្ជក់ពីសាលារៀន កញ្ញា ជិន អយុធ្យា សព្វថ្ងៃក៏ជាគ្រូបង្រៀនភាសាខ្មែរក្រៅម៉ោងព្រមទាំងជាតួសម្ដែងក្នុងរឿងអាយ៉ៃដែលនិពន្ធ និងដឹកនាំដោយឪពុកនាងឈ្មោះ ជិន អេង ផងដែរ។
ក្នុងចំណោមទេពកោសល្យសិល្បៈបុរាណមរតកដូនតាជាច្រើនមុខនោះ យុវតីវ័យ ១៩ ឆ្នាំរូបនេះបានប្រាប់ពីក្ដីសុបិនរបស់នាងថា៖ «ពេលចូលរៀននៅសាលាមធ្យមវិចិត្រសិល្បៈ ខ្ញុំបានស្គាល់សិល្បៈបុរាណច្រើនមែនទែន ជាពិសេសសិល្បៈដែលខ្ញុំស្រឡាញ់ខាងខ្មុកស្មាច់ហ្នឹងហ្មង ព្រោះអីជាក្តីស្រមៃខ្ញុំតាំងពីតូច»៕
វីដេអូ៖