និស្សិតកម្ពុជា ៣ ក្រុមឈ្នះជយលាភីលើការស្រាវជ្រាវឱសថ
ភ្នំពេញៈ និស្សិតកម្ពុជា ៣ ក្រុមក្នុងចំណោម ២៦ ក្រុមមកពីសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាផ្នែកវេជ្ជសាស្ដ្រ និងឱសថសាស្ដ្រត្រូវបានសហគ្រាសផលិតឱសថ PPM ប្រកាសពីការឈ្នះជយលាភីឈ្មោះ Kinal Prize កាលពីម្សិលម្ង៉ៃនៅវិទ្យាស្ថានបារាំងនៅរាជធានីភ្នំពេញចំពោះការស្រាវជ្រាវឱសថលើប្រធានបទ «ជំងឺគ្រុនក្ដៅ ការថែទាំ ការព្យាបាល»។
តាមការប្រកាសជយលាភីលេខ ១ បានលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យអន្ដរជាតិ និងមកពីសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ,លេខ ២ បានលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ និងលេខ ៣ បានលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យអន្ដរជាតិ និងសាកលវិទ្យាល័យសុខាភិបាល។
តាមប្រកាសដដែលជយលាភីលេខ ១ ទទួលបានពាន ១ និងទឹកប្រាក់ ៤ លានរៀល លេខ ២ ទទួលបានពាន ១ និងទឹកប្រាក់ ២ លានរៀល និងលេខ ៣ ទទួលបានពាន ១ និងទឹកប្រាក់ ១ លាន ២ សែនរៀល។
លោក ហៃ លីអ៊ាង ប្រធានសហគ្រាសផលិតឱសថ PPM និងជាប្រធានមូលនិធិ Kinal បានឲ្យដឹងថាសហគ្រាសផលិតឱសថរបស់លោកបានបែងចែកចំណូលក្រុមហ៊ុន ៥ ភាគរយ ដើម្បីចំណាយលើការជួយវិស័យស្រាវជ្រាវ និងការបណ្តុះបណ្តាលវិស័យឱសថសាស្ត្រនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងចង់ឲ្យពលរដ្ឋខ្មែរ មានផ្នត់គំនិតច្នៃប្រឌិត និងការស្រាវជ្រាវគ្រប់សកម្មភាព និងគ្រប់វិស័យ ព្រោះការស្រាវជ្រាវនាំឲ្យកម្ពុជារីកចម្រើន។ ការប្រកួតប្រជែងរបស់និស្សិតនេះជាសកម្មភាពជំរុញលើកទឹកចិត្ត និងគាំទ្រដល់ការស្រាវជ្រាវលើវិស័យឱសថសាស្ត្រផង»។
លោកបន្ថែមថាការស្រាវជ្រាវមិនមែនត្រឹមតែសម្រាប់ដណ្តើមយកជយលាភីនោះទេ ប៉ុន្តែបានផ្ដល់ឱកាសដល់សិស្សនិស្សិតឲ្យមានការអភិវឌ្ឍក្នុងការសិក្សាការបង្កើតនូវរបកគំឃើញថ្មីៗ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញច្បាស់លាស់ដែលជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍសង្គម។
លោក លីអ៊ាង បានបន្តថា៖ «ការប្រកួតបែបនេះយើងបានបង្កើតឡើងតាំងពីឆ្នាំ ២០១៣ មកដើម្បីជំរុញ និងលើកកម្ពស់ការងារស្រាវជ្រាវរបស់និស្សិតផ្នែកឱសថសាស្ដ្រនៅសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជាយើង។ ឆ្នាំនេះមានបេក្ខជនចូលរួមទាំងអស់ ២៦ ក្រុមមកពីគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យចំនួន ៦ ទូទាំងរាជធានីភ្នំពេញក្រោមប្រធានបទ ជំងឺគ្រុនក្ដៅ ការថែទាំ ការព្យាបាល»។
លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានថ្លែងថា ឱសថគីណាល់របស់កម្ពុជា បច្ចុប្បន្នចាប់ផ្ដើមបង្កើននូវកេរ្ដិ៍ឈ្មោះ និងជំនឿទុកចិត្ដ ដល់អ្នកប្រើប្រាស់នៅបរទេស ហើយក៏បាននាំចេញរហូតដល់បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកក៏មានដែរ។
លោកថា៖ «រឿងនេះក៏ជារឿងមោទនភាពមួយដែរ ហើយខ្ញុំក៏សង្ឃឹមថា ក្រុមនិស្សិតដែលបានចូលរួមប្រកួតប្រជែងនេះនឹងបង្កើនកេរ្តិ៍ឈ្មោះរបស់គីណាល់ជួយថែរក្សាកេរដំណែល ដូនតាពីអតីតកាល»។
លោកបានលើកឡើងថាការប្រកួតការស្រាវជ្រាវឱសថនេះគឺជាការគាំទ្រមួយដល់យុវជនក្នុងការសិក្សាស្រាវជ្រាវ ដែលកំពុងសិក្សាជំនាញ វេជ្ជសាស្ដ្រ និងឱសថសាស្ដ្រ ឲ្យប្រឹងប្រែងបង្កើនសមត្ថភាព និងការយល់ដឹងរបស់ពួកគេ។
កញ្ញា គឹម ដានី តំណាងក្រុមនិស្សិតជាប់ជយលាភីលេខ ១ បានឲ្យដឹងថា ក្រុមរបស់នាងបានស្រាវជ្រាវរុក្ខជាតិសម្រាប់ព្យាបាលការឈឺសន្លាក់ឆ្អឹង តាមរយៈការស្ទង់មតិ ការស្រាវជ្រាវពីសៀវភៅ និងប្រភពជាច្រើនទៀត។
កញ្ញាបញ្ជាក់ថា៖ «រុក្ខជាតិមានសក្តានុពលក្នុងការព្យាបាលសន្លាក់ឆ្អឹងមាន ២៨ ប្រភេទ ប៉ុន្តែរុក្ខជាតិ ៤ ប្រភេទដែលមានសក្តានុពលខ្លាំងជាងគេគឺ រុក្ខជាតិ ដើមបាយក្តាំង មនខ្ញី និងស្មៅអណ្តាតគោ»។
ដានី បានបន្ដថាការស្រាវជ្រាវរបស់ក្រុមពួកនាងគឺជាការអង្កេត និងចុះប្រមូលទិន្នន័យពីពលរដ្ឋនៅខេត្តកំពតដែលធ្លាប់ប្រើប្រាស់រុក្ខជាតិដោយសួរពលរដ្ឋថា តើរុក្ខជាតិឱសថណាខ្លះដែលមានអាទិភាពក្នុងការព្យាបាលជំងឺដើម្បីកំណត់ជាឯកសារទុកស្រាវជ្រាវបន្ត។
យ៉ាងណាក្ដីកញ្ញា គឹម ដានី បានបញ្ជាក់ថាការស្រាវជ្រាវនេះនៅមិនទាន់បានស៊ីជម្រៅទេ ប៉ុន្តែអាចមានសារៈសំខាន់សម្រាប់អនាគត។
កញ្ញាថា៖ «នេះជាការសិក្សាស្រាវជ្រាវបឋមមិនទាន់បានចូលមន្ទីរសោធន៍លម្អិតអ្វីឡើយ ព្រោះកម្រិតពួកខ្ញុំមានតែត្រឹមហ្នឹង តែលទ្ធផលនេះអាចមានប្រយោជន៍ស្រាវជ្រាវទៅថ្ងៃក្រោយ»។
គួរបញ្ជាក់ថាបើតាមរបាយការណ៍សហគ្រាសឱសថ PPM គឺជាសហគ្រាសផលិតឱសថដ៏ចំណាស់ជាងគេនៅកម្ពុជាដែលបង្កើតឡើងតាំងពីសម័យសង្គមរាស្ត្រនិយម។ បច្ចុប្បន្ននេះសហគ្រាសនេះបានផលិតឱសថជាង ១០០ មុខ និងនាំចេញចំនួន ៥០ មុខទៅក្នុងទីផ្សារ ១៦ ប្រទេសហើយទីផ្សារធំជាងគេគឺប្រទេសអាហ្វ្រិក។
ដោយឡែក ឱសថ គីណាល់ ដែលជាឱសថបំបាត់ការឈឺចាប់គឺបានបង្កើតឡើងដោយវេជ្ជបណ្ឌិតកូនខ្មែរលោក កុក សុខគីម តាំងពី ៥៨ ឆ្នាំមុន និងកំពុងមានភាពល្បីល្បាញកាន់តែខ្លាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕