បើ​អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ពី​ទីក្រុង​ភ្នំពេញ​ទៅ​ដល់​ខេត្ត​ពោធិ៍សាត់ ត្រង់​បង្គោល​គីឡូលេខ ១៧១ រួច​ធ្វើ​ដំណើរ​ជាង​មួយរយ​ម៉ែត្រ​ទៅ​មុខ​ទៀត​អ្នក​នឹង​ឃើញ​មាន​ផ្លូវលំ​មួយ​ខ្សែ​ក្រាល​គ្រួសក្រហម​នៅ​ខាង​ឆ្វេង​ដៃ។

តែ​បើ​អ្នក​បន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រាល​គ្រួសក្រហម​នោះ​ជាង ១០ គីឡូម៉ែត្រ​ទៀត អ្នក​នឹង​ទៅ​ដល់​តំបន់​ដាច់​ស្រយាល​មួយ​ដែល​មាន​ភ្នំ​ជាច្រើន​នៅ​ជុំវិញ ផ្ទះ​អ្នក​ភូមិ​ដែល​សង់​ដាច់ៗ​ពី​គ្នា ជាមួយ​គ្នា​នោះ​ដែរ​អ្នក​ក៏​នឹង​ឃើញ​មាន​សាលារៀន​មួយ​ខ្នង​ដែល​មាន​សរសេរ​អក្សរ​នៅ​ក្លោង​ទ្វារ​ថា “សាលា​បឋមសិក្សា​រលាប​ស្រង៉ាំ” សាលា​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ ២០១០ ពី​ជញ្ជាំង​ឈើ​ និង​ដំបូល​ស័ង្កសី​ដោយ​ប្រជាសហគមន៍​នៅក្នុង​តំបន់​នេះ។ សាលា​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិថ្មី​ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។


មក​ទល់​បច្ចុប្បន្ន​សាលា​នេះ​មាន​ការ​ទ្រុតទ្រោម​យ៉ាង​ខ្លាំង​ពេល​មាន​ភ្លៀង​ម្តងៗ​សិស្សានុសិស្ស​ត្រូវ​បង្ខំ​ចិត្ត​អត់​ទៅ​រៀន​ ដោយសារ​ដំបូល​មាន​ការ​ធ្លុះ​រហែក​លេច​ និង​សាច។ ពេល​មេឃ​ក្តៅ​ខ្លាំង​ក៏​ពួកគាត់​មិន​អាច​រៀន​ក្នុង​សាលា​បាន​ដែរ។ ដោយសារ​ការស្រេកឈ្លាន​ការអប់រំ និង​ចង់​បាន​អនាគត​ភ្លឺស្វាង​សម្រាប់​ខ្លួន​ពួកគេ​ទៅ​ថ្ងៃ​អនាគត​ប្អូនៗ​កុមារ​តូចៗ ដែល​ភាគច្រើន​ជា​កូន​កសិករ​ក្រីក្រ និង​ខ្វះខាត​ត្រូវ​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​គេ​ដោយ​ថ្មើរជើង​ពី ៣ ទៅ ៧ គីឡូម៉ែត្រ​ជា​រៀងរាល់​ថ្ងៃ។


ជាក់ស្តែង​កុមារី យន ភារម្យ បាន​ប្រាប់​ពី​ការលំបាក​របស់​នាង​ថា “ពេល​ភ្លៀង​ម្តងៗ​ធ្វើឲ្យ​ខ្ញុំ​ទទឹកជោគ រក​កន្លែង​អង្គុយ​អត់​បាន អត់​មាន​តុ​អង្គុយ​រៀន​គ្រប់គ្រាន់ ហើយ​តែង​ដណ្តើម​កន្លែង​គ្នា​អង្គុយ។ ​”


ដោយ​មើល​ឃើញ​តម្រូវការ និង​ការ​លំបាក​យ៉ាង​ខ្លាំង​បែប​នេះ​តាមរយៈ​មូលនិធិ ខេអឹមអេច (KMH Foundation) ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​អាយអេសអាយគ្រុប (ISI GROUP) បាន​សម្រេច​ថា​នឹង​សង់​សាលា​ថ្មី​មួយ​ខ្នង​ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​ប្អូនៗ​សិស្សានុសិស្ស​ដែល​កំពុង​ជួប​ការលំបាក​នៅ​ទី​នោះ។


វីដេអូ


សាលា​ថ្មី​នេះ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ១៨ មីនា​កន្លង​ទៅ​នេះ​ដោយ​បាន​ចំណាយ​ថវិកា​ជាង ៦ ម៉ឺន​ដុល្លារអាមេរិក។ អគារ​ថ្មី​នេះ​ទំហំ​សរុប ៣២ម×៩ម មាន​បន្ទប់​សិក្សា​ចំនួន​ ០៤ (​បន្ទប់​នីមួយៗ​មាន​ទំហំ ៨ម׳៦,៨ម ដែល​អាច​ផ្ទុក​សិស្ស​បាន​ចំនួន​​ ៤០ ​នាក់) ​ក្តារខៀន ០៤ តុ​សិស្ស​ចំនួន​៦០ និង​តុ​គ្រូ​ចំនួន​ ០៤។

លោក​ កាំងឡេង អគ្គនាយក​ក្រុមហ៊ុន អាយ អេស អាយគ្រុប បាន​លើក​ឡើង​ថា៖ «យើង​បាន​ទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​សង្គម​ ដូច្នេះ​យើង​ត្រូវ​តែ​ជួយ​ដល់​សង្គម​វិញ។ យើង​បាន​បង្កើត​មូលនិធិ​ខេអឹមអេច​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ខ្មែរ​របស់​យើង​ហើយ​វិស័យ​អប់រំ​ជា​វិស័យ​មួយ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជាង​គេ។ ប្រទេស​ជាតិ​មួយ​រីកចម្រើន​បាន​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​រីកចម្រើន​ផ្នែក​ធនធាន​មនុស្ស។»

បន្ថែម​ពី​លើ​នេះ​លោក​ កាំងឡេង ក៏​បាន​មាន​ប្រសាសន៍​លើក​ទឹកចិត្ត​ដល់​ប្អូនៗ​កុមារ​ឲ្យ​ខិតខំ​រៀនសូត្រ​ ចេះ​គោរព​ចាស់ទុំ​ឪពុកម្តាយ​ ហើយ​ត្រូវ​តែ​តស៊ូ​រៀន​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​អាណាព្យាបាល​​គាំទ្រ និង​បញ្ជូន​កូនៗ​ពួកគាត់​ឲ្យ​​បាន​ចូលរៀន​គ្រប់ៗ​គ្នា​ផង​ដែរ។

ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) ដើម្បី​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ខ្លួន មូលនិធិខេ អឹម អេច (KMH Foundation) ជឿជាក់​លើ​ការ​ចែករំលែក និង​ការប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​ក្នុង​ការគាំទ្រ​យ៉ាង​សកម្ម​ដល់​សហគមន៍​ដែល​ក្រុមហ៊ុន​បាន​នឹង​កំពុង​ធ្វើ​អាជីវកម្ម។ មូលនិធិខេ អឹម អេច (KMH Foundation) បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់ និង​គាំទ្រ​ដល់​វិស័យ​គោលសំខាន់ៗ​បី​រួម​មាន វិស័យ​កីឡា ការអប់រំ​ និង​សុខភាព។