អតីតក្មេងៗដែលអង្គការ CCF សង្គ្រោះដំបូងគេ នៅគំនរសំរាមស្ទឹងមានជ័យ បានបញ្ចប់ការសិក្សា

ភ្នំពេញៈ អតីតជាក្មេងធ្លាប់រស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យ នាអំឡុងឆ្នាំ ២០០៤-២០០៥ ដែលគេស្គាល់គ្រប់ៗគ្នា មានចំនួន ៣០ រូប បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ក្រោយពីពួកគេត្រូវអង្គការ Cambodian Children’sFund (CCF) សង្គ្រោះដំបូងគេមកនោះ។ នេះបើតាមការប្រារព្ធពិធីផ្តល់កិត្តិយសដល់កុមារមួយចំនួន ដែលត្រូវអង្គការ CCF ធ្វើឡើងដើម្បីចារឹកជាព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នៅបរិវេណសាលា Neeson Cripps Academy កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក ដោយមានលោក ស្កុតនីសុន ជាស្ថាបនិកអង្គការ។
ពិធីមួយនេះ គឺជាការប្រារព្ធឡើង ដើម្បីផ្តល់កិត្តិយសដល់និស្សិតសរុបចំនួន ៣០ នាក់ដែលបានទើបតែបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្ររបស់ពួកគេ។
នៅក្នុងចំណោមនិស្សិតទាំងនេះមាននិស្សិតមួយចំនួនគឺជាកុមារ ដែលត្រូវបានរកឃើញដំបូងគេ នាពេលកំពុងធ្វើការ និងរស់នៅទីកន្លែងចាក់សំរាមកាលពីឆ្នាំ ២០០៤ និងឆ្នាំ ២០០៥។
និស្សិតទាំងអស់នេះបានឆ្លងកាត់កម្មវិធីអប់រំដែលមានសញ្ញាបត្ររបស់អង្គការ CCFដែលកម្មវិធីនេះបានគាំទ្រដល់ការសិក្សារបស់ពួកគេក្នុងអំឡុងពេលរៀននៅសាកលវិទ្យាល័យរហូតដល់បញ្ចប់ការសិក្សា។នេះគឺជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយសម្រាប់និសិ្សតទាំងនេះដែលមកពីកន្លែងដ៏ក្រីក្រជាងគេនៅកម្ពុជា ដោយពួកគេភាគច្រើនមិនបានចូលសាលារៀននោះឡើយមុនពេលចូលអង្គការ CCF ។
កញ្ញា រួស ស្រីនិច វ័យ ២៤ ឆ្នាំ ដែលធ្លាប់រស់នៅកន្លែងចាក់សំរាមកាលពីអាយុ ៨ ឆ្នាំ ពេលត្រូវបានលោក Scott Neeson ដែលជាស្ថាបនិករបស់អង្គការ CCF រកឃើញ។ ស្រីនិច គឺជាកុមារដំបូងគេ ត្រូវអង្គការ CCF បានទទួលយក ហើយនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យន័រតុន និងបងប្អូនស្រី ឱក ណៃហួយ និង ណៃហៀង បានរស់នៅអង្គការ CCFអស់រយៈពេល ១៣ ឆ្នាំក្រោយពីត្រូវបានសង្គ្រោះពីកន្លែងចាក់សំរាម ដែលពួកគេធ្វើការទាំងថ្ងៃទាំងយប់។ ឥឡូវនេះ ពួកគេក៏បានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រដែរ។

លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការ CCF មានប្រសាសន៍ថា៖ «ឃើញកុមារដែលធ្លាប់ធ្វើការនៅកន្លែងចាក់សំរាម បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ គឺជាពេលវេលាដ៏រំជួលចិត្តមួយសម្រាប់រូបខ្ញុំ»។
លោក បន្តថា៖«ឥឡូវនេះពួកយើងបានមកដល់ចុងបញ្ចប់នៃរង្វង់ជីវិតរបស់ពួកគេហើយ។ វាពិបាកនឹងពិពណ៌នាណាស់ថាតើពួកគេ និងអង្គការ CCFបានឈានមកដល់ចំណុចនេះដោយរបៀបណានោះ។យើងសុទ្ធមានមោទនភាពចំពោះពួកគេម្នាក់ៗខ្លាំង»។
ស្រីនិច ដែលបច្ចុប្បន្នមានវ័យ ២៤ឆ្នាំ បានរំឮកឲ្យដឹងស្ថានភាពជីវិតខ្លួនថា ៖«ជីវភាពនៅកន្លែងចាក់សំរាមពិតជាពិបាកណាស់ ខ្ញុំគ្មានឱកាសទៅរៀនឡើយ។ និយាយតាមត្រង់ការរស់នៅទីនេះដូចរស់នៅក្នុងឋាននរក។ ប្រសិនបើគ្មានការគាំទ្រពីអង្គការ CCF ខ្ញុំមិនអាចក្លាយជាខ្ញុំនៅពេលនេះឡើយ»។
កញ្ញា ឱក ណៃហៀង ក៏បានឲ្យដឹងពីស្ថានភាពខ្លួនកាលពីក្មេងដែរថា៖«ខ្ញុំតែងតែភ្ញាក់ពីម៉ោង ៤ ទៀបភ្លឺ និងដើររើសសំរាមរហូតដល់ពេលរសៀល។ ខ្ញុំត្រឡប់មកផ្ទះវិញដើម្បីញ៉ាំអាហារថ្ងៃត្រង់ហើយបន្ទាប់ពីញ៉ាំរួចខ្ញុំត្រូវត្រឡប់ទៅរើសសំរាមវិញរហូតដល់ពេលយប់។ នៅពេលខ្ញុំទៅដេក ខ្លួនរបស់ខ្ញុំធុំក្លិនអាក្រក់ណាស់»៕
