ភ្នំពេញ: ពិធី​ជប់លៀង​ជូន​ដំណើរ​និស្សិត​កម្ពុជា​ជាប់​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុនបាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជានា​ថ្ងៃទី ២៦ ខែមីនា ដោយមាន​ការចូលរួម​ពីឯកអគ្គរាជទូត​ជប៉ុនលោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា  និង​លោក​ ពិត ​ចំណាន រដ្ឋលេខាធិការនៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា និស្សិត​ជាប់​អាហារូបករណ៍​ទាំង ២៥ រូប រួមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ផងដែរ។

ថ្លែង​នៅក្នុង​ពិធីនា​រាត្រី​ថ្ងៃ​ទី ២៦ ខែមីនា ​ឯកអគ្គរាជទូត​ជប៉ុនលោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិតថាក្មួយៗប្រាកដជា​កង្វល់​មុន​ចេញដំណើរ​ទៅ​ប្រទេស​ជប៉ុនប៉ុន្តែ​ខ្ញុំ​ជឿជាក់ថាក្មួយៗនឹង​ដូចជា​សិស្ស​ច្បង​​មកពី​ជប៉ុនដែលមាន​វត្តមាន​នៅទីនេះគឺ​ក្លាយជា​សសរទ្រូង​នៃ​ការរីកចំរើន​របស់​ប្រទេស​កម្ពុជាបន្ទាប់ពី​ត្រឡប់​មក​មាតុប្រទេស​វិញ»។

និស្សិត​កម្ពុជា​ដែល​ជាប៉អាហារូបករណ៍​រដ្ឋាភិបាលជប៉ុន ក្នុងពិធី​ជប់លៀង​ជូនដំណើរ​នៅស្ថានទូត។ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម


នៅក្នុង​ឱកាស​នេះ និស្សិត​កម្ពុជា​ទាំងអស់បាន​ជជែក​ពិភាក្សាផ្លាស់ប្តូរ​បទពិសោធ​គ្នា ក្នុងការ​ត្រៀមខ្លួន​ក្នុងការ​ធ្វើដំណើរ​ទៅ​បន្ត​ការសិក្សានៅ​ប្រទេស​ជប៉ុន ដែល​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃទី១ ខែមេសាខាងមុខនេះ ដោយ​មានការ​ថតរូប​អនុស្សា​វី​យ៍ ព្រមទាំងទទួលទានអាហារ ​និង​ភេសជ្ជៈ​ផ្សេងនា​រាត្រី​ដ៏​សែន​មនោ​រម្យ។


យុវជន​កម្ពុជា​ទាំង ២៥ នាក់​នេះគឺ​បានធ្វើ​ការប្រឡង​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ដោយ​លើកទីមួយមាន​បេក្ខជន​កម្ពុជា​ចូលរួម​ប្រកួត​ចំនួន​ ៦៧៥​ នាក់ និង​លើក​ទី ២ គឺ​ការប្រឡង​ជាមួយ​បេក្ខជន​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត។


គួរ​បញ្ជាក់​ថា កម្ពុជា និង​ជប៉ុន បាន​មាន​ទំនាក់ទំនង​មិត្តភាព និង​សហការគ្នា​រយៈ ៦០ ឆ្នាំ​មកហើយ។ មិន​តែ​ប៉ុណ្ណោះជប៉ុនក៏​ជា​ប្រទេសមួយដែល​បាន​ផ្តល់នូវ​ការ​បណ្តុះបណ្តាល​សមត្ថភាព​ធនធាន​មនុស្ស​ និង​ឱកាស​សម្រាប់​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩១ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន៕


​រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោក ពិត ចំណាន ថ្លែងសុន្ទរកថា​ក្នុងពិធីជប់លៀង​។ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

និស្សិត​កម្ពុជា​ដែល​ជាប៉អាហារូបករណ៍​រដ្ឋាភិបាលជប៉ុន ក្នុងពិធី​ជប់លៀង​ជូនដំណើរ​នៅស្ថានទូត។ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​ជប៉ុន​​ ក្នុង​កម្មវិធីជប់លៀង​ជូនដំណើរនិស្សិត​អាហារូបករណ៍​។ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម។