
លោក សុខ លាភ
ភ្នំពេញ: សាលាអ៊ិនរ៉ូលមិន (Sala Enrollment) គឺជាគេហទំព័រថ្មីមួយបង្កើតឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួលទៅដល់សិស្សដែលទើបបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងការស្វែងរកសាកលវិទ្យាល័យ ជំនាញ សិក្សាក៏ដូចជាដំណឹងអាហារូបករណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្ននេះគេហទំព័រសាលាអ៊ិនរ៉ូលមិនត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃទាំងភាសាអង់គ្លេស និងភាសាខ្មែរដែលរួមមានព័ត៌មានអំពីសាកលវិទ្យាល័យចំនួន ២៨ និងវិទ្យាស្ថានចំនួន ១៤ នៅទូទាំងក្រុងភ្នំពេញ។
លោក សុខ លាភ ស្ថាបនិកគេហទំព័រមួយនេះបានឲ្យដឹងយ៉ាងដូច្នេះថា៖ «បញ្ហាប្រឈមរបស់សិស្សក្រោយការប្រឡងបាក់ឌុបគឺការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា និងស្វែងរកសាលារៀនថ្នាក់បរិញ្ញាបត្រ។ សិស្សខ្លះនៅតែសម្រេចចិត្តតាមគ្នីគ្នាមិត្តភក្ដិ ឬក្រុមគ្រួសារជាដើមដោយសារពួកគេខ្វះព័ត៌មាននៅក្នុងដៃ»។
តាមរយៈការបង្កើតគេហទំព័រដែលប្រើពេលជិត ១ ឆ្នាំជាមួយក្រុមយុវជនប្រមាណ ១០ នាក់លោក លាភ យល់ថាសាសាអ៊ីនរ៉ូលមិននឹងក្លាយជាកន្លែងដែលសិស្សអាចចូលទៅមើលព័ត៌មានលម្អិតអំពីសាកលវិទ្យាល័យ វិទ្យាស្ថាន និងការប្រឡងអាហារូបករណ៍ទាំងរដ្ឋ និងឯកជនដោយពុំចាំបាច់ចំណាយពេលច្រើនក្នុងការធ្វើដំណើរទៅសួរព័ត៌មានពីសាលាមួយទៅសាលាមួយទៀតនោះទេ។
ស្ថាបនិកវ័យ ៣០ ឆ្នាំរូបនេះបន្ថែមថា៖ «យើងចង់ឲ្យសិស្សមានព័ត៌មានគ្រប់គ្រាន់ថាតើមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានប៉ុន្មាន? ហើយមានជំនាញសិក្សាអ្វីខ្លះ? ដូច្នេះពួកគាត់អាចប្រៀបធៀប និងសម្រេចចិត្តបានត្រឹមត្រូវ»។

លោកបន្តបានទៀតថា៖ «យើងបានស្វែងរកការសហការជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ ដើម្បីបានព័ត៌មានលម្អិត និងថ្មីៗសម្រាប់យុវជនដែលកំពុងស្វែងរកសាលារៀន»។
នៅលើគេហទំព័រសាលាអ៊ិនរ៉ូលមិនដែលមានអាសយដ្ឋាន https://www.salaenrollment.com សម្រាប់ភាសាអង់គ្លេស និង https://www.salaenrollment.com/kh/ សម្រាប់ភាសាខ្មែរព័ត៌មានត្រូវបានចេញជា ៥ ផ្នែកដូចជា ព័ត៌មានទូទៅរបស់សាកលវិទ្យាល័យ ឬវិទ្យាស្ថាននីមួយៗ តម្លៃសិក្សា កម្មវិធីសិក្សាអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេសអមជាមួយរូបភាពនៅខាងក្នុងសាលានីមួយៗផងដែរ។
លោក សុខ លាភ បញ្ជាក់ថាគេហទំព័រសាលាអ៊ិនរ៉ូលមិន កំពុងត្រូវបានធ្វើបច្ចុនប្បន្នភាពជារៀងរាល់ថ្ងៃដោយដាក់បញ្ចូលព័ត៌មានថ្មីៗដែលទទួលបានពីគ្រឹះស្ថានអប់រំនានា៕
ទ្រី ស៊ុងហ៊ី