
ការប្រឡងកម្រិតអន្តរជាតិ (IGE) ប្រចាំឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ សហការី
ភ្នំពេញៈ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ រយៈពេលពេញមួយថ្ងៃសាលាអាយឃីដ កម្មវិធី UCMAS បានរៀបចំកម្មវិធី ប្រឡងកម្រិតអន្តរជាតិ (IGE) ប្រចាំឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ កម្មវិធីនេះ ត្រូវបាន អញ្ជើញចូលរួមដោយ កញ្ញា ហេង រចនា ជានាយិកា គ្រប់គ្រង UCMAS កម្ពុជា និងម្ចាស់អាជ្ញាប័ណ្ណ រួមទាំងមានលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសរុបចំនួន ២ ០០០ នាក់។
នាឱកាសនោះដែរ កញ្ញា ហេង រចនា នាយិកា គ្រប់គ្រង UCMAS កម្ពុជាបានឲ្យដឹងថា៖ «កម្មវិធីប្រឡងកម្រិតអន្តរជាតិ (IGE) ប្រចាំឆ្នាំ ២០១៩ នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យសិស្សានុសិស្សរបស់កម្មវិធី UCMAS ប្រកួតប្រជែងសមត្ថភាពរបស់ពួកគេទៅលើ ២ វិញ្ញាសាគឺ វិញ្ញាសា Mental និងវិញ្ញាសា Abacus ដែលមានចំនួន ១១ កម្រិតខុសៗគ្នា។

តាមរយៈការប្រឡងរបស់ កម្មវិធី UCMAS នេះនឹងផ្តល់ឲ្យបេក្ខជន ដែលប្រឡងជាប់ទទួលបាននូវវិញ្ញាបនបត្រពីប្រទេសម៉ាឡេស៊ី ដែលទទួលស្គាល់ពី ៧៩ ប្រទេសជុំវិញពិភពលោក ក៏ដូចជាជម្រុញឲ្យការរៀនសូត្ររបស់កុមាររឹតតែខ្លាំងឡើង នឹងពង្រឹងគុណភាពកាន់តែល្អប្រសើរពោលគឺបង្កើនភាពជឿជាក់ ននិងសេចក្តីកា្លហានរបស់កុមារកម្ពុជាគ្រប់ៗរូប។
បើតាមការបញ្ជាក់បន្ថែមរបស់កញ្ញា ហេង រចនា បានឲ្យដឹងថា សាលាអាយឃីដនោះ កម្មវិធី UCMAS កម្ពុជានឹងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ នៅទីក្រុង ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ជាម្ចាស់ អាជ្ញាបណ្ណ័ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ជាបេក្ខជនប្រឡងសរុបចំនួនជាង ១ ម៉ឺននាក់ មកពី ៧៩ ប្រទេសជុំវិញពិភពលោក។ កម្មវិធីប្រកួតនឹងប្រព្រឹត្តិទៅក្នុងបរិវេណមជ្ឃមណ្ឌលដឹ ព្រេមៀសេនធ័រ សែនសុខភ្នំពេញ (The Premier Center Sen Sok) នាខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។
ដូច្នេះសិស្ស UCMAS កម្ពុជា ទាំងអស់ត្រូវតែ ខិតខំសិក្សា អនុវត្តបន្ថែម និងត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីទទួលបានជោគជ័យ នៅក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តកម្មវិធីគណនាលេខ ដោយប្រើខួរក្បាល និងក្បាច់គិតលេខចិនបុរាណហៅថា Abacus ថ្នាក់អន្តរជាតិលើកទី ២៤ នៃកម្មវិធី UCMAS៕


កញ្ញា ហេង រចនា នាយិកាគ្រប់គ្រង UCMAS កម្ពុជា។ សហការី