ភ្នំពេញៈ អង្គការ WCS បង្ហាញក្តីបារម្ភពីចំនួនសត្វខ្សឹប ដែលបានថយចុះយ៉ាងគំហុកក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយ ខណៈបច្ចុប្បន្ន វត្តមានសត្វនេះ ភាគច្រើនមាននៅក្នុងខេត្តកំពង់ធំ និងមានតិចតួចបំផុតនៅក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។
សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាមផងដែរ។
វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថា មានចំនួនតិចជាង ៥០០ ក្បាលនៅលើពិភពលោក។
អង្គការ WCS បានសរសេរបង្ហោះនៅលើទំព័រហ្វេសបុករបស់ខ្លួន នៅថ្ងៃទី ៣ មិថុនាថា ប្រទេសកម្ពុជាបានក្លាយជាទីជម្រកសម្រាប់វត្តមាននៃអនុប្រភេទ Houbaropsis bengalensis blandini ដែលនៅសេសសល់ នៅលើពិភពលោក។
ប៉ុន្តែចំនួនសត្វខ្សឹបនៅកម្ពុជា បានថយចុះយ៉ាងគំហុកក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានវត្តមានភាគច្រើននៅក្នុងខេត្តកំពង់ធំ មានតិចតួចនៅក្នុងខេត្តសៀមរាប និងមានតិចតួចបំផុតនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។
អង្គការនេះបានបញ្ជាក់ថា៖ «សត្វខ្សឹបរស់នៅតាមតំបន់វាលស្មៅធម្មជាតិដែលមានលាយឡំជាមួយនឹងគុម្ពោតព្រៃដុះរាយប៉ាយ។ កត្តាគំរាមកំហែងធំៗដល់ការរស់នៅរបស់សត្វខ្សឹប រួមមាន ការបាត់បង់ទីជម្រកពាក់ព័ន្ធទៅនឹងការបំប្លែងតំបន់វាលស្មៅ និងតំបន់ដាំដុះស្រូវបែបយថាផលទៅជាតំបន់ដាំដុះស្រូវបែបប្រពលវប្បកម្ម (ពីរទៅបីដងក្នុងមួយឆ្នាំ) ការប្រមាញ់ខុសច្បាប់ និងការហើរបុកទង្គិចជាមួយខ្សែបណ្តាញអគ្គិសនី»។
នៅក្នុងឆ្នាំ ២០០៩ អង្គការ WCS និងដៃគូ បានបោះពុម្ពផ្សាយលទ្ធផលនៃការស្រាវជ្រាវរយៈពេលជាង ១០ ឆ្នាំ។ លទ្ធផលនៃការស្រាវជ្រាវនោះបានបង្ហាញថា ចំនួនសត្វខ្សឹបឈ្មោលដែលលោតបង្អួតខ្លួននៅរដូវបន្តពូជ តាមរយៈទិន្នន័យជំរឿនឆ្នាំ ២០១៨ មានតែ ១០៤ ក្បាលប៉ុណ្ណោះ នៅកម្ពុជា។
ដើម្បីការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប» គ្របដណ្តប់លើផ្ទៃដីទំហំ ៣១ ១៥៩ ហិកតា ក្រោមអនុក្រឹត្យលេខ ៨៨. អនក្រ.បក លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំ និងសៀមរាប។
បន្ថែមពីនេះ អង្គការ WCS ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានដើម្បីអភិរក្សតំបន់នេះ និងការពារសត្វខ្សឹបព្រមទាំងប្រភេទសត្វស្លាបកម្រៗដទៃទៀតដូចជា ចាបព្រៃវែង ជាដើម។
អង្គការបានបញ្ជាក់ថា៖ «សកម្មភាពអភិរក្សសំខាន់ៗរួមមាន ការគាំទ្រដល់ការអនុវត្តច្បាប់ ការគ្រប់គ្រងតំបន់វាលស្មៅដោយមានការចូលរួមពីសហគមន៍ ការផ្សព្វផ្សាយបង្កើនការយល់ដឹងដល់សហគមន៍ ការការពារសម្បុកសត្វខ្សឹប ការលើកកម្ពស់គម្រោងស្រូវបែបនិរន្តរភាព ដែលជាយន្តការមួយគាំទ្រដល់និរន្តរភាពកសិកម្ម សម្រាប់ការអភិរក្សសត្វខ្សឹប និងការបង្កើតតំបន់ការពារធម្មជាតិថ្មីមួយនៅក្នុងខេត្តពោធិ៍សាត់»។
យោងតាមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វខ្សឹបត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទសត្វ «កម្រ»។
ច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី ៣ ជនទាំងឡាយណាដែលចាប់ដាក់អន្ទាក់ ប្រមាញ់ ធ្វើឱ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥ លានរៀល ដល់ ១៥០ លានរៀល៕