ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សា ពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ដោយបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដាក់ស្នើទៅថ្នាក់ដឹកនាំ ពិនិត្យសម្រេច និងពន្លឿនការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
កាលពីថ្ងៃទី១១ មិថុនា នៅទីស្តីការក្រសួង លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញបច្ចេកទេស ចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
ទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ចូន ឲ្យដឹងថា កិច្ចប្រជុំនេះ បានពិភាក្សាអំពីវឌ្ឍនភាពនៃការកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់និងផ្លូវរថភ្លើង ដោយការរៀបចំសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីដាក់ស្នើទៅថ្នាក់ដឹកនាំពិនិត្យសម្រេចការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានឆាប់។
ក្រសួងបញ្ជាក់ថា៖«អនុក្រឹត្យនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង ដល់ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដាញផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ និងផ្លូវរថភ្លើង ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំដៅធានានូវនិរន្តរភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមការអភិវឌ្ឍ និងការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា»។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកលឹម ស៊ីដេនីន បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំពិនិត្យ ពិភាក្សាឱ្យបានផុលផុសនិងផ្តល់ធាតុចូលឱ្យបានល្អិតល្អន់ ដើម្បីជំរុញឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងអាចបញ្ចប់តាមការគ្រោងទុក៕