កំពង់ស្ពឺៈ មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ ​នឹង​អនុវត្ត​វិធានការ​ច្បាប់​ផាក​ពិន័យ​ចំពោះ​ការបោះ​សំរាម​ចោល​នៅ​ទី​សាធារណៈ ​ប្រសិនបើ​ការផ្សព្វ​ផ្សាយ​អប់រំ​ច្រើន​ដង​ហើយ ​ពលរដ្ឋ​នៅតែ​ផ្គើន​បន្ត​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល ​នាំឲ្យ​ខូច​សោភណភាព​នៅ​ឧទ្យាន​ជាតិ​គិរីរម្យ។


លោក ​ឱម ម៉ាក់ធារី ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ​ថ្លែង​នា​ថ្ងៃទី ១៤​ មិថុនា ​ថា ​បញ្ហា​ពលរដ្ឋ​ទៅ​លេង​នៅ​ឧទ្យាន​ជាតិ​គិរីរម្យ ​ហើយ​បាន​ទុក​ដាក់​សំរាម​ចោល​ពាសវាល​ពាសកាល​នោះ ​លោក​កំពុង​ចាត់​ក្រុមការងារ​ឱ្យចុះ​ទៅ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ ​ដោយ​មាន​ដាក់​បដា ​និង​ពាក្យ​ស្លោក​ផ្សេងៗ​ស្តីពី​ការលើក​កម្ពស់​ការរក្សា​បរិស្ថាន​ផង​ដែរ។ បើសិនជា​ការអប់រំ​ណែនាំ​ច្រើន​ដង ​ហើយ​ពលរដ្ឋ​មិន​ស្តាប់ ​នោះ​ទើប​អនុវត្ត​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​ថ្លែងថា​៖ «កាលណា​ប្រាប់​មិន​ស្តាប់​ច្រើន​ដង​ គឺ​យើង​ធ្វើការ​ពិន័យ​តាម​ច្បាប់​ហើយ។ ប៉ុន្តែ​ទី១​ យើង​អប់រំ​ផ្សព្វផ្សាយ​ឲ្យគាត់​យល់​ជាមុន​សិន។ ការអប់រំ​នេះ​មិនមែន​តែ​ពលរដ្ឋ​ទៅ​លេង​ទីនោះ​ទេ ​អាជីវករ​ ក៏​យើង​ណែនាំ​គាត់​ដែរ​ គឺ​ឱ្យ​គាត់​ចេះ​ញែក​សំរាម​ជាសំណល់​រឹង ​និង​សំណល់​រាវ ​ឬ​សំណល់​ប្លាស្ទិក។ យើង​អប់រំ​គាត់​ឲ្យ​ប្រើ​ស្លឹក​ចេក ​ស្លឹក​ឈូក ​ស្លឹកអី ​អ៊ីចឹង​ទៅ ​ព្រោះ​ប្លាស្ទិក​មិន​ងាយ​រលាយ​ទេ»។


លោក ​ហែម ឧត្តម ​អ្នក​ជំនាញ​បរិស្ថាន ​ថ្លែង​នា​ថ្ងៃទី ១៤ ​មិថុនា​នេះ​ថា ​ភាព​អសកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទុក​ដាក់​ចោល​សំរាម ​នៅតែ​មាន​ ទោះបី​បច្ចុប្បន្ន​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ ​មាន​ធុង​សំរាម ​កញ្ច្រែង​សំរាម​ខ្លះ​នៅ​ដោយ​កន្លែង​ហើយ​ក៏ដោយ ​ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​មិនទាន់​មាន​ទម្លាប់​ក្នុង​ការចោល​សំរាម​ឱ្យ​ចំ​កន្លែង​នៅ​ឡើយ​ទេ។

លោក​ថ្លែងថា​៖ «បើសិនជា​អាច ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​សូម​បង្កើត​ជាកម្មវិធី​ណាមួយ ​ដែល​ជួយ​ភ្ញោច​ស្មារតី​ពលរដ្ឋ​ឲ្យគាត់​ចេះ​ទទួល​ខុសត្រូវ​ក្នុង​ការទុក​ដាក់​សំរាម។ ឧទាហរណ៍​តាមរយៈ​ទូរទស្សន៍ ​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ធ្វើ​ម៉េច​ឲ្យមាន​ប្រជាប្រិយ​ជាង​ការតាម​ដាន​អ្នកជេរ​គ្នា​តាម​បណ្តាញ​សង្គម»។


នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ ​និង​អនាម័យ​សហគមន៍​ លោក ​ហេង យ៉ុន គូរ៉ា ​ថ្លែងថា ​ការអប់រំ​ផ្សព្វផ្សាយ​តាម​រយៈ​វីដេអូ​មាន​ច្រើន ​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មួយចំនួន​នៅតែ​មិន​អើពើ​យក​ចិត្ត​ទុក​ដាក់​ស្តាប់។ ភាគច្រើន​ពលរដ្ឋ​ស្តាប់ ​និង​មើល​វីដេអូ​អប់រំ​ទាំងនោះ ​ប្រៀប​ដូចជា ​ការមើល​បទ​ចម្រៀង ​មិន​បាន​យក​ខួរ​ក្បាល​គិត​ពិចារណា ​អំពី​ខ្លឹមសារ​អប់រំ​ឡើយ។

បើ​តាម​លោក​ យ៉ុន គូរ៉ា ​ការដែល​ពលរដ្ឋ​មិន​ខ្ចី​អើពើ​ក្នុង​ការទទួល​ខុស​ត្រូវ​ចំពោះ​ការទុក​ដាក់​ចោល​សំរាម​នេះ ​ដោយសារតែ​មូល​ហេតុ​មួយ​ចំនួន​ទៀត ​ដូចជា ​ការខ្វះខាត​ធុង​សំរាម​ សេវា​ប្រមូល​សំរាម​យឺត ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ដែល​អនុវត្ត​ច្បាប់​ពីការ​ផាក​ពិន័យ​ក្នុងការ​ចោល​សំរាម​ឡើយ។

លោក​និយាយថា​៖ «ខ្ញុំ​សង្កេត​ឃើញ​ថា ​អត់មាន​អ្នក​ឃ្លាំមើល​សម្រាប់​ពិន័យ​។ បើសិនជា​មាន​អ្នកឃ្លាំ​មើល​សម្រាប់​ពិន័យ ​១ ដង ​២​ ដង​ មនុស្ស​អាច​កែ​ទម្លាប់​ហ្នឹង ​ហើយ​បើសិន​ជា​យើង​មិនទាន់​ពិន័យ​ទេ​ គឺ​ត្រូវ​ធ្វើការ​អប់រំ​ ១ ដង​ ២ ដង។ ​យើង​សរសេរ​ពាក្យ​ស្លោក​អប់រំ​តាំងពី​ក្រោម​រហូត​ដល់​លើ ​ឬ​កន្លែង​ណា​ដែល​ជាផ្លូវ​ដើរ ​អ៊ីចឹង​ទៅ»។

យ៉ាងណា​ក៏ដោយ ​លោក ​ហែម ឧត្តម ​ថ្លែងថា ​ការអនុវត្ត​ច្បាប់​តឹងរ៉ឺង​ពេក​ អាច​បង្ខំឱ្យប្រជាពលរដ្ឋ​ធ្វើតាម ​ប៉ុន្តែ​ធ្វើ​តែ​នៅមុខ​មន្ត្រី​ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប៉ុណ្ណោះ ​មិនមាន​ការផុស​ចេញ​ពី​ចិត្ត​ក្នុង​ការចូល​រួម​រក្សា​បរិស្ថាន​ឡើយ។ ការបោះ​សំរាម​ចោល​នៅតាម​ទី​រមណីយ​ដ្ឋាន ​ឬ​ទី​សារធារ​ណៈ​ផ្សេងៗ ​នាំឱ្យ​ខូច​សោភណភាព ​និង​មាន​ការបំពុល​បរិយា​កាស ​ដែល​ប៉ះ​ពាល់​ដល់​ជីវ​ចម្រុះ ​និងខ្វះ​ខ្យល់​អាកាស​បរិសុទ្ធ​សម្រាប់​មនុស្ស​ផង​ដែរ៕

វីដេអូ៖