ភ្នំពេញៈ កម្ពុជា​ និង​អង់គ្លេស​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​វិស័យ​ផ្សេងៗ​នៃ​ប្រទេស​ទាំង​ ២​។


ការប្រកាស​បែប​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា រវាង​លោក​ ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ និង​លោក​ ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រី​ការបរទេស​នៃ​ចក្រភព​អង់គ្លេស​ដែល​លោក​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​ជំរុញ និង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ និង​ពហុភាគី​រវាង​ប្រទេស​ទាំង​ ២​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា បញ្ជក់​ថា​៖ «​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​បាន​ឯកភាព​គ្នា​លើ​សារៈសំខាន់​នៃ​កិច្ចសន្ទនា​អំពី​បញ្ហា​ពាណិជ្ជកម្ម និង​បាន​ចែករំលែក​នូវ​គោលបំណង​រួម​ក្នុង​ការបន្ត​ពង្រឹង​ និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​មួយចំនួន​សម្រាប់​ផលប្រយោជន៍​ទៅវិញ​ទៅមក​ ជាពិសេស​ក្នុង​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម អប់រំ ការបោសសម្អាត​មីន សុខាភិបាល និង​បរិស្ថាន​»​។


នៅក្នុង​ជំនួប​ទ្វេភាគី​លោក​ ប្រាក់ សុខុន បាន​ប្រាប់​លោក​ រ៉ាអាប់ អំពី​បញ្ហានយោបាយ​សន្តិសុខ និង​ការអភិវឌ្ឍ​សង្គម​នាពេល​ថ្មីៗ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​លោក​បាន​អរគុណ​ដល់​អង់គ្លេស​ដែល​បាន​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ដល់​ប្រទេស​កម្ពុជា និង​សម្រាប់​ជំនួយ​លើ​វិស័យ​អប់រំ​ការបោសសម្អាត​មីន និង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC)​។

រដ្ឋមន្ដ្រីការបរទេស​ទាំង​ ២ ​បាន​ឯកភាព​លើ​ភាពចាំបាច់​ក្នុង​ការផ្សព្វផ្សាយ​អំពី​ឱកាស​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ដល់​វិនិយោគិន​ចក្រភព​អង់គ្លេស​ច្រើន​ថែមទៀត​ឱ្យធ្វើ​ការជ្រើសរើស​យក​ប្រទេស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដោយ​គិតពិចារណា​ទៅលើ​សក្តានុពល​របស់​កម្ពុជា​ដែល​បាន​ផល​ពី​សារពើពន្ធ​ និង​ការលើក​ទឹកចិត្ត​ផ្សេងៗ ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន (AFTA) ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ​។ ភាគី​ទាំង​ ២ ​បាន​គិតគូរ​ពិចារណា​បង្កើត​ឱ្យ​មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការសម្របសម្រួល​ពាណិជ្ជកម្ម​។


កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២ ដែល​ផ្តោត​ជាសំខាន់​ទៅលើ​ការលើកកម្ពស់​មជ្ឍភាព​ និង​ឯកភាព​អាស៊ាន ការពន្លឿន​ការស្តារ​ឡើងវិញ​ ក្រោយ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការពង្រឹង​សុខុមាលភាព​សាធារណៈ​។

លោក ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​ចំណាប់​អារម្មណ៍​របស់​អង់គ្លេស​ក្នុង​ការសុំ​បង្កើត​ភាព​ជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន ហើយ​បាន​បញ្ជាក់​អំពី​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​សំណើសុំ​របស់​អង់គ្លេស​ ដោយសារ​អង់គ្លេស​តែងតែ​មាន​ទំនាក់ទំនង​យ៉ាង​សកម្ម​ជាមួយ​អាស៊ាន​។

លោក​កោតសរសើរ​ចំពោះ​ការចូលរួម​វិភាគទាន​របស់​អង់គ្លេស​ចំនួន​ ១ ​លាន​ផោន​ដល់​មូលនិធិ​អាស៊ាន​ សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩​។ លោក​បាន​អំពាវនាវ​ដល់​អង់គ្លេស​ឱ្យ​គាំទ្រ​បន្ថែម​ទៀត​ដល់​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ទៀត​របស់​អាស៊ាន ដើម្បី​ដោះស្រាយ​ជំងឺ​រាតត្បាត​។

រដ្ឋមន្ត្រី​ទាំង​ ២ ​ក៏បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​ ដែល​ជា​ចំណាប់អារម្មណ៍ និង​ការបារម្ភ​រួមគ្នា​រួមមាន​សេចក្តី​ព្រាង​ក្រម​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​សម្រាប់​ការវិលត្រឡប់​ទៅរក​ប្រក្រតីភាព​របស់​ប្រទេស​មីយ៉ាន់ម៉ា និង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ដោយ​ផ្តោត​ទៅ​លើ​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ និង​មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ និង​បច្ចេកវិទ្យា​នានា​ដែល​ដើរតួនាទី​ដ៏សំខាន់​។

លោក​ ប្រាក់ សុខុន បានប្រកាស​ថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹងចូលរួម​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​ ២៦ (COP26) នៅ​ទីក្រុង Glasgow ប្រទេស​អង់គ្លេស​។ រដ្ឋមន្ត្រី​ទាំង​ ២ ​បាន​ឯកភាព​បន្ត​ធ្វើការ​ជាមួយ​គ្នា​កាន់តែ​ជិតស្និទ្ធ​ឡើង​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​។

លោក​ រ៉ាអាប់ បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​របស់​អង់គ្លេស​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ​លើក​ទី​១៣ (ASEM13) ​ដែល​នឹង​រៀបចំ​ដោយ​កម្ពុជា​នៅ​ថ្ងៃទី​ ២៥-២៦ ខែវិច្ឆិកា​ខាងមុខ​នេះ​។ លោក​ រ៉ាអាប់ គឺជា​​រដ្ឋមន្ត្រី​ការបរទេស​នៃ​ចក្រភព​អង់គ្លេស​ដំបូង​គេ​បង្អស់​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ១៩៥៣ ​មក​។

ក្រសួង​ការបរទេស​អង់គ្លេស​បាន​ឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា​ថា​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា​របស់លោក​ រ៉ាអាប់​។ «​ឆ្នាំនេះ​មាន​រយៈពេល​ ៣០ ឆ្នាំ​ចាប់តាំងពី​ចក្រភព​អង់គ្លេស​បាន​បើក​ស្ថានទូត​របស់​យើង​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ​ហើយ​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​នេះ​ពី​ការរីកចម្រើន​ពី​ពាណិជ្ជកម្ម​របស់ខ្លួន​ទៅរក​ស្តង់ដា​អប់រំ និង​សុខាភិបាល​»​។

លោក​ រ៉ាអាប់ បាន​ថ្លែងថា​៖ «​ខ្ញុំ​ទន្ទឹងរង់ចាំ​កសាង​មូលដ្ឋានគ្រឹះ​ទាំងនេះ នៅពេល​ដែល​ប្រទេស​កម្ពុជា​កាន់​តួនាទី​សំខាន់​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​»​។

លោក ឈាង វណ្ណារិទ្ធិ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៤ ខែមិថុនា​ថា ក្រោយពី​ចាកចេញ​ពី​សហភាព​អឺរ៉ុប​មក​ប្រទេស​អង់គ្លេស​បាន​ស្វះស្វែង​រក​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជា​យុទ្ធសាស្ត្រ​នៅ​គ្រប់ទិសទី​ហើយ​តំបន់​អាស៊ាន ឬ​ក៏​អាស៊ីអាគ្នេយ៍​គឺជា​គោលដៅ​មួយ​សំខាន់​សម្រាប់​អង់គ្លេស ហើយ​ទំនាក់ទំនង​អង់គ្លេស​ជាមួយ​កម្ពុជា​មាន​ទាំង​ទ្វេភាគី​ផង និង​ពហុភាគី​ផង​ដែល​ជា​ទំនាក់ទំនង​អាស៊ាន​ និង​អង់គ្លេស​ដែល​ប្រទេស​នេះ​ចង់​ក្លាយ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​ដែរ​។

លោក​ថ្លែងថា​៖ «​ដោយសារ​អង់គ្លេស​គាត់​ចេញ​ពី​សហភាព​អឺរ៉ុប គាត់​ចង់​កសាង​ដៃគូ​សន្ទនា​ជាមួយ​យើង​ដែរ​ហើយ​ជាមួយ​អាស៊ាន​។ អ៊ីចឹង​កម្ពុជា​យើង​ដែល​ឆ្នាំក្រោយ​ជា​ប្រធាន​អាស៊ាន​ហ្នឹង​គឺ​មាន​តួនាទី​សំខាន់​ដែរ​ ដើម្បី​ជំរុញ​ទំនាក់ទំនង​អាស៊ាន​ជាមួយ​អង់គ្លេស​»៕