ភ្នំពេញៈ ​មន្ត្រី​នៃ​ក្រសួង​ធម្មការ​អះអាងថា នឹង​ចុះទៅ​ស៊ើបអង្កេត​ករណី​ដែលថា​មាន​ការលក់​ដី​គរុភណ្ឌ​របស់​វត្ត​សុវណ្ណសាគរ​ហៅ​ «​វត្ត​បន្ទាយ​» ​ដែល​​បច្ចុប្បន្ន​មាន​មួយផ្នែក​ត្រូវបាន​យកទៅ​ធ្វើជា​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​អរិយក្សត្រ នៅក្នុង​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ក្នុង​តម្លៃ​ជិត​ ១ ​លានដុល្លារ​អាមេរិក​។


លោក សេង សុមុនី អ្នកនាំពាក្យ ក្រសួង​ធម្មការ និង​សាសនា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​​ម្សិលមិញ​ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​ការលក់​ដី​គរុភណ្ឌ​របស់​វត្តសុវណ្ណ​សាគរ​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ឱ្យ​មន្ត្រី​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ពិតប្រាកដ​ពី​ករណីនេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មិន​​មាន​របាយការណ៍​ជាក់លាក់​នៅឡើយ​ទេ​រហូត​មកទល់​ពេល​នេះ​​ឮតែ​អ្នកកាសែត​សួរ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​មន្ទីរធម្មការ និង​សាសនា​​ខេត្ត​កណ្តាល​ឱ្យ​ចុះ​ធ្វើ​កិច្ចការងារ​នេះ​ឱ្យ​កាន់តែ​ច្បាស់​ហើយ​»​។ បើតាម​លោក សេង សុមុនី ខាង​មន្ទីរ​ធម្មការ​ខេត្ត​ប្រាប់​លោក​ថា បាននិង​កំពុង​ធ្វើ​កិច្ចការ​នេះ​។


លោក ព្រហ្ម សារ៉ន អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកណ្តាល​ថ្លែង​យ៉ាងខ្លី​ថា លោក​មិន​បានដឹង​ពី​ការលក់ដូរ​​ដីវត្ត​នេះ​ទេ ដោយ​លោក​បាន​​បង្វែរ​សំណួរ​ឱ្យ​សួរ​ព្រះគ្រូ​ចៅអធិការ​វត្ត​ទើប​ដឹង​ពី​រឿងនេះ​។

ក៏ប៉ុន្តែ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​ទៅ​ព្រះគ្រូ​ចៅអធិការ និង​គណៈកម្មការវត្ត សុវណ្ណសាគរ​ (​ហៅ​វត្តបន្ទាយ​) ​ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​​ម្សិលមិញ​។


ដោយឡែក លោក ឌុច ចាន់ មេឃុំ​អរិយក្សត្រ ប្រាប់​កាលពី​ម្សិលមិញ​ដែរ​ថា លោក​ក៏​មិនបាន​ដឹង​ពី​ការលក់​ដី​វត្ត​នេះដែរ រឿង​លុះត្រា​ព្រះគ្រូ​ចៅអធិការ​ ឬ​គណៈកម្មការ​អាចារ្យវត្ត​ទើប​ដឹង​ច្បាស់​។ លោក​ថា ករណីនេះ​​លោក​មិនបាន​ចុះហត្ថលេខា​លើ​ការទិញ-លក់​លើដី​នេះ​ទេ ។

លោក​ ចាន់ បាន​បញ្ជាក់ថា​៖ «​យើង​ឮៗ​តាម​ខ្យល់ មិន​អាច​យក​ជា​ការកើត​នោះទេ ទាល់តែ​សាមី​វត្ត និង​អ្នកទិញ​បានដឹងខ្លួន​គាត់​»​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ថា​ដី​ប៉ុស្តិ៍នគរបាល​ដែល​សង់​លើដី​នោះ​ក៏ត្រូវ​បាន​លក់​ដែរនោះ លោក ហេង សុផល អធិការ​ស្រុក​ល្វាឯម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា ដី​នេះ​ជា​ដី​កម្មសិទ្ធិ​របស់​វត្ត សុវណ្ណសាគរ ដែល​ត្រូវបាន​ខ្ចី​មក​សាងសង់​ជា​ប៉ុស្ដិ៍នគរបាល សម្រាប់​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ប៉ុន្តែ​បើទោះជា​ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ប៉ុស្តិ៍​នគរបាល​ក៏​គ្មាន​នរណា​មាន​សិទ្ធិ​ក្នុង​ការលក់​ដែរ​។

បើតាម​លោក ហេង សុផល កាលពី​ឆ្នាំ​ ២០២០ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​​តម្រូវ ប៉ុស្តិ៍នគរបាល​នៅ​ទូទាំង​ប្រទេស ត្រូវតែ​មាន​ដី និង​ប៉ុស្តិ៍​ដោយ​ខ្លួនឯង​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​បាន​រដ្ឋបាលខេត្ត​សិក្សា និង​រក​ដី​ ១ ​កន្លែង​ដែល​ជា​ដី​របស់​ឃុំ​ដើម្បី​សាងសង់​ប៉ុស្តិ៍នគរបាល​ថ្មី​។ ប៉ុន្តែ​ប៉ុស្តិ៍​នគរបាល​ចាស់​គឺ​នៅ​ដដែល ប្រសិនបើ​គេ​ឱ្យ​រើ លោក​នឹង​រើចេញ ប៉ុន្តែ​ស្នើសុំ​ថវិកា​ខ្លះ​ក្នុង​ការតយ៉ាប​នៅ​ប៉ុស្តិ៍​ថ្មី​។

លោក​ សុផល បាន​ថ្លែងថា​៖ «​បើ​គេ​អត់​ដេញ យើង​នៅ​ហ្នឹង ហើយ​រៀបចំ​ទៅ​ជា​ទីបញ្ជាការ​ស្រាល ប៉ុន្តែ​បើ​គេ​ដេញ យើង​សុំ​ពេលណា​មួយ ដើម្បី​រៀបចំ​ឱ្យ​ប៉ុស្តិ៍​មួយ​នោះ​ធ្វើឱ្យ​ហើយ និង​បម្រើ​ប្រជាពលរដ្ឋ​បាន​ស្រួល​នោះ​យើង​នឹង​រើចេញ​ហើយ​»​។

ទោះជា​យ៉ាងណា​លោក ហេង សុផល បាន​អះអាង​ថា ដី​វត្ត​នោះ​ត្រូវបាន​លក់​រួចហើយ ក៏​​ប៉ុន្តែ​លោក​មិនដឹង​ថា​លក់​ឱ្យទៅ​នរណា​នោះទេ ឬ​មាន​ការដោះដូរ​ក្នុង​ការសាងសង់​យ៉ាងម៉េច លោក​មិន​បានដឹង​នោះទេ ព្រោះ​វា​ជា​សិទ្ធិ​របស់​វត្ត​៕

វីដេអូ៖