ភ្នំពេញៈ ​រាជ​រដ្ឋាភិ​បាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​មន្ត្រីជាន់ខ្ពស់​តាម​ក្រសួង​នានា បាន​ថ្លែង​សារ​អបអរសាទរ​ ទិវា ​៨​ កក្កដា ​ជា​ខួប​ ៤​ ឆ្នាំ ​នៃ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក ​(៨​ កក្កដា​ ២០១៧​-​៨ ​កក្កដា ​២០២១)​។​


លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន នៅ​ថ្ងៃទី ៨​ ខែ​ កក្កដា ​ឆ្នាំ ​២០២១​ នេះ​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​​លោក​ថា ក្រោយពី​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌពិភព​លោក​ ប្រាសាទ​សំបូរព្រៃគុក​ បាន​ក្លាយជា​តំបន់​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ ហើយលោកក៏​បាន​អំពាវនាវ​ដល់​ពល​ររ​ដ្ឋ​ចូលរួម​រួម​ថែរក្សា​ការពារ​ប្រាសាទ​បូរាណ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​គង់វង្ស ​ដើម្បី​កូនចៅ​ខ្មែរ​គ្រប់ៗ​ជំនាន់​។​

លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​៖ «​ការដាក់​សម្បត្តិ​វប្បធម៌​ និង​ប្រាសាទ​បុរាណ​ទាំងនេះ ​មិន​ត្រឹមតែ​ទទួល​បានការ​គាំពារ​ជា​អន្តរជាតិ​នោះទេ ​តែ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌​ ​និង​ប្រាសាទ​បុរាណ​របស់​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ផងដែរ​»​។


ទន្ទឹមគ្នា​នេះដែរ​ ​លោក ​ហេង ​សំរិន​ ​ប្រធាន​រដ្ឋសភា ​បាន​សេ​សេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ដែរ​ថា ការសម្រេច​ដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរ​ព្រៃគុក​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ ក្នុងការ​ថែរក្សា ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​មានតម្លៃ ​រហូត​ត្រូវបាន ​UNESCO ​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​នៅ​ថ្ងៃទី​ ៨​ ​ខែ កក្កដា ​ឆ្នាំ​ ២០១៧ ​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង ​Krakow​ ប្រទេស​ប៉ូឡូញ​។​

លោក​ ​ហេង​ ​សំរិន ​ថ្លែងថា​៖ «​យើង​ពិត​ជាមាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​អតីត​ព្រះមហាក្សត្រ ​និង​បុព្វបុរស​ខ្មែរ​យើង​ ដែល​បាន​សាងសង់​ ប្រាសាទ​សំបូរ​ព្រៃគុក ​និង​ប្រាសាទបុរាណ​ដទៃទៀត​ជាច្រើន​ នៅ​ពាសពេញ​ប្រទេស​ទុកឱ្យ​កូនចៅ​រហូត​សព្វថ្ងៃ​នេះ ​ធ្វើឱ្យ​អន្តរជាតិស្ញប់ស្ញែង​ ចំពោះ​ពូជសាសន៍​របស់​យើង​ជាទី​បំផុត​»​។​


ក្រសួង​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ ក៏បាន​ផលិត​វីដេអូ​អបអរសាទរ​ខួប​ ៤ ​ឆ្នាំ នៃ​ការដាក់​បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​របស់​អង្គការ​យូណេស្កូ​នេះ​ ​ផ្សព្វផ្សាយ​នៅ​លើ​ម​បណ្តាញ​សង្គម​ផងដែរ​។​​

តំបន់​ប្រាសាទ​សំបូរព្រៃគុក​ បាន​ក្លាយជា​តំបន់​ប្រ​វ​តិ្ត​សាស្ត្រ​ទី​៣ របស់​កម្ពុជា​ ដែល​ត្រូវបាន​ចុះ​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ដែល​រៀប​ចំឡើង​ចាប់ពី​ថ្ងៃទី ២​ ដល់​ថ្ងៃទី​ ១២​ ខែ កក្កដា​ ឆ្នាំ​ ២០១៧ ​ដែល​មាន​ ១៩៣ ​ប្រទេស​ជា​សមាជិក​ និង ២១​ ប្រទេស​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បន្ទាប់ពី​ប្រាសាទ​អង្គ​វត្ត​ដែល​បាន​ចុះ​ក្នុង​បញ្ជីនៅ​ឆ្នាំ​ ១៩៩២​ និង​ប្រាសាទ​ព្រះវិហារ​នៅ​ឆ្នាំ ​២០០៨​៕​