ព្រះវិហារៈ អង្គការ WCS សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្តព្រះវិហារ បានធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំងដល់គោ និងក្របីប្រមាណ ៦០០ ក្បាល របស់អ្នកស្រុកនៅភូមិចំនួន ៤ ក្នុងស្រុកគូលែន និងស្រុកឆែប ដើម្បីបង្ការជំងឺសាទឹក ខណៈយុទ្ធនាការនេះកំពុងសិក្សាបន្តពង្រីកទៅភូមិគោលដៅដទៃទៀត ដែលធ្លាប់ផ្ទុះជំងឺសាទឹកនៅក្នុងសហគមន៍។
ទំព័រហ្វេសបុករបស់អង្កការ WCS នៅថ្ងៃទី ៧ កក្កដា បានឱ្យដឹងថា យុទ្ធនាការនេះចូលរួមសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកគូលែន និងស្រុកឆែប ខេត្តព្រះវិហារ។
អង្គការ WCS បានបន្តថា យុទ្ធនាការនោះមានរយៈពេល ៤ ថ្ងៃ និងបានធ្វើឡើងនៅក្នុងភូមិខាំកឺត ភូមិសួង និងភូមិកំពង់សង្កែ ស្ថិតក្នុងដែនជម្រកសត្វព្រៃឆែប និងភូមិសម្បូរ ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដោយបានចាក់វ៉ា់ក់សាំងដល់គោចំនួន ៣៦៤ ក្បាល និងក្របីចំនួន ២៣៦ ក្បាល។
អង្គការ WCS បានបញ្ជាក់ថា៖ «សត្វពាហនៈស្រុក គឺជាប្រភេទសត្វជួយទ្រទ្រង់ដល់ប្រព័ន្ធអេកូឡូស៊ី។ ការស៊ីស្មៅ និងការដេកននៀលត្រាំភក់របស់សត្វទាំងនេះ ជួយស្តារឡើងវិញ និងថែរក្សានូវទីជម្រកនានាដូចជា ថ្លុក ត្រពាំង ដែលមានសារៈសំខាន់ចំពោះប្រភេទសត្វស្លាបជិតផុតពូជបំផុត នៅលើពិភពលោកដូចជា សត្វត្រយងយក្សជាដើម»។
លោក ផាន់ ស៊ីថាន មន្ត្រីគម្រោងរបស់អង្គការ WCS ប្រចាំខេត្តព្រះវិហារ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ កក្កដាបន្ថែមថា យុទ្ធនាការនេះកំពុងសិក្សាដើម្បីអនុវត្តនៅក្នុងភូមិគោលដៅនៃស្រុកទាំង ២ នេះបន្តទៀត។
លោកបន្តថា ការបើកយុទ្ធនាការនេះ ក៏ដើម្បីបង្ការជំងឺសាទឹកដល់សត្វចិញ្ចឹមស្រុក រួមទាំងដើម្បីការពារការចម្លងដល់សត្វព្រៃផងដែរ ខណៈតំបន់ទាំងនោះ គឺសុទ្ធតែធ្លាប់ផ្ទុះជំងឺនេះទៅលើសត្វគោ និងក្របី។
លោករៀបរាប់ថា៖ «ដោយសារតែភូមិទាំងអស់មានចំនួន គោក្របីច្រើន ហើយគោក្របីទាំងនេះ គឺជាធនធានដ៏សំខាន់សម្រាប់អ្នកស្រុកយើង។ គោលបំណងមួយទៀត គឺដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះ រាលដាលទៅដល់ភូមិផ្សេងៗទៀត»។
បន្ថែមពីនេះ លោក ផាន់ ស៊ីថាន បានសង្កត់ធ្ងន់ថា៖ «ភូមិទាំងនេះ គឺសុទ្ធតែមានសត្វព្រៃសំខាន់ៗដែលជាសត្វកម្រ ដែលមានវត្តមាននៅក្បែរៗភូមិដែរ។ ការចាក់វ៉ាក់សាំងនេះ គឺទប់ស្កាត់ធ្វើយ៉ាងម៉េច កុំឱ្យសត្វស្រុកមានជំងឺសាទឹក ឆ្លងទៅសត្វព្រៃ»។
បើតាមលោក ផាន់ ស៊ីថាន ជំងឺសាទឹក គឺអាចឆ្លងពីសត្វមួយទៅសត្វមួយទៀត តាមរយៈមេរោគនៃជំងឺនេះ ហើយវាក៏ងាយនឹងឆ្លងជំងឺនេះទៅសត្វព្រៃតាមរយៈការប៉ះពាល់ដោយផ្ទាល់នៅកន្លែងដែលសត្វមានជំងឺធ្លាប់រស់នៅ ដោយការឈឺងាប់ផងដែរ។
តាមអង្គការ WCS ការងារអភិរក្ស និងការចាក់វ៉ាក់សាំងលើគោក្របីនេះ ទទួលបានការគាំទ្រពីមូលនិធិភាពជាដៃគូសម្រាប់ស្ថានប្រព័ន្ធផុយស្រួយ (CEPF) ដែលគម្រោងនេះ ក៏នឹងផ្តល់ដល់ការចាក់វ៉ាក់សាំងដោយគិតថ្លៃដល់គោក្របីរបស់អ្នកភូមិ ដើម្បីបញ្ចៀសការឆ្លងរាលដាលនូវជំងឺសាទឹក ដែលនាំបង្កឱ្យមានហានិភ័យ ដល់សុខភាពសត្វផងដែរ៕
វីដេអូ៖