ភ្នំពេញៈ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ (MoU) ជាមួយ​ក្រសួង​មហាផ្ទៃ​ និង​សន្តិសុខ​នៃ​សាធារណរដ្ឋ​កូរ៉េ ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​រដ្ឋាភិបាល​ឌីជីថល ដើម្បី​ដំណើរការ​មជ្ឈមណ្ឌល​រដ្ឋាភិបាល​ឌីជីថល​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍ និង​ការផ្ទេរ​នូវ​បច្ចេកវិទ្យា ក្រោម​ជំនួយ​ឥតសំណង​នៃ​សាធារណរដ្ឋ​កូរ៉េ​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣។


ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​រដ្ឋាភិបាល​ឌីជីថល​ជាមួយ​ក្រសួងមហាផ្ទៃ​ និង​សន្តិសុខ​នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​រសៀល​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ។ នេះ​បើតាម​ហ្វេសប៊ុក​ក្រសួង​ប្រៃសណីយ៍​នៅ​រសៀល​ថ្ងៃទី ១០ កក្កដា​នេះ។

តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ក្រសួង​ប្រៃសណីយ៍​បាន​ឲ្យ​ដឹងថា ការចុះ​អនុស្សរណៈ​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត និង​ឯកឧត្តម Jeon Hae-cheol រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​សន្តិសុខ​កូរ៉េ ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ត្រីរាជការ​នៃ​ក្រសួង​ទាំងពីរ​ផងដែរ។


ហ្វេសប៊ុក​ក្រសួង​ប្រៃសណីយ៍​សរសេរ​ថា «អនុស្សរណៈ​នៃ​ការយោគយល់​នេះ ធ្វើឡើង​ដើម្បី​ដំណើរការ​មជ្ឈមណ្ឌល​រដ្ឋាភិបាល​ឌីជីថល​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍ និង​ការផ្ទេរ​នូវ​បច្ចេកវិទ្យា ក្រោម​ជំនួយឥតសំណង​នៃ​សាធារណរដ្ឋ​កូរ៉េ​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣»។

ភាគី​ទាំងពីរ​បានបញ្ជាក់​ពី​ជំនឿ​យ៉ាង​មុតមាំ​ថា​មជ្ឈមណ្ឌល​នេះ​នឹង​បម្រើ​ជា​ថ្នាល​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ទិសដៅ​កាន់តែ​ច្បាស់​សម្រាប់​បដិវត្តកម្ម​ឌីជីថល និង​សម្រេច​នូវ​គោលដៅ​ក្នុង​ការផ្តល់​សេវាសាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព៕