
ទិដ្ឋភាពផ្សារបឹងកេងកង នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ សាលារាជធានីភ្នំពេញ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះផ្សារបឹងកេងកង ចាប់ពីម៉ោងសូន្យ ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២១ តទៅ ក្រោយពីបានអនុវត្តវិធានការសុខាភិបាលបានត្រឹមត្រូវ និងពិនិត្យលើស្ថានភាពជាក់ស្តែងដែលអាចដំណើរការឡើងវិញបាន ប៉ុន្តែបន្តអនុវត្តនូវវិធានការការពារចាំបាច់នានា។
ផ្សារបឹងកេងកង ដែលមានទីតាំងស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានសាលារាជធានីភ្នំពេញ ប្រកាសបិទបណ្តោះអាសន្នមួយរយៈ បន្ទាប់បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ ជាបន្តបន្តាប់។
សេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី ១២ កក្កដានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការចាប់ផ្ដើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារបឹងកេងកង ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ដោយ អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវទៅយកសំណាកវិភាគ រកមេរោគកូវីដ ១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផល តេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់បុគ្គលម្នាក់ៗ និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មី ក្នុងមូលដ្ឋានអាជីវកម្ម។
សាលារាជធានីបានបញ្ជាក់ថា៖ «ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព ការងារ មុខរបរ អាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវសុវត្ថិភាពបុគ្គល-សង្គម»។
បន្ថែមពីនេះកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព គឺជាករណីជាចាំបាច់ ដែលត្រូវអនុវត្តគ្រប់ពេល ហើយក្នុងករណីមិនពាក់ម៉ាស គឺត្រូវផាកពិន័យប្រាក់ជាអន្តរការណ៍ចន្លោះពី ២០០.០០០ រៀល ដល់ ១.០០០.០០០ រៀល ដោយគ្មានការលើកលែង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងសេចក្តីសម្រេចរបស់លោកថា ក្នុងការបំពេញវិធានការ និងភាពចាំបាច់នានា ត្រូវបានប្រគល់ជូនរដ្ឋបាលខណ្ឌបឹងកេងកង សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យក្នុងមូលដ្ឋានផ្សារបឹងកេងកង សំដៅ ធានាការអនុវត្តឱ្យបានត្រឹមត្រូវ។
លោកបានបញ្ជាក់ថា៖ «ក្នុងករណីរកឃើញថា គណៈកម្មការផ្សារ បុគ្គលណាម្នាក់ មិនព្រមសហការ មិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីសម្រេចទេ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ»៕
វីដេអូ៖