កំពង់ស្ពឺៈ មន្ត្រី​បរិស្ថាន ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​បាន​ចុះបង្ក្រាប​ការលួច​ដាំដុះ​ដំណាំ​ និង​ការធ្វើ​របង​ព័ទ្ធ​វាត​យក​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​នៅ​ចំណុច​ភូមិ​ចំការតែ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច​។ ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​បរិស្ថាន​បាន​ដក​បង្គោលរបង​ជិត​ ១ ​ពាន់​ដើម លួស​បន្លា​ ១ ​ពាន់​ម៉ែត្រ និង​ផ្ទះ​ប្រក់​ស័ង្កសី​ ៣ ​ខ្នង ត្រូវ​ដុត​កម្ទេចចោល​នៅនឹងកន្លែង​។


លោក​ ឱម ម៉ាក់ធារី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ថ្លែង​ពី​ម្សិលមិញ​ថា ការចុះ​បង្ក្រាប​ករណី​លួច​ដាំដំណាំ​ និង​ដាំ​បង្គោលរបង​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស​វាត​យក​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ និង​សាងសង់​ផ្ទះ​អនាធិបតេយ្យ​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​មាន​ចំនួន​ ២​ ទីតាំង ដែល​ស្ថិត​ក្នុង​ភូមិ​ចំការតែ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច នៃ​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត កុសុម:​គិរីរម្យ​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ទីតាំង​ទី​១ ​មាន​បង្គោលរបង​ឈើ​ចំនួន​ ៥០០ ​ដើម លួស​បន្លា​ចំនួន​ ៤ ​ខ្សែ​ប្រវែង​ ៦០០ ​ម៉ែត្រ និង​ផ្ទះ​ធ្វើ​អំពី​ឈើ​អារ​ទំហំ ៣ ​ម៉ែត្រ គុណ​នឹង​ ៤ ​ម៉ែត្រ ប្រក់​ស័ង្កសី​ចំនួន ១ ​ខ្នង​។ ចំណែក​ទីតាំង​ទី​២ មាន​បង្គោលរបង​ឈើ​ចំនួន​ ៤០០ ​ដើម​លួស​បន្លា​ចំនួន​ ៤ ​ខ្សែ​ប្រវែង​ ៤០០ ​ម៉ែត្រ​និង​ផ្ទះ​ធ្វើ​អំពី​ឈើអារ ទំហំ ៤ ​ម៉ែត្រគុប​ ៤ ​ម៉ែត្រ ប្រក់​ស័ង្កសី​ចំនួន​ ២ ​ខ្នង​។


លោក​ថ្លែងថា​៖ «​អំពើ​បែបនេះ វា​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​។ មន្ត្រី​យើង​ក៏បាន​ដក​បង្គោលរបង​ និង​រុះរើ​ផ្ទះ​ទាំងអស់​នោះ​ដុត​កម្ទេចចោល​នៅនឹងកន្លែង និង​កំពុង​បន្ត​ស្រាវជ្រាវ​រក​ជនល្មើស ដើម្បី​ចាប់​យកមក​ផ្ដន្ទាទោស​តាមច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​» ។

កាលពី​ថ្ងៃទី​ ១៣ ខែកក្កដា មន្ត្រី​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ក៏បាន​ចុះ​ពិនិត្យ​បរិវេណ​ដី​ ១ ​កន្លែង​ទៀត ស្ថិតនៅ​ក្នុង​ភូមិ​ឃុំ​ដដែល​នេះ​ផងដែរ ឃើញ​មាន​ដាំ​ដំណាំ​ស្វាយ​ចំនួន​ ២០ ​ដើម និង​បង្គោលរបង​ឈើ​ចំនួន​ ៥០០ ​ដើម និង​លួស​បន្លា​ចំនួន​ ៤ ​ខ្សែ​ប្រវែង ១ ០០០ ​ម៉ែត្រ​។ មន្ត្រី​បរិស្ថាន​បាន​ដក​ដំណាំ​ និង​បង្គោលរបង​ទាំងអស់​នោះ​កម្ទេចចោល នៅ​នឹង​កន្លែង​ផងដែរ​។


លោក រ័ត្ន ថាវី មន្ត្រី​សម្របសម្រួល​សមាគម​អាហុដ ប្រចាំខេត្ត​កំពង់ស្ពឺ ថ្លែងថា បើសិន​ជា​មាន​ការលួច​ដាំ​ដំណាំ និង​ព័ទ្ធរបង​លើដី​សាធារណៈ​របស់​រដ្ឋ​មែន​នោះ ការចុះទៅ​បង្ក្រាប​របស់​មន្ត្រី​បរិស្ថាន គឺជា​រឿង​ល្អ ដើម្បី​ការពារ​ដី​រដ្ឋ​ឱ្យនៅ​គង់វង្ស​កុំឱ្យ​មាន​ជនខិលខូច​មួយចំនួន​ដើរ​ចាប់យក​ផ្តេសផ្តាស​។

លោក​ថ្លែងថា​៖ «​វិធានការ​របស់​អាជ្ញាធរ គឺជា​រឿង​ល្អ​មួយ​ដែរ កុំឱ្យ​ចេះតែមាន​ការចូល​ទៅ​ព័ទ្ធ​យក​ដី​ពាសវាល​ពាសកាល​យូរៗ​ទៅ​ធ្វើឱ្យ​បាត់បង់​ដី​សាធារណៈ​របស់​រដ្ឋ​អស់​។ ប៉ុន្តែ​បើសិនជា​ដី​ហ្នឹង ជា​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ ហើយ​អាជ្ញាធរ​ទៅ​ធ្វើ​ដោយ​មិនបាន​ឆ្លងកាត់​តាមផ្លូវ​តុលាការ​នោះ ខ្ញុំ​គិតថា ជា​អំពើ​មួយ​ដែល​យើង​មិនអាច​ទទួលយក​បានទេ​»​។

យ៉ាងណា​ក៏ដោយ​លោក ឱម ម៉ាក់ធារី បាន​អះអាងថា តាម​របាយការណ៍​ដែល​មន្ត្រី​របស់លោក​បាន​ចុះទៅ​ដល់​ទីតាំង​ជាក់ស្តែង និង​បាន​ពិនិត្យ​បរិវេណ​កន្លែងកើតហេតុ​ទាំងនោះ​ឃើញថា ពិតជា​មាន​ការលួច​ដាំដំណាំ​ និង​ដាំ​បង្គោលរបង​ហ៊ុមព័ទ្ធ​យក​ដី​ និង​សង់ផ្ទះ​អនាធិបតេយ្យ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រាកដ​មែន​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ជន​ណា​ដែល​បោះបង្គោល​ហ៊ុមព័ទ្ធ​ដាក់​សញ្ញា​សម្គាល់​ និង​កាប់គាស់​រុករាន​ដីព្រៃ​ឆ្ការ​ដុត​ឈូសឆាយដី​ព្រៃ​របស់​រដ្ឋ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​នឹង​ត្រូវ​ផ្ដន្ទាទោស​ក្នុង​មាត្រា​ ៦០ ​និង​មាត្រា​ ៦២ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ត្រូវ​ជាប់ទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​ឆ្នាំទៅ​ ១០ ​ឆ្នាំ និង​ទោសពិន័យ​ជា​ប្រាក់​ពី​ ១៥ ​លាន​រៀល​ដល់​ ១៥០ ​លាន​រៀល​៕