កំពង់ឆ្នាំងៈ លោក យឹម សារិន អភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អាជ្ញាធរចម្រុះស្រុកបានរុះរើដំបូលបែចិញ្ចឹមត្រីជាង ១០០ បែនៅទូទាំងស្រុក ដើម្បីរង់ចាំការផ្លាស់ទីឡើងគោក ក្រោយចប់រដូវវស្សាឆ្នាំនេះ ខណៈមួយរយៈមកនេះមានករណីលួចសាងសង់បែឡើងវិញ ក្រោមរូបភាពលួចលាក់។
លោក យឹម សារិន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មួយរយៈចុងក្រោយនេះ ពលរដ្ឋមួយចំនួនដែលភាគច្រើនជាជនជាតិវៀតណាមបានលួចធ្វើជញ្ជាំង និងដំបូលបែចិញ្ចឹមត្រីឡើងវិញជាបន្តបន្ទាប់។
ទន្ទឹមនឹងការលួចធ្វើបែឡើងវិញនេះ អាជ្ញាធរស្រុកបានចុះទៅរុះរើ និងធ្វើកិច្ចសន្យា ដោយឱ្យបញ្ឈប់ការសាងសង់វិញ ដើម្បីរង់ចាំឡើងគោក បន្ទាប់ពីពួកគេបានស្នើសុំពន្យារពេលត្រឹមចប់រដូវវស្សានេះ ព្រោះតែត្រីដែលពួកគេចិញ្ចឹមនៅតូចៗនៅឡើយ។
លោកបានបញ្ជាក់ថា៖ «បែហ្នឹងមាន ១០៧ ក្នុង ១ ស្រុកបរិបូណ៌ ដែលយើងបានរុះរើដំបូល និងជញ្ជាំងអស់ហើយ។ បែទាំងនោះ ខ្លះមានត្រី និងបែខ្លះ អត់ត្រីទេ។ ដូច្នេះពួកគាត់ដែលមានត្រីតូចៗក្នុងបែ យើងអត់អាចធ្វើអ្វីគាត់បានទេ គាត់សុំចិញ្ចឹមនៅហ្នឹង ទម្រាំត្រីគាត់បានលក់។ យើងបានណែនាំគាត់មិនឱ្យធ្វើដំបូល និងមិនឱ្យដាក់ត្រីថ្មីទៀតទេ»។
លោក យឹម សារិន បានឱ្យដឹងថា អាជ្ញាធរស្រុកទុកពេលឱ្យម្ចាស់បែត្រីដែលនៅសេសសល់ទាំងអស់នេះត្រឹមចប់រដូវវស្សាឆ្នាំនេះ បន្ទាប់មក អាជ្ញាធរនឹងអូសបែទាំងអស់ទៅតំបន់គោកដែលជាកន្លែងរដ្ឋាភិបាលផ្តល់ឱ្យពួកគេ ខណៈដែលផ្ទះបណ្តែតទឹកក្នុងស្រុកនេះ គឺត្រូវបានផ្លាស់ទីចេញពីទឹកអស់ហើយ។
លោកបានបញ្ជាក់ថា៖ «ផ្ទះបណ្តែតទឹកវិញ គឺយើងបានរុះរើអស់ហើយ គឺនៅតែក្បូនតូចតាច ដែលគាត់លួចសាងសង់ពីភ្នែកពីច្រមុះយើង។ តែបើនិយាយពីផ្ទះបណ្តែតទឹកធំៗ គឺមិនមានទៀតទេ។ បែចិញ្ចឹមត្រីទាំងអស់នឹងផ្លាស់ទីទៅតំបន់ដីគោកបណ្តោះអាសន្ន ចំពោះបែត្រីដែលនៅក្នុងឃុំត្រពាំងចន្ទន៍ ឃុំឆ្នុកទ្រូ ឃុំខុនរ៉ង»។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ដោយសារទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។ ប៉ុន្តែកាលពីខែតុលា លោកធ្លាប់បានអះអាងថា ការផ្លាស់ទីផ្ទះបណ្តែតទឹករបស់ពលរដ្ឋទៅនៅលើគោក គិតត្រឹមថ្ងៃទី ៤ តុលា គឺមាន ៤ គោលដៅ រួមមាន ស្រុកជលគិរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ សម្រេចបាន ១០០ ភាគរយ។ ចំណែក ២ គោលដៅទៀត គឺក្រុងកំពង់ឆ្នាំង និងស្រុកបរិបូណ៌ វិញទើបសម្រេចបាន ៥០ ភាគរយ ហើយក្នុងចំណោម ៦ គោលដៅនេះ គឺមានប្រជាពលរដ្ឋសរុបចំនួន ២ ៣៩៦ គ្រួសារ ស្មើនឹង ១០ ០៨៧ នាក់ ។
លោក ទត គឹមស្រូយ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិជនជាតិភាគតិចប្រចាំខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញដែរថា តាមការឃ្លាំមើលគឺក្នុងទន្លេដែលកន្លងទៅពោរពេញដោយផ្ទះបណ្តែតទឹកនោះ គឺបានរុះរើអស់ហើយ។ ប៉ុន្តែនៅតំបន់មួយចំនួនគឺនៅតែមានបែចិញ្ចឹមត្រី ដែលត្រូវអាជ្ញាធរដាក់វិធានការតឹងរ៉ឹង ដោយតម្រូវឱ្យរុះដំបូល និងជញ្ជាំងចេញផងដែរ។
លោកបានថ្លែងថា៖ «យើងមានគម្រោងឱ្យពួកគាត់ឡើងគោកតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ហើយអ៊ីចឹងពួកគាត់ពន្យារពេលសុំឱ្យត្រីធំបានឡើង។ រហូតមកទល់ពេលនេះ ពួកគាត់ដែលមានបែចិញ្ចឹមត្រី នៅតែសុំពន្យារពេលដោយសំអាងត្រីនៅតូចៗទៀត។ ដូច្នេះ ខ្ញុំសុំឱ្យអាជ្ញាធរពិចារណាលើបញ្ហានេះ ព្រោះតាំងពីឆ្នាំង ២០១៨ មក គឺត្រីរបស់ពួកគាត់នៅតែមិនទាន់ធំដដែល»។
លោកបានអះអាងថា ភាគច្រើននៃផ្ទះបណ្តែតទឹកក្នុងខេត្តកំពង់ឆ្នាំងដែលជាពលរដ្ឋខ្មែរ គឺពួកគេបានឡើងគោក តែជនជាតិវៀតណាមដែលមានផ្ទះធំៗបានបណ្តែតតាមទឹកគេចទៅព្រំដែនវៀតណាម ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមឱ្យពួកគេចូលប្រទេសទេ ក្រោមហេតុផលជំងឺរាតត្បាតកូវីដ ១៩។
លោក គឹមស្រូយ បានបង្ហាញក្ដីបារម្ភថា ស្ថានភាពនៃផ្ទះបណ្តែតទឹកត្រៀបត្រាពេញផ្ទៃទឹកអាចនឹងវិលត្រឡប់មកវិញក្នុងថ្ងៃណាមួយ នាពេលខាងមុខ ប្រសិនបើមិនមានវិធានការម៉ឹងម៉ាត់ និងយូរអង្វែង ព្រោះតាមជាក់ស្តែង ជនជាតិវៀតណាម ដែលមិនព្រមរុះរើផ្ទះបណ្តែតទឹក និងព្យាយាមគេចចេញពីកន្លែងបណ្តេញចេញគឺនៅតែវិលទៅវិលមកលើទន្លេកម្ពុជាដដែលជាដដែល។
លោកបានបញ្ជាក់ថា៖ «សម្រាប់ស្រុកខ្មែរបើនៅតែមានអំពើពុករលួយគឺផ្ទះបណ្តែតទឹកនេះ នៅតែមានបន្តទៅមុខទៀត។ មួយវិញទៀតបើជនជាតិវៀតណាមដែលគាត់បណ្តែតទៅប្រទេសគាត់វិញតែអាជ្ញាធរគាត់មិនទទួលហើយឱ្យពួកគាត់ធ្លាប់នៅកន្លែងណា ទៅកន្លែងហ្នឹងវិញ អ៊ីចឹងអនាគតទៅបើទប់ស្កាត់មិនល្អ គឺនឹងមកដដែលវិញ»។
លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា តាមរយៈវិធានការនេះ អាជ្ញាធរនឹងមិនឱ្យកើតមានអំពើពុករលួយណាមួយកើតឡើងនោះទេ ព្រោះវិធានការនៃការរុះរើផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីនេះបានពន្យារពេលជាច្រើនឆ្នាំមកហើយ។ ដូច្នេះ ការអនុវត្តវិធានការថ្មីនឹងធានាថា មិនឱ្យមានផ្ទះបណ្តែតទឹក ឬបែចិញ្ចឹមត្រីដែលបានរុះរើហើយត្រឡប់មកវិញដាច់ខាត។
លោកបានបញ្ជាក់ថា៖ «យើងធ្វើនេះ គឺអត់មានរាថយទេ គណៈកម្មការយើង ចុះធ្វើឱ្យបានទៀតទាត់ និងតាមផែនការណែនាំ ហើយរឿងអំពើពុករលួយនេះទៀតសោត គឺអត់ដាច់ខាត។ សម្រាប់ខ្ញុំមិនទាន់ទទួលបានព័ត៌មាននៃការប្រព្រឹត្តអំពើពុករលួយនោះទេ ប៉ុន្តែបើមានអំពើពុករលួយបែបនេះមែន យើងនឹងចាត់វិធានការលើមន្ត្រីណាដែលអនុវត្តផ្ទុយពីគោលការណ៍ហ្នឹង។ ក្នុងពេលនេះ យើងក៏បារម្ភដែរថា មានមន្ត្រីណាមួយយកឈ្មោះគណៈកម្មការទៅប្រព្រឹត្តអំពើពុករលួយ ឬធ្វើអ្វីផ្តេសផ្តាស»៕
វីដេអូ៖