
ដីព្រៃសហគមន៍នៅស្រុកសន្ទុក ដែលមានការអះអាងថាមានការទន្ទ្រានផ្នែកខ្លះ។ រូប សហគមន៍ព្រៃឈើ
កំពង់ធំៈ ដីព្រៃរបស់សហគមន៍ព្រៃឈើវាលអូរក្តី ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងរងការទន្ទ្រានគ្រប់រូបភាព។ ប្រធានសហគមន៍សើ្នសុំឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ទប់ស្កាត់ ក្រោយពីដីព្រៃត្រូវបានទន្ទ្រានអស់ប្រមាណ ៦០០ ហិកតាហើយ គិតមកដល់ថ្ងៃទី ២០ កក្កដា។
លោក ហាច សាដាំ ប្រធានសហគមន៍ព្រៃឈើវាលអូរក្តី ថ្លែងកាលពីថ្ងៃទី ២០ កក្កដា ថា ការលួចចូលកាប់រានទន្ទ្រានដីនេះ ដោយសារតែតម្រូវការដីធ្លីមានការកើនឡើង។ ស្របពេលមានវិបត្តិកូវីដ ១៩ សមាជិកសហគមន៍មិនអាចធ្វើការជួបជុំគ្នាច្រើន ដើម្បីចុះល្បាតបានឡើយ ទើបបង្កើតជាឱកាសសម្រាប់ជនខិលខូចចូលលួចកាប់ទន្ទ្រានតែម្តង។ លោកថា ការកាប់រាននេះបានធ្វើឱ្យបាត់បង់ព្រៃឈើក្នុងសហគមន៍ប្រមាណ ៦០០ ហិកតាហើយ ដែលដីព្រៃសហគមន៍មានទាំងអស់ ៤ ២០០ ហិកតា។
លោកថ្លែងថា៖ «អ្នកលួចចូលកាប់រានទន្ទ្រានហ្នឹងមានខ្លះជាសមាជិកសហគមន៍ ប៉ុន្តែភាគច្រើនមកពីខេត្តកំពង់ចាម។ កន្លងមកយើងធ្លាប់ដាក់ពាក្យបណ្តឹងទៅខាងតុលាការច្រើនករណី ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការណាមួយទៅលើការលួចកាប់រាននៅឡើយ»។
បើតាមលោក ហាច សាដាំ ពលរដ្ឋដែលចូលមកកាប់រានទន្ទ្រាននោះប្រហែលមានគោលបំណងចង់បានដីដើម្បីលក់ដូរបន្ត។ ប៉ុន្តែខាងសហគមន៍មិនទាន់បានដឹងច្បាស់ថា មានអ្នកនៅពីក្រោយខ្នងដែលជាអ្នកមានលុយមានអំណាច ឬយ៉ាងណានោះទេ ព្រោះពេលនេះ សហគមន៍ក៏កំពុងសិក្សាស្រាវជ្រាវជុំវិញបញ្ហានេះដែរ។
លោកបញ្ជាក់ថា៖ «យើងកំពុងស្រាវជ្រាវមើលថាតើគាត់ចូលមកកាប់ ដោយសារតែខ្វះខាត ហើយត្រូវការដីតិចតួច ដើម្បីរស់នៅពិតប្រាកដជាលក្ខណៈគ្រួសារ ឬក៏មានឈ្មួញធំៗ ឬអ្នកមានអំណាចណានៅពីក្រោយខ្នងពួកគាត់ ព្រោះឆ្នាំនេះយើងសង្កេតឃើញថា មានសម្ទុះច្រើនក្នុងការចូលកាប់រាន»។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ថ្លែងពីម្សិលមិញថា បញ្ហាការចូលកាប់រានទន្ទ្រានដីព្រៃក្នុងសហគមន៍ព្រៃឈើវាលអូរក្តីកន្លងមក លោកបានឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចុះទៅចងក្រង ពិនិត្យវាស់វែង និងធ្វើសំណុំរឿងបញ្ជូនទៅតុលាការជាច្រើនករណីមកហើយ។
ក្នុងពេលថ្មីនេះ ក៏បានធ្វើសំណុំរឿងបន្ថែមចំនួន ៧ សំណុំរឿងថែមទៀត បញ្ជូនទៅតុលាការផងដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ពីថ្ងៃណាប្រាកដក្នុងការបញ្ជូនសំណុំរឿងទាំងនោះទៅតុលាការទេ។
លោកថា៖ «យើងចុះធ្វើរហូតហ្នឹង និយាយឱ្យចំទៅមិនមែនជំនាន់ដែលខ្ញុំជាប្រធានមន្ទីរទេ តាំងពីជំនាន់ប្រធានមន្ទីរមុនៗ ក៏គាត់បានធ្វើការងារហ្នឹង។ ខណ្ឌរដ្ឋបាលព្រៃឈើក៏ខិតខំប្រឹងប្រែងធ្វើ ទាំងសហគមន៍អីហ្នឹងបាននាំគ្នាចុះទប់ស្កាត់ជាប្រចាំហើយកន្លែងហ្នឹងនោះ»។
«ខ្ញុំមិនចាំសំណុំរឿងទាំងអស់មានប៉ុន្មានទេប៉ុន្តែខ្ញុំគិតថាមិនក្រោម ១០ រឿង ទេ ដែលបានដាក់ទៅតុលាការក្នុងពេលកន្លងទៅ ហើយថ្មីនេះ យើងថែមប្រមាណ ៧ រឿងទៀតទៅតុលាការ»។ លោក ប៉ែន វណ្ណរិទ្ធ បញ្ជាក់បន្ថែម។
លោក សាយ វាសនា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឱ្យដឹងថា ស្ថាប័នអយ្យការពិតជាទទួលបានសំណុំរឿងពាក់ព័ន្ធដីព្រៃសហគមន៍ព្រៃឈើវាលអូរក្តីជាបន្តបន្ទាប់ពិតប្រាកដមែន ប៉ុន្តែសំណុំរឿងមានច្រើនលោកចាំមិនអស់ទេ។ ទោះយ៉ាងណា លោកបញ្ជាក់ថា សំណុំរឿងទាំងនោះបានទៅដល់ដៃចៅក្រមអស់ហើយ។
លោកថ្លែងថា៖ «សំណុំរឿងទាំងអស់ហ្នឹងយើងបញ្ជូនទៅដល់ដៃចៅក្រមហើយ ហើយពេលនេះ ចៅក្រមកំពុងពិនិត្យសំណុំរឿងទាំងអស់ហ្នឹង»។
លោក សុខ រដ្ឋា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស (ADHOC) ប្រចាំខេត្តកំពង់ធំ កត់សម្គាល់ថា ការកាប់រានទន្ទ្រានដីមានការកើនឡើងជាបន្តបន្ទាប់ ទោះបីសហគមន៍ ឬមន្ត្រីយុត្តិធម៌ដាក់ពាក្យបណ្តឹងទៅតុលាការក៏ដោយ។ តុលាការអាចមានចំណាត់ការយឺត ដោយសារតែពាក្យបណ្តឹងមិនបានកំណត់អត្តសញ្ញាណជនល្មើសច្បាស់លាស់។
លោកថ្លែងថា៖ «កាលណាគាត់ដាក់ពាក្យបណ្តឹងទៅតុលាការ បើក្នុងន័យអញ្ញាតជន អាហ្នឹងវាពិបាកដែរ ព្រោះតុលាការ បើសិនជាកំណត់អត្តសញ្ញាណឱ្យច្បាស់ថាបុគ្គលណាខ្លះជាអ្នកចូលទៅកាប់ទន្ទ្រានដីធ្លីហ្នឹងពិតប្រាកដ ខ្ញុំជឿថា តុលាការគេនឹងធ្វើការតាមច្បាប់»៕